
ផ្ទះថ្មីចំនួន ៣៣ខ្នង សម្រាប់កុមារក្រីក្រ និងគ្រួសារនៅស្ទឹងមានជ័យ បើកដោយមូលនិធិកុមារកម្ពុជា ដោយមានការគាំទ្រពី World Housing ។ ហុង រស្មី
ភ្នំពេញ៖ នៅស្ទឹងមានជ័យ ជាអតីតតំបន់ចាក់សំរាមដ៏ក្រីក្របំផុតមួយ ទំព័រថ្មីមួយបានចាប់ផ្តើមសម្រាប់គ្រួសារ និងកុមារដែលងាយរងគ្រោះ។
អង្គការមូលនិធិកុមារកម្ពុជា (CCF) ក្នុងភាពជាដៃគូជាមួយ World Housing បានបើកភូមិលេនកូវ ជាសហគមន៍មួយដែលត្រូវបានបង្កើតឡើងដើម្បីផ្តល់មិនត្រឹមតែជម្រកប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជាក្តីសង្ឃឹម ស្ថិរភាព និងឱកាសសម្រាប់អ្នកដែលត្រូវការវាច្រើនបំផុតផងដែរ។
លោក ស្កុត នីសុន ស្ថាបនិកអង្គការ (CCF) បានថ្លែងថា៖ «នៅពេលដែលអ្នកនៅក្នុងសហគមន៍របស់ World Housing ឪពុកម្តាយមិនចាំបាច់ព្រួយបារម្ភអំពីកន្លែងដេក ការស្វែងរកទឹក អាហារ ការថែទាំសុខភាពទេ។ ដូច្នេះឱកាសក្នុងការនាំកូនទៅសាលារៀនជារៀងរាល់ថ្ងៃកាន់តែមានច្រើន»។
លោក ស្កុត ដែលប្រជាសហគមន៍ស្ទឹងមានជ័យហៅថា «ប៉ាស្កុត» បានប្រាប់ភ្នំពេញប៉ុស្តិ៍បន្ទាប់ពីពិធីកាត់ខ្សែបូនៅថ្ងៃនេះកាលពីថ្ងៃទី១ ខែវិច្ឆិកាថា៖ «យើងលើកទឹកចិត្តពួកគេឱ្យបញ្ជូនកុមារទៅសាលារៀន ហើយសហគមន៍ គ្រួសារផ្សេងទៀតទាំងអស់ក៏ធ្វើដូចគ្នាដែរ»។
ធ្លាប់ជាកន្លែងចាក់សំរាមដ៏អាសោចមួយ ស្ទឹងមានជ័យត្រូវបានបិទនៅឆ្នាំ២០០៩ ប៉ុន្តែវានៅតែជានិមិត្តរូបនៃការលំបាក ដោយសារគ្រួសារដែលរស់នៅក្នុងផ្ទះបណ្តោះអាសន្នជុំវិញអតីតទីលានចាក់សំរាម តស៊ូជាមួយភាពក្រីក្រ និងកង្វះធនធាន។

អង្គការមូលនិធិកុមារកម្ពុជា (CCF) បានប្រារព្ធពិធីបុណ្យភូមិថ្មី លេនកូវ ជាមួយម្ចាស់ជំនួយ World Housing នៅថ្ងៃទី 1 ខែវិច្ឆិកា។
អង្គការ CCF និង World Housing បានដោះស្រាយវិបត្តិនេះ ដោយផ្តល់ផ្ទះជាង ៦៥០ ខ្នងដល់គ្រួសារដែលមានតម្រូវការនៅទូទាំងស្ទឹងមានជ័យ និងលើសពីនេះ ដោយបានផ្លាស់ប្តូរជីវិតបុគ្គលជាង២១០០នាក់ក្នុងរយៈពេលមួយទសវត្សរ៍ចុងក្រោយនេះ។
លោក ឡាច សាវី ប្រធានផ្នែកប្រតិបត្តិការរបស់ CCF បានឱ្យដឹងថា៖ «យើងមានសេចក្តីសោមនស្សរីករាយក្នុងការសហការជាមួយ World Housing ម្តងទៀតដើម្បីផ្តល់ផ្ទះសុវត្ថិភាពសម្រាប់សមាជិកដែលងាយរងគ្រោះនៃសហគមន៍របស់យើង»។
លោកបន្ដថា៖ «ភូមិលេនកូវ តំណាងឱ្យក្តីសង្ឃឹម ការផ្លាស់ប្តូរ និងពន្លឺនៃអនាគតដ៏ល្អប្រសើរសម្រាប់កុមារ និងគ្រួសារ។ វាជាសក្ខីភាពមួយចំពោះឥទ្ធិពលដែលការសហការគ្នា និងសប្បុរសធម៌អាចមានលើសហគមន៍នេះ»។
ភូមិនេះត្រូវបានដាក់ឈ្មោះតាមលោក ភីធ័រ និងអ្នកស្រី អូឌី លេនកូវ ជាសប្បុរសជនដែលគាំទ្រសកម្មភាពរបស់អង្គការ CCF បានបង្កើតលំនៅឋានផ្លាស់ប្តូរជីវិតប្រកបដោយនិរន្តរភាព។
គ្រួសារលោក និងអ្នកស្រី លេនកូវ បានរៃអង្គាសប្រាក់សម្រាប់កសាងភូមិក្នុងរដ្ឋកាលីហ្វ័រញ៉ា ដោយទាក់ទាញឱ្យមានការពង្រីកវិសាលភាពសប្បុរសជាបន្ដបន្ទាប់។
លោក លេនកូវ បាននិយាយថា៖ ផ្ទះមួយមានអត្ថន័យលើសពីជញ្ជាំងបួនជ្រុង និងដំបូលមួយ។ វាគឺជាទីឋានសុវត្ថិភាព ស្ថិរភាព សុខភាព និងជាឱកាស។ ជាមួយនឹងផ្ទះទាំងនេះ គ្រួសារអាចផ្តោតលើការអប់រំ និងការងារ សុខភាព និងសុភមង្គល»។

Peter និង Audie Lenkov បានកាត់ខ្សែបូ ដើម្បីប្រគល់ផ្ទះថ្មីចំនួន 33 ខ្នងជាផ្លូវការដល់កុមារ និងគ្រួសារក្រីក្រ។ ហុង រស្មី
ផ្ទះនៅក្នុងភូមិលេនកូវប្រើប្រាស់នូវស្ថាបត្យកម្មខ្មែរបុរាណ ដោយបំពាក់បរិក្ខារ រួមទាំងបន្ទប់ទឹកឯកជន និងផ្ទះបាយផងដែរ។អ្នកភូមិក៏ទទួលបានអត្ថប្រយោជន៍ពីទឹកស្អាត ការថែទាំសុខភាព សេវាគាំទ្រ និងការអប់រំសម្រាប់កូនៗរបស់ពួកគេ។
គ្រឿងបរិក្ខារក្នុងសហគមន៍រួមមាន សួនកុមារបណ្ណាល័យ និងថ្នាក់រៀនបើកចំហ ដែលអ្នកដឹកនាំវ័យក្មេង CCF នឹងបង្រៀនពួកគេ។ដូនចាស់ ឈុន អាយុ ៦៩ឆ្នាំបាននិយាយរំជួលចិត្តអំពីផ្ទះថ្មីនេះ ក្រោយពីរួមរស់ជាមួយកូនស្រី និងចៅប្រុសក្នុងឃ្លាំងដែលគ្មានពន្លឺអស់រយៈពេល ៣ឆ្នាំ។
លោកយាយបាននិយាយថា៖ «ខ្ញុំសប្បាយចិត្តណាស់ដែលមានផ្ទះថ្មី។ អរគុណ World Housing និង CCF។ ខ្ញុំចង់ឱ្យចៅប្រុសរបស់ខ្ញុំមានខ្យល់អាកាសបរិសុទ្ធ និងបរិស្ថានស្អាត ដើម្បីធំឡើង ហើយខ្ញុំចង់ឱ្យគាត់មានជីវិតល្អ»។
ជាមួយនឹងកម្មវិធីអប់រំដែលរៀបចំឡើងសម្រាប់ទាំងកុមារ និងមនុស្សពេញវ័យ CCF លើកទឹកចិត្តគ្រួសារឱ្យផ្តល់អាទិភាពដល់ការសិក្សារយៈពេលវែង និងស្ថិរភាពគ្រួសារ។

សមាជិកម្ចាស់ជំនួយបានទៅលេងផ្ទះថ្មីនៅភូមិលេនកូវ។ ហុង រស្មី
លោក ស្កុត បាននិយាយថា៖ «យើងផ្តោតលើការបង្កើតបរិយាកាសស្ថិរភាព ដែលឪពុកម្តាយមិនចាំបាច់ព្រួយបារម្ភអំពីកន្លែងដែលអាហារបន្ទាប់របស់ពួកគេ ឬទឹកស្អាតនឹងមកពីណា»៕