មិន​ខុស​ពី​ស្ថានភាព​ទីផ្សារ​ទេសចរណ៍​មក​ពី​ប្រទេស​ផ្សេង​ទេ ចំនួន​ភ្ញៀវ​ទេសចរ​មក​ពី​សាធារណរដ្ឋ​កូរ៉េ នៅ​មាន​កម្រិត​នៅ​ឡើយ​បើ​ធៀប​ទៅ​នឹង​ចំនួន​មុន​វិបត្តិ​កូវីដ១៩ ដោយសារ​កត្តា​មួយ​ចំនួន។


ទិន្នន័យ​ក្រសួងទេសចរណ៍​ បង្ហាញ​ថា ចន្លោះ​ពី​ខែ​មករា ដល់​ខែ​សីហា ​ឆ្នាំ​ ២០២៤ កម្ពុជា​ទទួល​បាន​ភ្ញៀវ​ទេសចរ​មក​ពី​ប្រទេស​កូរ៉េ​ខាង​ត្បូង​ចំនួន​សរុប​ជាង ១៣​ម៉ឺន​នាក់ (១៣២ ២៨៦) ​កើន​ឡើង​ ១៤,៦ ភាគរយ ធៀប​នឹង​រយៈ​ពេល​ដូច​គ្នា​កាល​ពី​ឆ្នាំ​មុន។

កាល​ពី​ឆ្នាំ​២០១៩ ទេសចរណ៍​ភ្ញៀវ​ទេសចរណ៍​កូរ៉េ​សរុប​មាន​ចំនួន​សរុប​ជាង ២៥​ម៉ឺន​នាក់​(២៥៤ ៨៧៤) ដែល​ស្ថិត​នៅ​លេខ៤ បន្ទាប់​ពី​ចិន វៀតណាម ថៃ និង​ឡាវ។


ភ្នំពេញ​ប៉ុស្តិ៍​បាន​ធ្វើ​បទសម្ភាសន៍​ជាមួយ​ លោក ស៊ាម សុខខេង ប្រធាន​សមាគម​មគ្គុទ្ទេសក៍​ទេសចរណ៍​ភាសា​កូរ៉េ​នៅ​កម្ពុជា ដើម្បី​ដឹង​បន្ថែម​អំពី​ស្ថានភាព​​ទីផ្សារ​ទេសចរណ៍​កូរ៉េ ជា​ពិសេស​ស្រប​ពេល​មាន​ការ​ចុះ​ផ្សាយ​ដោយ​ទូរទស្សន៍​កូរ៉េ​អំពី​ការ​លើក​ឡើង​រឿង​ចាប់​ជំរិត និង ការ​បង្ខាំង​ជនជាតិ​កូរ៉េ។

តើ​ស្ថានភាព​ភ្ញៀវ​ទេសចរ​កូរ៉េ​ក្រោយ​កម្ពុជា​បើក​ប្រទេស​ឡើង​វិញ​ក្រោយ​កូវីដ១៩ នៅ​ខែ​វិច្ឆិកា ឆ្នាំ​២០២១ មាន​ស្ថានភាព​យ៉ាង​ណា​ដែរ? បើ​ប្រៀបធៀប​នឹង​ឆ្នាំ​២០១៩ តើ​កំណើន​មាន​កម្រិត​ណា?


បន្ទាប់​ពី​កូវីដ​ហើយ កាល​នោះ​សម្បូរ​ភ្ញៀវ​កូរ៉េ​មែនទែន​ រហូត​ដល់​ចុង​ខែ​កុម្ភៈ ឆ្នាំ​២០២២ ​ទើប​ខ្សោយ​ភ្ញៀវ​បន្តិច​ម្ដង២។ ភ្ញៀវ​ច្រើន​​កាល​នោះ ដោយសារ​យើង​មាន​ជើង​ហោះ​ហើរ​ត្រង់​ពី​កូរ៉េ​មក​ខេត្ត​សៀមរាប​តែ​ម្ដង។

ក្រោយ​ពេល​អស់​ជើង​ហោះ​ហើរ​ត្រង់ នៅ​មាន​ភ្ញៀវ​កូរ៉េ​មក​ដែរ តែ​មិន​ច្រើន​ដូច​មុន។ គាត់​ចុះ​នៅ​ភ្នំពេញ​ទើប​គាត់​បន្ត​មក​ខេត្ត​សៀមរាប ឬ​បន្ត​មក​ពី​ប្រទេស​ផ្សេងៗ​ ប៉ុន្តែ មាន​ចំនួន​តិច។

បច្ចុប្បន្ន​នេះ បើ​ខ្ញុំ​ប៉ាន់ស្មាន​ទៅ​ ចំនួន​ភ្ញៀវ​កូរ៉េ​ដែល​មក​ទស្សនា​កម្ពុជា បាន​ប្រហែល​តែ ៣០​ភាគរយ​នៃ​ចំនួន​ភ្ញៀវ​ដែល​ធ្លាប់​មក​មុន​កូវីដ១៩ ហើយ​អ្វី​ដែល​ជា​បញ្ហា​ ដូច​ខ្ញុំ​បាន​លើក​ឡើង គឺ​អត់​មាន​ជើង​ហោះ​ហើរ​ត្រង់។ បើសិន​ជា​មាន​ ខ្ញុំ​គិត​ថា ចំនួន​មិន​ចាញ់​គ្នា​ប៉ុន្មាន​ទេ។

បច្ចុប្បន្ន​នេះ នៅ​ពេល​ភ្ញៀវ​ទេសចរ​កូរ៉េ​មក​ទស្សនា​ប្រទេស​កម្ពុជា តើ​ពួកគេ​ធ្លាប់​បាន​បង្ហាញ​ក្ដី​បារម្ភ​អំពី​បញ្ហា​អ្វី​មួយ​ទេ ជាពិសេស​ ថ្មីៗ​នេះ មាន​ការ​ចុះ​ផ្សាយ​ករណី​ថា ជនជាតិ​កូរ៉េ​ត្រូវ​បាន​ចាប់​បង្ខាំង និង​ចាប់​ជំរិត?

ខ្ញុំ​ផ្ទាល់​ជា​មគ្គុទ្ទេសក៍​ភាសា​កូរ៉េ នៅ​ពេល​ដើរ​ជាមួយ​គាត់​ផ្ទាល់ ពួក​គាត់​មិន​ដែល​បាន​លើក​ឡើង​ពី​ការ​បារម្ភ​អំពី​ដំណើរ​កម្សាន្ត​របស់​គាត់​មក​ស្រុក​ខ្មែរ​ទេ។ អ្វី​ដែល​គាត់​ត្អូញត្អែរ គឺ​អត់​មាន​ជើង​ហោះ​ហើរ​ផ្ទាល់ ដែល​ធ្វើ​ឲ្យ​គាត់​ពិបាក​មក។ ចំពោះ​រឿង​ផ្សេងៗ​ គាត់​មិន​ដែល​បាន​លើក​ឡើង​ទេ ពួក​គាត់​មក គាត់​សប្បាយ​រីករាយ​នៅ​សៀមរាប​យើង គាត់​មើល​ទៅ​ឃើញ​ថា​ វា​មាន​សុវត្ថិភាព។

ចំពោះ​ករណី​ដែល​ទូរទស្សន៍​កូរ៉េ​ចុះ​ផ្សាយ​អំពី​ការ​លើក​ឡើង​របស់​ជនជាតិ​កូរ៉េ​ថា​ គាត់​ត្រូវ​បាន​ចាប់​បង្ខាំង និង​ជំរិត ព័ត៌មាន​នេះ​ទើប​តែ​ថ្មីៗ​ដែរ។ ក្នុង​ពេល​មាន​ព័ត៌មាន​នេះ ខ្ញុំ​ក៏​បាន​នាំ​ភ្ញៀវ​ទេសចរ​កូរ៉េ​ទស្សនា​ប្រាសាទ​នានា​ដែរ ប៉ុន្តែ ដូចជា​អត់​មាន​ការ​លើក​ឡើង​ឬ​ប្រតិកម្ម​អ្វី​ជាមួយ​នឹង​បញ្ហា​នេះ​ទេ។

តាម​បទ​ពិសោធន៍​ខ្ញុំ​ដែល​ដើរ​ជាមួយ​ពួក​គាត់​ផ្ទាល់ គាត់​មិន​បាន​លើក​ឡើង​ពី​បញ្ហា​នេះ​ទេ ព្រោះ​ពេល​គាត់​មក​ដល់​សៀមរាប គាត់​ឃើញ​ស្ថានភាព​ជាក់ស្ដែង​នៅ​ខេត្ត​សៀមរាប ដែល​មិន​ដូច​អ្វី​ដែល​ត្រូវ​បាន​ចុះ​ផ្សាយ។ ដូច្នេះ វា​ដូច​ជា​មិន​មាន​បញ្ហា​អ្វី​ទេ គឺ​គាត់​សប្បាយ​ធម្មតា ហើយ​ក៏​មិន​ដែល​លើក​ឡើង​ពី​បញ្ហា​ទាំង​នោះ។

ក្នុង​នាម​ជា​សមាគម​មគ្គុទ្ទេសក៍​ទេសចរណ៍​ភាសា​កូរ៉េ តើ​បង​មាន​អ្វី​ដើម្បី​ប្រាប់​ទៅ​ពលរដ្ឋ​កូរ៉េ​អំពី​ស្ថានភាព​នៅ​កម្ពុជា?

ខ្ញុំ​លើក​ទឹក​ចិត្ត​ឲ្យ​ប្រជាជន​កូរ៉េ បន្ត​ដំណើរ​កម្សាន្ត​មក​កម្ពុជា ជា​ពិសេស​ខេត្ត​សៀមរាប ដូច​ធម្មតា ពីព្រោះ​នៅ​ខេត្ត​សៀមរាប​ និង ស្ថានភាព​ជាក់ស្ដែង​នៅ​ទូទាំង​ប្រទេស​កម្ពុជា វា​អត់​ដូច​អ្វី​ដែល​ត្រូវ​បាន​ចុះ​ផ្សាយ​នៅ​ព័ត៌មាន​មួយ​ចំនួន​នោះ​ទេ។ 

ខ្ញុំ​លើក​ទឹក​ចិត្ត​ឲ្យ​ពួក​គាត់​មក​លេង​ស្រុក​ខ្មែរ ហើយ​នៅ​សៀមរាប គឺ​មាន​សុវត្ថិភាព និង​មាន​អ្វី​ប្លែកៗ​ដែល​គាត់​អាច​មក​មើល មក​ស្វែងយល់ ឬ​រៀន​សូត្រ​បាន។ ចំពោះ​រឿង​ឆបោក​អី​នោះ គឺជា​ទីផ្សារ​ងងឹត​របស់​ឧក្រិដ្ឋជន ប៉ុន្តែ មិន​មាន​ជាប់​ពាក់​ព័ន្ធ​នឹង​ដំណើរ​កម្សាន្ត​នោះ​ទេ។ សម្រាប់​ដំណើរ​កម្សាន្ត យើង​ធានា​មួយ​រយ​ភាគ​រយ​ថា នៅ​សៀមរាប​យើង​មិន​មាន​បញ្ហា​ចាប់​ជំរិត ឬ​អ្វី​អីចឹងៗ​ទេ។

តើ​សមាគម​របស់​លោក​ បាន​ធ្វើ​កិច្ច​ការ​អ្វី​ខ្លះ​ដើម្បី​ជួយ​លើក​ស្ទួយ​វិស័យ​ទេសចរណ៍​ទៅ​កាន់​ទីផ្សារ​ទេសចរណ៍​កូរ៉េ?

ការងារ​ដំបូង គឺ​យើង​ពង្រឹង​ចំណេះ​ដឹង​សមាជិក​របស់​យើង ដើម្បី​ឲ្យ​ពួក​គាត់​មាន​សមត្ថភាព​ខ្ពស់​ក្នុង​ការ​ផ្ដល់​ព័ត៌មាន​ទៅ​កាន់​ភ្ញៀវ​ទេសចរ និង​ជូន​ពួក​គាត់​ទៅ​កម្សាន្ត​ទីកន្លែង​នានា​ដោយ​ភាព​រលូន។ ពេល​គាត់​មក គាត់​ចង់​បាន​អ្វី គាត់​ខ្វះ​ខាត​អ្វី គាត់​មាន​សំណូម​ពរ​អ្វី យើង​បំពេញ​តាម​តម្រូវ​ការ​របស់​ពួក​គាត់។ 

នេះ​ជា​ចំណុច​ស្នូល​ដែល​យើង​បាន​ធ្វើ។ លើស​ពី​នេះ​ទៀត​យើង​បាន​ធ្វើ​ការ​ផ្សព្វផ្សាយ​នៅ​លើ​បណ្ដាញ​ព័ត៌មាន​នៅ​កូរ៉េ តាម​រយៈ​អ្នក​សរសេរ​ប្លក់ យូធ្យូប័រ និង​បណ្ដាញ​សង្គម​ផ្សេងៗ​ទៀត។

តើ​លោក​មាន​សំណូមពរ​អ្វី​ដើម្បី​ជំរុញ​ឲ្យ​មាន​កំណើន​ភ្ញៀវ​ទេសចរ​កូរ៉េ​ឡើង​វិញ​នៅ​កម្ពុជា?

ខ្ញុំ​ស្នើ​ដល់​ក្រសួង​ពាក់​ព័ន្ធ​ ជា​ពិសេស​ក្រសួង​ទេសចរណ៍​កម្ពុជា​យើង និង​ក្រសួង​ទេសចរណ៍​កូរ៉េ ធ្វើ​ការ​ជាមួយ​គ្នា​ក្នុង​ការ​ផ្សព្វផ្សាយ​អំពី​ទេសចរណ៍​នៅ​កម្ពុជា​ឲ្យ​បាន​ទូលំ​ទូលាយ។ ចំពោះ​ក្រុមហ៊ុន​អាកាសចរណ៍ ខ្ញុំ​លើក​ទឹក​ចិត្ត​ឲ្យ​ក្រសួង​ពាក់​ព័ន្ធ​ធ្វើ​ការ​ជាមួយ​ក្រុមហ៊ុន​ទាំង​នោះ​ដើម្បី​ឲ្យ​មាន​ជើង​ហោះ​ហើរ​ត្រង់​ពី​កូរ៉េ​មក​សៀមរាប។

បើ​យើង​បាន​ធ្វើ​ការ​ផ្សព្វផ្សាយ ហើយ​មាន​ជើង​ហោះ​ហើរ​ត្រង់ ខ្ញុំ​គិត​ថា ភ្ញៀវ​ទេសចរ​កូរ៉េ​នឹង​មក​ទស្សនា​ខេត្ត​សៀមរាប​ដោយ​ខ្លួន​ឯង មិន​ពិបាក​ទេ។ យើង​ជា​មគ្គុទ្ទេសក៍​ទេសចរណ៍​ភាសា​កូរ៉េ មាន​លទ្ធភាព​ពេញ​លេញ​ក្នុង​ការ​បំពេញ​តម្រូវ​ការ​របស់​ភ្ញៀវ​ទេសចរ ក្នុង​ការ​ដើរ​កម្សាន្ត៕