នាយការិយាល័យ​ប្រឆាំង​បទ​ល្មើស​គ្រឿង​ញៀន​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តតាកែវ ឈ្មោះ សុខ សង្ហា ត្រូវ​បាន​តុលាការ​ខេត្ត​តាកែវ​ឃុំ​ខ្លួន​នៅ​ពន្ធនាគារ​បណ្ដោះ​អាសន្ន​ ពាក់​ព័ន្ធ​នឹង​បទ​ស៊ី​សំណូក​និង​រំលោភ​អំណាច។

អ្នក​នាំពាក្យ​តុលាការ​ខេត្ត​តាកែវ បាន​ថ្លែង​នៅ​ក្នុង​សេចក្ដី​ប្រកាស​ព័ត៌មាន​កាល​ពី​ថ្ងៃ​ទី២០ ខែ​មករា ថា ឈ្មោះ សុខ សង្ហា អាយុ ៣៨ ឆ្នាំ បាន​ប្រព្រឹត្ត​បទល្មើស​ «ស៊ី​សំណូក» និង «រំលោភ​អំណាច» ​នៅ​ក្នុង​ខេត្ត​តាកែវ ចន្លោះ​ពី​ឆ្នាំ​២០២៣ ដល់​ឆ្នាំ​២០២៤ ដោយ​មាន​ឈ្មោះ​ សុខ គា ហៅ សេង សុខគា អាយុ ៣៦ ឆ្នាំ ជា​អ្នក​សូក​ប៉ាន់។

បច្ចុប្បន្ន​នេះ ឈ្មោះ សុខ គា កំពុង​ជាប់​ឃុំ​នៅ​ក្នុង​ពន្ធនាគារ​ខេត្ត​កណ្តាល។ ប៉ុន្តែ មិន​មាន​សាវតារ​ថា​តើ​ឈ្មោះ​នេះ​ត្រូវ​បាន​ឃុំ​ខ្លួន​នៅ​ពន្ធនាគារ​ដោយសារ​បទ​ល្មើស​គ្រឿង​ញៀន​ឬ​យ៉ាង​ណា​ទេ។


ចំណែក​លោក សុខ សង្ហា ត្រូវ​បាន​ចោទ​ប្រកាន់​តាម​បញ្ញត្តិ​មាត្រា ៥៩៤ នៃ​ក្រមព្រហ្មទណ្ឌ និង​មាត្រា ៣២, មាត្រា ៣៥ នៃ​ច្បាប់​ស្តី​ពី​ការ​ប្រឆាំង​អំពើ​ពុករលួយ។

ភ្នំពេញ​ប៉ុស្តិ៍​មិន​អាច​សុំ​ការ​បញ្ជាក់​ពី​អ្នក​នាំ​ពាក្យ​សាលា​ដំបូង​ខេត្ត​តាកែវ ថា​តើ​មន្ត្រី​សមត្ថកិច្ច​ឈ្មោះ​ សុខ សង្ហា បាន​ទទួល​សំណូក​ក្នុង​ទឹក​ប្រាក់​ប៉ុន្មាន ហើយ​បាន​ប្រព្រឹត្ត​ប៉ុន្មាន​ដង ពី​ឆ្នាំ​២០២៣ ដល់​ឆ្នាំ​២០២៤​នោះ ដោយ​អ្នក​នាំ​ពាក្យ​ថា លោក​ត្រូវ​ការ​ពិនិត្យ​សំណុំ​រឿង​សិន។


យោង​តាម​ច្បាប់​ស្ដីពី​ការ​ប្រឆាំង​អំពើ​ពុក​រលួយ​មាត្រា ៣២ និង ៣៥ ចែង​ថា បទ​រំលោភ​អំណាច​ដោយ​មន្ត្រី​រាជការ​សាធារណៈ ប្រឈម​ជាប់​ពន្ធនាគារ​ពី​ ២ ឆ្នាំ​ទៅ ៥ឆ្នាំ។ ជន​ប្រព្រឹត្ត​អាច​នឹង​ត្រូវ​ផ្ដន្ទា​ទោស​ពី​ ៥ ទៅ ១០ ឆ្នាំ​ប្រសិន​បើ​បទ​ល្មើស​នេះ​មាន​ប្រសិទ្ធភាព។

ចំណែក​មាត្រា ៥៩៤ នៃ​ក្រម​ព្រហ្មទណ្ឌ​ចែង​ថា មន្ត្រី​រាជការ​សាធារណៈ​ ឬ ពលរដ្ឋ​ដែល​ទទួល​អាណត្តិ​ដោយ​ការ​សាធារណៈ​ដោយ​ការ​បោះ​ឆ្នោត ដែល​ប្រព្រឹត្ត​បទ​ល្មើស​ស៊ីសំណូក​ត្រូវ​ផ្ដន្ទាទោស​ដាក់​ពន្ធនាគារ​ពី ៧ ឆ្នាំ ទៅ ១៥ ឆ្នាំ។

លោក យ៉ង់ គឹមអេង ប្រធាន​​មជ្ឈមណ្ឌល​ប្រជាពលរដ្ឋ​ដើម្បី​អភិវឌ្ឍន៍​​និង​សន្តិភាព យល់​ឃើញ​ថា ករណី​ខាង​លើង​នេះ​គឺ​ជា​សារ​រារាំង​កុំ​ឲ្យ​មន្ត្រី​មាន​សមត្ថកិច្ច​ឆ្លៀត​ឱកាស​ប្រព្រឹត្ត​អំពើ​ពុក​រលួយ។ លោក​យល់​ឃើញ​ថា អាច​នៅ​មាន​ករណី​ស្រដៀង​គ្នា​នេះ​ច្រើន​ទៀត ដែល​គួរ​តែ​ត្រូវ​បាន​ស៊ើប​អង្កេត និង​ចាប់​ខ្លួន​ជន​ល្មើស​មក​ផ្ដន្ទាទោស។

លោក​ថ្លែង​ថា៖ «ដោយសារ​តែ​មាន​ករណី​បែប​នេះ​ហើយ​បាន​ជា​ធ្វើ​ឲ្យ​គ្រឿង​ញៀន​ចេះ​តែ​ជោរជន់​នៅ​ក្នុង​ប្រទេស​កម្ពុជា​យើង។ ដូច្នេះ រឿង​សំខាន់​បំផុត​ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​គ្រឿង​ញៀន​គឺ​ត្រូវ​ចាត់​វិធានការ​ទៅ​លើ​មន្ត្រី​ដែល​ទទួល​ផល​ប្រយោជន៍ ស៊ីសំណូក សូកប៉ាន់ ដើម្បី​សម្រួល​ដល់​ឈ្មួញ​ជួញដូរ ឬ​ឧក្រិដ្ឋជន​​ដូរ​គ្រឿងញៀន»។

លោក​លើក​ទឹកចិត្ត​ឲ្យ​រដ្ឋាភិបាល​បង្កើន​យុទ្ធនាការ​បង្ក្រាប​គ្រឿង​ញៀន​និង​លុប​បំបាត់​អំពើ​ពុក​រលួយ​ ព្រោះ​ថា​នៅ​ពេល​ដែល​ករណី​គ្រឿង​ញៀន​នៅ​តែ​ខ្ពស់ អត្រា​នៃ​ការ​ប្រព្រឹត្ត​អំពើ​ពុក​រលួយ​នៃ​មន្ត្រី​អនុវត្ត​ច្បាប់​ក៏​ខ្ពស់​ផង​ដែរ៕