ភ្នំពេញៈ នគរបាលកំពុងតែស្វែងរកបុរសម្នាក់ ដែលជាអ្នកបើកបររថយន្ត មានពាក់ផ្លាកលេខប្រទេសវៀតណាមមួយគ្រឿង ដែលបានបុកមនុស្ស៥នាក់ស្លាប់នៅនឹងកន្លែងកើតហេតុ នៅក្នុងភូមិច្រាប ឃុំ២ធ្នូ ស្រុកស្នួល ខេត្តក្រចេះ កាលពីយប់ថ្ងៃសុក្រ ទី៨ ខែវិច្ឆិកានេះ។
គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងរវាងរថយន្តធុនធំ និងម៉ូតូមួយគ្រឿង ដែលជិះគ្នា៥នាក់ ស្ថិតលើផ្លូវជាតិលេខ៧៤ នៅជិតច្រកអន្តរជាតិត្រពាំងស្រែ និងជិតតំបន់សេដ្ឋកិច្ចពិសេស ស្នួល U B E SNOUL SEZ ដែលបណ្តាលឱ្យជនរងគ្រោះទាំង៥ ភាគច្រើនជាក្មេងស្លាប់នៅកន្លែងកើតហេតុនៅវេលាម៉ោងជាង៨យប់។
អគ្គស្នងការដ្ឋាននគរបាលជាតិបានឱ្យដឹងថា ក្រោយពីទទួលបានសេចក្តីរាយការណ៍ពីពលរដ្ឋ កម្លាំងនគរបាលមូលដ្ឋានបានចុះទៅធ្វើការអន្តរាគមន៍។ ប៉ុន្តែរថយន្តបង្ក ដែលមិនស្គាល់ម៉ាកបានបើកចេញទៅបាត់។
នគរបាលជាតិបញ្ជាក់ថា៖«រថយន្តបើកបរពីកើតទៅលិច ដល់ចំណុចកើតហេតុ បានបុកម៉ូតូធ្វើដំណើរពីលិចទៅកើត ដែលណ្តាលឱ្យមនុស្សចំនួន៥នាក់បានស្លាប់តែម្តង។ មូលហេតុ គឺរថយន្តបើកបរក្នុងល្បឿនលឿនខ្វះការប្រុងប្រយ័ត្ន»។
កម្លាំងនគរបាលមូលដ្ឋានបានធ្វើការស្រាវជ្រាវរករថយន្តនោះ តាមរយៈកិច្ចសហការណ៍ពីមន្រ្តីពាក់ព័ន្ធនៅតំបន់ច្រកព្រំដែននោះ ដែលរួមមានទាំងការត្រួតពិនិត្យមើលកាមេរ៉ាសុវត្ថិភាពផងដែរ។
សមត្ថកិច្ចបានកំណត់អត្តសញ្ញាណរបស់រថយន្ត ហើយបានរកឃើញរថយន្តនោះនៅក្នុងចំការកៅស៊ូមួយកន្លែងស្ថិតក្នុងឃុំគ្រញូងសែនជ័យ ស្រុកស្នួល នាថ្ងៃទី៩ខែ វិច្ឆិកា។
មន្រ្តីអាជ្ញាធរមូលដ្ឋានម្នាក់បានឱ្យដឹងថា រថយន្តនោះម៉ាក FUSO ដែលពាក់ផ្លាកលេខរបស់ប្រទេសវៀតណាម លេខ 92C 157.48។ ប៉ុន្តែអ្នកបើកបរមិនទាន់ត្រូវបានកំណត់អត្តសញ្ញាណបាននោះទេ ព្រោះគេបានរត់គេចខ្លួនបាត់ពីរថយន្ត។
ហេតុនេះ នគរបាលមិនទាន់ហ៊ានសន្និដ្ឋានបានទេថា អ្នកបើកបរនោះជាជនជាតិវៀតណាម ឬយ៉ាងណា។
អធិការនគរបាលស្រុកស្នួល លោកចាន់ សុគីមបានឱ្យដឹងថា អ្នកបើកបរនោះ មិនទាន់ត្រូវបានរកឃើញនោះទេ ហើយនគរបាលកំពុងតែដុតដៃដុតជើងធ្វើការលើករណីនេះហើយ។
លោកថ្លែងថា៖«គ្រួសារសពកំពុងតែរវល់ខ្លាំងនឹងពិធីរៀបចំបុណ្យសពកូនចៅគាត់ ហើយនគរបាលពេលនេះ កំពុងតែកសាងនីតិវិធី ដោះស្រាយតាមផ្លូវច្បាប់ ដើម្បីបានលឿន ធ្វើយ៉ាងណាកុំឱ្យមានការយឺតយ៉ាវ។ នគរបាលកំពុងតែមមាញឹកលើការងារហ្នឹងហើយ»។
លោក គីម ឆៃលាង អធិការងស្រុក ទទួលផែនចរាចរណ៍បានឱ្យដឹងថា លោកកំពុងតែកសាងសំណុំរឿង បញ្ជូនទៅតុលាការខេត្ត ដើម្បីដោះស្រាយទៅតាមផ្លូវច្បាប់ ព្រោះថា ករណីនេះជាករណីធំ។
ទោះយ៉ាងណា លោកមិនទាន់អាចបញ្ជាក់បានទេថា សំណុំរឿងនោះនឹងត្រូវបញ្ជូនទៅតុលាការនៅពេលណានោះទេ។ លោកសុំមិនធ្វើអត្ថាធិប្បាយបន្ថែមលើករណីនេះនោះទេ។
ព័ត៌មានពីអាជ្ញាធរមូលដ្ឋានក៏បានឱ្យដឹងផងដែរថា ជនរងគ្រោះទាំង៥នាក់ មាន២គ្រួសារ ដែលជាបងប្អូនជីដូនមួយនឹងគ្នា។ ក្នុងនោះ ជនរងគ្រោះគ្រួសារទី១ជាស្រ្តី២នាក់ ដែលមានឈ្មោះស្រីនិចអាយុ១៨ឆ្នាំ ជាអ្នកបើកម៉ូតូ និងប្អូនស្រីរបស់នាងឈ្មោះស្រីនុតអាយុ១៦ឆ្នាំ។
រីឯគ្រួសារទី២ ជាបងប្អូនបង្កើតនឹងគ្នា ដែលរួមមានក្មេងប្រុស២នាក់ អាយុ៨ឆ្នាំ និង៦ឆ្នាំ និងប្អូនស្រីរបស់ពួកគេអាយុ៤ឆ្នាំ។
ប្រភពបានបន្តថា ម្តាយរបស់ក្មេងស្រីអាយុ៤ឆ្នាំនោះជាអ្នកធ្វើការនៅតំបន់សេដ្ឋកិច្ចពិសេស។ ក្មេងស្រីនេះបានយំ លួងមិនបាត់ ហើយស្រីនិចក៏បានបើកម៉ូតូជូននាងទៅជួបម្តាយទាំងយប់។ នៅពេលធ្វើដំណើរក៏ត្រូវរថយន្ត ដែលធ្វើដំណើរមកពីប្រទេសវៀតណាមនោះបុកស្លាប់តែម្តង៕