ភ្នំពេញ៖ ការ​ប្រកួត​រ៉ូបូត​ថ្នាក់​លើកទី ១១ ABU Robocon 2024 គ្រោង​នឹង​ប្រព្រឹត្តិ​ទៅ​នៅ​ថ្ងៃទី ១៤ ខែ​កក្កដា នៅ​ពហុកីឡដ្ឋាន​ជាតិ​មរតក​តេជោ ដោយ​សន្យាថា​នឹង​ក្លាយ​ជា​ព្រឹត្តិការណ៍​ដ៏​សំខាន់​សម្រាប់​អ្នក​ចូលចិត្ត​មនុស្ស​យន្ត​ជំនាន់​ថ្មី។


ការប្រកួត​នេះ​រៀបចំ​ឡើង​ដោយ​សហភាព​វិទ្យុ​អាស៊ី-ប៉ាស៊ីហ្វិក (ABU) សហការ​ជាមួយ​ទូរទស្សន៍​ជាតិ​កម្ពុជា (ទទក)។

លោក ប្រាក់ ម៉ៅម៉ូលីន ប្រធាន​នាយកដ្ឋាន​ព័ត៌មាន​ទូរទស្សន៍​ផ្សាយ​ទៅ​បរទេស និង​ជា​អ្នក​រៀប​ចំ​ការ​ប្រកួត​រ៉ូបូត​ឆ្នាំ​២០២៤ នេះ កីឡដ្ឋានជាតិ​មរតក​តេជោ នា​ថ្ងៃ​ទី​១៤ ខែ​កក្កដា​ បាន​ឱ្យ​ដឹងថា ការ​រៀបចំ​ការប្រកួត​នេះ​ជា​មោទនភាព​ និង​ព្រឹត្ដិការណ៍​​សំខាន់​សម្រាប់​យុវជន​ជំនាន់​ថ្មី​។ 


លោក​បាន​ថ្លែង​ថា​៖ «​ខ្ញុំ ​និង​ក្រុមការងារ​បាន​រៀបចំ​នូវ​កិច្ចការងារ​ដ៏​សំខាន់ ​និង​ចាំបាច់​បំផុត​ចំពោះ​ជាតិ​ និង​​មាតុ​ភូមិ​ ជាពិសេស​យុវជន​របស់​យើង​ ជា​អ្នក​ជំនាន់​ថ្មី​ដែល​អ្នកមាន​បញ្ញាឆ្លាត​វៃ​ក្នុងការ​ប្រើប្រាស់​បច្ចេកវិទ្យា​នេះ»។​

លោក ម៉ៅមូលីន បាន​និយាយថា សម្រាប់​ព្រឹត្ដិការណ៍​ប្រកួត ABU Robocon 2024 នេះ មាន​បេក្ខជន​ចំនួន ៩ ក្រុម ដែល​មកពី​វិទ្យាស្ថាន និង​សាកលវិ​ទ្យាល័យ​ចំនួន​ ៥​ ​វិទ្យាស្ថាន​ជាតិ​ពហុបច្ចេកវិទ្យា​កម្ពុជា (NPIC) ​វិទ្យាស្ថាន​ជាតិ​បណ្ដុះ​បណ្ដាល​បច្ចេក​ទេស និង​បណ្ឌិត​សភា​បច្ចេកវិទ្យា​ឌីជីថល​កម្ពុជា​ជាដើម។ 


លោក​បាន​ប្រាប់​ភ្នំពេញប៉ុស្ដិ៍​ថា​៖ «ជាទូទៅ ការ​ប្រកួត​រ៉ូបូតថ្នាក់​ជាតិ​ត្រូវបាន​រៀបចំ​ឡើង​នៅក្នុង​ខែ​មិថុនា ដើម្បី​ទុក​ពេល​វេលា​គ្រប់​គ្រាន់​សម្រាប់​ម្ចាស់​ជ័យ​លាភី​បាន​ត្រួត​ពិនិត្យ កែ​សម្រួល ឬ​សិក្សា​បន្ថែម​សម្រាប់​ការ​ប្រកួត​អន្ដរជាតិ​នៅ​ខែសីហា»។ 

ប្រធានបទ​ឆ្នាំនេះ​ផ្ដោតទៅលើ​ការផលិត​ស្រូវ​ដោយ​បែង​ចែកចេញ​ជាការ​ស្ទូង​ប្រមូល​ផល ​និង​ដាក់​ជង្រុក​។ ការ​ប្រកួត​ ABU Robocon 2024 ​ដែល​ប្រទេស​វៀតណាម​ជា​ម្ចាស់ផ្ទះចំពោះ​​ប្រធានបទ​នេះ​ ត្រូវបាន​រៀបចំ​ឡើង​ជា​លក្ខណៈ​វិលជុំ​។

គួររំឭកថា នៅពេល​កម្ពុជា​ធ្វើ​ជាម្ចាស់​ផ្ទះ​កាលពី​ខែសីហា ឆ្នាំ​២០២៣ ការ​ប្រកួត​រ៉ូបូតនេះ​ផ្ដោតលើ​ប្រធាន​បទ បាច់​ផ្កា​នៅ​តំបន់​អង្គរ​ ដែល​ត្រូវបាន​ដក​ស្រង់​ចេញ​ពី​របាំជូនពរ​។ 

សម្រាប់​ព្រឹត្ដិការណ៍​នៅ​ប្រទេស​វៀតណាម​នេះ រ៉ូបូត​ទីមួយ​អាច​បញ្ជា​ដោយ​ដៃក្នុង​គោល​បំណង​​ស្ទង់​ស្រូវ​ និង​បោះ​​​បាវ​។​ រ៉ូបូតទី២ ជា​ប្រភេទ​រ៉ូបូត​ស្វ័យ​ប្រវត្ដិ​ ដោយ​ដំណើរការ​ជាមួយ​ការ​ចុច​ប៊ូតុង​ (Start & Stop) ដើម្បី​ប្រមូល​ផល​ស្រូវ​ដាក់​ក្នុង​សៃឡូ ឬហៅថា ជង្រុក​។ 

លោក ម៉ៅមូលីន បាន​បញ្ជាក់ថា​៖ «កាលពីឆ្នាំ​២០២៣ ពេល​កម្ពុជា​ធ្វើជាម្ចាស់​ផ្ទះ យើង​មាន​សិទ្ធិ​ដាក់​ពីរ​ក្រុម​ចូលរួម​ តែនៅពេល​យើង​ធ្វើ​ជា​ភ្ញៀវ​ចូលរួម​ប្រកួតនៅ​ទីក្រុង​ហាណូយ​ក្នុង​ខែសីហា​ខាងមុខ​នេះ​ យើង​ជ្រើស​ម្ចាស់​ជ័យ​លាភី​តែមួយ​ក្រុម​ប៉ុណ្ណោះ​»។ 

លោក ចក សុខលាភ និស្សិតឆ្នាំទី ៣ ​មហាវិទ្យាល័យ​អេឡេចត្រូនិក​ ​វិទ្យាស្ថាន​ជាតិ​ពហុ​បច្ចេកវិទ្យា​កម្ពុជា (NPIC) ​បាន​និយាយថា ជាមួយ​សមាជិក​ក្រុម​ចំនួន ១០​នាក់ នេះជា​លើកដំបូង​ដែល​លោក សុខលាភ បាន​ចូលរួម​ប្រកួត​ប្រជែង​ផ្ទាល់​ ខណៈ​ឆ្នាំ​កន្លងមក​ លោក​គ្រាន់តែជា​ជំនួយ​ការ​។ 

ក្រុម NPIC 01 របស់លោក សុខលាភសាកល្បងរ៉ូបូតសម្រាប់​ត្រៀម​ប្រកួត​រ៉ូបូត​ថ្នាក់​លើកទី ១១ ABU Robocon 2024 គ្រោង​នឹង​ប្រព្រឹត្តិ​ទៅ​នៅ​ថ្ងៃទី ១៤ ខែ​កក្កដា នៅ​ពហុកីឡដ្ឋាន​ជាតិ​មរតក​តេជោ។ រូបថត សហការី

លោក​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្ដិ៍ថា​៖ «​ការ​ចូលរួម​ប្រកួត​ឆ្នាំ​នេះ​ សម្រាប់​ខ្ញុំ គឺ​ដើម្បី​សិក្សា​អំពី​បច្ចេកវិទ្យា​ថ្មីៗ ដូចជា AI និង​ ប្រព័ន្ធ​ Autonomous របស់​រ៉ូបូត ក៏ដូចជា​របៀប​ធ្វើការ​ជាក្រុម​»។ 

នៅក្នុង​ការ​ប្រកួត​លើ​វិញ្ញាសារ ដកសន្ទូង និង​ប្រមូល​ផលរបស់​វៀតណាម​ឆ្នាំ​នេះ ក្រុម NPIC 01 របស់លោក សុខលាភ មាន​ពេលវេលា​សិក្សា​ និង​ផលិតរ៉ូបូត​រយៈ​ពេល ៦ ខែ​។ 

លោក​បាន​និយាយថា​៖ «​ការ​ប្រកួត​ឆ្នាំមុន ដែល​យើង​ធ្វើ​ជាម្ចាស់​ផ្ទះ ការ​បញ្ជា​លើ​មេកានិក​ គឺត្រូវ​ធ្វើ​ឡើង​ដោយ​ដៃ។ ប៉ុន្ដែ​សម្រាប់​ឆ្នាំ​នេះ យើង​សិក្សា​អំពី​ប្រព័ន្ធ​ Autonomous ដែល​មានការ​លំបាក​ជាង​បន្ដិច​ ដោយសារ​រ៉ូបូត​ប្រភេទ​ទីពីរ​ដំណើរការ​ដោយ​ស្វ័យ​ប្រវត្ដិ​»។ 

ចំពោះ​ការ​ប្រកួត​ថ្នាក់​ជាតិ​ឆ្នាំ​នេះ លោក សុខលាភ ក៏ដូចជា​សមាជិក​ក្រុម​មានក្ដី​រំពឹង​ទទួល​បាន​ជ័យ​លាភី​ដើម្បី​បន្ដ​ដំណើរ​ទៅ​ចូលរួម​ប្រកួត​លក្ខណៈ​អន្ដរជាតិ​នៅ​ប្រទេស​វៀតណាម​ទៀត។ 

នៅ​ខែសីហា ឆ្នាំ២០២៣ កម្ពុជា​បានរៀបចំ​ការប្រកួត​អន្តរជាតិ ABU Robocon ដែល​សាកលវិទ្យាល័យ​បច្ចេកវិទ្យា Toyohashi របស់​ប្រទេស​ជប៉ុន​ទទួលបាន​ចំណាត់ថ្នាក់​កំពូល​ដោយ​ទទួលបាន​ពានរង្វាន់ Grand Prix​។​

ព្រឹត្តិការណ៍​ដែល​រៀបចំ​ដោយ TVK បានឃើញ​ការប្រកួតប្រជែង​យ៉ាង​ស្វិតស្វាញ​ពី​ក្រុម​ចំនួន ១៤ ដែល​តំណាង​ឱ្យ ១៣ ប្រទេស ដែលក្រុម​​នីមួយៗ​បង្ហាញ​ពី​ការច្នៃប្រឌិតរ៉ូបូត​របស់​ពួកគេ។

ក្រុម​របស់​ប្រទេស​កម្ពុជា​បាន​បង្ហាញ​សមត្ថភាព​នៅ​​លើ​ឆាក​ពិភពលោក ដោយ​ក្រុម​ទីមួយ​ទទួលបាន​ពានរង្វាន់​តូយ៉ូតា និង​ក្រុមទី​ពីរ​ត្រូវបាន​សរសើរ​ដោយ​ពានរង្វាន់ Panasonic Connect​។​ ​កិត្តិយស​ទាំងនេះ​បាន​គូសបញ្ជាក់​ពី​ភាព​រីកចម្រើន​របស់​ប្រទេស​កម្ពុជា​ក្នុង​វិស័យ​រ៉ូបូត​​។​

ABU Robocon ដែល​ត្រូវបាន​បង្កើតឡើង​ក្នុង​ឆ្នាំ២០០២ ដោយ​សហភាព​ផ្សព្វផ្សាយ​អាស៊ី​ប៉ាស៊ីហ្វិក មាន​គោលបំណង​លើក​កម្ពស់​មិត្តភាព​ក្នុងចំណោម​អ្នក​ដឹកនាំ​ផ្នែករ៉ូបូត​​ជំនាន់​ក្រោយ និង​ជំរុញឱ្យមាន​ការ​ជឿនលឿន​ផ្នែក​វិស្វកម្ម និង​ការផ្សាយ​ទូទាំង​តំបន់៕