ភ្នំពេញៈ អង្គការ WWF-កម្ពុជា បានសម្តែងការជឿជាក់យ៉ាងមុតមាំថា កិច្ចសហការពីភាគីពាក់ព័ន្ធទាំងអស់ ដែលរួមទាំងស្ថាប័នបច្ចេកទេសផងនោះ នឹងបន្តធានាដល់ការរស់រានមានជីវិតយូរអង្វែងទៅមុខទៀត ក៏ដូចជាធ្វើឱ្យមានកំណើននៃចំនួនសត្វផ្សោតក្នុងទន្លេមេគង្គផងដែរ។
ការលើកឡើងនេះត្រូវបានធ្វើឡើង បន្ទាប់ពីចំនួនកើតកូនថ្មីរបស់សត្វផ្សោតបានកើនឡើងរហូតដល់ទៅ៩ក្នុងរយៈពេលតែ១១ខែ នៃឆ្នាំ២០២៤នេះ ដែលជាអត្រាកំណើតច្រើនបំផុតពុំធ្លាប់មានទេ បើគិតចាប់តាំងពីឆ្នាំ ២០២១មក។
កូនផ្សោត ដែលកើតថ្មីមួយក្បាលនោះ ត្រូវបានប្រទះឃើញ ដោយក្រុមការងារស្រាវជ្រាវ នៃរដ្ឋបាលជលផល និងអង្គការWWF-កម្ពុជា នាថ្ងៃទី៨ ខែវិច្ឆិកា នៅអន្លង់កាំពី ស្ថិតក្នុងភូមិជ្រោយបន្ទាយ ឃុំសំបុក ស្រុកចិត្របុរី ខេត្តក្រចេះ។ នេះបើយោងតាម ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។
ក្រសួងបានប្រកាស ស្វាគមន៍ចំពោះកូនផ្សោតថ្មីនេះ ដោយសរសេរថា៖«កូនផ្សោតនេះ មានសុខភាពល្អប្រសើរ និងស្ថិតក្នុងហ្វូងផ្សោតធំៗចំនួន ២ទៀត។ នេះគឺជាកូនផ្សោតទី៩ ដែលបានកើតនៅក្នុងឆ្នាំ ២០២៤ ជាអត្រាកំណើតច្រើនពុំធ្លាប់មានទេ បើគិតចាប់តាំងពីឆ្នាំ ២០២១មក»។
ក្រសួងបានឱ្យដឹងថា នៅឆ្នាំ២០២១ កម្ពុជាមានកូនផ្សោតកើតថ្មីចំនួន ៦ក្បាល ប៉ុន្តែផ្សោតបានស្លាប់ចំនួន៩ក្បាល។ នៅឆ្នាំ២០២២ ផ្សោតបានកើតថ្មីមានចំនួន ៦ក្បាល និងស្លាប់ទៅវិញចំនួន ១១ក្បាល។
ចំណែកនៅឆ្នាំ២០២៣ មានផ្សោតកើតចំនួន ៨ក្បាល និងស្លាប់ចំនួន៥ក្បាល ហើយនៅឆ្នាំ២០២៤ គិតត្រឹមដើមខែវិច្ឆិកា ផ្សោតកើតមានចំនួន ៩ក្បាល និងស្លាប់ទៅវិញចំនួន តែ៣ក្បាលប៉ុណ្ណោះ។
ប្រមុខរដ្ឋាភិបាលក៏បានសំដែងការស្វាគមន៍ចំពោះវត្តមាន និងកំណត់ត្រាថ្មី ដែលមិនធ្លាប់មាន នៅក្នុងរយៈពេល៤ ឆ្នាំចុងក្រោយនេះផងដែរ។ នេះបាននាំឱ្យចំនួនផ្សោតទឹកសាបកម្ពុជាមានសរុបចំនួន១០៥ក្បាល នៅក្នុងដែនទឹកទន្លេមេគង្គរបស់កម្ពុជា គិតត្រឹមដើមខែវិច្ឆិកា ឆ្នាំ២០២៤នេះ។
បណ្តាញទំនាក់ទំនងសង្គមរបស់លោកនាយករដ្ឋមន្រ្តីហ៊ុន ម៉ាណែតបានសរសេរថា៖«នេះជាលទ្ធផលនៃកិច្ចខិតខំប្រឹងប្រែងរបស់អាជ្ញាធរ និងប្រជាពលរដ្ឋក្នុងកិច្ចការអភិរក្សជីវចម្រុះ និងការពារធនធានជលផល ដែលជាធនធានកម្ររបស់ជាតិដ៏មានតម្លៃ»។
នាយកប្រចាំប្រទេសរបស់អង្គការ WWF-កម្ពុជា លោក Arun Muttreja បានលើកឡើងថា ការកើនឡើងរហូតដល់ទៅ៩ក្បាល នៃចំនួនកូនផ្សោតក្នុងឆ្នាំនេះ គឺដោយសារតែមានការឃ្លាំមើល ក៏ដូចជាតាមដានជាប្រចាំ ដោយក្រុមអ្នកស្រាវជ្រាវរបស់រដ្ឋបាលជលផល នៃក្រសួងកសិកម្ម និងអង្គការ WWF-កម្ពុជា ជាពិសេសក្នុងរដូវបង្កាត់ពូជផ្សោតនៅចុង និងដើមឆ្នាំ។
លោកបន្តថា ការរស់រានមានជីវិតរបស់កូនសត្វផ្សោត គឺពឹងផ្អែកយ៉ាងខ្លាំងទៅលើការការពារ និងឃ្លាំមើល ប្រកបដោយប្រសិទ្ធភាពរបស់ ឆ្មាំទន្លេ និងអ្នកស្រាវជ្រាវមកពីរដ្ឋបាលជលផល សហគមន៍ និងអង្គការ WWF- កម្ពុជា ដែលត្រូវបានគាំទ្រដោយក្រសួងកសិកម្ម អាជ្ញាធរខេត្ត និងជំនួយហិរញ្ញវត្ថុ និងបច្ចេកទេសពីអង្គការ WWF-កម្ពុជា។
លោកបានលើកឡើងថា ការបន្តយកចិត្តទុកដាក់ពីរដ្ឋាភិបាល ដែលទទួលស្គាល់សត្វផ្សោតជាសម្បត្តិធម្មជាតិមានជីវិត គឺជារឿងចាំបាច់។ ក្រសួងកសិកម្ម និង WWF-កម្ពុជា នៅតែប្តេជ្ញាចិត្តចំពោះកិច្ចខិតខំប្រឹងប្រែង ដែលរួមមានការងារនៅទីវាល និងការបន្តការពារសត្វផ្សោតដោយឆ្មាំទន្លេមេគង្គ។
ការប្តេជ្ញាចិត្តនេះក៏ត្រូវបានឆ្លុះបញ្ចាំងផងដែរនៅក្នុង MoU ដែលបានចុះហត្ថលេខានាពេលថ្មីៗនេះរវាងអង្គការWWF-កម្ពុជា និង ក្រសួងកសិកម្ម ក្នុងគោលបំណងពង្រឹងការការពារសត្វផ្សោត។
លោកមានប្រសាសន៍ថា៖«យើងជឿជាក់យ៉ាងមុតមាំថា កិច្ចសហការពីភាគីពាក់ព័ន្ធទាំងអស់ រួមទាំងស្ថាប័នបច្ចេកទេស នឹងបន្តធានាដល់ការរស់រានមានជីវិតយូរអង្វែង និងកំណើននៃចំនួនសត្វផ្សោតក្នុងទន្លេមេគង្គ»។
WWF-កម្ពុជា បានអំពាវនាវឱ្យមានការចូលរួមយ៉ាងសកម្មក្នុងការការពារសត្វផ្សោត ជាពិសេសពីសហគមន៍មូលដ្ឋាន ព្រោះការអភិរក្សប្រភេទសត្វជិតផុតពូជអាចជោគជ័យបាន លុះត្រាតែមានការចូលរួមពីអ្នករស់នៅក្នុងជម្រករបស់សត្វផ្សោត។
ផ្សោតញីជំទង់១ក្បាល បានស្លាប់ ក្នុងភូមិជ្រោយបន្ទាយ ឃុំជ្រោយបន្ទាយ ស្រុក ព្រែកប្រសព្វ ខេត្តក្រចេះ ដោយជាប់នឹងមងនេសាទ កាលពី ខែសីហាកន្លងមក។ នេះការស្លាប់ចុងក្រោយ គិតត្រឹមដើមខែវិច្ឆិកា ឆ្នាំ២០២៤នេះ៕