ភ្នំពេញៈ ក្រុមការងារអន្តរក្រសួងនិងក្រុមប្រឹក្សាជាតិគាំពារសង្គម បាននិងកំពុងរៀបចំយុទ្ធនាការ ដើម្បីជំរុញការចុះបញ្ជីឱ្យបានទាន់ពេល នូវក្រុមគោលដៅនៅសេសសល់ក្នុងៈ«កម្មវីធីជាតិជំនួយសង្គមក្នុងកញ្ចប់គ្រួសារ» ដែលមានបណ្ណសមធម៌ចំនួន ៧០ម៉ឺនគ្រួសារ។
ក្រោយពីបានបិទបញ្ចប់ការអនុវត្ត «កម្មវិធីឧបត្ថម្ភសាច់ប្រាក់»កាលពីខែមីនាកន្លងមក រាជរដ្ឋាភិបាលក៏បានសម្រេចដាក់ឱ្យអនុវត្ត «កម្មវីធីជាតិជំនួយសង្គមក្នុងកញ្ចប់គ្រួសារ»នេះ តាមរយៈការធ្វើស្ថាប័នូបនីយកម្ម និងសមាហរណកម្មកម្មវិធីជាតិជំនួយសង្គមទាំងអស់ ដើម្បីពង្រីកការគ្របដណ្តប់ បង្កើនប្រសិទ្ធភាព និងការវិនិយោគហិរញ្ញវត្ថុ ជាមួយនឹងវឌ្ឍនភាពនៃការអនុវត្តកម្មវិធីនេះ។
ចាប់តាំងពីអនុវត្តពីខែមេសា ដល់ត្រឹមដំណាច់ខែមិថុនា ឆ្នាំ២០២៤នេះ ក្នុងចំណោមគ្រួសារគោលដៅដែលមានបណ្ណសមធម៌ចំនួន ៧០ម៉ឺនគ្រួសារ (ឬស្មើនឹង ២,៨លាននាក់) មានគ្រួសារចំនួន ៥៧ ម៉ឺនគ្រួសារ (ប្រមាណ ៨៤ភាគរយ)ហើយបានចុះឈ្មោះចូល« កម្មវីធីជាតិជំនួយសង្គមក្នុងកញ្ចប់គ្រួសារ»រួចរាល់។ គ្រួសារទាំងនោះទទួលផលពីកម្មវិធីនេះនូវថវិកាសរុបប្រមាណ ១៨លានដុល្លារអាមេរិកពីរដ្ឋាភិបាល។ នេះបើយោតាមក្រុមប្រឹក្សាជាតិគាំពារសង្គម។
ក្រុមប្រឹក្សាជាតិគាំពារសង្គមបញ្ជាក់ថា៖ «ដោយឡែក សម្រាប់ក្រុមគោលដៅនៅសេសសល់ចំនួនប្រមាណ ១៦ភាគរយ ក្រុមការងារអន្តរក្រសួងដោយមានការសម្របសម្រួលពីអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិគាំពារសង្គមបាននិងកំពុងរៀបចំយុទ្ធនាការដើម្បីជំរុញការចុះបញ្ជីឱ្យបានទាន់ពេល ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា»។
លោក ខៀវ តេង មេឃុំតាកែន ក្នុងស្រុកឈូក ខេត្តកំពតបានឱ្យដឹងថា មានពលរដ្ឋមួយចំនួនបានទៅស្នើសុំធ្វើបណ្ណក្រីក្រ ឬបណ្ណសមធម៌ ដើម្បីទទួលបានការឧបត្ថម្ភពី «កម្មវីធីជាតិជំនួយសង្គមក្នុងកញ្ចប់គ្រួសារ»នេះ។ ចំពោះការទទួលបានបណ្ណនោះ គឺអាស្រ័យទៅលើស្ថានភាពនៃការចុះពិនិត្យជាក់ស្តែង។ ទោះយ៉ាងណា លោកមិនបានចាំតួលេខនៃពលរដ្ឋដែលទទួលបានបណ្ណទាំងនោះទេ។
«ការអនុវត្តកម្មវិធីឧបត្ថម្ភសាច់ប្រាក់» ដែលបានបិទបញ្ចប់នោះមានរយៈពេល ៤៦ខែ និងចំណាយថវិកាឧបត្ថម្ភប្រចាំខែដល់គ្រួសារក្រីក្រ និងងាយរងគ្រោះប្រមាណ ៧០ម៉ឺនគ្រួសារសរុបចំនួនជាង ១ ៣៥៩លានដុល្លារអាមេរិក ចាប់ពីខែមិថុនាឆ្នាំ ២០២០ ដល់ខែមីនា ឆ្នាំ២០២៤នេះ។
«កម្មវីធីជាតិជំនួយសង្គមក្នុងកញ្ចប់គ្រួសារ» ជាការធ្វើសមាហរណកម្ម កម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនស្ដ្រីមានផ្ទៃពោះ និងកុមារអាយុក្រោម ២ឆ្នាំ កម្មវិធីអាហារូបករណ៍សិស្សក្រីក្រនៅបឋមសិក្សានិងមធ្យមសិក្សាចំណេះទូទៅ កម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនជនមានពិការភាព កម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនជនចាស់ជរា និងបញ្ចូលបន្ថែមនូវការឧបត្ថម្ភគោលគ្រួសារ សម្រាប់គ្រួសារដែលមានបណ្ណសមធម៌ទាំងអស់។ ក្រៅពីនោះក៏មាន ការឧបត្ថម្ភសមាជិកគ្រួសារជាអ្នកផ្ទុកមេរោគអេដស៍ និងជំងឺអេដស៍ ទៅជាកម្មវិធីជាតិជំនួយសង្គមក្នុងកញ្ចប់ជំនួយ។
កម្មវិធីនេះរៀបចំឡើងក្នុងគោលបំណង ពង្រឹងស្ថានភាពគ្រួសារ និងកសាងសង្គមឱ្យមានភាពធន់ ដើម្បីរួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ច ប្រកបដោយបរិយាបន្ន តាមរយៈការលើកកម្ពស់សុខុមាលភាពមាតា និងទារកព្រមទាំងដោះស្រាយកង្វះអាហារូបត្ថម្ភ ចាប់ពីទារកនៅក្នុងផ្ទៃដល់កុមារអាយុ ២ឆ្នាំ ដើម្បីជំរុញការលូតលាស់ទាំងកាយសម្បទា និងបញ្ញាស្មារតី។
បន្ថែមពីនោះ គឺតាមរយៈការលើកទឹកចិត្តកុមារឱ្យចុះឈ្មោះចូលរៀនបានទាន់ពេលវេលា និងបន្តការសិក្សារហូតដល់ចប់មធ្យមសិក្សាចំណេះទូទៅ និងការជួយសម្រាលការលំបាកផ្នែកជីវភាពរស់នៅរបស់ជនមានពិការភាព ជនចាស់ជរា និងអ្នកផ្ទុកមេរោគអេដស៍ និងជំងឺអេដស៍៕