នៅពេលកម្ពុជាបានប្រកាសដកខ្លួនចេញពីកិច្ចសហប្រតិបត្តិការតំបន់ត្រីកោណអភិវឌ្ឍន៍កម្ពុជា ឡាវ វៀតណាម (CLV-DTA) កាលពីថ្ងៃទី២០ ខែកញ្ញា មានកិច្ចសហប្រតិបត្តិការស្រដៀងគ្នាមួយបានលេចឡើង គឺកិច្ចសហប្រតិបត្តិការកម្ពុជា ឡាវ មីយ៉ាន់ម៉ា និងវៀតណាម (CLMV)។
ប៉ុន្តែ ខុសពី CLV ដែលជាកិច្ចសហប្រតិបត្តិការត្រីភាគី, CLMV ស្ថិតក្រោម «គំនិតផ្ដួចផ្ដើមសមាហរណកម្មអាស៊ាន» ឬ Initiative for ASEAN Integration (IAI) ដែលផ្ដោតសំខាន់ទៅលើការអភិវឌ្ឍប្រទេសដែលទើបចូលជាសមាជិកអាស៊ានថ្មីចំនួនបួនរួមមានវៀតណាម (១៩៩៥) មីយ៉ាន់ម៉ា និង ឡាវ (១៩៩៧) និងកម្ពុជា (១៩៩៩)។ នេះបើតាមសមាគមអាស៊ាន។
គំនិតផ្ដួចផ្ដើមនេះត្រូវបានប្រកាសជាផ្លូវការនៅក្នុងកិច្ចប្រជុំមិនផ្លូវការរបស់អាស៊ានលើកទី៤ ក្នុងឆ្នាំ២០០០ ដើម្បីលើកកម្ពស់ការរីកចម្រើនដោយសមភាពក្នុងចំណោមប្រទេសសមាជិកអាស៊ានទាំងអស់។
ផែនការនៃគំនិតផ្ដួចផ្ដើម IAI ក៏ផ្ដោតអាទិភាពទៅលើការកសាងហេដ្ឋារចនាសម្ព័ន្ធ ការអភិវឌ្ឍធនធានមនុស្ស បច្ចេកវិទ្យាព័ត៌មាននិងសារគមនាគមន៍ និងការធ្វើសមាហរណកម្មសេដ្ឋកិច្ចតំបន់សម្រាប់ប្រទេសទាំង៤ ផងដែរ ដែលជាកត្តាចាំបាច់ក្នុងការសម្រេចបាននូវកំណើនក្នុងតំបន់ និងកាត់បន្ថយភាពក្រីក្រ។
លោក យ៉ង់ គឹមអេង ប្រធានប្រជាពលរដ្ឋដើម្បីអភិវឌ្ឍន៍និងសន្តិភាព ថ្លែងថា CLMV មិនមានអ្វីពាក់ព័ន្ធជាមួយ CLV-DTA។ ដូច្នេះ សាធារណៈជនមិនគួរមានការយល់ច្រឡំដោយប្រការណាមួយទេ។
យ៉ាងណាក៏ដោយ លោក ប៉ា ច័ន្ទរឿន ប្រធានវិទ្យាស្ថានប្រជាធិបតេយ្យកម្ពុជា ថ្លែងថា ឆ្លងកាត់ភាពចម្រូងចម្រាសនិងមតិផ្ទុយគ្នាក្នុងកិច្ចសហប្រតិបត្តិការ CLV-DTA រដ្ឋក៏គួរមានការពន្យល់ខ្លះដែរលើ CLMV ទោះបីវាខុសស្រឡះពីគ្នាក៏ដោយ ដើម្បីបញ្ចៀសការយល់ច្រឡំរបស់ប្រជាពលរដ្ឋ។
លោកថ្លែងថា៖ «បើយើងដកស្រង់បទពិសោធន៍ពីរឿង CLV-DTA រាល់កិច្ចសហប្រតិបត្តិការរបស់កម្ពុជាជាមួយប្រទេសជិតខាងឬជាមួយប្រទេសដទៃ រដ្ឋត្រូវតែយកចិត្តទុកដាក់ខ្ពស់ គឺត្រូវតែធ្វើឡើងដោយមានតម្លាភាព និងផ្សព្វផ្សាយឲ្យប្រជាពលរដ្ឋយល់ដឹងបានទូលំទូលាយដើម្បីការពារកុំឲ្យប្រជាពលរដ្ឋភាន់ច្រឡំ កុំឲ្យគាត់មនការបារម្ភ និងដើម្បីលើកកម្ពស់ការចូលរួមរបស់ប្រជាពលរដ្ឋ»៕