ស- ១. តើ​លោក​ធ្វើការ​វាយតម្លៃ និង​យល់​យ៉ាងណា​ដែរ​ពី​សមិទ្ធផល​របស់ អម្រឹត រយៈពេល ៣០ ​ឆ្នាំ​មកនេះ​?

រយៈពេល​ ៣០ ​ឆ្នាំ​កន្លងមកនេះ អម្រឹត បាន​ជួយ​ជំរុញ​បរិយាប័ន្ន​ហិរញ្ញវត្ថុ តាមរយៈ​ការផ្តល់​សេវាកម្ម​ហិរញ្ញវត្ថុ​ដល់​អតិថិជន​ជាង ៥០០.០០០ ​នាក់ រាប់​ចាប់ពី​កសិករ​ដែល​មាន​ប្រាក់ចំណូល​ទាប​រហូត​ដល់​សហគ្រាស​ខ្នាតតូច​ និង​មធ្យម​ដែល​មិនអាច​ស្នើសុំ​កម្ចី​ពី​ធនាគារ ឬ​មិនមាន​គណនី​ធនាគារ​គិត​ចាប់តាំងពី​ឆ្នាំ​ ១៩៩១ មក​។


សមិទ្ធផល​ដ៏ធំ​បំផុត​របស់​យើង គឺ​មិនអាច​ត្រឹមតែ​វាស់​ស្ទង់​លើ​ចំនួន​អតិថិជន​ដែល​យើង​បាន​ផ្តល់​សេវាកម្ម​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​គឺ​សំដៅ​ទៅលើ​ការធ្វើឱ្យ​មាន​ភាពប្រសើរ​ឡើង​នៃ​ជីវភាព​អតិថិជន និង​សហគមន៍​។ អស់​រយៈពេល​ជាច្រើន​ឆ្នាំ​កន្លងមក​នេះ យើង​បន្ត​រីកចម្រើន​ជាមួយ​សហគមន៍​ដែល​យើង​បានផ្តល់​សេវាកម្ម​។ យើង​បាន​បង្កើត​ទំនាក់ទំនង​ប្រកប​ដោយ​ភាពជិតស្និទ្ធ​ជាមួយ​ការយកចិត្ត​ទុកដាក់​ក្នុង​ការបំពេញ​តាម​តម្រូវការ​ហិរញ្ញវត្ថុ​របស់​អតិថិជន​ប្រកប​ដោយ​ភាពទទួល​ខុសត្រូវ​ខ្ពស់បំផុត​។


បើ​ក្រឡេក​មើល​ចំនួន​អតិថិជន​របស់​យើង​សព្វថ្ងៃនេះ ៦៨ ​ភាគរយ​គឺជា​ស្ត្រី​។ យើង​ផ្តោតលើ​ការលើកកម្ពស់​ស្ត្រី​តាមរយៈ​សេវា​ហិរញ្ញវត្ថុ​ដោយ​ជឿជាក់​ថា​ជាមួយ​នឹង​ការទទួល​បាន​ហិរញ្ញវត្ថុ​បន្ថែម និង​គ្រប់គ្រាន់​គឺ​ធ្វើឱ្យ​ស្ត្រី​អាច​ចូលរួម​ចំណែក​កាន់តែច្រើន​ដល់​កំណើន​សេដ្ឋកិច្ច និង​សុខុមាលភាព​សហគមន៍​នៅ​កម្ពុជា​។ ក្នុងនោះ​ផងដែរ យើង​បាន​កសាង​កេរ្តិ៍ឈ្មោះ​របស់​យើង​ក្នុង​នាម​ជា​ស្ថាប័នហិរញ្ញវត្ថុ ដែលមាន​ការទទួល​ខុសត្រូវ​ខ្ពស់ និង​គួរឱ្យ​ទុកចិត្ត​បំផុត​មួយ​នៅក្នុង​ប្រទេស ដែលមាន​សាខា​ធ្វើ​ប្រតិបត្តិការ​ហិរញ្ញវត្ថុ​ចំនួន ១៥៨ ​ទូទាំង​ប្រទេស រួមទាំង​ការផ្តល់​សេវាកម្ម​ហិរញ្ញវត្ថុ​ទៅដល់​ផ្ទះ ឬ​ទីកន្លែង​របស់​អតិថិជន​ផ្ទាល់​ផងដែរ​។


ស- ២. ​តើ អម្រឹត មាន​ការផ្លាស់ប្តូរ​យ៉ាង​ដូចម្តេចខ្លះ​ក្នុង​រយៈពេល​ ៣០ ​ឆ្នាំ​កន្លង​មក​នេះ​?


អម្រឹត បាន​រីកចម្រើន​ពី​គម្រោង​ឥណទាន​ខ្នាតតូច​ដែល​ផ្តួចផ្តើម​ដោយ​អង្គការ​បារាំង​មួយ​ក្នុង​គោលបំណង​ចម្បង ជួយ​ពន្លឿន​បរិយាប័ន្ន​ហិរញ្ញវត្ថុ​នៅក្នុង​ប្រទេស​កម្ពុជា​ផ្តោត​ពិសេស​ទៅលើ​កសិករ​។ ជាមួយនឹង​ចក្ខុ​វិស័យនេះ យើង​បាន​ចូលក្នុង​ទីផ្សារ​ជាមួយ​នឹង​ផលិតផល​តែមួយគត់​គឺ កម្ចី​ជា​ក្រុម (group loan) ​ដើម្បី​ឆ្លើយតប​នឹង​តម្រូវការ​របស់​កសិក​រហើយ​ចំនួន​ប្រាក់កម្ចី​ធំ​បំផុត​ពេលនោះ​គឺ​ត្រឹមតែ​ ១០០ ​ដុល្លារ​ប៉ុណ្ណោះ​។


អម្រឹត បានធ្វើ​ដំណើរ​ដ៏វែងឆ្ងាយ ដោយ​អតិថិជន​អាច​ទទួលបាន​ផលិតផល​ដ៏ទូលំទូលាយ​រាប់​ចាប់តាំងពី​ការផ្តល់​ឥណទាន​ខ្នាតតូច​បំផុត គណនី​សន្សំ កម្ចី ការផ្ទេរ​ប្រាក់ ការទូទាត់​វិក្កយបត្រ ធានារ៉ាប់រង រហូតដល់​បណ្តាញ​ចែកចាយ​ជាច្រើន​ទៀត ដូចជា​ម៉ាស៊ីន​អេធីអឹម (ATM) សេវាកម្ម​ហិរញ្ញវត្ថុ​ដល់​ទីកន្លែង និង​ធនាគារ​ចល័ត​។ ចាប់តាំងពី​ឆ្នាំ​ ២០១៥ អម្រឹត បាន​ក្លាយជា​បុត្រសម្ព័ន្ធ​ពេញលេញ​របស់ Advans ​ជា​ស្ថាប័ន​មីក្រូហិរញ្ញវត្ថុ​អន្តរជាតិ​មួយ ដែល​មាន​វត្តមាន​នៅក្នុង​ប្រទេស​ចំនួន​ ៩ លើ​ពិភពលោក​។

យុទ្ធសាស្ត្រ​របស់​យើង​ក៏បាន​វិវឌ្ឍ​ទៅ​តាម​យុគឌីជីថល​ និង​តម្រូវការ​អ្នកប្រើប្រាស់​ក្នុង​សម័យ​ទំនើប​នេះ​ផងដែរ​។ ​អម្រឹត បាន​វិនិយោគ​យ៉ាងច្រើន​ទៅលើ​ហេដ្ឋារចនាសម្ព័ន្ធ​ព័ត៌មានវិទ្យា ដោយ​បាន​ផ្លាស់ប្តូរ​ប្រតិបត្តិការ​អាជីវកម្ម​របស់​យើង ដើម្បី​ផ្តល់ជូន​នូវ​សេវាកម្ម​ធនាគារ​ប្រកប​ដោយ​ភាពរលូន​ដល់​អតិថិជន​។

រយៈពេល​ ៣០ ​ឆ្នាំ​មក​ទល់​ពេល​នេះ យើង​បាន​ក្លាយជា​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ទទួល​ប្រាក់​បញ្ញើ (MDI) និង​ជា​ស្ថាប័នហិរញ្ញវត្ថុ​ដ៏រឹងមាំ​មួយ ដែល​ផ្តោត​សំខាន់​លើ​អតិថិជន​។ ​ក្នុងនោះ អម្រឹត មាន​ទ្រព្យ​សកម្ម​សរុប​ជាង ១,២ ​ពាន់​លាន​ដុល្លារ​។

ស- ៣. តើ​អ្វីដែល​ធ្វើឱ្យ អម្រឹត ក្លាយជា​គ្រឹះស្ថាន​ហិរញ្ញវត្ថុ​ដ៏ឆ្នើម​មួយ​?

ទស្សនវិស័យ​របស់ អម្រឹត គឺ​តែងតែ​ផ្តោតលើ​អតិថិជន​ហើយ​វា​ត្រូវ​បានបង្ហាញ​យ៉ាងច្បាស់​នៅក្នុង​ពាក្យស្លោក​របស់ អម្រឹត «​តែងតែ​នៅ​ជាមួយ​អ្នក ដើម្បី​អ្នក​»​។ ពាក្យស្លោក​នេះ​មាន​លក្ខណៈសាមញ្ញ គឺ​ផ្តោត​ការយកចិត្ត​ទុកដាក់​លើ​អតិថិជន​សំខាន់​ទី​ ១ និង​បង្កើត​ទំនាក់ទំនង​ដែល​គួរឱ្យ​ជឿទុកចិត្ត​។

ប្រតិបត្តិការ​របស់​អតិថិជន​គឺ​មិន​ដែល​ត្រូវបាន​ចាត់ទុកជា​អាជីវកម្ម​ទេ សម្រាប់​យើង​តែងតែ​ចាត់ទុក​វា​ជា​ការទំនាក់ទំនង​ដ៏ជិតស្និទ្ធ​មួយ ដែល​បានបង្ហាញ​ពី​ទំនុកចិត្ត​របស់ អម្រឹត​។ នេះ​គឺជា DNA របស់ អម្រឹត ហើយ​នេះ​ជា​ហេតុផល​ដែល​អតិថិជន​ផ្តល់​តម្លៃ​ខ្ពស់​ដល់​ទំនាក់ទំនង​របស់​យើង​ជាមួយ​ពួកគេ​។ អតិថិជន​ជឿជាក់​ថា​យើង​មាន​សុចរិតភាព ហើយ​មាន​អារម្មណ៍​ថា​ពួកគេ​ត្រូវបាន​គេ​ចាត់ទុក​ជា​មិត្តភក្តិ ឬ​ជា​ដៃគូ​អាជីវកម្ម​ដ៏ល្អ​។ យើង​តែងតែ​កែលម្អ​សេវាកម្ម ដើម្បី​ឆ្លើយតប​ទៅ​នឹង​តម្រូវការ​ផ្លាស់ប្តូរ​នៃ​អតិថិជន​ក្នុង​នាម​ជា​អ្នកផ្តល់​សេវាកម្ម​មួយ​។

ស- ៤. តើ​ជំងឺ​កូវីដ​ ១៩ បាន​ផ្លាស់ប្តូរ​អាជីវកម្ម និង​បេសកកម្ម​របស់ អម្រឹត ដែរ​ឬ​ទេ​ក្នុងពេល​ថ្មីៗ​នេះ​?

ជំងឺ​រាតត្បាត​នេះ​មិន​បាន​ផ្លាស់ប្តូរ​បេសកកម្ម​របស់​យើង​ចំពោះ​អតិថិជន និង​សហគមន៍​ដែល​យើង​ផ្តល់​សេវាកម្ម​នោះឡើយ​។ ចាប់តាំងពី​វិបត្តិ​ជំងឺ​រាតត្បាត​នេះ​ចាប់ផ្តើម យើង​បាន​ដាក់ចេញ​នូវ​ដំណោះស្រាយ​ជាច្រើន​ ដើម្បី​គាំទ្រ​អតិថិជន​ដែល​រង​ផលប៉ះពាល់​ ដោយ​ជំងឺ​រាតត្បាត​សកល​នេះ​។ អាទិភាព​ខ្ពស់បំផុត​របស់​យើង​នៅក្នុង​រយៈពេល​នេះ​គឺ​ធានា​សុវត្ថិភាព​ដល់​អតិថិជន និង​បុគ្គលិក​របស់​យើង​។

យើង​អាច​គ្រប់គ្រង​ស្ថានភាព និង​ទំនាក់ទំនង​អាជីវកម្ម​កាន់តែ​ស៊ីជម្រៅ​ជាមួយ​អតិថិជន​ទាំងឡាយ​ដែល​កំពុង​ស្ថិតនៅ​ក្នុងស្ថានភាព​លំបាក​ផ្នែក​ហិរញ្ញវត្ថុ និង​ពិចារណា​ពី​ផលលំបាក​ផ្នែក​ហិរញ្ញវត្ថុ​របស់​ពួកគេ​ក្នុង​អំឡុងពេល​វិបត្តិ​នេះ ដោយ​យើង​បាន​កែសម្រួល​ការទូទាត់​សង​ប្រាក់​ត្រឡប់​របស់​ពួកគេ តាមរយៈ​គោលនយោបាយ​សកម្ម​ផ្សេងៗ​ដើម្បី​ផ្តល់​ពេលវេលា​អនុគ្រោះ​ក្នុង​គោលបំណង​ជួយ​រក្សា​អាជីវកម្ម និង​ទ្រទ្រង់​ជីវភាព​រស់នៅ​របស់​ពួកគេ​។

នៅ​ចំពោះមុខ​បញ្ហា​ប្រឈម​ដែល​មិន​ធ្លាប់មាន​នេះ យើង​នៅតែ​បន្ត​ផ្តោត​ការយកចិត្ត​ទុកដាក់​ក្នុង​ការជួយ​ដល់​អតិថិជន​របស់​យើង ឱ្យ​ងើប​ឡើងវិញ​ពី​ផលប៉ះពាល់​នៃ​ជំងឺ​កូវីដ​ ១៩ ​នេះ​។ ​ខ្ញុំ​មាន​មោទនភាព​ណាស់ ដែល អម្រឹត គឺជា​គ្រឹះស្ថាន​ទទួល​ប្រាក់​បញ្ញើ (MDI) នៅក្នុង​ប្រទេស​កម្ពុជា​ដែល​បន្ត​ទទួលបាន​វិញ្ញាបនបត្រ​គោលការណ៍​ការពារ​អតិថិជន​ (Client Protection Principles) ​ដែលមាន​ការបញ្ជាក់​ពី​ Smart Campaign នៅក្នុង​អំឡុងពេល​វិបត្តិ​នេះ​កាលពី​ខែធ្នូ ឆ្នាំ​ ២០២០​។ ជាមួយ​គ្នា​នេះដែរ យើង​កំពុង​កែសម្រួល​វិធី​ធ្វើ​ប្រតិបត្តិការ​អាជីវកម្ម​របស់​យើង​ ដើម្បី​ជំរុញ​ប្រសិទ្ធភាព​ និង​ភាពរឹងមាំ​ឱ្យ​កាន់តែ​ខ្ពស់​ ដើម្បី​សម្រប និង​ទប់ទល់​ពី​ការរំខាន​ផ្សេងៗ​ដែល​អាច​ប៉ះពាល់​ដល់​អាជីវកម្ម​។

ស- ៥. តើ​លោក​នឹង​សម្លឹង​ឃើញ​យ៉ាងដូចម្តេច​ពី​ចក្ខុវិស័យ និង​ដំណើរ​របស់ អម្រឹត នាពេល​អនាគត​?

អម្រឹត នឹង​នៅតែ​បន្ត​ចក្ខុវិស័យ និង​បន្តដំណើរ​ប្រកប​ដោយ​ចីរភាព​ឆ្ពោះ​ទៅ​មុខ​ជានិច្ច ក្នុង​នាម​ជា​ស្ថាប័ន​មួយ​ដែល​មាន​ភាពរឹងមាំ​ផ្នែក​ហិរញ្ញវត្ថុ និង​បន្ត​ប្តេជ្ញាចិត្ត​បម្រើសេវា​អតិថិជន​ប្រកប​ដោយ​ការទទួល​ខុសត្រូវ​។

ទោះបី​មាន​ការគំរាមកំហែង និង​ផលប៉ះពាល់​ជា​បន្តបន្ទាប់​ដោយ​វិបត្តិ​ជំងឺ​កូវីដ​ ១៩ ប៉ុន្តែ​នៅមាន​អ្វីៗ​ជាច្រើន​ទៀត​ដែល​យើង​នៅតែ​បន្ត​ត្រូវធ្វើ​។ យើង​បាន​ប្តេជ្ញា​ដើរតួនាទី​យ៉ាងសំខាន់​ក្នុង​ការគាំទ្រ​ដល់​ការ​ស្តារឡើងវិញ​នៃ​សេវាកម្ម ការបម្រើ​អតិថិជន​ឱ្យ​កាន់តែ​ប្រសើរ តាមរយៈ​បណ្តាញ​ចែកចាយ​នៃ​ផលិតផល​ផ្សេងៗ​ជាច្រើន​របស់​យើង​។

យើង​នឹង​បន្ត​ធ្វើការ​ជាមួយ​ដៃគូ​របស់​យើង​ ដើម្បី​បន្ត​ពង្រីក​សេវាកម្ម​ហិរញ្ញវត្ថុ​ប្រកប​ដោយ​ទំនួល​ខុសត្រូវ នៅក្នុង​ប្រទេស​កម្ពុជា និង​ចូលរួមចំណែក​កសាង​សហគមន៍​ដែល​យើង​បានផ្តល់​សេវាកម្ម​។

ស- ៦. ភ្ជាប់​ជាមួយ​ការប្រារព្ធ​ខួប​នេះ តើ​លោក​មាន​សារ​អ្វី​ក្នុង​ការចែករំលែក​?

ខណៈ​ដែល អម្រឹត ប្រារព្ធ​ខួប​លើក​ទី​ ៣០ ​ឆ្នាំ​ក្នុង​ឆ្នាំ​ ២០២១ ​នេះ តំណាងឱ្យ អម្រឹត ខ្ញុំ​សូម​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​បំផុត​ចំពោះ​អ្នក​គ្រប់គ្នា ទាំង​បុគ្គលិក​កំពុង​បម្រើ​ការងារ​បច្ចុប្បន្ន និង​បុគ្គលិក​ចូលនិវត្តន៍ ដែល​បាន​ចូលរួមចំណែក​ក្នុង​ភាពជោគជ័យ​របស់ អម្រឹត ក្នុង​រយៈពេល​ ៣០ ​ឆ្នាំ​កន្លងមកនេះ​។ ឆ្លៀត​ក្នុង​ឱកាស​នេះ ខ្ញុំ​សូម​ថ្លែងអំណរគុណ​ចំពោះ​ក្រុមប្រឹក្សាភិបាល និង​ម្ចាស់​ភាគហ៊ុន​ទាំងអស់​ចំពោះ​ការណែនាំ និង​ដាក់ចេញ​នូវ​ទិសដៅ​ដ៏មាន​តម្លៃ​។

ខ្ញុំ​ក៏​សូម​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ​ការចូលរួម​ចំណែក​របស់​ដៃគូ​អាជីវកម្ម​របស់​យើង រដ្ឋាភិបាល និង​អាជ្ញាធរ ព្រមទាំង​អតិថិជន​របស់​យើង​ទាំងអស់​។ យើង​ពិតជា​មាន​មោទនភាព​ណាស់ ក្នុង​ការរួមចំណែក​ដល់​សេដ្ឋកិច្ច​ក្នុង​ស្រុក និង​គាំទ្រ​សហគមន៍​របស់​យើង​ឱ្យ​កាន់តែ​រីកចម្រើន​៕