ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ផ្ដល់កម្ចីចំនួន ៨0 លានដុល្លារដល់កម្ពុជាដើម្បីពង្រឹងការអប់រំកម្រិតមធ្យមសិក្សាដោយផ្តោតលើជំនាញចាំបាច់សម្រាប់ «សតវត្សទី២១» ដូចជាការគិតស៊ីជម្រៅនិងដោយភាពច្នៃប្រឌិត ការបង្រៀនដោយបរិយាបន្ននិងការត្រួសត្រាយផ្លូវសម្រាប់ការអប់រំក្រោយមធ្យមសិក្សា។
សេចក្ដីប្រកាសព័ត៌មានរបស់ ADB ចេញផ្សាយនៅថ្ងៃទី ៣១ ខែតុលានេះ បានឲ្យដឹងថា គម្រោងអប់រំថ្នាក់មធ្យមសិក្សាដើម្បីពង្រឹងសមត្ថភាពប្រកួតប្រជែងផ្នែកមូលធនមនុស្សនេះនឹងបង្កើនចំនួនអគារសិក្សាដែលធន់នឹងអាកាសធាតុប្រកបដោយបរិយាបន្ន ការដោះស្រាយស្ថានភាពចង្អៀតក្នុងថ្នាក់រៀនតាមរយៈការសាងសង់បន្ទប់បន្ថែម និងការពង្រីកលទ្ធភាពទទួលបានការអប់រំមធ្យមសិក្សាទុតិយភូមិប្រកបដោយគុណភាព។
យោងតាម ADB ចំនួនចុះឈ្មោះចូលរៀនសម្រាប់ការសិក្សាមធ្យមសិក្សាទុតិយភូមិនៅមានអត្រាទាបនៅឡើយ ដោយសារកត្តាមួយចំនួនដូចជាអគារសិក្សាមិនគ្រប់គ្រាន់និងបញ្ហាសេដ្ឋកិច្ចគ្រួសារដែលតម្រូវឲ្យក្មេងៗត្រូវរួមចំណែករកបប្រាក់ចំណូលសម្រាប់គ្រួសារ។
សម្រាប់ការបណ្ដុះបណ្ដាលគ្រូបង្រៀនត្រូវការការបណ្តុះបណ្តាលនិងការគាំទ្របន្ថែមដើម្បីអភិវឌ្ឍជំនាញនិងសមត្ថភាពឱ្យឆ្លើយតបនឹងតម្រូវការដើម្បីបង្រៀនសិស្សបច្ចុប្បន្ន។ សម្រាប់សិស្សដែលត្រូវការការអប់រំពិសេស ពួកគេប្រឈមនឹងឧបសគ្គកាន់តែខ្លាំងដើម្បីទទួលបានការអប់រំមធ្យមសិក្សាប្រកបដោយគុណភាព។
លោកស្រី Jyotsana Varma នាយិកា ADB ប្រចាំកម្ពុជា បានថ្លែងថា៖ «កម្ពុជាត្រូវពន្លឿនការផ្លាស់ប្តូរទៅរកសកម្មភាពសេដ្ឋកិច្ចដែលបន្ថែមតម្លៃខ្ពស់ ជាពិសេសសកម្មភាពដែលជំរុញដោយបច្ចេកវិទ្យាដើម្បីរក្សាសមត្ថភាពប្រកួតប្រជែងជាសកលនិងពង្រឹងវឌ្ឍនភាពសេដ្ឋកិច្ចដ៏គួរឱ្យកត់សម្គាល់របស់ខ្លួនកន្លងមកនេះ»។
លោកស្រីបន្តថា៖ «កម្លាំងពលកម្មប្រកបដោយជំនាញនិងការអប់រំគឺជាតម្រូវការមូលដ្ឋានដើម្បីសម្រេចបានគោលដៅនេះ។ ឈរលើសមិទ្ធផលនៃការវិនិយោគជាបន្តបន្ទាប់របស់ ADB ក្នុងវិស័យអប់រំនិងអភិវឌ្ឍន៍ជំនាញគម្រោងនេះមានគោលបំណងពង្រីកសក្ដានុពលនៃចំនួនពលរដ្ឋវ័យក្មេងរបស់កម្ពុជាដើម្បីជំរុញកំណើនសេដ្ឋកិច្ចនាពេលអនាគត»។
យោងតាម ADB គម្រោងនេះនឹងធ្វើឱ្យប្រសើរឡើងនូវលទ្ធភាពទទួលបានការអប់រំជាពិសេសសម្រាប់សិស្សានុសិស្សដែលមានពិការភាពក្នុងការសិក្សាតាមរយៈការអភិវឌ្ឍបច្ចេកវិទ្យាជំនួយនិងការគាំទ្រដល់សាលាមធ្យមសិក្សាអប់រំពិសេស, លើកកម្ពស់ការអប់រំលើមុខវិជ្ជាវិទ្យាសាស្ត្របច្ចេកវិទ្យាវិស្វកម្មនិងគណិតវិទ្យា (STEM) និងការអភិវឌ្ឍជំនាញទន់ដូចជាការទំនាក់ទំនង ការសហការនិងការគិតប្រកបដោយស៊ីជម្រៅ និងដោយភាពច្នៃប្រឌិតសម្រាប់សិស្សានុសិស្ស៕