ភ្នំពេញ៖ រដ្ឋបាល​រាជធានី​ភ្នំពេញ (PPCA) និង​ទីភ្នាក់ងារ​សហប្រតិបត្តិ​ការ​អន្តរជាតិ​កូរ៉េ (KOICA) ការិយាល័យ​កម្ពុជា បាន​បង្ហាញ​គម្រោង​សំខាន់​មួយ​ក្នុង​គោលបំណង​លើកកម្ពស់​សេវា​ថែទាំ​សុខភាព​ក្នុង​តំបន់។


គំនិត​ផ្តួចផ្តើម​ក្នុង​តម្លៃ​ ១១​លាន​ដុល្លារ​អាមេរិក​នេះ​ គ្រោង​នឹង​អភិវឌ្ឍ​​មន្ទីរពេទ្យ​បង្អែក​ដង្កោ ទៅជា​មន្ទីរពេទ្យ​កម្រិត CPA-2 ដំបូង​គេ​របស់​រាជធានី​ភ្នំពេញ។

មន្ទីរពេទ្យ​កម្រិត CPA-2 សំដៅ​ទៅលើ​មន្ទីរពេទ្យ​ដែល​ត្រូវបាន​ចាត់ថ្នាក់​ក្រោម​ប្រព័ន្ធ «កញ្ចប់​សកម្មភាព​បំពេញ​បន្ថែម (CPA)» ដែល​ត្រូវ​បាន​ប្រើ​នៅក្នុង​ប្រទេស​មួយ​ចំនួន ដូចជា ​ប្រទេស​កម្ពុជា ដើម្បី​ចាត់ថ្នាក់​កន្លែង​ថែទាំ​សុខភាព​ដោយ​ផ្អែក​លើ​លំដាប់​លេខ​រៀង​​ និង​ភាព​ស្មុគស្មាញ​នៃ​សេវាកម្ម។


យោង​តាម KOICA បាន​ឱ្យ​ដឹង​ថា៖ «ជាមួយ​នឹង​ចំនួន​ប្រជាជន​១៥៩៧៧២ នាក់​ក្នុង​ខណ្ឌ​ កំណើន​ឧស្សាហកម្ម​យ៉ាង​ឆាប់​រហ័ស និង​នៅ​ជិត​អាកាសយានដ្ឋាន​អន្តរជាតិ​ក្រុង​តាខ្មៅ​ថ្មី​បាន​ជំរុញ​ឱ្យ​មាន​ការកើន​ឡើង​ចំនួន​ប្រជាជន ដែល​បង្ហាញ​ពី​តម្រូវការ​​កែលម្អ​សេវា​សាធារណៈ​ជាបន្ទាន់​ ជាពិសេស​ផ្នែក​ថែទាំ​សុខភាព»។

នៅថ្ងៃទី​១១ ខែមិថុនា ឆ្នាំ​២០២៤ អភិបាល​រាជធានី​ភ្នំពេញ លោក ឃួង ស្រេង និង​លោកស្រី MoonJung CHOI នាយក​តំណាង​ប្រចាំ​ប្រទេស​នៃ​ការិយាល័យ KOICA កម្ពុជា បាន​ចុះ​ហត្ថលេខា​លើ​កំណត់​ហេតុ​នៃ​កិច្ច​ពិភាក្សា​ស្តីពី «​គម្រោង​លើក​កម្ពស់​សេវា​សុខាភិបាល​សាធារណៈ​នៅ​មន្ទីរពេទ្យ​បង្អែក​ដង្កោ​រាជធានី​ភ្នំពេញ»។ 


យោងតាម KOICA បាន​បង្ហាញថា​៖ «​ឯកសារ​កំណត់​ហេតុ​នៃ​កិច្ច​ពិភាក្សា​នេះ​បាន​បញ្ជាក់​ពី​គោលបំណង​របស់​គម្រោង ព័ត៌មាន​លម្អិត​សំខាន់ៗ និង​ការ​ទទួល​​ខុស​ត្រូវ​របស់​ភាគី​ទាំងពីរ»។

គម្រោង​នេះ​មាន​ថវិកា​សរុប​ចំនួន ​១១​លាន​ដុល្លារ ដែល​ត្រូវ​បានកំណត់​សម្រាប់​សាងសង​អគារ​មន្ទីរពេទ្យ​ថ្មី​មួយ និង​ឧបករណ៍​វេជ្ជសាស្ត្រ​ទំនើបៗ​ទាន់សម័យ។ 

ជំនួយ​ដ៏​សំខាន់​នេះ នឹង​ជួយ​អភិវឌ្ឍ​មន្ទីរពេទ្យបង្អែក​ដង្កោឱ្យ​​ឈានមុខ​គេ​ក្នុង​វិស័យ​សុខាភិបាល លើក​កម្ពស់​​គុណភាព​សេវា និង​ពង្រឹង​ផ្នែក​សង្គ្រោះបន្ទាន់​លើ​ករណី​របួស​បាក់បែក​ឆ្អឹង ក៏ដូចជា​កម្មវិធី​បណ្តុះ​បណ្តាល​ពង្រឹងសមត្ថភាព​បុគ្គលិក​មន្ទី​ពេទ្យ ដើម្បី​ធានាថា ​ពួកគេ​អាច​ផ្តល់​សេវា​សុខាភិបាល​ល្អ​បំផុត​ដល់​សហគមន៍​។​

KOICA បាន​បន្ដថា​៖ «គម្រោង​មន្ទីរពេទ្យបង្អែក​ដង្កោ នឹង​ក្លាយជា​គំរូ​សម្រាប់​គ្រឹះស្ថាន​សុខាភិបាល​ផ្សេងទៀត​ក្នុង​រាជធានី​ភ្នំពេញ​ទាក់ទង​នឹង​គុណភាព​សេវា ប្រព័ន្ធ​បញ្ជូន និង​ផែនការ​គ្រប់គ្រង​ដែល​ស្របតាម​យុទ្ធសាស្ត្រ​បញ្ច​កោណ​ដំណាក់កាល​ទី ១ របស់​រាជរដ្ឋាភិបាល និង​គោលនយោបាយ​របស់​ក្រសួងសុខាភិបាល​»។​

គម្រោងនេះ​នឹងផ្តល់អត្ថប្រយោជន៍មិនត្រឹមតែប្រជាជនក្នុងខណ្ឌ​ដង្កោ​ប៉ុណ្ណោះទេ ប៉ុន្តែក៏មានអ្នកជំងឺមកពីទូទាំងប្រទេសដែលស្វែងរកការថែទាំនៅមន្ទីរពេទ្យជាតិផងដែរ។

លោកវេជ្ជបណ្ឌិត ផេង ប៉ូលីន ប្រធានមន្ទីរពេទ្យ​បង្អែក​ខណ្ឌ​ដង្កោ បាន​ឱ្យដឹងថា​៖ «បច្ចុប្បន្ន​មន្ទីរពេទ្យ​បង្អែក​​ខណ្ឌដង្កោ ទទួល​ពិនិត្យ​ព្យាបាល​អ្នកជំងឺ ជា​មធ្យម ចំនួន ​១៥០​នាក់ ក្នុង​មួយថ្ងៃ ហើយ​មាន​គ្រូពេទ្យ ឱសថ និង​បរិក្ខា​ពេទ្យ​គ្រប់​គ្រាន់​ក្នុង​ការ​ផ្ដល់​សេវា​»។ 

លោក​បាន​បន្ដថា ប៉ុន្ដែ​ចំពោះ​អគារ​នាពេលសព្វថ្ងៃនេះ នៅពុំ​ទាន់​សមល្មមក្នុងការ​ទទួល​អ្នក​ជំងឺ​កំពុងតែ​មាន​កំណើន​ច្រើន​នោះទេ។ 

លោក​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្ដិ៍​ថា​៖ «គម្រោង​ធ្វើ​ឱ្យប្រសើរឡើង​នូវ​មន្ទីរពេទ្យ​បង្អែក​នេះ​ពិតជាមាន​សារៈ​សំខាន់​​ខ្លាំងណាស់ ពេល KOICA ជួយ​អគារ និង​បរិក្ខា​មន្ទីរពេទ្យ។ ប្រជាជន​ដែល​នឹង​មក​ទទួល​សេវា​​នៅ​មន្ទីរពេទ្យ​ដង្កោ ក្រៅពី​រស់នៅ​ខណ្ឌដង្កោ មាន​ប្រជាជន​រស់នៅ​ខណ្ឌ​កំបូល  សង្កាត់​ខ្លះ​ពី​ខណ្ឌមានជ័យ ឃុំ​ខ្លះ​ពី​ស្រុក​កណ្តាលស្ទឹង ​សរុប​ប្រហែល ជាង​៣០​ម៉ឺន​នាក់»។

KOICA គឺជា​ទីភ្នាក់ងារ​ផ្តល់ជំនួយ​ទ្វេភាគី​របស់​រដ្ឋាភិបាល​នៃ​សាធារណរដ្ឋ​កូរ៉េ​។ ចាប់តាំងពី​ការបើក​ការិយាល័យ​នៅ​ទីក្រុង​ភ្នំពេញ​ក្នុង​ឆ្នាំ​២០០៣ ការិយាល័យ KOICA​ កម្ពុជា​បានធ្វើ​កិច្ចសហប្រតិបត្តិការ​អភិវឌ្ឍ​ន៍​ផ្សេងៗ​ក្នុង​វិស័យ​អប់រំ វិស័យ​សុខាភិបាល និង​វិស័យ​អភិវឌ្ឍន៍ជនបទ​។​

សុខភាព​សាធារណៈ គឺជា​វិស័យ​ដ៏​ចាំបាច់ និង​សំខាន់បំផុត​សម្រាប់​លើកកម្ពស់​គុណភាព​ជីវិត​របស់​ប្រជាជន​កម្ពុជា​។

KOICA បានផ្តល់​ជំនួយ​ឧបត្ថម្ភ​ថវិកា​ចំនួន ៨៩ លាន​ដុល្លារ​ក្នុង​វិស័យ​សុខាភិបាល​ដែល​ស្មើនឹង​ ២៣ ភាគរយ​​ នៃ​ជំនួយ​សរុប​របស់ខ្លួន​។ នេះ​រួមបញ្ចូល​ទាំង​ការបង្កើត​មន្ទីរពេទ្យ​ភ្នែក និង ត្រចៀក ច្រមុះ បំពង់ក នៅ​មន្ទីរពេទ្យ​ព្រះ​អង្គឌួង​ក្នុង​រាជធានី​ភ្នំពេញ និង​ការពង្រឹង​ហេដ្ឋារចនាសម្ព័ន្ធ និង​សមត្ថភាព​គ្រូពេទ្យ​ឯកទេស​នៅ​មន្ទីរពេទ្យ​កុមារ​ជាតិ តាមរយៈ​គម្រោង​ចំនួន​បី​រួមទាំង​គម្រោង​ដែល​កំពុងដំណើរការ​ដែល​មានតម្លៃ ១៦ លាន​ដុល្លារ​។ 

កិច្ចខិតខំ​ប្រឹងប្រែង​ទាំងនេះ​បាន​អភិវឌ្ឍ​សមត្ថភាព​ព្យាបាល​រោគ​កុមារ​ក្នុង​ផ្នែក ភ្នែក ត្រចៀក ច្រមុះ បំពង់ក បន្ថែម​ពីលើ​វិសាលភាព​នៃ​ការព្យាបាល​ទូទៅ ឬ​ការវះកាត់​ដែលមាន​ស្រាប់​។​

KOICA ក៏បាន​អនុវត្ត​គម្រោង​លើកកម្ពស់​សេវា​សុខភាព​មាតា និង​ទារ​កនៅ​ភាគ​ឦសាន ប្រទេស​គឺ​ខេត្តរតនគិរី និង​មណ្ឌលគិរី ដែលមាន​សេវា​សុខាភិបាល​នៅមានកម្រិត ហើយ​ជា​លទ្ធផល​នៃ​គម្រោង​នេះ អគារ​សុខភាព​មាតា និង​ទារក​ចំនួន​ប្រាំ​ត្រូវបាន​បង្កើតឡើង ដែល​មាននៅ​មន្ទីរពេទ្យ​ខេត្តរតនគិរី និង​មន្ទីរពេទ្យបង្អែក​ស្រុក​កោះ​ញ៉ែ​ក ខេត្តមណ្ឌលគិរី៕