ភ្នំពេញៈ សត្វត្រយងចង្កំកសចំនួន៧៨៤ក្បាល និងត្រយងយក្សជាង២០០ក្បាលត្រូវបានធ្វើជំរឿនរក​ឃើញ​ ដែល​ធ្វើ​ឱ្យ​ក​ម្ពុជាមានចំនួនសត្វជិតផុតពូជបំផុតនេះច្រើនជាងគេនៅលើពិភពលោក។ នេះ​បើ​យោង​តាម​សេ​ច​ក្តីប្រកាសព័ត៌​មាន​ពី របាយការណ៍ នៃការអភិរក្សសត្វត្រយងថ្នាក់ជាតិប្រចាំឆ្នាំ២០២៣។


របាយការណ៍ របស់​ក្រុម​ការងារ​អភិរក្ស​សត្វត្រ​យង​​នៅ​កម្ពុជា​(CIWG) ដែលបានចេញផ្សាយនាថ្ងៃសុក្រ ទី១ ខែ​វិច្ឆិ​កា​នេះ ក៏បង្ហាញ​ឱ្យឃើញថា​កម្ពុជា​ស្ថិត​នៅជួ​រមុខ​​ នៃ​ការ​អភិរក្សប្រ​ភេទ​សត្វ​ត្រ​យង​​យក្សក្នុងពិភពលោក ដែល​កើតចេញ​ពីកិច្ចប្រឹងប្រែងលើការអភិរក្សរវាងរដ្ឋាភិបាល និង​អង្គ​ការ​ដៃគូ។  

សេចក្តីក្រកាសបានលើកឡើងថា នៅឆ្នាំ២០២៣ ក្រុមការងារសត្វត្រយងនៅកម្ពុជា ដែល​មាន​សមាជិ​កពី​ស្ថាប័​នរា​ជ​រ​ដ្ឋាភិបាល និងអង្គការដៃគូ សម្រេចបាននូវសមិទ្ធផលដ៏គួរឱ្យកត់សម្គាល់ក្នុងកិច្ចការអភិរក្ស។ ​ក្នុង​នោះ​មានដូច​ជាការ​បង្កាត់​ពូជសត្វត្រយងចង្កំកស បានជោគជ័យជាលើកដំបូងសំរាប់កម្ពុជា ក៏ដូចជាសម្រាប់សកលលោក និង​កិច្ចខិត​ខំប្រឹង​ប្រែងនៅលើទីវាល បានរកឃើញសំបុកសត្វត្រយងយក្សច្រើនជាង៤០សំបុក។ 


ចំនួនសំបុកសត្វត្រយងយក្ស ដែលបានរកឃើញនេះ បានឆ្លុះបញ្ចាំងពីការកើនឡើង ចំនួនសំបុក ជោគជ័យ កាល​ពី​ឆ្នាំ​មុន។ លើសពីនោះ ការបន្តពូជរបស់សត្វត្រយងចង្កំកស ក៏មានការកើនឡើងគួរឱ្យកត់សម្គាល់ផងដែរ ដោយ​កូនកើត​ថ្មីចំនួន​១៧៥​ក្បាល បានហើរចេញពីសំបុកដោយជោគជ័យ។ 

សេចក្តីប្រកាសបានសរសេរថា៖«ការធ្វើជំរឿនថ្នាក់ជាតិបានបញ្ជាក់បន្ថែមពីសារៈសំខាន់ នៃកិច្ចខិតខំប្រឹងប្រែងរបស់​ក្រុម​ការងារអភិរក្ស​សត្វត្រយងនៅកម្ពុជា ដោយបានកត់ត្រាសត្វត្រយងចង្កំកស ចំនួន ៧៨៤ក្បាល ដែល​ជា​ចំនួន​ច្រើន​​​គួរឱ្យចាប់អារម្មណ៍ ព្រោះវាស្មើនឹង៨៧ភាគរយ ទៅ៩៥ភាគរយ នៃចំនួនប្រជាសាស្ត្រសត្វត្រយងចង្កំកស ដែល​មាន​នៅក្នុងពិភពលោក»។ 


សត្វត្រយងចង្កំកស ដែលជិតផុតពូជពីពិភពលោក កំពុងមានវត្តមាននៅកម្ពុជា។​ថតដោយNatureLifeCambodia

អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងបរិស្ថាន លោកខ្វៃ អាទិត្យាបានថ្លែងថា ប្រទេស​កម្ពុជា​ស្ថិតនៅ​លំដាប់​ជួរ​មុខ នៃកិច្ចខិតខំប្រឹងប្រែងជាសាកល ក្នុងការអភិរក្សសត្វត្រយងទាំង២ប្រភេទ ដែល​ភាគ​ច្រើន​នៃ​ចំនួន​ប្រ​ជា​សាស្ត្រ​រ​បស់​វា មានវត្តមាននៅកម្ពុជា ដែលច្រើនជាងគេបំផុតនៅក្នុងពិភពលោក

លោកបញ្ជាក់ថា៖«នេះជាភាពជោគជ័យនៃកិច្ចខិតខំប្រឹងប្រែងអភិរក្សរបស់កម្ពុជាយើង ក្នុងការធានាបានកិច្ចការពារ ថែរក្សា និងអភិរក្សធនធានធម្មជាតិទាំងអស់នៅក្នុងតំបន់ការពារធម្មជាតិ»។ 

ក្រុមការងារអភិរក្សសត្វត្រយងកម្ពុជា​(the Cambodian Ibis Working Group)​ត្រូវបានបង្កើតឡើងដោយ ក្រសួងបរិស្ថាន រដ្ឋបាលព្រៃឈើ នៃក្រសួងកសិកម្ម មជ្ឈមណ្ឌលអង្គរសម្រាប់ការអភិរក្សជីវៈចម្រុះ(ACCB) អង្គការជីវិតធម្មជាតិ​នៅក​ម្ពុជា​(NLC) ក្រុមហ៊ុន រ៉ាយហ្ស៊ីងហ្វីនិក(RP) អង្គការសមាគមអភិរក្សសត្វព្រៃ(WCS) និងអង្គការមូលនិធិសកល​សម្រាប់​អភិរក្ស​ធនធានធម្មជាតិ(WWF)។

លោកប៊ូ វរសក្ស នាយក​ប្រតិបត្តិ​របស់​អង្គការ​ជីវិត​ធម្មជាតិ​កម្ពុជាបានឱ្យដឹងថា​ នៅលើពិភពលោក​មាន​សត្វ​ត្រយង​ចង្កំកស​ចំនួន១ ០០០ក្បាលតែប៉ុណ្ណោះ។ ក្នុងនោះ កម្ពុជាមានរហូតដល់ទៅ៧៨៤ក្បាល។

លោកបញ្ជាក់ថា៖«នៅកម្ពុជាយើងមាន៩៥ភាគរយ ហើយនៅសល់៥ភាគរយទៀតមាននៅឥណ្ឌូនេស៊ី ហើយនឹងឡាវ នៅខេត្ត ដែលមានទីតាំងជាប់នឹងកម្ពុជា ដូចជានៅស្ទឹងត្រែង និងព្រះវិហារ»។

លោកថ្លែងបន្តថា៖«មួយទៀត ត្រយងយក្សគឺរងគ្រោះធ្ងន់ជាងត្រយងចង្កំកសទៅទៀត។ នៅលើពិភពលោកមានតែ ២៩០​ក្បាលទេ។ អញ្ជឹង ១០០ភាគរយមាននៅក្នុងប្រទេសកម្ពុជាយើង គឺមានតែបន្តិចបន្តួចនៅឡាវ ដែលជាប់នឹ​ង​កម្ពុជា​យើង។ ក្រៅពីនោះ ប្រទេសផ្សេងៗបានផុតពូជអស់ហើយ»។ 

ក្រោយពីសត្វទាំងនេះបានបាត់បង់ពីប្រទេសផ្សេងៗនេះហើយ ទើបក្រុម​ការងារ​អភិរក្ស​សត្វ​ត្រយងកម្ពុជាត្រូវ​បាន​បង្កើត​​ឡើង ដើម្បីបង្កើតផែនការអភិរក្សថ្នាក់ជាតិ ព្រោះថា ប្រសិនបើសត្វទាំងនេះផុតពូជពីកម្ពុជា វាក៏ដូចជាបាត់បង់​ពី​ពិភ​ពលោ​ក​ផ​ង​ដែរ។

លោកវរសក្សបានឱ្យដឹងថា ក្រុមការងារ ដែលត្រូវបានដឹកនាំដោយក្រសួងបរិស្ថាន និងមានអង្គការអង្គការ​ជីវិត​ធម្ម​ជាតិ​​កម្ពុជាជាអ្នកសម្របសម្រួលនោះ តែងតែជួបប្រជុំជារៀងរាល់ឆ្នាំ ដើម្បីចែករំលែកព័ត៌មានគ្នា ធ្វើជំរឿន​រួមគ្នា​ទូ​ទាំង​ប្រទេស និងធ្វើការការពារសំបុកត្រយង។ 

បន្ថែមពីនោះ មជ្ឈមណ្ឌលអង្គរសម្រាប់ការអភិរក្សជីវៈចម្រុះក៏បានធ្វើការ​បង្កាត់​ពូជសត្វត្រយងចង្កំកស ដោយជោគជ័យ ជាប្រវត្តិសាស្ត្រផងដែរ។

​លោកអាទិត្យាក៏បានលើកឡើងផងដែរថា ក្រសួងបរិស្ថាន អង្គការដៃគូអភិរក្ស និងអ្នកពាក់ព័ន្ធ ចាំបាច់ណាស់ បន្ត​ការ​ចូល​រួមអនុវត្តវិធានការ របស់រាជរដ្ឋាភិបាល ក្នុងការគ្រប់គ្រងធនធានធម្មជាតិ។ ក្នុងនោះ «យុទ្ធសាស្រ្ត​ចក្រា​វិស័យ​បរិស្ថាន» ដើម្បីកម្ពុជាមានភាពស្អាត ភាពបៃតង និងចីរភាព ជាពិសេសធានាថា សត្វស្លាបដែលជានិមិត្តរូប​របស់​កម្ពុ​ជា​ទាំងនេះ ត្រូវ​បានការពារមិនឱ្យវិនាសផុតពូជ។

ហ្វូងសត្វត្រយង ដែលជិតផុតពូជពីពិភពលោក កំពុងមានវត្តមាននៅកម្ពុជា។​ថតដោយ Eam Sam Un/WWF-Cambodia

នៅក្នុងឆ្នាំ២០២៣ កិច្ចខិតខំប្រឹងប្រែងរបស់ក្រុមការងារអភិរក្សសត្វត្រយងនៅកម្ពុជា បាន​ផ្តោតលើ​ទីជម្រកសំ​ខាន់ៗ​នៅ​ភាគខាងកើត និងឦសាន នៃប្រទេសកម្ពុជា រួមមាន៖ ក្នុងខេត្តព្រះវិហារ ស្ទឹងត្រែង ក្រចេះ មណ្ឌលគិរី និង​ខេត្តរតន​គិរី។ 

តំបន់ទាំងនេះមានសារៈសំខាន់សម្រាប់ទ្រទ្រង់ការរស់រានមានជីវិតរបស់សត្វត្រយង ហើយក៏ជាទីតាំង​ដែល​​កំពុងមានសកម្មភាពអង្កេតតាមដាន សង្រ្គោះ និងការពារនៅក្នុងធម្មជាតិ។ នេះបើយោងតាម​សេចក្តី​ប្រកាស​ដដែលនេះ។

ទោះយ៉ាងណា ក្រុមការងារអភិរក្សនេះ ក៏បានលើកឡើងផងដែរថា សត្វត្រយងយក្ស និងសត្វត្រយងចង្កំកស ក៏កំពុង​តែ​ប្រឈមនឹងកត្តាគំរាមកំហែងជាច្រើនរួមមាន ការបាត់បង់ទីជម្រក និង​សកម្មភាព​របស់​មនុស្ស​ដូច​ជាការបរ​បាញ់ជា​ដើម៕