អ្នក​វិភាគ​យល់​ថា ទំនាក់​ទំនង​ជា​លក្ខណៈ​បុគ្គល​រវាង​មេដឹកនាំ​មីយ៉ាន់ម៉ា មីន អោងឡាំង​ និង​ប្រធាន​ព្រឹទ្ធសភា​ លោក​ ហ៊ុន សែន គឺជា​ឱកាស​ក្នុងការ​ធ្វើ​ឲ្យ​ស្ថានភាព​ជម្លោះ​នៅ​មីយ៉ាន់ម៉ា​មាន​ភាព​ប្រសើរ​ឡើង។


លោក មីន អោងឡាំង ប្រធាន​ក្រុម​ប្រឹក្សា​រដ្ឋាបាល​រដ្ឋ​មីយ៉ាន់ម៉ា និង​ លោក ហ៊ុន សែន បាន​សរសេរ​លិខិត​ឆ្លើយ​ឆ្លង និង​​ជូន​ពរ​គ្នា ក៏ដូច​ជា​បង្ហាញ​ពី​ទំនាក់​ទំនង​ល្អ​រវាង​ប្រទេស​ទាំងពីរ ក្នុង​ឱកាស​ខួប​កំណើត​ឈាន​ចូល ៧៣​ឆ្នាំ​របស់​លោក ហ៊ុន សែន។

លិខិត​របស់​លោក មីន អោងឡាំង​ សរសេរ​ថា៖ «ក្នុង​រយៈ​ពេល​ប្រាំ​មួយ​ទសវត្សរ៍​នៃ​មិត្តភាព ​និង​កិច្ច​សហប្រតិបត្តិការ​ពិសេស​របស់​យើង ​មីយ៉ាន់ម៉ា និង ​កម្ពុជា​ តែង​បាន​ពូន​ជ្រំ​ចំណង​មិត្តភាព​ជិត​ស្និទ្ធ ការយោគ​យល់​គ្នា និង​ការ​ជឿ​ទុក​ចិត្ត​គ្នា ដែល​បាន​ចាក់​ឫស​ យ៉ាង​ជ្រៅ​នៅ​ក្នុង​វប្បធម៌ ​សាសនា និង​ប្រពៃណី​រួមគ្នា​របស់​យើង។ ខ្ញុំ​ពិត​ជា​ទន្ទឹង​រង់ចាំ​ពង្រឹង​បន្ថែម​ទៀត​នូវ​មិត្តភាព ​និង​កិច្ច​សហប្រតិបត្តិការ​របស់​យើង ដើម្បី​ផល​ប្រយោជន៍​ទៅ​វិញ​ទៅ​មក​របស់​ប្រជាជន​យើង​ទាំង​ពីរ»។


ឆ្លើយ​តប​ទៅ​នឹង​លិខិត​របស់​លោក មីន អោងឡាំង លោក ហ៊ុន សែន​ថ្លែង​ថា ចំណង​មិត្តភាព​និង កិច្ច​សហ​ប្រតិបត្តិការ​រវាង​កម្ពុជា ​និង​មីយ៉ាន់ម៉ា ​ដែល​ផ្អែក​លើ​គ្រឹះ​វប្បធម៌​ សាសនា និង​ប្រពៃណី​រួម​ពិត​ជា​កាន់​តែ​រឹង​មាំ។

លោក​ថ្លែង​ថា៖ «ខ្ញុំ​ចូល​រួមតាំង​ចិត្ត​ជាមួយ​ឯកឧត្តម ​ក្នុង​ការ​ពង្រឹង​បន្ថែម​ទៀត​នូវ​មិត្តភាព និង​កិច្ច​សហ​ប្រតិ​បត្តិការ​រវាង​ប្រទេស​យើង​ទាំង​ពីរ​ដើម្បី​ផល​ប្រយោជន៍​ទៅ​វិញ​ទៅ​មក​ របស់​ប្រជាជន​យើង​ទាំង​ពីរ»។


លោក ហ៊ុន សែន គឺជា​មេដឹកនាំ​ទី១​ដែល​បាន​ជួប​លោក មីន អោងឡាំង កាល​ពី​ឆ្នាំ​២០២២ បន្ទាប់​ពី​មាន​របប​យោធា​មីយ៉ាន់ម៉ា​ទម្លាក់​លោកស្រី អង់សាន ស៊ូជី នៅ​ខែ​កុម្ភៈ ឆ្នាំ​២០២១។ មេដឹកនាំ​ទាំង​ពីរ​ក៏​ធ្លាប់​បាន​ជួប​ពិភាក្សា​គ្នា​តាម​រយៈ​អនឡាញ​ផងដែរ។ លោក ហ៊ុន សែន ក៏​ធ្លាប់​បាន​លើក​ឡើង​ពី​ការ​ដោះស្រាយ​ជម្លោះ​នៅ​មីយ៉ាន់ម៉ា តាម​រយៈ​បទ​ពិសោធន៍​នយោបាយ​ឈ្នះ-ឈ្នះ របស់​កម្ពុជា។

កាល​ពី​សប្ដាហ៍​មុន ប្រតិភូ​មីយ៉ាន់ម៉ា ដឹកនាំ​ដោយ​លោក U Ko Ko Hlaing ដែល​ជា​បេសកជន​ពិសេស​របស់​លោក មីន អោងឡាំង បាន​បំពេញ​ទស្សនកិច្ច​មក​កាន់​ប្រទេស​កម្ពុជា ដោយ​បានជួប​ជាមួយ​លោក ហ៊ុន សែន និង​លោក​នាយករដ្ឋ​មន្ត្រី​ ហ៊ុន ម៉ាណែត។

ក្នុង​អំឡុង​ទសន្សកិច្ច​នេះ ប្រតិភូ​មីយ៉ាន់ម៉ា បាន​ថ្លែង​ប្រាប់​មេដឹកនាំ​កម្ពុជា​អំពី​ស្ថានភាព​នៅ​មីយ៉ាន់ម៉ា និង​ការ​ត្រៀម​រៀបចំ​បោះ​ឆ្នោត​«ដោយសេរី និង​យុត្តិធម៌» នៅ​មីយ៉ាន់ម៉ា​នា​ពេល​ខាង​មុខ។

យ៉ាងណា​ក៏ដោយ ស្ថានភាព​នៅ​មីយ៉ាន់ម៉ា មិន​មាន​ភាព​ប្រសើរ​ឡើង​ទេ ដោយ​អំពើ​ហិង្សា​រវាង​រដ្ឋបាល​មីយ៉ាន់ម៉ា និង​ក្រុម​តស៊ូ​បន្ត​កើត​មាន​ជា​ញឹក​ញាប់។

លោក គិន ភា ប្រធាន​វិទ្យាស្ថាន​ទំនាក់​ទនង​អន្តរជាតិ​នៃ​រាជបណ្ឌិត្យ​សភា​កម្ពុជា បាន​ថ្លែង​ថា ការ​ឆ្លើយ​ឆ្លង​លិខិត​រវាង​លោក ហ៊ុន សែន  និង លោក មីន អោងឡាំង បង្ហាញ​ពី​ទំនាក់​ទំនង​ពិសេស​លើស​ពី​ទំនាក់​ទំនង​រវាង​ប្រទេស​និង​ប្រទេស ប៉ុន្តែ​រវាង​កម្រិត​បុគ្គល​ជា​ថ្នាក់​ដឹកនាំ។

លោក​ថ្លែង​ថា ផ្អែក​លើ​ទំនាក់​ទំនង​ល្អ​នេះ កម្ពុជា​អាច​យក​ឱកាស​នេះ​ជួយ​អន្តរាគមន៍​តាមរយៈ​នយោបាយ​ឈ្នះៗ​ឲ្យ​ស្ថានភាព​នៅ​មីយ៉ាន់ម៉ា​វិល​ទៅរក​ប្រក្រតីភាព​វិញ​ដូច​កាល​ពី​មុន​រដ្ឋប្រហារ​ឆ្នាំ​២០២១ និង​ឈាន​ទៅ​រក​ការ​បោះ​ឆ្នោត​ដែល​មាន​ការ​ចូល​រួម​ពី​គ្រប់​ភាគី។

លោក​និយាយ​ថា៖ «ដំណោះស្រាយ​នៅ​មីយ៉ាន់ម៉ា គឺជា​ដំណោះស្រាយ​មួយ​ដែល​ប្រជាជន​មីយ៉ាន់ម៉ា​ទន្ទឹង​ចង់បាន ដើម្បី​វិល​ទៅ​រក​ដំណើរ​ការ​ប្រជាធិបតេយ្យ​ជា​ប្រក្រតី​វិញ សិទ្ធិ​មនុស្ស នីតិរដ្ឋ និង​ការ​ផ្ដល់​ឱកាស​ឲ្យ​ប្រជាពលរដ្ឋ​ជា​អ្នក​កំណត់​ជោគវាសនា​របស់​ប្រទេស»។

លោក​​បន្ត​ថា៖ «កម្ពុជា​អាច​ប្រើ​ទំនាក់​ទំនង​ពិសេស​ជា​លក្ខណៈ​បុគ្គល​របស់​ថ្នាក់​ដឹកនាំ ដើម្បី​ឈាន​ទៅ​រក​ដំណោះ​ស្រាយ​មួយ​ដែល​អាច​បញ្ចប់​វិបត្តិ​នៅ​មីយ៉ាន់ម៉ា​បាន។ បើ​អាច​ធ្វើ​បាន ខ្ញុំ​គិត​ថា កម្ពុជា​កំពុង​ដើរ​តួនាទី​យ៉ាង​សំខាន់​ក្នុង​កិច្ច​ការ​តំបន់ និង​អន្តរជាតិ ហើយ​ក៏​បាន​រួមចំណែក​ជាវិជ្ជមាន​សម្រាប់​សន្តិភាព ស្ថិរភាព និង​វិបុលភាព​តំបន់​ផងដែរ»៕