រដ្ឋមន្ត្រី​ក្រសួង​ទេសចរណ៍ លោក ហួត ហាក់​ បាន​ប្រាប់​ទៅ​សមាគម​កូរ៉េ​នៅ​កម្ពុជា មន្ត្រី​ទូត​សាធារណរដ្ឋ​កូរ៉េ និង​វិស័យ​ឯកជន​ដែល​ធ្វើ​ធុរកិច្ច​ពាក់​ព័ន្ធ​នឹង​ទីផ្សារ​ទេសចរណ៍​កូរ៉េ ​អំពី​ស្ថានភាព​សុខ​សុវត្ថិភាព​សម្រាប់​ភ្ញៀវ​ទេសចរ និង​វិនិយោគិន​នៅ​ក្នុង​ប្រទេស​កម្ពុជា។


ជំនួប​ជាមួយ​ជាមួយ​តំណាង​ស្ថាន​ឯកអគ្គរដ្ឋទូត​សាធារណរដ្ឋកូរ៉េ​ និង​ភាគី​ពាក់ព័ន្ធ​ កាល​ពី​ថ្ងៃ​ពុធ​ ទី៣០ ខែតុលា ​ធ្វើ​ឡើង​បន្ទាប់​ពី​ការ​ចុះ​ផ្សាយ​របស់​ទូរទស្សន៍​កូរ៉េ​មួយ​កាល​ពី​ពេល​ថ្មីៗ​អំពី​ករណី​ដែល​ជន​ជាតិ​កូរ៉េ​បាន​អះអាង​ថា ខ្លួន​ត្រូវ​បាន​ចាប់​បង្ខាំង​និង​ចាប់​ជំរិត​នៅ​កម្ពុជា ​ដែល​ក្រសួង​ពាក់​ព័ន្ធ​បាន​បដិសេធ​ ក៏ដូចជា​ការ​រាយការណ៍​មួយ​ចំនួន​ទៀត​អំពី​ការ​ឆបោក​តាម​អនឡាញ។

លោក​ ហួត ហាក់​បាន​ថ្លែង​ថា កម្ពុជា​មាន​សន្តិសុខ សណ្ដាប់​ធ្នាប់​ល្អ​ប្រសើរ ​និង​សន្តិភាព ដែល​បង្ក​បរិយាកាស​អនុគ្រោះ​ដល់​​វិនិយោគិន​បរទេស និង​ទាក់​ទាញ​ភ្ញៀវ​ទេសចរ​អន្តរជាតិ ​ជាពិសេស​ភ្ញៀវ​ទេសចរ​ពី​សាធារណរដ្ឋ​កូរ៉េ។


លោក ហួត ហាក់ បាន​ថ្លែង​ថា៖ «រាជ​រដ្ឋាភិបាល​កម្ពុជា​មាន​ឆន្ទៈ​មុត​មាំ និង​ដាក់​ចេញ​នូវ​វិធានការ​យ៉ាង​ម៉ឺង​ម៉ាត់​ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​បទ​ល្មើស​គ្រប់​ប្រភេទ​ទាំង​បទ​ល្មើស​ប្រពៃណី និង​បទល្មើស​អន​ឡាញ»។

សមាគមកូរ៉េ និង​ភាគី​ពាក់ព័ន្ធ​ទាំង​អស់ សុទ្ធ​តែ​បញ្ជាក់​ថា ពួក​គេ​រស់​នៅ ​និង​ប្រកប​អាជីវកម្ម​នៅ​កម្ពុជា​ដោយ​សុខសុវត្ថិភាព ​និង​សុខដុមរមនា។ ពួក ​គេ​ថែម​​ទាំង​បាន​ផ្សព្វផ្សាយ​ទៅ​ប្រជាជន​កូរ៉េ និង​សហគមន៍​កូរ៉េ ឱ្យ​មក​ទស្សនា​កម្ពុជា​ប្រកប​ដោយ​ទំនុក​ចិត្ត ពីព្រោះ​កម្ពុជា​ជា​គោលដៅ​ទេសចរណ៍​សុវត្ថិភាព​សម្រាប់​ភ្ញៀវ​ទេសចរ​ជាតិ និង​អន្តរជាតិ។ នេះ​បើ​តាម​ការ​លើក​ឡើង​របស់​ក្រសួង​ទេសចរណ៍។


តំណាង​វិស័យ​ឯកជន​ជួប​ជាមួយ​លោក ហួត ហាក់ រដ្ឋមន្ត្រី​ក្រសួង​ទេសចរណ៍ កាល​ពី​ថ្ងៃ​ទី៣០ ខែតុលា។ ក្រសួង​ទេសចរណ៍

ទិន្នន័យ​ក្រសួងទេសចរណ៍​ បង្ហាញ​ថា ចន្លោះ​ពី​ខែ​មករា ដល់​ខែ​សីហា ​ឆ្នាំ​ ២០២៤ កម្ពុជា​ទទួល​បាន​ភ្ញៀវ​ទេសចរ​មក​ពី​ប្រទេស​កូរ៉េ​ខាង​ត្បូង​ចំនួន​សរុប ១៣២ ២៨៦ នាក់ ​កើន​ឡើង​ ១៤,៦ ភាគរយ ធៀប​នឹង​រយៈ​ពេល​ដូច​គ្នា​កាល​ពី​ឆ្នាំ​មុន។ ភ្ញៀវ​ជនជាតិ​កូរ៉េ​មាន​ចំណែក ៣,១​ភាគរយ​នៃ​ភ្ញៀវ​ទេសចរ​បរទេស​សរុប ៤,២៩ លាននាក់​ដែល​មក​កម្ពុជា​ក្នុង​រយៈ​ពេល​នេះ។​

មគ្គុទ្ទេសក៍​ទេសចរ​ភាសា​កូរ៉េ​ម្នាក់​នៅ​ខេត្ត​សៀមរាប ​ដែល​សុំ​មិន​បញ្ចេញ​ឈ្មោះ បាន​ថ្លែង​ថា​ ភ្ញៀវ​ទេសចរ​កូរ៉េ​ដែល​លោក​បាន​ជួប មិន​ដែល​បាន​លើក​ឡើង​ពី​ការ​បារម្ភ​អំពី​សុវត្ថិភាព​នៅ​ពេល​មក​ទស្សនា​ស្រុក​ខ្មែរ​ទេ ផ្ទុយ​ទៅវិញ​ពួក​គេ​តែ​មាន​ការ​សប្បាយ​រីក​រាយ​នៅ​ពេល​មក​ទស្សនា​ប្រទេស​កម្ពុជា។

ដើម្បី​បន្ត​ផ្សព្វផ្សាយ​ពី​ស្ថានភាព​សុខ​សុវត្ថិភាព និង​គោលដៅ​ទេសចរណ៍​ល្អៗ​របស់​កម្ពុជា លោក​លើក​ទឹក​ចិត្ត​ឲ្យ​ក្រសួង​បន្ត​ផ្សព្វផ្សាយ​សក្ដានុពល​ទេសចណ៍​កម្ពុជា​ឲ្យ​បាន​ច្រើន និង​បន្ធូរ​បន្ថយ​ការ​យក​តម្លៃ​ខ្ពស់​សម្រាប់​ក្រុម​អ្នក​ផលិត​ភាពយន្ត​កូរ៉េ និង​សម្រួល​ដល់​អ្នក​សរសេរ​ឬ​ផលិតមាតិកា​ប្លក់ អ្នក​ជំនាញ​ខាង​កាហ្វេ អ្នក​យូធ្យូប័រ​ ល្បីៗ ​ពី​កូរ៉េ មក​ជួយ​ផ្សព្វផ្សាយ​បន្ថែម​ទៀត។

យ៉ាងណា​ក៏ដោយ ​លោក​បារម្ភ​ដែរ​ថា ការ​ផ្សព្វផ្សាយ​អំពី​ការ​បង្ខាំង និង​ការ​ចាប់​ជំរិត​ជនជាតិ​កូរ៉េ​កាល​ពី​ពេល​ថ្មីៗ​នេះ ​អាច​ប៉ះ​ពាល់​ដល់​អារម្មណ៍​ភ្ញៀវ​ទេសចរ​កូរ៉េ ដែល​បច្ចុប្បន្ន​នេះ កំពុង​មាន​ចំនួន​ទាប​នៅ​ឡើយ​ធៀប​នឹង​ចំនួន​កាល​ពី​មុន​កូវីដ១៩៕