ភ្នំពេញ៖ ក្នុង​គោលបំណង​ពង្រឹង​ទំនាក់ទំនង​វប្បធម៌ និង​ទេសចរណ៍​រវាង​កម្ពុជា និង​ចិន ក្រសួងទេស​ចរណ៍​បានដាក់​ចេញ​នូវ​ផែនការ​មហិច្ឆតា​មួយ​សម្រាប់ «​ឆ្នាំ​ទេសចរណ៍​កម្ពុជា​-​ចិន»​។

គំនិតផ្តួចផ្តើមរយៈពេលមួយឆ្នាំនេះជាលទ្ធផលនៃដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់ប្រធានាធិបតីចិន លោក ស៊ី ជីនពីង មកកាន់កម្ពុជា កាលពីពាក់កណ្តាលខែមេសា ឆ្នាំ២០២៥ មានបំណងទាក់ទាញភ្ញៀវទេសចរចិនឱ្យកាន់តែច្រើន និងធ្វើឱ្យទំនាក់ទំនងទ្វេភាគីរវាងប្រទេសទាំងពីរកាន់តែស៊ីជម្រៅ។

លោក​ ជុក ជំនោរ អគ្គនាយក​អភិវឌ្ឍន៍​ទេសចរណ៍ និង​សហប្រតិបត្តិការ​អន្តរជាតិ បានបញ្ជាក់​អំពី​ផែន​ការ​​របស់​ក្រសួងទេសចរណ៍​ ​បាន​បញ្ជាក់​ពី​ការចាប់ផ្តើម​យុទ្ធនាការ​ដ៏​សំខាន់​នេះ​។


លោក​បាន​ចែករំលែក​ព័ត៌មាន​លម្អិត​អំពី​ការ​រៀបចំ​ព្រឹត្តិការណ៍​សំខាន់ៗ​ដែល​នឹង​ត្រូវ​រៀបចំ​ជា​ផ្នែក​នៃ «ឆ្នាំ​ទេសចរណ៍​កម្ពុជា-ចិន» ក្នុង​​ឆ្នាំ​២០២៥ នេះ​។

ព្រឹត្តិការណ៍នេះ​ ​រួមមាន​ ពិធីបុណ្យ​តន្ត្រី​អន្តរជាតិ (Music festival) ម​ហោ​ស្រ​ព្យ​សិល្បៈ​តាម​ដងផ្លូវ​អន្តរជាតិ​ ម​ហោ​ស្រ​ព្យ​ក្បាច់គុន​ចម្រុះ​​ ការផ្សព្វផ្សាយ​ការទូត​ម្ហូបអាហារ​​ សន្និសីទ​ទេសចរណ៍​អន្តរជាតិ កម្ពុជា​-​ចិន​ វេទិកា​ផ្គូរផ្គង​ធុរកិច្ច​ទេសចរណ៍​​ ផ្លាស់ប្ដូរ​ទូត​សុ​ឆន្ទៈ​ទេសចរណ៍​​ ផ្សព្វផ្សាយ​ទេសចរណ៍​ភាពយន្ត​កម្ពុជា​-​ចិន​​ ការទទួល​ប្រតិភូ​សារព័ត៌មាន​ចិន​មក​កម្ពុជា​, ការបើក​រថយន្ត​ទេសចរណ៍​ឆ្លងកាត់​ព្រំដែន​កម្ពុជា​-​ចិន​ Cambodia Festival នៅ​ចិន និង​ការបង្ហាញ​ទេ​សចណ៍​ក្នុង​រដូវ​កាល​បៃតង​កម្ពុជា​ទៅកាន់​ប្រទេស​ចិន​។​


លោក ជំនោរ បានថ្លែងថា​៖ «​ពិធីបុណ្យ​តន្ត្រី​អន្តរជាតិ (Music festival) ត្រូវបាន​រៀបចំ​នៅខេត្ដ​សៀមរាប ឬរាជធានីភ្នំពេញ ដើម្បី​ផ្លាស់​ប្ដូរវប្បធម៌​រវាង​ប្រទេស​ទាំង​ពីរ រួមជាមួយ​ការ​រៀបចំ​មហោស្រព​សិល្បៈ​តាម​ដងផ្លូវ​ (Street Art) ដោយ​មាន​ការ​សម្ដែង​សិល្បៈ​នានា ដូចជា ល្ខោន​បាសាក់ ល្ខោនហ៊ី​ចិន»។

សម្រាប់រយៈពេល ៤ខែដើមឆ្នាំ២០២៥នេះ ទេសចរចិនមានចំនួនជាង ៣៨ម៉ឺនលាន កើនឡើងជិត ៤៨ភាគរយ ពីរយៈពេលដូចគ្នានៃឆ្នាំ២០២៤។ រូបថត ហុង រស្មី

លោក​បានលើកឡើងថា កាល​បើកសម្ពោធ​ «ឆ្នាំទេសចរណ៍ កម្ពុជា-ចិន ២០២៥» នៅ​សាល​ចតុមុខ កាលពី​ថ្ងៃទី​២៣ ខែឧសភាថា ការសម្ដែង​សិល្បៈ​រួមគ្នា និង​ស្រដៀង​គ្នា​នោះ គឺការ​សម្ដែង​ឈុត​ពិសេស​រវាង​ស្ដេច​ស្វា ហនុមាន និងស្ដេចស្វា ​ស៊ុន អ៊ូខុង បង្ហាញពីភ្ជាប់​ទំនាក់ទំនង​វប្បធម៌​ និង​អរិយធម៌​នៃ​ប្រទេស​ទាំងពីរ។

លោក ជំនោរ បានបន្ដថា៖ ​«យើង​ចង់​ដឹង​ចង់ស្គាល់​ស្ដេច​ស្វាក្នុង​ភាពយន្ដ​ចិន ស៊ុន អ៊ូខុង ហើយ​ខាង​ចិន ក៏​ចង់ដឹងអំពី​ស្ដេច​ស្វា ហនុមាន​យើង​ផង​ដែរ»។

ក្រៅពីភាព​ស្រដៀងនៃ​សិល្បៈ​សម្ដែង កម្ពុជា​-ចិន នៅមាន​សិល្បៈ​ក្បាច់​គុន ដូចជា​ល្បុក្កតោ យុទ្ធគុនខម ប្រដាក់ខ្មែរ និង​កុងហ្វ៊ូ សាវលីង ក៏ដូចជា ថៃជី ជាដើម​។

ប្រទេស​ចិន​មាន​ពេលវេលា​ឈប់សម្រាក​ធំៗ​២​ដង ក្នុង​រយៈពេល​១​ឆ្នាំ នៅ​ចន្លោះ​បុណ្យចូលឆ្នាំ​ចិន និង​ចន្លោះ​ខែតុលា។

លោក ហួត ហាក់ រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍ និង​អភិបាលខេត្ត​ជាំ​ង​ស៊ូ ព្រមជាមួយ​លោក វ៉ាង វ៉ិ​ន​ពី​ន បានជ្រើសរើស​យក​ត្រីមាស​ទី​៣ ដើម្បី​រៀបចំ​ឲ្យ​បាន​មុន ១​ខែ​ទៅ​២​ខែ សម្រាប់​ផ្ដល់ឱកាស​ឲ្យ​ប្រជាជន​ចិន​បាន​ស្គាល់​ពី​កម្ពុជា និង​ជ្រើស​រើសយក​កម្ពុជា ជា​គោលដៅ​ទេសចរណ៍ នាពេល​ឈប់សម្រាក​នៅ​ខែតុលា​។​

ជាមួយគ្នានេះ មានការ​រៀបចំ​ព្រឹត្តិការណ៍​ការទូត​ទេសចរណ៍​ម្ហូបអាហារ រវាង​ប្រទេស​ទាំងពីរ ពោលគឺ​ផ្លាស់ប្ដូរ​រសជាតិ ម្ហូបអាហារ​ទៅវិញទៅមក ដោយ​ចិន​មាន​ម្ហូប​ប្រចាំ​តំបន់​ចំនួន​៨ ចំណែក កម្ពុ​ជាមាន​ម្ហូប​ប្រចាំ​តំបន់​ដូចជា នំ​បញ្ចុក អា​ម៉ុក បង្អែម​ខ្មែរ នំ​ខ្មែរ​ជាច្រើន​ប្រភេទ​។

ដើម្បីទាក់ទាញភ្ញៀវទេសចរចិនបន្ថែមទៀត ក្រសួងបានផ្ដោតលើការផ្សព្វផ្សាយថ្ងៃឈប់សម្រាកសំខាន់ៗរបស់ប្រទេសចិន ដូចជាបុណ្យចូលឆ្នាំចិន និងសប្តាហ៍មាសខែតុលា។ រូបថត ហុង រស្មី

ក្នុងន័យនេះ ការផ្លាស់ប្ដូរ​ម្ហូបអាហា​រ​ទៅវិញទៅមក ក៏​ជាការ​លើកកម្ពស់​កិត្តិនាម​របស់​ប្រទេស​កម្ពុជា​ទៅលើ ទីផ្សារ​អន្តរជាតិ​ផងដែរ​។

ក្រសួងទេសចរណ៍ នៅថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៥នេះ បានបង្ហាញសេចក្តីប្រកាសព័ត៌មាន ស្តីពីលទ្ធផលនៃការរៀបចំពិធីបើក «ឆ្នាំទេសចរណ៍ កម្ពុជា-ចិន ២០២៥» អមដោយការសម្តែងសិល្បៈពិសេស «សម្រស់កម្ពុជា-ជាំងស៊ូ» នៅរាជធានីភ្នំពេញ ថ្ងៃទី២៣-២៥ ខែឧសភា ឆ្នាំ២០២៥។

សេចក្តីប្រកាសព័ត៌មានរបស់ក្រសួងទេសចរណ៍ នាថ្ងៃទី១៩ ខែឧសភា បានអះអាងថា ព្រឹត្តិការណ៍ ជាលទ្ធផលនៃដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់ប្រធានាធិបតីចិន លោក ស៊ី ជីនពីង មកកាន់កម្ពុជា កាលពីពាក់កណ្តាលខែមេសា ឆ្នាំ២០២៥ ដោយប្រមុខរដ្ឋាភិបាលប្រទេសទាំងពីរកំណត់យកឆ្នាំ២០២៥ ជាឆ្នាំទេសចរណ៍កម្ពុជា-ចិន។

កម្ពុជាទទួលភ្ញៀវទេសចរ ចិន​មាន​ចំនួន​ជាង ៣៨​ម៉ឺន​លាន រយៈពេល ៤ខែ​ដើម​ឆ្នាំ​២០២៥​នេះ កើន​ឡើងជិត ៤៨ភាគរយ ពី​រយៈ​ពេល​ដូច​គ្នា​នៃ​ឆ្នាំ​២០២៤។

ដោយឡែក  ក្នុងងឆ្នាំ២០២៤ កម្ពុជាទទួលបានភ្ញៀវទេសចរសរុប ៦,៦១០,៥៩២ នាក់ ក្នុងនោះមាន ភ្ញៀវចិន ៨៤៨,៩៥២ នាក់ កើន ៥៥ភាគរយ បើធៀបនឹងឆ្នាំ២០២៣៕