បាត់ដំបងៈ ក្រសួងពីរ និង​ដៃគូ​បាន​រៀបចំ​កម្មវិធី​ទស្សនកិច្ច​សិក្សា​ជំនាញ​សម្រាប់​អ្នក​សិក្សា​ប៊ីប ដល់​យុវជន​ចំនួន ២៣០ នាក់​មក​ពី​ខេត្តបាត់ដំបង ខេត្តកំពង់ឆ្នាំង ខេត្តសៀមរាប និង ទីក្រុង​ភ្នំពេញ នា​ថ្ងៃទី​២៦ ខែ​ឧសភា ឆ្នាំ ២០២៣។


ទស្សនកិច្ច​សិក្សា​ជំនាញ​នេះ​ត្រូវ​បាន​រៀប​ចំ​ឡើង ដើម្បី​ផ្សព្វផ្សាយ​ការ​លើក​កម្ពស់​ការ​ចុះ​ឈ្មោះ​ក្នុង​កម្មវិធី ប៊ីប និង​លើក​កម្ពស់​ការ​អភិវឌ្ឍ​ជំនាញ និង​ការ​ត្រៀម​ខ្លួន ដើម្បី​ស្វែង​រក​ការងារ ដូចជា ការ​កំណត់​ចក្ខុវិស័យ ការ​ជ្រើសរើស​អាជីព ការ​ស្វែងរក​ការងារ ជំនាញទន់ ការកំណត់​និយោជិក និង​កម្មវិធី​ហាត់ការ​ការងារ។ នេះ​បើ​យោង​តាម​ក្រសួង​អប់រំ។

ក្រុម​យុវជន​បាន​ចូលរួម​សិក្សា​ពី​បទ​បង្ហាញ​ដោយ​វាគ្មិន​ដែល​បាន​បទពិសោធន៍ រួម​ជាមួយ​ដំណើរ​ទស្សនកិច្ច​ទៅ​កាន់​វិទ្យាស្ថាន​អប់រំ បណ្តុះបណ្តាល​និង​វិជ្ជាជីវៈ និង​មជ្ឈមណ្ឌល​ការងារ​ជាដើម។

កម្មវិធីនេះ​ត្រូវ​បាន​ចូលរួម​ជា​គណៈអធិបតី​លោក ចឹក លីម អគ្គនាយករង នៃ​អគ្គនាយកដ្ឋាន​យុវជន នៃ​ក្រសួង​អប់រំ យុវជន និងកីឡា តំណាង​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ តំណាង​អង្គការ UNESCO លោក​ប្រធាន​មន្ទីរ​អប់រំ យុវជន ខេត្ត​បាត់ដំបង និង​ខេត្តកំពង់ឆ្នាំង និង​គ្រប់​ភាគី​ពាក់ព័ន្ធ​នានា​ផងដែរ។

កម្មវិធី​ទស្សនកិច្ច​សិក្សា​ជំនាញ​នេះ​ត្រូវ​បាន​រៀបចំ​ឡើង​រួមគ្នា​ដោយ ក្រសួង​អប់រំ យុវជន និង​កីឡា ក្រសួង​ការងារ និង​បណ្តុះ​បណ្តាល​វិជ្ជាជីវៈ អង្គការ UNESCO រួម​ជាមួយ​ទីភ្នាក់ងារ​អង្គការ​សហប្រជាជាតិ​ផ្សេង​ទៀត នៃ​គម្រោង​រួមគ្នា ដើម្បី​ការងារ​និង​មុខ​របរសមរម្យ​សម្រាប់​យុវជន (DEY) ដូចជា ILO UNICEF UNIDO និង​ដៃគូ​ដូចជា អង្គការ CRC Cambodia ក្រុម​យុវជន AYCG អង្គការ​កុមារ​រីករាយ ក្រុមហ៊ុន​ឯកជន​ដៃគូ​ដូចជា ក្រុមហ៊ុន Smart Axiata ក្រុមហ៊ុន​ធានា​រ៉ាប់រង Manulife Cambodia ក្រុមហ៊ុន GGear និងក្រុមហ៊ុន រតនី វណ្ណហុង​គ្រឿង​អលង្ការ៕