លោកនាយក ហ៊ុន ម៉ាណែត ស្នើឲ្យក្រសួងយុត្តិធម៌ប្រើអធិបញ្ជាឲ្យតុលាការពិនិត្យទៅលើការផ្ដន្ទាទោសរយៈពេល ៥ឆ្នាំ សម្រាប់អ្នកបើកបរក្នុងស្ថានភាពស្រវឹងដែលបង្កគ្រោះថ្នាក់ស្លាប់មនុស្ស ៤ នាក់នៅស្ពានឫស្សីកែវ កាលពីថ្ងៃទី២០ ខែមករា ឆ្នាំ២០២៤។
ថ្លែងក្នុងពិធីចែកសញ្ញាប័ត្រដល់និស្សិតសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច នៅព្រឹកថ្ងៃនេះ លោក ហ៊ុន ម៉ាណែត បានថ្លែងថា តុលាការបានបញ្ជាក់ថា ទោសរយៈ៥ឆ្នាំនេះ គឺជាទោសកម្រិតអតិបរមាហើយសម្រាប់បទល្មើសគ្រោះថ្នាក់ចរាចរណ៍ ប៉ុន្តែ លោកស្នើថា ឲ្យពិនិត្យមើលថាតើករណីបុកស្លាប់មនុស្សច្រើនបែបនេះ មានច្បាប់ណាមួយដែលអាចអនុវត្តបានឬអត់។
លោកថ្លែងថា៖ «សូមប្រគល់ភារកិច្ចឲ្យក្រសួងយុត្តិធម៌ប្រើអំណាចអធិបញ្ជារបស់ខ្លួនតាមច្បាប់ផ្ដល់គោលការណ៍ទៅព្រះរាជអាជ្ញាប្ដឹងទៅសាលាឧទ្ធរណ៍ដើម្បីពិនិត្យមើលការសម្រេចនេះថាតើធ្ងន់គ្រប់គ្រាន់ឬនៅ ព្រោះបុកដល់ទៅ៤នាក់ឯណោះ។ នេះជាសារសំខាន់ណាស់»។
លោកបន្តថា៖ «អីចឹងការងារហ្នឹងពិនិត្យឡើងវិញ។ អីចឹងសូមឯកឧត្តម កើត រិទ្ធ ផ្ដល់ភារកិច្ចជូនអគ្គព្រះរាជអាជ្ញាអមសាលាឧទ្ធរណ៍ប្ដឹងទៅឧទ្ធរណ៍ឲ្យពិនិត្យមើលឡើងវិញថា តើការសម្រេចនេះមានទម្ងន់គ្រប់គ្រាន់តាមច្បាប់ជាធរមានហើយឬនៅ។ រឿងនេះប៉ះពាល់ច្រើន ហើយជាគំរូដល់អ្នកបើកបរស្រវឹងផ្សេងទៀតផងដែរ»។
លោកបន្តថា ប្រសិនបើទម្ងន់ទោសគ្រប់គ្រាន់ហើយ ហើយនៅតែមិនទាន់ធ្ងន់ធ្ងរគ្រប់គ្រាន់ លោកស្នើឲ្យពិនិត្យមើលការធ្វើវិសោធនកម្មដើម្បីដាក់ទោសអ្នកបើកបរស្រវឹងបង្កគ្រោះថ្នាក់ចរាចរណ៍ឲ្យធ្ងន់ធ្ងរ ជាពិសេសករណីបុកមនុស្សស្លាប់ច្រើន។
កាលពីថ្ងៃទី២០ ខែមករា អ្នកបើកបររថយន្តភិកអាប់ ឈ្មោះ នាង សំអូន អាយុ ៥៦ឆ្នាំ បានបើកបរក្នុងស្ថានភាពស្រវឹង បង្កគ្រោះថ្នាក់បុកមនុស្សស្លាប់៤នាក់។
នៅថ្ងៃទី២៥ ខែកញ្ញានេះ តុលាការបានសម្រេចផ្ដន្ទាទោស ជនបង្ក នាង សំអូន ដាក់ពន្ធនាគារកំណត់ ៥ ឆ្នាំនិងពិន័យជាប្រាក់២០លានរៀល។ ការផ្ដន្ទាទោសនេះគឺជាកម្រិតអតិបរមានៅក្នុងច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោក ដូចមានចែងក្នុងមាត្រា ៨៥។
យ៉ាងណាក៏ដោយ ការសម្រេចផ្ដន្ទាទោសនេះ រងការរិះគន់ពីមនុស្សមួយចំនួន ដោយអះអាងថា មានកម្រិតស្រាល់នៅឡើយ។
លោក គឹម បញ្ញា នាយកអង្គការមូលនិធិបង្ការរបួសអាស៊ីប្រចាំកម្ពុជា ចូលរួមសោកស្ដាយជាមួយនឹងគ្រួសារនៃជនរងគ្រោះ និងបានបញ្ជាក់ថា តុលាការបានដាក់ទោសជនបង្កតាមច្បាប់ហើយ ទោះបីមតិមហាជនយល់ថានៅស្រាលក៏ដោយ។
លោកគាំទ្រការបន្ថែមទម្ងន់ទោសទៅលើអ្នកបង្កគ្រោះថ្នាក់ចរាចរណ៍បណ្ដាលមកបីការបើកបរពេលស្រវឹង។ យ៉ាងណាក៏ដោយលោកបញ្ជាក់ថា ទោសធ្ងន់មិនសំដៅទៅលើតែការបន្ថែមរយៈពេលនៃការជាប់ពន្ធនាគារទេ គឺទម្ងន់ទោសទណ្ឌបន្ថែមក្នុងរូបភាពផ្សេងទៀតដែលអាចអនុវត្តបាន ហើយលោកលើកទឹកចិត្តឲ្យពង្រឹងការអនុវត្តច្បាប់ដោយសមត្ថកិច្ចដើម្បីទប់ស្កាត់ការបំពានច្បាប់ និងបង្កគ្រោះថ្នាក់។
លោកនិយាយថា៖ «ក្រៅពីការពង្រឹងការអនុវត្តច្បាប់ យើងត្រូវអប់រំដល់ប្រជាពលរដ្ឋរបស់យើងនៅតាមគ្រឹះស្ថានសិក្សាឲ្យគាត់មានស្មារតីទទួលខុសត្រូវក្នុងការប្រើប្រាស់ផ្លូវតាំងពីគាត់នៅតូច»៕