មន្ទីរពេទ្យខ្មែរ-សូវៀត ត្រូវការឈាមគ្រុប O- ដើម្បីគាំទ្រដល់ការវះកាត់ដុំពកក្នុងសួតជូនស្ត្រីម្នាក់

ភ្នំពេញៈ ក្រុមគ្រូពេទ្យជំនាញផ្នែកជំងឺសួត នៃមន្ទីរពេទ្យខ្មែរ-សូវៀត បានអំពាវនាវ ដល់សប្បុរជន ដែលមានគ្រុបឈាមអូដក (O-) មេត្តាជួយបរិច្ចាគឈាម ដើម្បីជួយដល់ស្ត្រីម្នាក់ ដែលនឹងត្រូវវះកាត់ជំងឺដុំពកនៅក្នុងសួត ដ៏គ្រោះថ្នាក់មួយនៅថ្ងៃសុក្រ ទី ១៧ ខែមីនា ឆ្នាំ២០២៣នេះ។
លោក វេជ្ជបណ្ឌិត ច័ន្ទ គឹមហ័ន អនុប្រធានផ្នែកបច្ចេកទេសព្យាបាលជំងឺសួត នៃមន្ទីរពេទ្យខ្មែរ-សូវៀត បានប្រាប់ភ្នំពេញប៉ុស្តិ៍នៅល្ងាចថ្ងៃទី១៦ មីនាថា ក្នុងរយៈពេលប៉ុន្មានថ្ងៃនេះ ក្រុមគ្រូពេទ្យជំនាញនៃប្រទេសបារាំង បានមកសហការជាមួយក្រុមគ្រូពេទ្យជំនាញនៃមន្ទីរពេទ្យមិត្តភាព ខ្មែរ-សូវៀត ដើម្បីពិនិត្យ ព្យាបាល និងវះកាត់ជំងឺសួត ជូនដល់ពលរដ្ឋខ្មែរ ដោយឥតគិតថ្លៃ។
ក្នុងកិច្ចប្រតិបត្តិការនេះ ក្រុមគ្រូពេទ្យជំនាញនៃប្រទេសទាំង២ បានរកឃើញអ្នកជំងឺជាស្ត្រីវ័យចំណាស់ម្នាក់ មានជំងឺដុំពកដ៏ធំមួយ ធ្លាក់ចូលទៅក្នុងសន្ទះសួតធ្វើឱ្យអ្នកជំងឺមានការឈឺចាប់ខ្លាំង និងជារឿយៗ មានការក្អកធ្លាក់ឈាម ដែលតម្រូវឱ្យមានការវះកាត់ដុំពកនោះចេញជាបន្ទាន់។
ទន្ទឹមនឹងនេះ ក្រុមគ្រូពេទ្យជំនាញ បានពិនិត្យឃើញថា ស្ត្រីជាអ្នកជំងឺ មានគ្រុបឈាម(O-) ដែលជាប្រភេទគ្រុបឈាមដ៏កម្រ និងមិនមាននៅក្នុងស្តុក សម្រាប់ជំនួយដល់ការវះកាត់នេះទេ។
លោក គឹមហ័ន បានបញ្ជាក់ថា៖«ការវះកាត់យកដុំពកពីក្នុងសួតរបស់ស្ត្រីជាអ្នកជំងឺខាងលើនេះ យើងចាំបាច់ត្រូវការឈាមចន្លោះពី ៦-១០ប្លោក អាស្រ័យហេតុនេះសូមបងប្អូនប្រជាពលរដ្ឋ ដែលមានគ្រុបឈាមប្រភេទ O- មេត្តាចូលរួមបរិច្ចាគឈាម នៅព្រឹកថ្ងៃសុក្រនេះ ដើម្បីគាំទ្រដល់ដំណើរការវះកាត់របស់យើង ជូនដល់ស្ត្រីជាអ្នកជំងឺទទួលបានជោគជ័យ»។
បើតាមលោក វេជ្ជបណ្ឌិត ច័ន្ទ គឹមហ័ន ចាប់ពីព្រឹកថ្ងៃទី១៣ ដល់ល្ងាចថ្ងៃទី១៦ មីនា ឆ្នាំ២០២៣ ក្រុមគ្រូពេទ្យជំនាញនៃប្រទេសទាំង២ កម្ពុជា-បារាំង បានធ្វើការវះកាត់សួត និងដុំពកក្នុងសួត ជូនអ្នកជំងឺបានចំនួន៦នាក់ ដោយជោគជ័យ ក្នុងនោះមានស្រី៥នាក់។
អ្នកជំងឺ ដែលត្រូវបានធ្វើការវះកាត់សួត និងដុំពកនៅក្នុងសួតទាំង៦នាក់នោះ ភាគច្រើនជាអ្នកដែលធ្លាប់មានបញ្ហាជំងឺរបេងរ៉ាំរ៉ៃ និងជំងឺមហារីកសួត៕