ត្បូងឃ្មុំៈ ក្រសួង​បរិស្ថាន​បាន​ត្រៀម​កូន​ត្នោត​ជាង១​លាន​ដើមទុក​សម្រាប់​ចែក​ជូន​សាធារណជន​យក​ទៅ​ដាំ​នៅ​ក្នុង​សហគមន៍ ​និង​តាមព្រំ​ប្រទល់​ជាមួយ​ប្រទេស​ជិត​ខាង​នៅ​ឆ្នាំ២០២៥​ខាង​មុខ​ ខណៈកូន​ត្នោត​ជាង២​ម៉ឺន​ដើម​ត្រូវ​បាន​ដាំ​នៅ​តាម​ផ្លូវ​ព្រំ​ដែន​កម្ពុជា​វៀតណាម​ក្នុង​ខេត្ត​ត្បូង​ឃ្មុំ​ចាប់​តាំង​ពី​ខែ​កក្កដា​មក។


រដ្ឋ​មន្រ្តី​ក្រសួង​បរិស្ថាន ​លោក​អ៊ាង ​សុផល្លែត ​បាន​ត្រៀម​កួន​ត្នោត​ជាង​ ​១លាន​ដើមបន្ថែម​ទៀត សម្រាប់​បន្ត​ដាំ​នៅ​តាម​តំបន់​សហ​គមន៍ ​ក្បែរ​ព្រំ​ដែន​កម្ពុជា​ ជាមួយ​ប្រទេស​ជិត​ខាង​ នៅ​ឆ្នាំ​២០២៥​ខាង​មុខ​នេះ។ ការ​ត្រៀម​កូន​ត្នោត​នេះ​ គឺ​ជា​ផ្នែក​មួយ​នៃ​ការ​អនុវត្ត​យុទ្ធនាការ ​«ពន្លកបៃតង» ​ដែល​មាន​គោល​បំណង​សំខាន់​ គឺ​បង្កើន​គម្រប​បៃតង​ឆ្ពោះ​ទៅ​សម្រេច​ទស្សន​វិស័យ​របស់​រដ្ឋា​ភិបាល​កម្ពុជា​ក្នុង​ការ​បង្កើន​គម្រប​ព្រៃ​ឈើ​ឱ្យ​បាន ​៦០​ភាគរយ ​និង​កម្ពុជា ជា​ប្រទេស​អព្យា​ក្រឹត​កាបូន​ នៅ​ឆ្នាំ ​២០៥០។ នេះ​បើ​យោង​តាម​ក្រសួង​បរិស្ថាន។ 

ក្រសួង​បញ្ជាក់​ថា៖«ឯក​ឧត្តម​រដ្ឋ​មន្រ្តី ​បាន​ជំរុញ​ការ​អនុវត្ត​យុទ្ធនាការ​«ពន្លកបៃតង» ​ដោយ​ចូល​រួម​ដាំ​ឈើ ​ឱ្យ​បាន​៣​លាន​ដើម ​បន្ថែម​ទៀត​ នៅ​ឆ្នាំ​ខាង​មុខ​ជា​បន្ត​បន្ទាប់ ​ខណៈ​នៅ​ក្នុង​ឆ្នាំ​២០២៤ ​តាម​រយៈ​យុទ្ធ​នាកា​រ​ បណ្តុះផ្នត់​គំនិត ពន្លក​បៃតង ​របស់​ក្រសួង​បរិស្ថាន ​បាន​បណ្តុះ ​និង​ចែក​កូន​ឈើ​ជូន​ពលរដ្ឋ ​ដោយ​ឥតគិត​ថ្លៃ ​ដើម្បី​យក​ទៅដាំ​នៅ​តាម​មូល​ដ្ឋាន​ សាលារៀន ​វត្តអារាម ​ដាំស្តារព្រៃ ​និង​នៅ​តាម​ទីសាធារណៈ ​បាន​ចំនួន​ ១,៣​លាន​ដើម»។ 


នៅ​ឆ្នាំ២០២៤ ក្រ​សួង​បរិស្ថាន​ក៏បាន​ប្រគល់​កូន​ត្នោត​ចំនួន​ ៣០ម៉ឺន​ដើម ដល់​យុទ្ធនាការ​«ពន្លកបៃតង»​នេះ​ផង​ដែរ។ ក្នុង​នោះ​កូន​ត្នោត​ជាង​២ម៉ឺន​ដើម​ហើយ​ត្រូវ​បាន​ចែក​ជូន ​និង​ដាំ​នៅ​តាម​ព្រំ​ដែន​កម្ពុជាវៀត​ណាម​ក្នុង​ខេត្ត​ត្បូង​ឃ្មុំ​ចាប់​ពី​ខែ​កក្កដា​កន្លង​មក។

ប្រតិភូ​ក្រសួង​បរិស្ថាន ​សហការជា​មួយ​អាជ្ញាធរ​គ្រប់​លំដាប់​ថ្នាក់​នៃ​ខេត្ត​ត្បូង​ឃ្មុំ ​ក្រុម​ការងារ​ថ្នាក់​ជាតិ ​ក្រុ​ម​ការ​ងារ​គណបក្ស​ប្រជា​ជន​កម្ពុជា​ ចុះ​មូល​ដ្ឋាន​ខេត្ត​ត្បូង​ឃ្មុំ ​និង​ប្រជាពល​រដ្ឋ​ប្រ​មាណ១ ០០០​នាក់​ បាន​ជួប​ជុំ​គ្នានា​ដាំកូន​ត្នោត សរុប​ចំនួន​៧ ០០០​ដើម ​បន្ថែម​ទៀត​ ក្នុង​ឃុំ​កក់ ​និង​ឃុំ​ត្រពាំង​ផ្លុង ​ស្រុក​ពញាក្រែក​ នា​ថ្ងៃ​សៅរ៍ ទី​២៨​ ខែ​កញ្ញា​នេះ។​


ការ​បន្ត​ដាំ​ដើម​ត្នោត​នេះ​ ធ្វើ​ឡើង​ទៅតាម​ការ​ជំរុញ​របស់​រដ្ឋ​មន្រ្តី​ក្រសួង​បរិស្ថាន​កាល​ពី​ពេល​ថ្មីៗ​នេះ​ ជា​ពិសេស​ដាំ​នៅ​តាម​ខ្សែ​ក្រវ៉ាត់ ​ព្រំដែន​កម្ពុជា ​ជាមួយ​ប្រទេស​ជិត​ខាង ​ដើម្បី​ជាការ​រួម​ចំណែក​លើក​កម្ពស់​ជីវ​ភាព ​របស់​ប្រជា​ពលរដ្ឋ សេដ្ឋកិច្ច​ជាតិ ​បរិស្ថាន​និង​ចូល​រួម​ការ​ពារ​អត្តសញ្ញាណ​ជាតិ ​និង​ទឹក​ដី​មាតុ​ភូមិ​កម្ពុជា។

លោក​រដ្ឋ​មន្រ្តី​បាន​អំពាវ​នាវ​ដល់​ប្រជាពលរដ្ឋ​ឱ្យ​រួម​សាមគ្គី​គ្នា​ដាំ​ដើម​ឈើ​ឱ្យ​បាន​ច្រើន ​ជួយ​ថែរ​ក្សាការ​ពារ​សម្បត្តិ​ធម្ម​ជាតិ ​និង​កុំ​កាប់​ដើម​ឈើ ​ដើម្បី​ទុក​ជា​ម្លប់ ​កាត់​បន្ថយក​ម្តៅ ​និង​ផ្តល់​ខ្យល់​អាកាស​បរិសុទ្ធ ​សម្រាប់ដក​ដង្ហើម​។ លើស​ពី​នោះ​ សូម​ចូល​រួម​ទាំង​អស់​គ្នា ​ដើម្បី​ធ្វើ​យ៉ាង​ណា​ឱ្យ​សង្គម​កម្ពុជា​មាន​ភាព​ស្អាត ​មាន​ភាពបៃ​តង និង​មាន​ការ​អភិវឌ្ឍ​ន៍​ដោយ​ចីរភាព​សម្រាប់​គ្រប់ៗ​ជំនាន់​តទៅ។

លោក​ សេង ​ជ័យវុធ​ នាយករដ្ឋ​បាល​ខេត្ត​ត្បូង​ឃ្មុំ ​និង ​មន្ទីរ​បរិស្ថាន​ខេត្ត​មិន​អាច​ទាក់​ទង​សុំ​អត្ថាធិប្បាយ​បន្ថែម​បាន​ទេ​នា​ថ្ងៃ​ចន្ទ​ ទី​៣០​ ខែ​កញ្ញា​នេះ។ 

ខេត្ត​ត្បូង​ឃ្មុំ​មាន​ខ្សែ​ក្រវ៉ាត់​ព្រំដែន ​ជាប់​ជាមួយ​ប្រទេស​វៀត​ណាម​សរុប​ប្រវែង ១៤៣​គីឡូម៉ែត្រ ​ហើយ​ត្រូវ​ការ​កូន​ត្នោត​ចំនួន​ជិត​៧​ម៉ឺន​ដើម ​ដាំនៅ​តាម​បណ្តោយ​តាម​ព្រំ​ដែន​ទាំង​អស់​នេះ។ នេះ​បើ​យោង​តាម​ក្រសួង​បរិស្ថាន៕