ភ្នំពេញៈ ប្រធានាធិបតី​វៀតណាម លោក តូ ឡឹម (To Lam) គ្រោង​មក​បំពេញ​ទស្សនកិច្ច​ផ្លូវ​រដ្ឋ​នៅ​កម្ពុជា​ក្នុង​សប្ដាហ៍​នេះ​រយៈពេល​២ថ្ងៃ នៅ​ថ្ងៃ​ទី១២-១៣ ខែ​កក្កដា តប​តាម​ការ​អញ្ជើញ​របស់​ព្រះមហាក្សត្រ។


សេចក្ដី​ប្រកាស​ព័ត៌មាន​ក្រសួង​ការបរទេស​ និង​សហប្រតិបត្តិការ​អន្តរជាតិ​កម្ពុជា​បញ្ជាក់​ថា ក្នុង​អំឡុង​ពេល​នៃ​ទស្សនកិច្ច​នេះ លោក តូ ឡឹម នឹង​ចូល​ក្រាប​បង្គំ​គាល់ និង​ព្រះរាជ​សវនាការ​ដាច់​ដោយ​ឡែក​ជាមួយ​ព្រះករុណា​ព្រះបាទ​សម្តេច​ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ​កម្ពុជា និង​សម្តេច​ព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ នៅ​ព្រះ​បរមរាជវាំង។

សេចក្ដី​ប្រកាស​ព័ត៌មាន​បញ្ជាក់​នាថ្ងៃទី​១០ កក្កដា ថា លោក តូ ឡឹម គ្រោង​នឹង​ជួប​ជាមួយ លោក ហ៊ុន សែន ប្រធាន​ព្រឹទ្ធសភា, លោកស្រី ឃួន សុដារី ប្រធានរដ្ឋសភា, លោក​នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត, និង​លោកស្រី ម៉ែន សំអន ប្រធាន​សមាគម​មិត្តភាព​កម្ពុជា-វៀតណាម។ 


ប្រភព​ដដែល​បន្តថា៖ «ជំនួប​ទាំងនេះ​ត្រូវ​បាន​រំពឹង​ថា​នឹង​គ្រប​ដណ្ដប់​លើ​កិច្ច​សហប្រតិបត្តិការ​ក្នុង​ក្របខ័ណ្ឌ​ទ្វេភាគី និង​ពហុភាគី ដោយ​ផ្អែក​លើ​ស្មារតី​ភាព​ជា​អ្នក​ជិត​ខាង​ល្អ មិត្តភាព​ជា​ប្រពៃណី និង​កិច្ច​សហប្រតិបត្តិការ​គ្រប់​ជ្រុងជ្រោយ ដើម្បី​ផលប្រយោជន៍​នៃ​ប្រជាជន​ទាំងពីរ»។

លោក​ប្រធានាធិបតី​វៀតណាម​ក៏​គ្រោង​នឹង​ដាក់​កម្រង​ផ្កា​គោរព​វិញ្ញាណក្ខន្ធ​នៅ​វិមាន​ឯករាជ្យ នៅ​មណ្ឌប​ព្រះ​បរម​រូប ព្រះករុណា ព្រះបាទ​សម្តេច ព្រះនរោត្ដម សីហនុ «ព្រះ​បរម​រតន​កោដ្ឋ» អតីត​ព្រះមហាក្សត្រ​កម្ពុជា និង​នៅ​មណ្ឌប​មិត្តភាព​កម្ពុជា-វៀតណាម។


លោក​ ថុង ម៉េងដាវិត អ្នក​ជំនាញ​ផ្នែក​ទំនាក់ទំនង​អន្តរជាតិ ​និង​ជា​សាស្ត្រាចារ្យ​បង្រៀន​នៅ​វិទ្យាស្ថាន​សិក្សា​អន្តរជាតិ ​និង​គោល​នយោបាយ​សាធារណៈ​នៃ​សាកល​វិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ​ថ្លែង​ថា ​ប្រទេស​វៀតណាម​នៅតែ​ចាត់​ទុក​កម្ពុជា​ជា​ប្រទេស​អាទិភាព​ក្នុង​គោលនយោបាយ​ការបរទេស​របស់​ខ្លួន​នៅ​ក្នុង​បរិបទ​បម្រែបម្រួល​បរិបទ​ភូមិសាស្ត្រ​នយោបាយ។ ការ​បំពេញ​ទស្សនកិច្ច​ផ្លូវ​រដ្ឋ​របស់​លោក តូ ឡឹម នឹង​ផ្ដោត​លើ​ការ​រឹតចំណង​សាមគ្គីភាព និង​ការ​ពង្រឹង​កិច្ច​សហប្រតិបត្តិការ​នយោបាយ សេដ្ឋកិច្ច និង​សន្តិសុខ​រវាង​ប្រទេស​ទាំងពីរ។ 

លោក​ថ្លែង​ថា៖ «ស្រប​ជាមួយ​គ្នា​នេះ​ដែរ ប្រទេស​ទាំងពីរ​ស្ថិត​នៅ​ក្នុង​ការ​ចរចា​បញ្ហា​ព្រំដែន​ដែល​នៅ​សេសសល់ និង​ពង្រីក​កិច្ច​សហប្រតិបត្តិការ និង​យន្តការ​ការពារ​សន្តិសុខ​តាម​បណ្ដោយ​ព្រំដែន»។ 

លោក​បន្ថែម​ថា៖ «សម្រាប់​វិស័យ​សេដ្ឋកិច្ច កម្ពុជា និង​វៀតណាម គួរ​បង្កើន​កិច្ច​សហប្រតិបត្តិការ​លើ​វិស័យ​សំខាន់​ដូចជា​កសិកម្ម ផលិតកម្ម ហេដ្ឋារចនាសម្ព័ន្ធ ឌីជីថល កសិកម្ម ការ​អភិវឌ្ឍ​សុខាភិបាល និង​អប់រំ​ជាដើម។ ចំណុច​ទាំងអស់​នេះ នឹង​ជំរុញ​សកម្មភាព​ពាណិជ្ជកម្ម បង្កើន​ការ​នាំចេញ នាំចូល​នៃ​ប្រទេស​ទាំងពីរ ក៏ដូចជា​ធានា​បាន​ការ​អភិវឌ្ឍ និង​សុខដុមរមនា​នៅ​តាម​បណ្ដា​ព្រំដែន»។ 

លោក​ ថុង ម៉េងដាវិត ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​នា​ថ្ងៃទី១០ កក្កដា ថា ស្រប​ពេល​ដែល​កម្ពុជា​កំពុង​រង​សម្ពាធ​នយោបាយ​ពី​បរទេស វៀតណាម​អាច​ចែករំលែក និង​ជំរុញ​កិច្ច​សហការ​ក្នុង​វិស័យ​ស្រាវជ្រាវ យោធា និង​ការ​សិក្សា​ពី​គោលនយោបាយ​អភិវឌ្ឍ​សាធារណៈ តាម​រយៈ​ការ​ផ្ដល់​អាហារូបករណ៍ និង​ការ​សិក្សា​ស្រាវជ្រាវ​រួមគ្នា​រវាង​ស្ថាប័ន ឬ​វិទ្យាស្ថាន​អប់រំ និង​ស្រាវជ្រាវ នៃ​ប្រទេស​ទាំងពីរ។

លោក តូ ឡឹម អតីត​រដ្ឋមន្ត្រី​សន្តិសុខ​សាធារណៈ​វៀតណាម ត្រូវ​បាន​សភា​វៀតណាម​បោះឆ្នោត​ជ្រើសរើស​ជា​ប្រធានាធិបតី​វៀតណាម​កាល​ពី​ខែ​ឧសភា។ លោក​បន្ត​តំណែង​ពី​លោក វ៉ូ វ៉ាន់ធឿង (Vo Van Thuong) អតីត​ប្រធានាធិបតី​វៀតណាម​ដែល​បាន​លាលែង​ពី​តំណែង​កាលពី​ខែ​មីនា បន្ទាប់​ពី​កាន់​តំណែង​បាន​១​ឆ្នាំ។

កាល​ពី​ចុង​ឆ្នាំ​២០២៣ លោក ហ៊ុន ម៉ា​ណែ​ត បាន​ទៅ​បំពេញ​ទស្សនកិច្ច​ផ្លូវការ​នៅ​​វៀតណាម​រយៈពេល​២​ថ្ងៃ​ ដើម្បី​បន្ត​ពង្រឹង និង​ពង្រីក​បន្ថែម​ទៀត​នូវ​កិច្ច​សហប្រតិបត្តិការ​ទ្វេភាគី​លើ​វិស័យ​ជាច្រើន ដើម្បី​ផលប្រយោជន៍​ទៅវិញទៅមក​សម្រាប់​ប្រជាជន​នៃ​ប្រទេស​ទាំងពីរ​។

កាល​ពី​ចុង​ឆ្នាំ២០២១ លោក ង្វៀន សួនហ៊្វុន (Nguyen Xuan Phuc) អតីត​ប្រធានាធិបតី​វៀតណាម​បាន​មក​បំពេញ​ទស្សនកិច្ច​ផ្លូវ​រដ្ឋ​នៅ​កម្ពុជា​រយៈពេល​២ថ្ងៃ ដើម្បី​ពង្រឹង និង​ពង្រីក​ទំនាក់ទំនង​ទ្វេភាគី​ឱ្យ​កាន់​តែ​ស៊ីជម្រៅ​រវាង​ប្រទេស​ទាំងពីរ៕