កម្មវិធី​ប្រកួតប្រជែង Hackathon របស់​ធនាគារ អ អេច ប៊ី ខេមបូឌា បាន​ទៅលើ​ក្រុម Team Kak

Content image - Phnom Penh Post
អ អេច ប៊ី សង្ឃឹម​ជំរុញ​អ្នក​ច្នៃប្រឌិត​ហិរញ្ញវត្ថុ​វ័យក្មេង​ឱ្យ​ចូលរួម​នៅក្នុង​ព្រឹត្តិការណ៍​ផ្សេងៗ​ដូច​កម្មវិធី hackathon នេះ​។

Content image - Phnom Penh Post

ធនាគារ អ អេច ប៊ី (​ខេមបូឌា) ម.ក បានប្រកាស​អ្នកឈ្នះ​រង្វាន់​ដំបូងបង្អស់​នៅក្នុង​ព្រឹត្តិការណ៍ «Build On, Cambodia 2021 Hackathon» ដោយ​ចៅក្រម​ដាក់ពិន្ទុ​បាន​កោតសរសើរ​យ៉ាងខ្លាំង​ចំពោះ​ស្តង់ដា​នៃ​ការច្នៃប្រឌិត​ថ្មី​របស់​អ្នកចូលរួម​វ័យក្មេង​ដែលមាន​ទេពកោសល្យ​។

មាន​និស្សិត​ចូលរួម​ចំនួន​ ១៧០ ​នាក់ និង​ត្រូវបាន​បែងចែក​ជា​ ៥៨ ​ក្រុម​ដែល​ពួកគេ​បាន​ចូលរួម​ធ្វើ​សកម្មភាព​នៃ​ការច្នៃប្រឌិត​រយៈពេល​ជាង​ ៦ ​សប្តាហ៍ ហើយ​ទីបំផុត​ជយលាភី​បាន​ទៅលើ​ក្រុម Team Kak​។

ធនាគារ អ អេច ប៊ី (ខេមបូឌា) បាន​សហការ​ជាមួយ​ក្រុមហ៊ុន Amazon Web Services (AWS) ដើម្បី​រៀបចំ​ព្រឹត្តិការណ៍​ប្រកួតប្រជែង «hackathon» នេះ​ឡើង ដើម្បី​ឱ្យ​សហគមន៍​បង្កើត​គំនិត​ផ្តួចផ្តើម និង​ដំណោះស្រាយ​បច្ចេកវិទ្យា​សម្រាប់​ឧស្សាហកម្ម​ធនាគារ​។

«​កម្មវិធី​ប្រកួតប្រជែង «hackathon» នេះ​បាន​ទទួល​ជោគជ័យ​យ៉ាងខ្លាំង​។ យើង​ពិតជា​ចាប់អារម្មណ៍​ខ្លាំង​ចំពោះ​ទេពកោសល្យ​ដែល​ត្រូវ​បានបង្ហាញ​។ អ្នកចូលរួម​ទាំងអស់​មានគំនិត និង​ការច្នៃប្រឌិត​ខ្ពស់ ហើយ​ចៅក្រម​ដាក់ពិន្ទុ ពិតជា​មាន​ការលំបាក​ក្នុង​ការជ្រើសរើស​អ្នកឈ្នះ​»​។

ជយលាភី​បាន​ទៅលើ​ក្រុម Team Kak ដែលមាន​ការច្នៃប្រឌិត​ខ្ពស់​ក្នុង​ការបង្កើត​ដំណោះស្រាយ​ដ៏អស្ចារ្យ ហើយ​ការច្នៃប្រឌិត​របស់​ពួកគេ​ពិតជា​មិនធម្មតា​។ ចំណែកឯ​ជើងឯក​រង​បាន​ទៅលើ​ក្រុម Team Hippopotamus ដោយ​ទទួលបាន​ការចាប់អារម្មណ៍​ជាមួយ​នឹង​វិធីសាស្ត្រ​នៃ​ការច្នៃប្រឌិត​ថ្មី របស់​ពួកគេ​ក្នុងការ​ដោះស្រាយ​ការប្រើប្រាស់​គណនី​សន្សំ​»​។

លោក Lim Chin Wan អគ្គនាយក​បច្ចេកវិទ្យា ធនាគារ អ អេច ប៊ី (​ខេមបូឌា) ថ្លែងថា​៖ «​ទាំង​ជើងឯក និង​ជើងឯករង បាន​បង្កើត​កម្មវិធី​ដែល​ជួយ​ឱ្យ​យុវជន​ចូលរួម​កាន់តែ​ច្រើន​ជាមួយនឹង​វិស័យ​ធនាគារ ជាពិសេស​តាមរយៈ​ការដោះស្រាយ​បញ្ហា​មួយចំនួន​ដែល​មាន​លក្ខណៈ​ជាក់លាក់​សម្រាប់​ពួកគេ​»​។

ក្រុម​ដែល​ឈ្នះ​នីមួយៗ​នឹង​ទទួល​រង្វាន់​មានតម្លៃ​ស្មើ​ទឹកប្រាក់ ១ ៥០០ ដុល្លារ និង​បាន​ទៅ​ទទួលទាន​អាហារ​ថ្ងៃត្រង់​នៅ​សណ្ឋាគារ Rosewood Hotel លំដាប់​ផ្កាយ​ ៥ ជាមួយ​ក្រុម​គណៈ​គ្រប់គ្រង​របស់​ធនាគារ អ អេច ប៊ី និង​លោក Wong ដើម្បី​ចែករំលែក​បទពិសោធ​ការងារ​ធនាគារ​ដ៏ច្រើន​របស់​អគ្គនាយក និង​បង្កើត​ការយល់ដឹង​លើ​ការកសាង​អាជីព​នៅក្នុង​ឧស្សាហកម្ម​មួយ​នេះ​។

Content image - Phnom Penh Post
ព្រឹត្តិការណ៍​នេះ​ត្រូវ​បាន​ធ្វើឡើង​តាមរយៈ​ប្រព័ន្ធ​អនឡាញ​។ រូបថត Supplie

ព្រឹត្តិការណ៍ Build On, Cambodia គឺជា​កម្មវិធី​ប្រកួតប្រជែង hackathon ដែលមាន​ការប្រកួតប្រជែង​សម្រាប់​សហគមន៍​ឱ្យ​បង្កើត​គំនិត​ផ្តួចផ្តើម​បច្ចេកវិទ្យា និង​ដំណោះស្រាយ​ដើម្បី​ដោះស្រាយ​បញ្ហា​ប្រឈម​ដែល​ធនាគារ អ អេច ប៊ី ជួបប្រទះ​។

«​តាមរយៈ​ព្រឹត្តិការណ៍​នេះ អ្នក​ចូលរួម​ទទួលបាន​ឱកាស​រៀនសូត្រ ឧត្តមគតិ ត្រិះរិះ អភិវឌ្ឍ និង​ប្រកួតប្រជែង ដោយមាន​ការបង្ហាត់បង្ហាញ​ពី​អ្នកជំនាញ​មកពី​ក្រុមហ៊ុន AWS នៅ​កម្ពុជា​។ ក្នុងឆ្នាំនេះ និស្សិត​មកពី​សាកលវិទ្យាល័យ​ក្នុង​ស្រុក​ចំនួន ​៧ បាន​ចូលរួម ដោយ​ក្រុមហ៊ុន Seedstars ជា​អ្នក​ជួយ​ណែនាំ​»​។

លោក Lim បន្តថា​៖ «​ធនាគារ អ អេច ប៊ី (​ខេមបូឌា) សូម​អបអរសាទរ​ដល់​អ្នក​ចូលរួម​ទាំងអស់ ចំពោះ​ការខិតខំ​ប្រឹងប្រែង និង​ការចូលរួម​របស់​ពួកគេ​។ ទាំង​ធនាគារ អ អេច ប៊ី ខេមបូឌា និង​ក្រុមហ៊ុន AWS មាន​ការចាប់អារម្មណ៍​យ៉ាងខ្លាំង ចំពោះ​ការធ្វើ​បទបង្ហាញ​របស់​បេក្ខជន​ចុងក្រោយ​ទាំង​ ៥ ​ក្រុម និង​គំនិត​របស់​ពួកគេ​ស្តីពី​វិធី​បង្កើត​កម្មវិធី​ធនាគារ​ចល័ត​ទាក់ទង​ទាំង​អ្នកប្រើប្រាស់​ជា​យុវជន និង​អ្នកប្រើប្រាស់​បែប​ប្រពៃណី​»​។

ព្រឹត្តិការណ៍ Build On, Cambodia 2021 Hackathon ចាប់ផ្តើម​នៅ​ខែមេសា ដោយមាន​ក្រុម​ចូលរួម​សរុប​ចំនួន​ ៥៨ ​ក្រុម ដែល​មាន ​១៧០ ​នាក់​។ ទីបំផុត ៥ ​ក្រុម​បាន​ឈានដល់​វគ្គ​ផ្តាច់ព្រ័ត្រ​នៅ​ថ្ងៃទី​ ២៨ ខែ​ឧសភា ដែល​ត្រូវបាន​ធ្វើឡើង​តាម​អនឡាញ ដោយសារ​តែ​ការរឹតបន្តឹង​ដើម្បី​ទប់ស្កាត់​ជំងឺ​កូវីដ​ ១៩​។

អ្នក​ដែល​ឈានដល់​វគ្គ​ផ្តាច់ព្រ័ត្រ​បាន​ធ្វើការ​ណែនាំ​ក្រុម ដាក់​ផែនការអាជីវកម្ម​បង្ហាញ​ពី​គំរូ​ដើម​របស់​ពួកគេ និង​ឆ្លើយ​សំណួរ​ពិបាកៗ​ពី​ចៅក្រម​ដាក់ពិន្ទុ​មកពី​ក្រុមហ៊ុន AWS និង​គណៈ​គ្រប់គ្រង​ធនាគារ អ អេច ប៊ី (​ខេមបូឌា)​។

ធនាគារ អ អេច ប៊ី (ខេមបូឌា) ម.ក ត្រូវ​បាន​បង្កើតឡើង​នៅ​ខែ​កក្កដា ឆ្នាំ​ ២០០៨ បច្ចុប្បន្ន​មាន​ ១២ ​សាខា ដែល​កំពុង​ប្រតិបត្តិការ​នៅក្នុង​រាជធានី​ភ្នំពេញ និង​តាម​បណ្តា​ខេត្ត​។ ដើម្បី​បំពេញ​បន្ថែម​សេវាកម្ម​នៃ​សកម្មភាព​ធនាគារពាណិជ្ជ​របស់ខ្លួន ក្រុម​ការងារ​ធនាគារ អ អេច ប៊ី នៅ​កម្ពុជា​ក៏​ផ្តល់ជូន​ផងដែរ​នូវ​សេវាកម្ម​ធនាគារ​វិនិយោគ​។
ក្នុងនាម​ជា​ស្ថាប័នហិរញ្ញវត្ថុ​ដែល​ចាប់យក​គំនិត​ច្នៃប្រឌិត​ថ្មី ព្រឹត្តិការណ៍ Build On, Cambodia Hackathon កំពុង​ដើរតួ​យ៉ាងសំខាន់​នៅក្នុង​យុទ្ធសាស្ត្រ​ឌីជីថល​របស់​ធនាគារ អ អេច ប៊ី ខេមបូឌា។

«​ធនាគារ អ អេច ប៊ី (​ខេមបូឌា )​បានចាប់ផ្តើម​ដំណើរការ​ឌីជីថល​របស់​យើង​នៅក្នុង​ឆ្នាំ​ ២០២០ ដោយ​បង្កើត​សេវា​ធនាគារ Cambodia Digital Retail Bank (CDRB)​។ នេះ​ជា​ដំណើរ​រយៈពេល​ ៣ ​ឆ្នាំ ហើយ​ជាមួយនឹង​កម្មវិធី hackathon នេះ យើង​បាន​រកឃើញ​រួចហើយ​នូវ​អ្នកមាន​ទេពកោសល្យ​ឆ្នើមៗ​មួយចំនួន ដើម្បី​ចូលរួម​ជាមួយ​យើង​ក្នុង​ការអភិវឌ្ឍ CDRB បន្ថែម ដើម្បី​ធ្វើឱ្យ​វា​កាន់​តែមាន​ភាព​ច្នៃប្រឌិត​»​។

លោក Lim បន្ថែមថា​៖ «​ជាមួយ​នឹង​ព្រឹត្តិការណ៍​នេះ ធនាគារ អ អេច ប៊ី សង្ឃឹម​ថា​នឹង​ជួយ​ជំរុញ​អ្នក​ច្នៃប្រឌិត ហិរញ្ញវត្ថុ​ជំនាន់​ថ្មី ដើម្បី​បង្កើត​ទស្សនៈ​ដែល​អាច​ជួយ​ជំរុញ​ឱ្យ​ប្រទេស​កម្ពុជា​ចូល​ទៅក្នុង​ប្រព័ន្ធ​អេកូហិរញ្ញវត្ថុ ដែល​មនុស្ស​គ្រប់រូប​អាច​រីករាយ​ជាមួយ​ទីតាំង​ធនាគារ​នៅ​គ្រប់​ទីកន្លែង និង​គ្រប់ពេលវេលា​»​។

ហើយ​សម្រាប់​អ្នកឈ្នះ​រង្វាន់​ក្នុង​ព្រឹត្តិការណ៍ Build On, Cambodia Hackathon និង​អាច​បោះជំហាន​ទៅមុខ​ ១ ​កម្រិត​ទៀត​សម្រាប់​អាជីព​ជោគជ័យ​នាពេល​អនាគត​។

«​អ្នកឈ្នះ​ក៏​នឹង​ត្រូវបាន​អញ្ជើញ​ឱ្យ​ចូលរួម​ក្នុង​កម្មវិធី​ណែនាំ​រយៈពេល​ ៣ ​ខែ ពី​ក្រុមហ៊ុន AWS ដែល​ក្នុងនោះ​យើង​នឹង​ស្វែងយល់​អំពី​គំនិត​របស់​ពួកគេ ដើម្បី​អភិវឌ្ឍ​បន្ថែម​»​។

«​ទោះបីជា​ព្រឹត្តិការណ៍​នេះ​ត្រូវបាន​ធ្វើឡើង​តាម​អនឡាញ ប៉ុន្តែ​យើង​អាច​ដឹង​អំពី​សុទិដ្ឋិនិយម និង​ថាមពល​របស់​អ្នកចូលរួម ដូច្នេះ​សាក​ស្រមៃ​មើលថា​នឹងមាន​អ្វី​កើតឡើង ប្រសិនបើ​វា​ត្រូវបាន​ធ្វើឡើង​ដោយផ្ទាល់​»​។

លោក Lim បន្ថែមថា​៖ «​នេះ​ជា​មូលហេតុ​ដែល​យើង​រំភើប​រួចទៅហើយ ចំពោះ​ព្រឹត្តិការណ៍​នៅ​ឆ្នាំក្រោយ ចំពោះ​យុវជន​កម្ពុជា​ដែល​មាន​ទេពកោសល្យ​»៕

ព័ត៌មានថ្មីៗ