គម្រោង ១ ជួយបណ្តុះបណ្តាលបច្ចេកទេស និងសង់ផ្ទះសម្ងួតដល់អ្នកកែច្នៃត្រី
កំពង់ធំៈ ដោយមានបំណងលើកកម្ពស់គុណភាពចំណីអាហារ និងអនាម័យស្អាតដល់អ្នកផលិត និងដើម្បីប្រកួតប្រជែងលើទីផ្សារនាំចេញផងនោះ គម្រោងមួយរបស់អង្គការ UNIDO ប្រចាំប្រទេសកម្ពុជា សហការជាមួយមន្ទីរកសិកម្មរុក្ខាប្រមាញ់និងនេសាទខេត្ត បានបណ្តុះបណ្តាលបច្ចេកទេស និងសាងសង់ផ្ទះសម្ងួតប្រើពន្លឺព្រះអាទិត្យដល់អ្នកកែច្នៃត្រីនៅខេត្តកំពង់ធំចំនួន ៦ គម្រោងហើយ។
សង់នៅលើផ្ទៃដីវាលរាបស្មើមួយកន្លែងទំហំ ៦ ម៉ែត្រ គុណនឹង ៨ ម៉ែត្រនិងហ៊ុមព័ទ្ធដោយផ្ទាំងប្លាស្ទិកក្រាស់សថ្លា នោះជាផ្ទះសម្ងួតប្រើពន្លឺ ព្រះអាទិត្យរបស់លោក ទន់ យីន អាយុ ៥៣ ឆ្នាំ រស់នៅភូមិចំបក់ ឃុំ តាំងក្រសាំង ស្រុកសន្ទុក ខេត្តកំពង់ធំ។ លោក ទន់ យីន ជាកសិករ និងមានរបរកែច្នៃត្រីស្រស់ជាត្រីងៀត ត្រីឆ្អើរ ផ្អកប្រហុកនិងទើបចាប់អាជីពនេះនៅឆ្នាំ ២០១៩។
បច្ចុប្បន្នលោក កំពុងប្រើប្រាស់ផ្ទះសម្ងួតដោយប្រើផ្ទាំងកញ្ចក់សូឡាស្រូបកម្ដៅពីបន្លឺព្រះអាទិត្យ ដើម្បីសម្ងួតត្រី។ ផ្ទះសម្ងួតនេះត្រូវបានផ្តល់ដោយគម្រោងរបស់អង្គការ UNIDO ក្នុងបំណង ធ្វើឱ្យចំណីអាហារមានអនាម័យនិងគុណភាពដើម្បីប្រកួតប្រជែងនៅលើទីផ្សារតាមស្តង់ដា។
លោក ទន់ យីន បានឱ្យ ភ្នំពេញ ប៉ុស្តិ៍ ដឹងថា លោកមានរបរធ្វើស្រែចម្ការតែដោយសារតំបន់ដែលលោករស់នៅជាប់ទីតាំងដៃទន្លេសាប ដែលមានប្រភពទឹកចេញចូលពីទន្លេផ្ទាល់ ទើបលោកបែកគំនិតទិញត្រីស្រស់ពីប្រជានេសាទមកកែច្នៃជាត្រីងៀត ត្រីឆ្អើរធ្វើផ្អកធ្វើត្រីប្រឡាក់រួមនឹងត្រីកែច្នៃផ្សេងៗទៀតដើម្បីរកចំណូលបន្ថែម មកផ្គត់ផ្គង់ជីវភាពគ្រួសារ។ ដំបូងឡើយលោកកែច្នៃត្រីទៅតាមទម្លាប់ប្រពៃណីទេពោលត្រីងៀត ប្រហុក ផ្អក ហាលថ្ងៃធម្មតាដូច្នេះក៏មិនអាចចៀសផុតពីរុយរោមដែរ។
ដោយមើលឃើញបែបនេះហើយទើបខាងមន្ទីរកសិកម្ម រុក្ខាប្រមាញ់និងនេសាទខេត្តកំពង់ធំ បានអញ្ជើញលោកទៅបណ្តុះបណ្តាល ពីបច្ចេកទេសកែច្នៃត្រីស្រស់ និងពីវិធីរក្សាផលត្រី ហើយខាងមន្ទីរក៏បានទំនាក់ទំនងអង្គការ UNIDO ដើម្បីផ្តល់ជាផ្ទះសម្ងួតនេះដល់លោក។ លោក ទន់ យីន ប្រាប់ថា ការប្រើផ្ទះសម្ងួតនេះ ក៏ត្រូវទាមទារឱ្យចេះជំនាញបច្ចេកទេសដែរ ក្នុងការពិនិត្យត្រីដែលហាលដោយកម្ដៅថាមពលពន្លឺព្រះអាទិត្យនេះ។
ដូចជាការកម្រិតកម្ដៅក្នុងផ្ទះសម្ងួតកម្រិតណាដើម្បីសម្ងួតសាច់ត្រីត្រូវចេះមើលសំណើមនៅក្នុងសាច់ត្រីកុំឱ្យវាស្ងួតពេក ព្រោះបើមិនចេះវិធីសម្ងួតទេ ក៏វាធ្វើឱ្យសាច់ត្រីមានពណ៌ខុសគ្នាដែរ។ ចំពោះបច្ចេកទេសទាំងអស់នេះ គឺលោកបានរៀនពីមន្ទីរកសិកម្ម និងពីមន្ត្រីជំនាញ នៃនាយកដ្ឋានជលផលតាមរយៈអង្គការ UNIDO ដូចជាការពិនិត្យមើលកម្ដៅសីតុណ្ហភាព និងឱ្យចេះថែរក្សាផ្ទះសម្ងួតជាដើម។
លោកថា៖ «គោលបំណងរបស់ UNIDO គាត់ចង់ឱ្យយើងគោរពនូវផ្នែកអនាម័យពិតប្រាកដផលិតតាមស្តង់ដាដើម្បីបំពេញតម្រូវការទីផ្សារទំនើប ដែលយើងកំពុងតែចង់បាន។ យើងកំពុងតែខ្វះទីផ្សារហើយដើម្បីឱ្យទីផ្សារទទួលស្គាល់ ពីផលិតផលយើង ទាល់តែយើងធ្វើតាមស្តង់ដាលក្ខណៈបច្ចេកទេសល្អ យើងនឹងងាយស្រួលលក់»។
បើតាមលោក ទន់ យីន ផ្ទះសម្ងួតរបស់លោក ត្រូវបានមន្ត្រីនៃមន្ទីរកសិកម្មខេត្ត មន្ត្រីផ្នែកជលផលខេត្តកំពង់ធំរួមនឹងខាងអង្គការ UNIDO បានចុះមកត្រួតពិនិត្យ ដល់ទីតាំងរបស់លោកផ្ទាល់ ហើយក៏បានចេញវិញ្ញាបណ្ណបត្រទទួលស្គាល់រួចហើយដែរព្រោះថា ផ្ទះសម្ងួតរបស់លោក បានអនុវត្តតាមអនាម័យបរិស្ថានបានល្អ។ ការប្រើប្រាស់ផ្ទះសម្ងួតនេះបានវានឹងផ្តល់ភាពងាយស្រួលមិនជួបហានិភ័យលើសាច់ត្រីដែលជាម្ហូបអាហារផ្តល់នូវសុវត្ថិភាព ហើយបើទោះជារដូវវស្សាមានភ្លៀងមានខ្យល់ក្តីក៏លោកមិនព្រួយបារម្ភដែរដែលមិនធ្វើឱ្យការងាររាំងស្ទះ។
ផ្ទះសម្ងួតរបស់លោក យីន មានកម្ពស់ពីផ្ទៃដីជាង ៣ ម៉ែត្រ និងមានទំហំទទឹង ៦ ម៉ែត្រនិងបណ្តោយ ៨ ម៉ែត្រ ដែលគ្របដោយកញ្ចក់ពណ៌សថ្លាស្វិតបិទជិត ដែលអាចឱ្យពន្លឺចូលបាន។ ផ្ទះសម្ងួតនេះត្រូវបានបំពាក់ដោយផ្ទាំងសូឡាទំហំ ០,៨ ម៉ែត្រគុណនឹង ១ ម៉ែត្រកន្លះ។ ចំពោះកម្ដៅនៅក្នុងផ្ទះសម្ងួតត្រីនេះ មានកម្ដៅពីជាង ៤០ ទៅជាង ៦០ អង្សាសេ នៅចន្លោះពីម៉ោង ៧ ដល់ម៉ោង ១១ ព្រឹក បើមេឃមានកម្ដៅថ្ងៃល្អហើយបើថ្ងៃត្រង់កម្ដៅវាឡើងដល់ជាង ១០០ សង្សាសេ។ ប៉ុន្តែផ្ទះសម្ងួតនេះ ក៏មានកន្លែងបន្ថយ ឬដំឡើងកម្ដៅដែរសម្រាប់ហាល ត្រីងៀត ប្រភេទត្រីឆ្អើរ ផ្អក ប្រហុក និងហាលត្រីផ្សេងៗទៀត ទៅតាមប្រភេទត្រី។ នៅពេលដែលយើងចូលទៅប្រែត្រីត្រូវបន្ថយកម្ដៅសិនទើបអាចចូលទៅបាន។ ផ្ទះសម្ងួតនេះរក្សាអនាម័យបានខ្ពស់ មិនមានធូលីហុយចូលមិនមានខ្យល់ចូល។
លោកប្រាប់ថា៖ «អាផ្ទះសម្ងួតហ្នឹងវាមិនមែនជាប្លាស្ទិកទន់ៗទេ តែជាជ័រល្អថ្លារឹង របៀបដូចជាកញ្ចក់រថយន្តដែរព្រោះគេធានាពី ២០ ទៅ ៣០ ឆ្នាំបានវាខូច។ យើងមិនខ្លាចភ្លៀងខ្យល់ផ្គររន្ទះអីទេ គឺមានសុវត្ថិភាពទាំងអស់»។
លោក ទន់ យីន ឱ្យដឹងដែរថា ចំពោះផលិតផលត្រីដែលលោកកែច្នៃបានគឺលោកផ្គត់ផ្គង់ទីផ្សារមួយចំនួន ក្នុងខេត្តកំពង់ធំ និងចែកចាយបន្តនៅភ្នំពេញ។ ចំពោះត្រីងៀតកែច្នៃ ពីត្រីចិញ្ចឹមលោកលក់ក្នុង ១ គីឡូក្រាមតម្លៃ ២៧ ០០០ រៀល តែបើត្រីងៀតទន្លេវិញ ក្នុង ១ គីឡូក្រាម ចន្លោះពី ៣៥ ០០០ ទៅ ៤ ម៉ឺនរៀល។ការកែច្នៃត្រីសម្ងួតដោយថាមពលពន្លឺព្រះអាទិត្យនេះបានរក្សានូវសុវត្ថិភាពត្រីមានអនាម័យល្អ គ្មានរុយរោមពិសេសជួយឱ្យអ្នកហូបទទួលបានសុខភាពល្អ។ ម្យ៉ាងវិញទៀតផ្ទះសម្ងួតនេះ មិនធ្វើឱ្យរាំងស្ទះដល់សង្វាក់ផលិតដែលរំខានដោយសារតែភ្លៀងខ្យល់ជាដើម។
លោកបន្តទៀតថា បច្ចុប្បន្ននេះ លោកកែច្នៃភាគច្រើនជាប្រភេទត្រីឆ្អើរ ដែលកែច្នៃពីត្រីតាឱន ត្រីកេះ ត្រីរៀល ត្រីឆ្ពិនជាដើម ហើយបើប្រភេទត្រីចិញ្ចឹមវិញ មានដូចជាត្រីអណ្តែង ត្រីរស ត្រីឆ្តោ។ ត្រីឆ្អើរ មុនដំបូងលោកយកទៅឆ្អើរលើភ្លើងឱ្យឆ្អិនសិនបន្ទាប់មកលោកយកវាមកសម្ងួតបន្ថែមទៀតរហូតដល់វាក្រៀមល្អ។ ទោះយ៉ាងណាលោកបញ្ជាក់ថា ផលិតផលកែច្នៃត្រីចេញពីផ្ទះសម្ងួតនេះនៅមិនទាន់មានទីផ្សារល្អនៅឡើយទេ ព្រោះប្រជាពលរដ្ឋមិនទាន់ចាប់អារម្មណ៍ពីសុវត្ថិភាពចំណីអាហារ។ លោកសង្កត់ធ្ងន់ថា ដោយសារតែមិនទាន់មានតម្រូវការទីផ្សារខ្ពស់នៅឡើយដូច្នេះសិប្បកម្មរបស់លោកជួយស្ត្រី ៦ នាក់សិនទេតែនៅពេលខាងមុខលោកនឹងពង្រីកកម្លាំងពលកម្ម ជួយស្ត្រីនៅក្នុងភូមិបន្ថែមទៀត។
ពាក់ព័ន្ធការកែច្នៃត្រីដោយផ្ទះសម្ងួតនេះដែរ ត្រូវបានលោក ជិន ស៊ីថា នាយខណ្ឌរដ្ឋបាលជលផលខេត្តកំពង់ធំប្រាប់ ភ្នំពេញ ប៉ុស្តិ៍ថា នៅក្នុងខេត្តកំពង់ធំ មានផ្ទះសម្ងួតចំនួន ៦ គឺនៅស្រុកសន្ទុក និងស្រុកស្ទោង ដែលជាគម្រោងរបស់អង្គការ UNIDO ជាអ្នកបំពាក់ឧបករណ៍ រួមទាំងការបណ្តុះបណ្តាលទាំងបច្ចេកទេស នៃការប្រើប្រាស់ផ្ទះសម្ងួតស្រូបកម្ដៅព្រះអាទិត្យផង។ ប៉ុន្តែការត្រួតពិនិត្យផលិតផលត្រី គឺខណ្ឌរដ្ឋបាលជលផលខេត្តកំពង់ធំជាអ្នកគ្រប់គ្រង។
លោកបន្តថា៖ «បើយើងគិតទៅអាផ្ទះសម្ងួតហ្នឹង វាគុណភាពរបស់វាត្រង់ថា មិនមានធូលីដី ឬក៏សត្វល្អិតអីចូលបាន ហើយវាឆាប់ស្ងួតហើយត្រីហ្នឹងវាស្ងួតបានទៅតាមតម្រូវការរបស់យើងចង់បាន»។
លោកបន្តទៀតថា ជាទូទៅខាងលោកជាអ្នកគ្រប់គ្រងអ៊ីចឹងខាងអ្នកបច្ចេកទេស ដែលផ្តល់ការគាំទ្រគម្រោងជាមួយកសិករកែច្នៃត្រី ត្រូវរាយការណ៍មកជំនាញខណ្ឌរដ្ឋបាលជលផលជាប្រចាំអំពីដំណើរការកែច្នៃ និងត្រីប្រភេទត្រីផលិត។ កសិករមានកាតព្វកិច្ចរាយការណ៍មកខណ្ឌរដ្ឋបាលជលផល ពីការទទួលនូវកញ្ចប់វិនិយោគ ក៏ដូចជាអ្វីដែលកសិករកែច្នៃត្រីបាន។ ចំពោះការកែច្នៃត្រីដោយផ្ទះសម្ងួតនេះ អាចធ្វើឱ្យកសិករងាយស្រួលលក់ ដែលអនុវត្តបច្ចេកទេសទំនើបដោយធានាបាននូវគុណភាព។ ផ្ទះសម្ងួតនេះ បានធ្វើឱ្យផលិតផលកែច្នៃរបស់គាត់មានគុណភាពល្អឆ្លើយតបនឹងតម្រូវការទីផ្សារព្រោះថា បច្ចុប្បន្ននេះប្រជាពលរដ្ឋកំពុងតែគិតគូរពីសុខភាព។
លោក ប៉ោង លាងអូន មន្ត្រីសម្របសម្រួលគម្រោង CAPFISH-Capture នៃ UNIDO បានឱ្យដឹងថា ទូសម្ងួតពន្លឺព្រះអាទិត្យមានរាងកោងនេះហៅថា[Polycarbonate] ហើយវាមានសមត្ថភាពស្រូបពន្លឺព្រះអាទិត្យនិងមានកម្ដៅពីជាង ៤០ ទៅជាង ៦០ អង្សាសេ។ UNIDO បច្ចុប្បន្នបានធ្វើការនៅខេត្តកំពង់ធំ សៀមរាប កំពង់ចាម កោះកុង ព្រះសីហនុ និងព្រៃវែង។ លោកបន្តថា UNIDO មិនត្រឹមតែដំឡើងទូសម្ងួតពន្លឺព្រះអាទិត្យជូនទេ តែថែមទាំងជួយបណ្តុះបណ្តាលជំនាញបច្ចេកទេសដល់កសិករ ឱ្យគាត់ចេះហាលត្រីទៅតាមលក្ខណៈបច្ចេកទេស ដើម្បីពង្រឹងទាំងអនាម័យនិងរក្សាគុណភាពក្នុងការហាល។
បើតាមលោក លាងអូន គម្រោងរបស់ UNIDO ធ្វើការជាមួយវិស័យឯកជនជាពិសេសអ្នកកែច្នៃត្រីដើម្បីឱ្យពួកគាត់ទទួលបានទាំងឧបករណ៍កែច្នៃទាំងបច្ចេកទេសនិងអនុវត្តស្តង់ដាសុវត្ថិភាពម្ហូបអាហារ។ អ៊ីចឹងគាត់អាប់ដេតតិចណូឡូជី អាប់ដេតទាំងទីកន្លែងរបស់គាត់ ហើយគាត់ឈានទៅចាប់យកនូវស្តង់ដាហៅថា និមិត្តសញ្ញាគុណភាពផលិតផលកម្ពុជាដើម្បីផ្តល់ប្រយោជន៍ដល់អ្នកហូបចុក ឱ្យមានសុខភាពល្អអនុវត្តតាមស្តង់ដាសុវត្ថិភាពម្ហូបអាហារ។
លោក លាងអូន បញ្ជាក់ថា៖ «យើងដឹងហើយថា សេដ្ឋកិច្ចប្រទេសយើងរីកចម្រើន ហើយមានប្រាក់ចំណូលកើនឡើងគឺគេរកម្ហូបអាហារណាដែលមានសុវត្ថិភាពអនាម័យល្អហើយ។ អាហ្នឹងដែលយើងសិក្សា គេហ៊ានឱ្យថ្លៃមានតម្លៃគ្រាន់បើជាងយើងហាលជាលក្ខណៈប្រពៃណីដែរ»។
លោកប្រាប់ថា ទូសម្ងួតពន្លឺព្រះអាទិត្យ ទាមទារឱ្យកសិករចេះបច្ចេកទេសប្រើកង្ហារបឺតឬបើកបង្អួចដើម្បីបន្ថយកម្ដៅក្នុងទូ។ សម្រាប់ទូនេះដែរមានប្រើផ្ទាំងកញ្ចក់សូឡា ២ បន្ទះដើម្បីទាញថាមពលពីពន្លឺព្រះអាទិត្យមកប្រើប្រាស់កង្ហារបឺតខ្យល់ចេញ និងអំពូលភ្លើងសម្រាប់បំភ្លឺក្នុងទូ៕