រដ្ឋាភិបាល​ប្ដេជ្ញា​ប្រើប្រាស់​ថវិកា​ជិត​ ២៧​លាន​ដុល្លារ​ទទួល​បាន​ពី​មូលនិធិ​កសាង​ហេដ្ឋារចនាសម្ព័ន្ធ​តាម​ព្រំដែន»​ ប្រកប​ដោយ​ប្រសិទ្ធភាព និង​តម្លាភាព ​ដែល​អ្នក​ចូល​រួម​បរិច្ចាគ​អាច​ទៅ​ពិនិត្យ​បាន បន្ទាប់​ពី​ការ​ទទួល​ថវិកា​បរិច្ចាគ​សម្រាប់​មូលនិធិ​នេះ​បាន​បញ្ចប់​កាល​ពី​ថ្ងៃទី៣១​ ខែ​តុលា។


មូលនិធិ​នេះ​ត្រូវ​បាន​ផ្ដួច​ផ្ដើម​ដោយ​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន ម៉ាណែត នៅ​ពេល​​ពលរដ្ឋ​ខ្មែរ​មួយ​ចំនួន​បាន​ប្រឆាំង​នឹង​ការ​ចូលរួម​របស់​កម្ពុជា​ក្នុង​គម្រោង​តំបន់​ត្រីកោណ​អភិវឌ្ឍន៍​ CLV-DTA ដែល​រដ្ឋាភិបាល​បាន​ប្រកាស​ដក​ខ្លួន​កាល​ពី​ពេល​ថ្មីៗ។ 

គិត​ចាប់​ពី​ថ្ងៃ​ទទួល​ថវិកា​មូលនិធិ​​ពី​ថ្ងៃ​ទី២៦ សីហា ២០២៤ ដល់​ថ្ងៃ​ទី៣១ ខែតុលា ពលរដ្ឋ​ពី​គ្រប​ទិសទី​ទាំង​ក្នុង​និង​ក្រៅ​ប្រទេស​សរុប​ជាង ៧២​ម៉ឺន​នាក់​ បាន​បរិច្ចាគ​ថវិកា​សរុប​ជិត​ ២៧​លាន​ដុល្លារ (២៦.៩៦៧.៦០៩ ដុល្លារ)។


លោក ហ៊ុន ម៉ាណែត បាន​បង្ហោះ​សារ​នៅ​លើ​បណ្ដាញ​សង្គម​នៅ​ថ្ងៃ​ទី១ ខែវិច្ឆិកា​នេះ​ បង្ហាញ​ពី​ការ​គ្រប់​គ្រង​ និង​ប្រើប្រាស់​ថវិកា​នេះ ប្រកប​ដោយ​ប្រសិទ្ធភាព និង​តម្លា​ភាព​តាម​រយៈ​ការ​ ង្កើត​ក្រុម​ការងារ​ចំពោះ​កិច្ច​មួយ ​ដឹក​នាំ​ដោយ​លោក គឹម ប៊ុនថាន រដ្ឋមន្ត្រី​ប្រតិភូ​អម​នាយក​រដ្ឋមន្ត្រី និង​លោក ខ្វាន់ ស៊ាម អគ្គ​មេបញ្ជាការ​រង​នៃ​កងយោធពលខេមរភូមិន្ទ ​មេបញ្ជាការ​នៃ​បញ្ជាការដ្ឋាន​វិស្វកម្ម​ ជា​អនុប្រធាន។

លោក គឹម ប៊ុនថាន ​បាន​ថ្លែង​នៅ​ក្នុង​សន្និសីទ​សារព័ត៌មាន​នៅ​រសៀល​ថ្ងៃ​ទី១ ខែវិច្ឆិកា​នេះ​ថា​ក្រុមការងារ​របស់​លោក​នឹង​គ្រប់គ្រង​ថវិកា​មូលនិធិ​នេះ​ឲ្យ​បាន​ច្បាស់​លាស់​ និង​ចាត់​ចែង​ប្រើប្រាស់​ទៅ​លើ​គម្រោង​ហេដ្ឋារចនាសម្ព័ន្ធ​តាម​ព្រំដែន​ ដោយ​ផ្ដោត​លើ​ការ​កសាង​ផ្លូវ​ក្រវាត់​ព្រំដែន។​


លោក​ថ្លែង​ថា៖ «បើ​តាម​ទំហំ​ថវិកា​ដែល​យើង​ទទួល​បាន​នេះ យើង​បាន​សិក្សា​និង​កំណត់​ថា​នឹង​ស្ថាបនា​ផ្លូវ​ក្រាល​ល្បាយ​ថ្ម​មួយ​ខ្សែ​ជា​ផ្លូវ​ថ្មី ដែល​មាន​តួ​ផ្លូវ​ប្រវែង​ពី​៩​ទៅ​១០​ម៉ែត្រ ទទឹង​ផ្លូវ​ ៧​ម៉ែត្រ និង​មាន​ប្រវែង​សរុប​ប្រមាណ​ ២៥០​គ.ម ដែល​មាន​បួន​ខ្សែ»។

លោក​បន្ត​ថា ក្នុង​ចំណោម​ផ្លូវ​ប្រវែង​ ២៥០គ.ម​នេះ មាន​នៅ​ខេត្ត​មណ្ឌលគិរី​ ប្រវែង​ជាង ១៤៧​គ.ម និង​ខេត្ត​រតនគិរី​ ប្រវែង​ជាង​ ១០២ គ.ម ដែល​នឹង​បញ្ចប់​សាង​សង់​នៅ​ខែ​ឧសភា ឆ្នាំ​២០២៧ គឺ​ក្នុង​រយៈ​ពេល ៣០ខែ។

លោក ខ្វាន់ ស៊ាម ដែល​ជា​អ្នក​ដឹក​នាំ​ការ​កសាង​ផ្លូវ​នៅ​តាម​ព្រំដែន​អស់​ជា​ច្រើន​ឆ្នាំ​មក​ហើយ បាន​ថ្លែង​ថា ផ្លូវ​នៅ​តាម​ព្រំដែន​មាន​ប្រវែង​សរុប ២៦១៥ គ.ម។ មក​ទល់​ពេល​នេះ ការ​កសាង​សម្រេច​បាន​ ៤៨,១០ភាគ​រយ​ហើយ។ លោក​ថា​ ថវិកា​មូលនិធិ​នេះ​នឹង​ត្រូវ​ប្រើ​ប្រាស់​ដើម្បី​សាងសង់​ផ្លូវ​បោស​សម្អាត​មីន និង​សំណង់​ចាំបាច់​នៅ​តាម​ព្រំដែន។

លោក​ថ្លែង​ថា៖ «ការ​ប្រើប្រាស់​ថវិកា​នេះ​ត្រូវ​តែ​មាន​តម្លា​ភាព គណនេយ្យភាព​ សន្សំ​សំចៃ​ខ្ពស់ មាន​ការ​ទទួល​ខុស​ត្រូវ និង​ការ​កសាង​សំណង់​បាន​ត្រឹម​ត្រូវ​តាម​បទដ្ឋាន លក្ខណៈ​បច្ចេកទេស​ មាន​គុណភាព ភាព​ធន់ និង​សោភណភាព។ ប៉ុន្តែ សោភណភាព​នៅ​ទីនេះ​មិន​មែន​ដូច​នៅ​ទីក្រុង​ទេ គឺ​សោភណភាព​តាម​ព្រៃភ្នំ»។

លោក​​បន្ត​ថា មូលនិធិ​នេះ​បើក​ផ្លូវ​ឲ្យ​អ្នក​បរិច្ចាគ​អញ្ជើញ​ទៅ​តាមដាន​ពិនិត្យ​មើល​លទ្ធផល​នៃ​ការ​កសាង​នៅ​គ្រប់​ការដ្ឋាន តាម​សភាព​ជាក់​ស្ដែង​ដែល​មាន​អំណោយ​ផល​អាច​ទៅ​អញ្ជើញ​ទៅ​បាន៕