សៀមរាបៈ សារមន្ទីរ​ព្រះនរោត្តម​សីហនុ-អង្គរ បាន​តាំងពិព័រណ៍ ថ្មគោល​ព្រះពាន់​បុរាណ​នៃ​ព្រះពុទ្ធសាសនា រចនាប័ទ្ម​បាយ័ន ១ ផ្ទាំង ធ្វើ​ពី​ថ្មភក់ ដែល​ទំនង​កសាងឡើង​នៅអំឡុង​ចុងសតវត្សរ៍​ទី១២ នៃ​គ្រីស្ដ​សករាជ ដើម្បី​ឱ្យ​សាធារណ​ជន សិស្ស និស្សិត ព្រមទាំង​ក្រុម​អ្នកស្រាវជ្រាវ​បាន​ឃើញ និង​អាច​មកសិក្សា​ផង​ស្វែងយល់​ផង។


មគ្គទេសក៍​សារមន្ទីរ​ព្រះនរោត្តម​សីហនុ-អង្គរ លោក វឿន វិបុលសុខុម ឱ្យដឹង​ថា ផ្ទាំង​ចម្លាក់​ថ្មភក់ ដែល​ឆ្លាក់​រឿងរ៉ាវ​នៃ​ព្រះពុទ្ធសាសនា ដែលត្រូវ​បានរកឃើញ​ដោយការ​ធ្វើ​កំណាយ​នេះ ត្រូវបាន​គេកំណត់​ឈ្មោះ​ថា «ថ្មគោល​ព្រះពាន់» ដែលជា​វត្ថុ​កម្រ​មាននៅ​ក្នុង​សិល្បៈ​ខ្មែរ។

លោក វិបុលសុខុម ពន្យល់​ថា លក្ខណពិសេស​របស់​ថ្មគោល​នេះ គឺមាន​រូប​ព្រះពុទ្ធ​តូចៗ​ទាំងអស់​ចំនួន ១ ០០៨ អង្គ ដែល​តំណាង​ឱ្យ​មង្គល​ចក្រវាល មួយទៀត អាច​និយាយ​បាន​ថា ជាអនុព្យញ្ជនៈ​របស់​ព្រះសម្មាសម្ពុទ្ធ ឬ​គ្រប់​សត្វ​ទាំងអស់​មាន ១ ០០៨ អង្គ។


លោកបន្ត​ទៀតថា ថ្មគោល​ប្រភេទ​ចម្លាក់​បែប​សាសនា​នេះ នៅកម្ពុជា​គេប្រទះ​ឃើញ​ចំនួន ២ ផ្ទាំង គឺ​ទី១ ​ជាថ្មគោល​ឆ្លាក់រូប​ព្រះពុទ្ ធ​ដែលដាក់​តាំង​បង្ហាញ​នៅសារមន្ទីរ​ព្រះនរោត្តម​សីហនុ-អង្គរ នាខេត្ត​សៀមរាប និង ១ ផ្ទាំង​ទៀត គឺជាថ្មគោល​បែប​ព្រហ្មញ្ញ​សាសនា ដែល​មានឆ្លាក់រូប​ព្រះ​នរាយណ៍ សព្វថ្ងៃ​ដាក់តាំង​បង្ហាញ​នៅសារមន្ទីរ​ជាតិ​ភ្នំពេញ។

ថ្មគោល​ព្រះពាន់នេះ មានរាង ៤ ជ្រុង មាន​កម្ពស់​ ១២២ សង់ទីម៉ែត្រ ទទឹង ៥៨ សង់ទីម៉ែត្រ និង​កម្រាស់ ៤៥ សង់ទីម៉ែត្រ និង​ទម្ងន់​ប្រមាណ​ជាង​កន្លះ​តោន។


នៅតាម​ជ្រុង​ទាំង ៤ មាន​ចម្លាក់​ព្រះពុទ្ធ​សមាធិ​តូចៗ​ចំនួន ១ ០០៨ អង្គ។ នៅផ្នែក​ខាងលើ និង​ខាងក្រោម​មានការ​ខូចខាត​ខ្លះៗ ដោយផ្ទៃ​សាច់​ថ្ម​មានស្នាម​ប្រេះបញ្ឈរ និង​នៅកំពូល​នៃ​ជ្រុង​ទាំង ៤ មាន​លម្អជា​ក្បាល​នាគ។

ភ្ញៀវទេសចរ​ជាតិ និង​អន្តរ​ជាតិ​អាច​មក​ទស្សនា​ស្វែងយល់​បន្ថែម នៃ​ផ្ទាំង​ថ្មគោល​ព្រះពាន់​បែប​ព្រះពុទ្ធសាសនា នេះ រួមទាំង​ចម្លាក់​ប្រតិមា​ផ្នែក​ពុទ្ធសាសនា​ជាច្រើនទៀត ដែល​មានតាំង​ពិព័រណ៍​បង្ហាញ​នៅ​សារមន្ទីរ ព្រះ​នរោត្តមសីហនុ​អង្គរ៕

ចម្លាក់​ព្រះពាន់​ទម្ងន់​ជាង​កន្លះ​តោន មាន​រូប​ព្រះពុទ្ធ​តូចៗ ១ ០០៨ អង្គ​ត្រូវបាន​ដាក់តាំង​នៅសារមន្ទីរ​ព្រះនរោត្តមសីហនុ-អង្គរ។ រូបថត អាជ្ញាធរ​ជាតិ​អប្សរា