លោក ហ៊ុន សែន ប្រធាន​ព្រឹទ្ធសភា បាន​លើក​ឡើង​ថា មាន​តែ​ស្ថិរភាព​ផ្ទៃ​ក្នុង និង​ទំនាក់​ទំនង​ល្អ​ជាមួយ​ប្រទេស​ជិត​ខាង​ទេ​ ដែល​ធ្វើ​ឲ្យ​ប្រទេស​មួយ​មាន​ការ​រីក​ចម្រើន ខណៈ​ដែល​លោក​ចោទ​ជា​សំណួរ​ថា តើ​ដល់​ពេល​ដែល​កម្ពុជា​ត្រូវ​ធ្វើ​ច្បាប់​ដាក់​ក្រុម​ប្រឆាំង​ក្នុង​បញ្ជី​ភេរវករ​ហើយ​ឬ​នៅ។


ថ្លែង​ក្នុង​ពិធី​អនុសំវច្ឆរ​មហាសន្និបាត​មន្ត្រី​សង្ឃ ​ប្រចាំឆ្នាំ​នៅ​ថ្ងៃ​ទី២១ ខែ​វិច្ឆិកា​នេះ លោក ហ៊ុន សែន លើក​ឡើង​ថា ក្រុម​ប្រឆាំង​នៅ​កម្ពុជា​ដែល​មាន​មូលដ្ឋាន​នៅ​បរទេស​កំពុង​ញុះញង់​ឲ្យ​ប្រជាពលរដ្ឋ​ធ្វើ​បាតុកម្ម​ទាមទារ​អធិបតេយ្យភាព​កោះគុត ដែល​ភាគី​ថៃ និង​កម្ពុជា កំពុង​ចរចា​គ្នា​លើ​បូរណភាព​ដែន​សមុទ្រ។

លោក​ថា ការ​បញ្ឆេះ​កំហឹង​ប្រជាជន​ឲ្យ​ប្រឆាំង​នឹង​ប្រទេស​ផ្សេង​មិន​មែន​ជា​ដំណោះស្រាយ​ទេ ព្រោះ​បទ​ពិសោធន៍​ជម្លោះ​ជាមួយ​ថៃ​រឿង​ព្រំដែន​ រវាង​ថៃ និង កម្ពុជា កាល​ពី​១៥​ឆ្នាំ​មុន បន្សល់​ទុក​នូវ​ស្លាកស្នាម​មិន​ទាន់​រលុប​នៅ​ឡើយ។


លោក​ថ្លែង​ថា៖ «ជាមួយ​ប្រទេស​ជិតខាង ត្រូវ​តែ​ធ្វើការ​ឲ្យ​បាន​ជិតស្និទ្ធ ត្រូវ​រួម​រស់​ដោយ​សន្តិវិធី។ ខ្ញុំ​បាន​ព្រះ​ករុណា​ខ្ញុំ​បាន​ដាក់​ចេញ​ទិសដៅ​ពីរ​បន្ទាប់​ពី​បញ្ចប់​សង្គ្រាម គឺ​ប្រែ​ក្លាយ​អតីត​សមរភូមិ​ទាំង​អស់​​ឲ្យ​ក្លាយ​ទៅ​ជា​តំបន់​អភិវឌ្ឍន៍​និង​ទៅ​ជា​ទីផ្សារ។ បច្ចុប្បន្ន​នេះ ប្រមាណ​ជាង​៩៥​ភាគរយ ដែល​យើង​អនុវត្ត​បាន។ ចំណែក​សល់ ៥​ ភាគរយ​ទៀត គឺ​ដី​ដែល​មាន​គ្រាប់​មីន»។

លោក​បន្ត​ថា ទិសដៅ​ទី២ គឺ​ការ​ប្រែក្លាយ​តំបន់​ព្រំដែន​ជាមួយ​ប្រទេស​ជិត​ខាង​ឲ្យ​ទៅ​ជា​ព្រំដែន​សន្តិភាព សហប្រតិបត្តិការ​ល្អ។ 


លោក​ថ្លែង​ដូច្នេះ​ថា៖ «បើ​ប្រទេស​កម្ពុជា​មាន​ជម្លោះ​ជាមួយ​ប្រទេស​ជិត​ខាង កម្ពុជា​ត្រូវ​បញ្ចេញ​កងទ័ព​ពី​បន្ទាយ​រាប់​ម៉ឺន​នាក់ ដើម្បី​ទៅ​ឈរ​ជើង​តាម​ព្រំដែន ចំណែក​អ្នក​នៅ​ខាង​ក្រោយ​ត្រូវ​បញ្ជូន​ភស្តុភារ​ទៅកាន់​ព្រំដែន។ តើ​យើង​គួរ​ធ្វើ​អីចឹង​ទេ?»។

លោក​ថ្លែង​ដូច្នេះ​ថា៖ «ពិត​ហើយ​នៅ​ក្នុង​ប្រទេស​មួយ​តែង​​មាន​ពួក​ជ្រុល​និយម។ ប៉ុន្តែ ជ្រុល​និយម​នៅ​កម្ពុជា គឺ​ជ្រុល​និយម​មិន​ធម្មតា ដែល​ពួក​ជ្រុល​និយម​គួរ​តែ​ត្រូវ​បាន​ដាក់​ក្នុង​ច្បាប់»។ 

លោក​ប្រាប់​ឲ្យ​អ្នក​ប្រឆាំង​នៅ​កម្ពុជា និង​អ្នក​ជ្រុល​និយម​នៅ​ប្រទេស​ថៃ ក៏ដូចជា​ប្រជាពលរដ្ឋ​ទូទៅ គួរ​ទុក​ពេល​ឲ្យ​រដ្ឋាភិបាល​ទាំង​ពីរ​ធ្វើការ​ចរចា​គ្នា​រក​ដំណោះ​ស្រាយ។ លោក​ក៏​អំពាវនាវ​កុំ​ឲ្យ​កង​ទ័ព​ធ្វើ​ចលនា​នៅ​ក្បែរ​តំបន់​កោះគុត​ទេ ទាំង​ជើង​ទឹក និង​ជើង​គោក។ 

ជា​ច្រើន​សប្ដាហ៍​កន្លង​ទៅ​នេះ គណបក្ស​ប្រឆាំង​នៅ​ប្រទេស​ថៃ បាន​ជំរុញ​ឲ្យ​រដ្ឋាភិបាល​ថៃ បង្កើត​គណៈកម្មការ​ដើម្បី​ចរចា​រឿង​ព្រំដែន​ទឹក​ជាមួយ​កម្ពុជា ដើម្បី​ឈាន​ទៅ​ដល់​ការ​ទាញ​យក​ធនធាន​នៅ​បាត​សមុទ្រ​ដែល​នៅ​តំបន់​ត្រួត​ស៊ីគ្នា​រវាង​ប្រទេស​ទាំង​ពីរ។ 

ភាគី​កម្ពុជា បាន​រក្សា​ភាព​ស្ងៀម​ស្ងាត់​អំពី​បញ្ហា​កោះគុត​នេះ ប៉ុន្តែ លោក នាយក​រដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បញ្ជាក់​នៅ​ថ្ងៃ​នេះ​ថា កម្ពុជា​មិន​នៅ​ស្ងៀម​លើ​បញ្ហា​នេះ​ទេ គឺ​រដ្ឋាភិបាល​របស់​លោក​ធ្វើ​ការ​តាម​យន្តការ​ផ្លូវការ ហើយ​ប្រទេស​ទាំង​ពីរ​មិន​ដែល​បាន​ឈាន​ដល់​ការ​ព្រមព្រៀង​ណា​មួយ​លើ​ព្រំដែន​ទឹក​នេះ៕