
លោក សុខ ឥសាន (ស្ដាំ ជួរមុខ) អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា ក្នុងកម្មវិធី វេទិកាភ្នំពេញលើកទី៣ រៀបចំដោយរាជបណ្ឌិត្យសភាកម្ពុជា កាលពីថ្ងៃទី២៧ ខែវិច្ឆិកា។ FN
មន្ត្រីជាន់ខ្ពស់គណបក្សប្រជាជនកម្ពុជា ថ្លែងថាច្បាប់ដាក់ក្រុមប្រឆាំងក្នុងបញ្ជី«ភេរវករ» អាចនឹងត្រូវបានធ្វើឡើងនាពេលឆាប់ៗនេះ ពីព្រោះថា អ្វីដែលប្រធានគណបក្សកាន់អំណាចនិយាយ តែងតែកើតឡើង។
ការថ្លែងបែបនេះធ្វើឡើងដោយ លោក សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា និងជាសមាជិកព្រឹទ្ធសភា ក្នុងវេទិកាភ្នំពេញលើកទី៣ ពាក់ព័ន្ធនឹង «បដិវត្តន៍ព័ណ៌» រៀបចំឡើងដោយរាជបណ្ឌិត្យសភាកម្ពុជា កាលពីថ្ងៃទី២៧ ខែវិច្ឆិកា។
លោក ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានព្រឹទ្ធសភា បានថ្លែងកាលពីសប្ដាហ៍មុនថា តើវាគួរដល់ពេលវេលាសមសម្របសម្រាប់បង្កើតច្បាប់ដាក់ក្រុមប្រឆាំង ឬ ក្រុមជ្រុលនិយមក្នុងបញ្ជីភេរវជន ឬ ភេរវករ ហើយឬនៅ នៅពេលដែលក្រុមអ្នកប្រឆាំងដែលមានមូលដ្ឋាននៅក្រៅប្រទេស បន្តលើកឡើងពីបញ្ហានានា ដែលចុងក្រោយនេះគឺអធិបតេយ្យភាពលើកោះគុត ដែលភាគីកម្ពុជា និង ថៃ កំពុងចរចា។
លោក សុខ ឥសាន ថ្លែងថា លោក ហ៊ុន សែន បានយល់ពីសភាពការណ៍បដិវត្តន៍ព័ណ៌នៅកម្ពុជាច្បាស់ ជាពិសេសសកម្មភាពចុងក្រោយពាក់ព័ន្ធនឹងផែនការធ្វើបាតុកម្ម ថ្ងៃទី១៨ ខែសីហា កន្លងទៅដើម្បីប្រឆាំងនឹងការចូលរួមរបស់កម្ពុជាក្នុងកិច្ចសហប្រតិបត្តិការតំបន់ត្រីកោណអភិវឌ្ឍន៍ CLV-DTA។
យ៉ាងណាក៏ដោយ កម្ពុជាបានដកខ្លួនចេញពីកិច្ចសហប្រតិបត្តិការនេះហើយ ដែលយន្តការផ្លូវការត្រូវបានចូលជាធរមាននៅពេលព្រះមហាក្សត្រឡាយព្រះហស្តលេខាលើការដកខ្លួននេះ កាលពីសប្ដាហ៍មុន។ រដ្ឋាភិបាលចាត់ទុកការដកខ្លួននេះ ទៅនឹងការដកអាវុធចេញពីដៃនៃក្រុមប្រឆាំង។
លោក សុខ ឥសាន ថ្លែងដូច្នេះថា៖ «ប៉ុន្មានថ្ងៃមុននេះក្នុងពេលអញ្ជើញទៅទទួលសញ្ញាប័ត្រនៅកូរ៉េខាងត្បូង គាត់បានលើកពីនិន្នាការបង្កើតច្បាប់ដាក់ក្រុមពួកឧទ្ទាមក្រៅច្បាប់ដែលដឹកនាំដោយទណ្ឌិត សម រង្ស៊ី ជាក្រុមភេរវករ។ ឥឡូវប៉ុន្មានថ្ងៃមុននេះ ដែលមានកិច្ចប្រជុំ ICAPP គាត់លើកបញ្ហាហ្នឹងទៀត។ ខ្ញុំយល់ថា ច្បាប់នេះអាចនឹងលេចចេញ មិនយូរប៉ុន្មានទេ។ ឲ្យតែប្រធានគណបក្សប្រជាជនលើកឡើងហើយ គឺថា អាចនឹងមានប្រសិទ្ធភាពហើយ»។
ពាក់ព័ន្ធនឹងការបង្កើតច្បាប់នេះ លោក អំ សំអាត នាយកកិច្ចការទូទៅនៃអង្គការសិទ្ធិមនុស្សលីកាដូ យល់ថា កម្ពុជាមានច្បាប់មួយចំនួន ជាច្បាប់ប្រឆាំងភេវរជន និងភេវរកម្មរួចមកហើយ ដូច្នេះត្រូវអនុវត្តច្បាប់ទាំងនេះឱ្យមានប្រសិទ្ធភាព។
លោកបន្តថា៖ «ចំពោះការបង្កើតច្បាប់ថ្មីណាមួយគឺត្រូវធ្វើការសិក្សាឱ្យបានច្បាស់លាស់ជាមុននិងពិនិត្យមើលធាតុចូលឱ្យបានគ្រប់ជ្រុងជ្រោយ ដើម្បីកាត់បន្ថយចន្លោះប្រហោង និងការរិះគន់ ជាពិសេសច្បាប់ទាំងឡាយអនុលោមតាមរដ្ឋធម្មនុញ្ញ រួមទាំងពិនិត្យមើលលើបទដ្ឋានអន្តរជាតិដែលកម្ពុជាយើងទទួលស្គាល់»៕