សាច់ត្រីទីឡាព្យ៉ាគុណភាពខ្ពស់ដែលផលិតដោយកសិដ្ឋានចិញ្ចឹមត្រី Cambodia Fresh Farm ដោយប្រើប្រាស់បច្ចេកទេសជប៉ុន គឺកំពុងទទួលបានកាគាំទ្រពីប្រជាជនខ្មែរ និងជនបរទេស ហើយក៏កំពុងទទួលបានការបញ្ជាទិញកាន់តែច្រើនពីអតិថិជនជាជនបរទេសផងដែរ។
កសិដ្ឋានចិញ្ចឹមត្រីដែលមានអាយុកាល ៥ ឆ្នាំនេះ ត្រូវបានបង្កើតឡើងដោយក្រុមហ៊ុន Rainbow Progress Enterprises Co Ltd មានទីតាំងស្ថិតនៅក្នុងស្រុកពញាឮ ខេត្តកណ្តាល ដែលមានការគាំទ្រផ្នែកហិរញ្ញវត្ថុពីជប៉ុន ហើយក៏ទទួលបានជំនួយបច្ចេកទេសពីទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន (JICA) ផងដែរ ដើម្បីផ្តល់ជំនាញនៅក្នុងការផលិតសាច់ត្រីទីឡាព្យ៉ាគុណភាពខ្ពស់ ដែលមានលក្ខណៈពាណិជ្ជកម្ម។
លោក ចាវ សួស្តី នាយកប្រតិបត្តិក្រុមហ៊ុន Rainbow progress enterprises co.,Ltd បានមានប្រសាសន៍ថា៖ «ដោយមើលឃើញពីកំណើននៃតម្រូវការត្រីទាំងក្នុង និងក្រៅប្រទេស ក្រុមហ៊ុន Rainbow Progress Enterprise ក៏បានសម្រេចបើកកសិដ្ឋានចិញ្ចឹមត្រីនេះឡើង»។
«មុនជំងឺកូវីដផ្ទុះឡើងគឺយើងអាចលក់សាច់ត្រីបានប្រមាណ ៥០០ ទៅ ៦០០ គីឡូក្រាមក្នុង ១ ខែ ដោយសារតែមានតម្រូវការខ្ពស់ពីអតិថិជនខ្មែរ និងបរទេស នៅតាមហាង ភោជនីយដ្ឋាន និងផ្សារទំនើបនានា។ ការលក់សាច់ត្រីរបស់យើងមានកំណើនជាលំដាប់ ដោយសារមានការគាំទ្រច្រើនពីសំណាក់អតិថិជន»។
លោក ចាវ សួស្តី ដែលជាសហគ្រិនវ័យ ៤០ ឆ្នាំមកពីខេត្តកណ្តាលរូបនេះ បានសិក្សាពីបច្ចេកទេសរៀបចំស្រះ ចិញ្ចឹមត្រីសាច់ បង្កាត់កូនត្រី ពីក្រសួងកសិកម្ម និងរដ្ឋបាលជលផល។ មិនត្រឹមតែប៉ុណ្ណោះលោកក៏បានទៅសិក្សាពីរបៀបកែច្នៃត្រីនៅប្រទេសជប៉ុនផងដែរ ខណៈជប៉ុនគឺជាប្រទេសមួយដែលនិយមបរិភោគត្រីដ៏ធំបំផុតមួយនៅក្នុងពិភពលោក។
សាច់ត្រីទីឡាព្យ៉ារបស់កសិដ្ឋានចិញ្ចឹមត្រី Cambodia Fresh Farm កំពុងទទួលបានប្រជាប្រិយភាពនៅក្នុងប្រទេសកម្ពុជា ជាកន្លែងដែលត្រីនៅតែជាអាហារដ៏សំខាន់ ខណៈប្រជាជនខ្មែរម្នាក់បរិភោគត្រីប្រមាណជាង ៣០ គីឡូក្រាមក្នុង ១ ឆ្នាំ។
បើយោងតាមរបាយការណ៍របស់ក្រសួងកសិកម្មបានឱ្យដឹងថាបរិមាណផលផលិតផលត្រីទឹកសាបមានចំនួន ៤១៣ ២០០ តោនកាលពីឆ្នាំមុន ហើយចំពោះផលវារីវប្បកម្មគឺមានចំនួន ៤០០ ៤០០ តោន ហើយបើយោងតាម អង្គការ JICA បានឱ្យដឹងថា ប្រជាជនកម្ពុជាប្រមាណ ៣០ ភាគរយពឹងផ្អែកលើជលផលសម្រាប់ទ្រទ្រង់ជីវភាពរស់នៅរបស់ពួកគេ គឺ ទី ២ បន្ទាប់ពីបាយ។
លោក Mitsuhiro Kubota ដែលជាប្រធានគ្រប់គ្រងទូទៅនៃក្រុមហ៊ុន Rainbow បានថ្លែងថា៖ «មូលហេតុដែលយើងជ្រើសរើសយកត្រីទីឡាព្យ៉ា ដោយសារតែមើលឃើញថា ត្រីទីឡាព្យ៉ាមានរសជាតិឆ្ងាញ់ដូចត្រីម្យ៉ាងដែលល្បីនៅក្នុងប្រទេសជប៉ុន ហើយដែលអាចនាំចេញទៅប្រទេសជប៉ុន និងប្រទេសផ្សេងទៀតបាន។ យើងជ្រើសរើសបង្កើតកសិដ្ឋានចិញ្ចឹមត្រីនៅខេត្តកណ្តាល ពីព្រោះវានៅជិតរាជធានីភ្នំពេញ ម្យ៉ាងទៀតវាមានប្រភពទឹកល្អ នៅជិតទន្លេ»។
«បច្ចុប្បន្នក្រុមហ៊ុនមានបុគ្គលិក និងកម្មករបម្រើការងារជិត ៤០ នាក់មានម៉ាស៊ីនបង្កក និងទឹកសម្លាប់មេរោគដែលនាំចូលមកពីប្រទេសជប៉ុន ដូច្នេះទើបធ្វើឱ្យសាច់ត្រីមានគុណភាព និងមានសុវត្ថិភាពខ្ពស់ រហូតដល់អាចបរិភោគឆៅបាន។ ក្រុមហ៊ុនក៏មានសេវាកម្មដឹកជញ្ជូនដល់គេហដ្ឋានរបស់អតិថិជនផងដែរ ដោយអតិថិជនអាចខលកុម្ម៉ង់តាមរយៈទូរស័ព្ទលេខ 012 81 13 43»។
លោក សួស្តី បានលើកឡើងថា៖ «បច្ចុប្បន្នកសិដ្ឋានរបស់យើងមានស្រះចិញ្ចឹមត្រីចំនួន ២០ ស្រះ និងស្រះសម្អាតទឹកចំនួនមួយ ដោយស្រះនីមួយៗមានទំហំប្រមាណ ៤០ ម x ៤០ ម ហើយស្រះនីមួយៗ គឺយើងចិញ្ចឹមកូនត្រីទីឡាព្យ៉ាប្រមាណ ១ ម៉ឺនក្បាល និងទទួលផលបានប្រមាណ ៣ តោនក្នុងស្រះនីមួយៗ»។
«កូនត្រីទីឡាព្យ៉ារបស់យើងគឺជាប្រភេទពូជត្រីក្នុងស្រុក ហើយចិញ្ចឹមរយៈពេល ៦ ខែគឺត្រីរបស់យើងអាចចាប់លក់បាន ដោយក្នុង ១ ក្បាលគឺមានទម្ងន់ចន្លោះពី ៥០០ ទៅ ៦០០ ក្រាម។ យើងមិនទុកឱ្យវាធំជាងនេះទេ ពីព្រោះបើវាធំពេកធ្វើឱ្យសាច់ត្រីមានខ្លាញ់ច្រើនពេក និងមានជាតិទឹកច្រើនពេក ដែលអាចធ្វើឱ្យសាច់ត្រីបាត់បង់រសជាតិ»។
«យើងធានាថា យើងមានត្រីគ្រប់គ្រាន់ដើម្បីបំពេញតាមតម្រូវការរបស់អតិថិជនជារៀងរាល់ថ្ងៃ។ មុនពេលយកត្រីទៅកែច្នៃយកសាច់ គឺយើងត្រូវចាប់ត្រីចេញពីស្រះ ហើយរក្សាទុកត្រីនៅក្នុងទឹកស្អាតរយៈពេល ៣ ថ្ងៃដើម្បីឱ្យបាត់ធុំក្លិនដី និងបាត់ធុំក្លិនចំណីត្រី»។
លោកសួស្តីបានបន្ថែមថា៖ «កសិដ្ឋានចិញ្ចឹមត្រី Cambodia Fresh Farm ចិញ្ចឹមតែត្រីទីឡាព្យ៉ា ១ មុខប៉ុណ្ណោះ ពីព្រោះវាក៏ជាពូជត្រីទឹកសាបដែលពេញនិយមនៅជប៉ុន និងអឺរ៉ុបដែរ ហើយគោលដៅរបស់យើងគឺចិញ្ចឹមត្រីនេះដើម្បីនាំចេញ គឺនាំចេញទៅប្រទេសជប៉ុន សហរដ្ឋអាមេរិក អូស្ត្រាលី និងអឺរ៉ុប ជាដើម»។
កសិដ្ឋានចិញ្ចឹមត្រីនៅស្រុកពញឮនេះក៏មានផលិតជាប្រហិតសាច់ត្រីផងដែរ ខណៈបំណែកផ្សេងៗនៃត្រីបន្ទាប់ពីពន្លះយកសាច់រួច គឺកិនធ្វើជាចំណីត្រី លក់ទៅឱ្យកសិដ្ឋានចិញ្ចឹមត្រីផ្សេងទៀត៕