ចិន​គាំទ្រ​គម្រោង​ព្រែកជីក​ហ្វូណន​តេជោ «ឥត​ងាករេ» ខណៈ​ដែល​ប្រទេស​ទាំង​ពីរ​កំណត់​យក​ឆ្នាំ ២០២៥ ខាង​មុខ​នេះ​ជា​ឆ្នាំ «ទេសចរណ៍​កម្ពុជា-ចិន» និង​កែ​លម្អ​ហេដ្ឋារចនាសម្ព័ន្ធ​ទេសចរណ៍​ដើម្បី​ជំរុញ​ឲ្យ​ទេសចរ​ចិន​មក​ទស្សនា​កម្ពុជា​ឲ្យ​បាន​ស្មើ​ចំនួន​មុន​កូវីដ១៩។


ការ​ប្ដេជ្ញា​ទាំង​នេះ​ធ្វើ​ឡើង​ជំនួប​រវាង​លោក​ឧប​នាយក​រដ្ឋ​មន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស ជាមួយ​លោក វ៉ាង​ វិនពីន (Wang Wenbin) ឯកអគ្គរដ្ឋទូត​ចិន​ប្រចាំ​កម្ពុជា កាល​ពី​ថ្ងៃ​ទី២៦ ខែ​វិច្ឆិកា គឺ​ពីរ​ថ្ងៃ​មុន​ពេល​លោក ប្រាក់ សុខុន បំពេញ​ទស្សនកិច្ច​ទៅ​ប្រទេស​ចិន​នៅ​ថ្ងៃ​នេះ។​

ក្រសួងការបរទេស​និង​សហប្រតិបត្តិការ​អន្តរជាតិ បាន​ថ្លែង​នៅ​ក្នុង​សេចក្ដី​ប្រកាស​ព័ត៌មាន​អំពី​ជំនួប​នេះ​ថា ភាគី​ទាំងពីរ បាន​ប្ដេជ្ញា​ចិត្ត​ក្នុង​ការ អនុវត្ត​ឱ្យ​បាន​ជោគជ័យ​នូវ​កុងសង់ស៊ីស និង​ការ​ប្ដេជ្ញា​ចិត្ត​របស់​ថ្នាក់​ដឹកនាំ​ប្រទេស​ទាំង​ពីរ​ដើម្បី​ជំរុញ​គម្រោង​សំខាន់ៗ​ដូចជា ច្រក​របៀង​ត្រី និង​ស្រូវ ច្រក​របៀង​អភិវឌ្ឍន៍​ឧស្សាហកម្ម គម្រោង អភិវឌ្ឍន៍​កសិកម្ម​ទំនើប និង​គម្រោង​ថាមពល​ចម្រុះ។


ភាគី​ទាំង​ពីរ​ក៏​ដូចជា​ការ​លើក​កម្ពស់​ការ​កសាង​សហគមន៍​ កម្ពុជា-ចិន ប្រកប​ដោយ​គុណភាព​ខ្ពស់ កម្រិត​ខ្ពស់ និង​ស្តង់ដារ​ខ្ពស់ ក្នុង​ការ​កសាង​អនាគត​រួមគ្នា នៅ​យុគ​សម័យ​ថ្មី ដោយ​ចាត់​ទុក​ជា​គំរូ​សម្រាប់​មនុស្ស​ជាតិ។ លោក ប្រាក់​ សុខុន ក៏​បាន​វាយ​តម្លៃ​ខ្ពស់​អំពី​ការ​ចូលរួម​របស់​ចិន​ក្នុង​ការ​អភិវឌ្ឍ​នៅ​កម្ពុជា។

ក្រសួង​ការបរទេស​បាន​ថ្លែង​ដូច្នេះ​ថា៖ «ឯក​ឧត្តម​ឯក​អគ្គរដ្ឋទូត​ [វ៉ាង វិនពីន] បាន​រំលឹក​ឡើង​វិញ​នូវ ការ​គាំទ្រ​ឥត​ងាក​រេ របស់​ចិន​សម្រាប់​ការ​អភិវឌ្ឍ​របស់​កម្ពុជា ​រួម​ទាំង​គម្រោង​ព្រែកជីក ហ្វូណន តេជោ ​និង​ការ​ប្ដេជ្ញា​ចិត្ត​របស់​ចិន​ក្នុង​ការ​លើក​កម្ពស់​ពាណិជ្ជកម្ម និង​ការ​វិនិយោគ​ទ្វេភាគី»។


កាល​ពី​ពេល​ថ្មីៗ ទីភ្នាក់ងារ​ព័ត៌មាន Reuters បាន​ចុះ​ផ្សាយ​ថា ចិន​ទំនង​ជា​​ដក​ខ្លួន​មិន​គាំទ្រ​គម្រោង​ព្រែកជីក​ហ្វូណន​តេជោ ប៉ុន្តែ ការ​ចុះ​ផ្សាយ​ដោយ​ស្រង់​សម្ដី​ប្រភព​មិន​បញ្ចេញ​ឈ្មោះ ត្រូវ​បាន​កម្ពុជា​ច្រាន​ចោល។

លោក​ ប្រាក់ សុខុន ចេញ​ដំណើរ​ទៅ​បំពេញ​ទស្សនកិច្ច​នៅប្រទេស​ចិន ពី​ថ្ងៃ​ទី២៨ វិច្ឆិកា ដល់​ថ្ងៃទី១ ធ្នូ។ ក្រសួង​ការបរទេស

ចំពោះ​វិស័យ​ទេសចរណ៍ ក្រសួង​បញ្ជាក់​​ថា៖ «ឯកឧត្តម​ឧបនាយក​រដ្ឋមន្ត្រី និង​ឯកឧត្តម​ឯក​អគ្គរដ្ឋទូត បាន​សម្ដែង​ការ​សាទរ​ចំពោះ​ការ​កំណត់​យក​ឆ្នាំ​២០២៥ ជា​ឆ្នាំ​ទេសចរណ៍​កម្ពុជា-ចិន។ ភាគី​ទាំង​ពីរ​បាន​ពិភាក្សា​អំពី​សារៈ​សំខាន់​នៃ​ការ​បង្កើន​ជើង​ហោះ​ហើរ​ត្រង់ និង​ការ​កែ​លម្អ​ហេដ្ឋារចនាសម្ព័ន្ធ​ទេសចរណ៍ ​ដើម្បី​ស្ដារ​ឡើង​វិញ​នូវ​ចំនួន​ភ្ញៀវ​ទេសចរ​ចិន​មក​កម្សាន្ត​នៅ​កម្ពុជា​ឱ្យ​ដូច​មុន​មាន​ជំងឺ​រាតត្បាត​កូវីដ-១៩»!។

ភាគី​ទាំង​ពីរ​ក៏​បាន​ពិភាក្សា​អំពី​ដំណើរ​បំពេញ​ទស្សនកិច្ច​របស់​លោក ហ៊ុន សែន ប្រធាន​ព្រឹទ្ធសភា និង​ជា​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា​ទៅ​កាន់​ប្រទេស​ចិន​នា​ពេល​ខាង​មុខ​នេះ ដើម្បី​ពង្រឹង​បន្ថែម​ភាព​ជា​ដៃគូ​យុទ្ធសាស្ត្រ​គ្រប់​ជ្រុង​ជ្រោយ​រវាង​ចិន​និង​កម្ពុជា ក្រោម​ក្របខណ្ឌ​កិច្ច​សហប្រតិបត្តិការ​ត្បូង​ពេជ្រ។

នៅ​ព្រឹក​ថ្ងៃ​ទី២៨ ខែ​វិច្ឆិកា​នេះ លោក ប្រាក់ សុខុន បាន​ចេញ​ដំណើរ​ទៅ​បំពេញ​ទស្សនកិច្ច​ផ្លូវការ​នៅ​ប្រទេស​ចិន ដោយ​លោក​គ្រោង​នឹង​ជួប​ជាមួយ​លោក វ៉ាង យី រដ្ឋមន្ត្រី​ការបរទេស​ចិន និង​លោក លីវ ជានឆាវ ​រដ្ឋមន្ត្រី​ក្រសួង​ទំនាក់​ទំនង​អន្តរជាតិ​មជ្ឈិមបក្ស​កុម្មុយនីស្ត​ចិន រហូត​ដល់​ថ្ងៃ​ទី១ ខែ​ធ្នូ។

លោក យង់ ពៅ អគ្គលេខាធិការ​រាជបណ្ឌិត្យសភា​កម្ពុជា យល់​ថា ប្រទេស​ទាំង​ពីរ​នេះ​មិន​អាច​ងាករេ​នៅ​លើ​ទំនាក់​ទំនង​របស់​ខ្លួន​បាន​ទេ​ព្រោះ​ត្រូវ​ពឹង​គ្នា​ទៅ​វិញ​ទៅ​មក ទោះ​បី​ជា​កម្ពុជា ជា​ប្រទេស​តូច​ក៏​ដោយ ពីព្រោះ​កម្ពុជា​មាន​តម្លៃ​ផ្នែក​ភូមិសាស្ត្រ​នយោបាយ​សម្រាប់​ចិន។

លោក​ថា៖ «ងាក​មក​រឿង​ព្រែកជីក​ហ្វូណន​តេជោ​នេះ ក៏​មាន​តម្លៃ​នៅ​ក្នុង​កិច្ច​សហប្រតិបត្តិការ​ជា​យុទ្ធសាស្ត្រ ទាំង​សេដ្ឋកិច្ច ទាំង​ភូមិសាស្ត្រ​នយោបាយ។​ ដូច្នេះ ចិន​ត្រូវ​តែ​ឲ្យ​តម្លៃ​លើ​កិច្ច​សហប្រតិបត្តិការ​នេះ»។

លោក​បន្ត​ថា ការ​បំពេញ​ទស្សនកិច្ច​ផ្លូវការ​ទៅ​ប្រទេស​លោក ប្រាក់​ សុខុន ទៅ​កាន់​ប្រទេស​ចិន​បន្ទាប់​ពី​កាន់​តំណែង​រដ្ឋមន្ត្រី​ការបរទេស​ឡើង​វិញ​នេះ​ ក៏​បង្ហាញ​អំពី​សារៈ​សំខាន់​នៃ​ទំនាក់​ទំនង​រវាង​ប្រទេស​ទាំង​ពីរ​ផង​ដែរ។

លោក​យល់​ថា ក្នុង​ដំណើរ​ទស្សនកិច្ច​នេះ ក៏​នឹង​អាច​មាន​ការ​ពិភាក្សា​ទៅ​លើ​កិច្ចការ​មួយ​ចំនួន​ទៀត ដូចជា​ ការ​ពង្រឹង​សន្តិសុខ​ឌីជីថល ការ​ប្រយុទ្ធ​ប្រឆាំង​ល្បែង​អនឡាញ​ក្នុង​ក្រប​ខណ្ឌ​ទ្វេភាគី៕