មន្ត្រី​ជាន់​ខ្ពស់​នៅ​ក្រសួង​ការបរទេស​ និង​សហប្រតិបត្តិការ​អន្តរជាតិ បង្ហាញ​ពី​ទិដ្ឋភាព​វិជ្ជមាន​នៃ​បំណុល​កម្ពុជា​ដែល​ស្ថិត​កម្រិត​មួយ​អាច​គ្រប់​គ្រង​បាន ហើយ​ថា វា​ជា​ការ​យល់​ខុស​ដែល​ថា​ចិន​មាន​បំណង​បង្កើត​អន្ទាក់​បំណុល។


ថ្លែង​ក្នុង​​វេទិកា​ទំនាក់​ទំនង​អន្តជាតិលើកទី៣ ​ស្ដីពី ​សណ្ដាប់​ធ្នាប់​ពិភពលោក​ប្រកប​ដោយ​ការផ្លាស់​ប្ដូរ​និង​តួនាទី​របស់​មហាអំណាច​សម្រាប់​សន្តិភាព ស្ថិរភាព និង​វិបុលភាព​សាកល រៀប​ចំ​ដោយ​រាជបណ្ឌិត្យ​សភា​កម្ពុជា​ នៅ​ថ្ងៃ​ទី៤ ខែ​កញ្ញា​នេះ លោក អ៊ុន ឃាង រដ្ឋលេខាធិការ​ក្រសួង​ការបរទេស បាន​លើក​ឡើង​ពី​ទិដ្ឋភាព​វិជ្ជមាន​នៃ​បំណុល​ដែល​កម្ពុជា ដែល​លោក​ថា​ស្ថិត​ក្នុង​កម្រិត​មួយ​គ្រប់​គ្រង​បាន។

លោក​ថា ចំពោះ​ករណី​បំណុល​នៅប្រទេស​ ស្រីលង្កា វា​មិន​មែន​ចាប់​ផ្ដើម​ពី​ចិន​នោះ​ទេ គឺ​វា​ចាប់​ផ្ដើម​ពី​កម្ចី​ផ្សេងៗ ​ដូចជា​កម្ចី​ពី​ធនាគារ​ពិភពលោក និង​ដៃគូរ​អភិវឌ្ឍន៍​ផ្សេង​ទៀត ទាំង​កម្រិត​ទ្វេភាគី និង​ពហុ​ភាគី ដូច​ដែល​រដ្ឋមន្ត្រី​ការបរទេស​សិង្ហបុរី​ Vivian Balakrishnan បាន​លើក​ឡើ​ងថា «គោល​នយោបាយ​ការបរទេស​ចាប់​ផ្ដើម​ពី​ក្នុង​ផ្ទះ»។


លោក​ថ្លែង​ដូច្នេះ​ថា៖ «ប្រទេស​ស្រីលង្កា ព្យាយាម​សង​បំណុល​ដែល​ខ្លួន​ជំពាក់​ទៅធនាគារ​ពិភព​លោក និង​ម្ចាស់​បំណុល​ផ្សេង​ទៀត។ នៅ​ពេល​ដែល​បំណុល​នោះ​ឈាន​ដល់​កម្រិត​កំពូល រដ្ឋាភិបាល​ស្រីលង្កា មិន​អាច​សង​បាន ហើយ​ក៏​បាន​ទៅ​ខ្ចី​បំណុល​ពី​ចិន​ដើម្បី​យក​មក​សង​បំណុល​ចាស់។ ដូច្នេះ គោល​នយោបាយ​ការបរទេស​ចាប់​ផ្ដើម​ពី​ក្នុង​ផ្ទះ គឺ​ខ្ញុំ​ចង់​សំដៅ​ទៅ លើ​ថាតើ ប្រទេស​មួយ​ប្រើប្រាស់​បំណុល​ដើម្បី​គោល​បំណង​អ្វី?»។

យោង​តាម​ក្រសួង​ហិរញ្ញវត្ថុ​​ប្រទេស​ ស្រីលង្កា ប្រទេស​នេះ​មាន​បំណុល​​ក្រៅ​ប្រទេស​សរុប​ជាង ៣៧​ពាន់​លាន​ដុលល្លារ​ ប៉ុន្តែ បើ​គិត​ទាំង​បំណុល​ក្នុង​ស្រុក​និង​បំណុល​គ្រប់​ប្រភេទ ប្រទេស​នេះ​មាន​បំណុល​ជាង ១០០​ពាន់​លាន​ដុល្លារ គិត​ត្រឹម​ត្រីមាស​ទី១ ឆ្នាំ​២០២៤​នេះ។


សម្រាប់​កម្ពុជា គិត​ត្រឹម​ត្រីមាស​ទី១ ឆ្នាំ២០២៤​នេះ បំណុល​សរុប​មាន​ជាង ១១​ពាន់​លាន​ដុល្លារ ដែល​ជាង ៩៩​ភាគរយ​ជា​បំណុល​ក្រៅប្រទេស។ ក្នុង​ចំណោម​បំណុល​ក្រៅ​ប្រទេស​ ៣៦ភាគរយ​​ខ្ចី​ពី​ចិន ​២១​ភាគរយ​ពី​ធនាគារ​អភិវឌ្ឍន៍​អាស៊ី ​១១​ភាគរយ​ពី​ជប៉ុន ​១២​ភាគរយ​ពី​ធនាគារ​ពិភពលោក ៥​ភាគរយ​ពី​កូរ៉េខាង​ត្បូង ៥ភាគរយ​ពីបារាំង ចំណែក​បំណុល​នៅ​សល់​ជា​បំណុល​ចាស់ និង​បំណុល​ដៃគូ​ពហុ​ភាគី​ផ្សេង​ទៀត។

លោក អ៊ុន ឃាង រដ្ឋលេខាធិការ​ក្រសួង​ការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ។ ក្រសួង​ការបរទេស

ក្រសួង​សេដ្ឋកិច្ច​ចាត់​ទុក​បំណុល​នេះ​ថា​ ស្ថិត​ក្នុង​កម្រិត​និរន្តរភាព និង​មាន​ហានិភ័យ​ទាប។ នេះ​បើ​តាម​របាយការណ៍​ក្រសួង​សេដ្ឋកិច្ច​ និង​ហិរញ្ញវត្ថុ​ដែល​ចេញ​ផ្សាយ​កាល​ពី​ខែ​មិថុនា។
លោក អ៊ុន ឃាង ថ្លែង​ថា មាន​ការ​លើក​ឡើង​ថា កម្ពុជា​ត្រូវ​តែ​មាន​ការ​ប្រុង​ប្រយ័ត្ន​ក្នុង​ការ​ប្រើ​ប្រាស់​បំណុល​របស់​ខ្លួន។​

លោក​ថា៖ «ខ្ញុំ​គិត​ថា រដ្ឋាភិបាល​កម្ពុជា​មាន​ការ​ប្រុង​ប្រយ័ត្ន​យ៉ាង​ខ្លាំង​ក្នុង​ការ​ប្រើ​ប្រាស់​កម្ចី​ដែល​ខ្លួន​ទទួល​បាន​តាម​រយៈ​ស្ថាប័ននានា​ទាំង​ទ្វេភាគី និង​ពហុភាគី»។

លោក​ថា បំណុល ឬ​កម្ចី​ទាំង​នោះ​មាន​សក្ដានុពល​ដើម្បី​ជំរុញ​សេដ្ឋកិច្ច ប្រសិន​បើ​វា​ត្រូវ​បាន​ប្រើ​ប្រាស់​ត្រឹម​ត្រូវ​តាម​ផែន​ការ។​

លោក​ថ្លែង​ដូច្នេះ​ថា៖ «ខ្ញុំ​គិត​ថា មាន​ស្ថាប័ន​ពីរ​ដែល​គេ​ជឿជាក់​បំផុត​ នោះ​គឺ មូលនិធិ​រូបិយវត្ថុ​អន្តរជាតិ (IMF) និង​ធនាគារ​ពិភពលោក World Bank។ ស្ថាប័ន​ទាំង​ពីរ​នេះ​បាន​រាយការណ៍​អំពី​កម្រិត​បំណុល​របស់​កម្ពុជា ហើយ​បាន​បញ្ជាក់​យ៉ាង​ច្បាស់​ថា​ បំណុល​នេះ​មាន​និរន្តរភាព​ ហើយ​វា​មិន​មែន​ស្ថិត​ក្នុង​ស្ថានភាព​មួយ​ដែល​មិន​អាច​គ្រប់​គ្រង​បាន​នោះ​ទេ»។

លោក អ៊ុន ឃាង ពន្យល់​ថា រាជរដ្ឋាភិបាល​កម្ពុជា​បាន​ប្រើ​ប្រាស់​កម្ចី​ដើម្បី​កសាង​ហេដ្ឋារចនា​សម្ព័ន្ធ​ ដែល​នេះ​គឺ​ជារឿង​វិជ្ជមាន។ យ៉ាង​ណា​ក៏​ដោយ​ លោក​ថា ការ​ប្រើប្រាស់​កម្ចី​ដើម្បី​កសាង​តែ​ហេដ្ឋារចនា​សម្ព័ន្ធ​តែ​មួយ​មុខ​មិន​ទាន់​គ្រប់​គ្រាន់​នោះទេ គឺ​ត្រូវ​មាន​ផែនការ​យុទ្ធសាស្ត្រ​គ្រប់​ជ្រុង​ជ្រោយ​ក្នុងការ​ប្រើ​ប្រាស់​ហេដ្ឋារចនា​សម្ព័ន្ធ​ទាំង​នោះ​ដើម្បី​ភ្ជាប់​ជាមួយ​នឹង​ការ​តភ្ជាប់​ច្រវ៉ាក់​តម្លៃ​សាកល។

លោក​ក៏​ថ្លែង​អំពី​ការ​លើក​ឡើង​នានា​ដែល​ថា ចិន​បាន​បង្កើត​បំណុល​នៅ​ក្នុង​ប្រទេស​ផ្សេង។

លោក​និយាយ​ថា៖ «ខ្ញុំ​គិត​ថា វា​ជា​ការ​យល់​ខុស​មួយ​ដែល​ថា ចិន​មាន​បំណង​បង្កើន​អន្ទាក់​បំណុល​នៅ​ក្នុង​ប្រទេស​ណា​មួយ។ នេះ​ជា​ការ​គិត​ងាយ​ពេក​ ពីព្រោះ​បញ្ហា​បំណុល​នេះ​គឺជា​បញ្ហា​សន្ទស្សន៍​ពហុ​សមាសភាព​ ហើយ​ជាប់​ពាក់​ព័ន្ធ​យ៉ាង​ច្រើន​ទៅ​នឹង​ការ​ចាត់​ចែង​សេដ្ឋកិច្ច​ផ្ទៃ​ក្នុង និង​ការ​វិនិយោគ​នៅ​ក្នុង​ប្រទេស​ទទួល​កម្ចី»៕