លោក កែវ ភារិន ប្រធាន​ផ្នែក បច្ចេកវិទ្យា​របស់​ក្រុមហ៊ុន LASTMILE WORKS Cambodia កំពុង​ជំរុញ​ឱ្យ​ក្លាយជា​ការពិត​នូវ​ចក្ខុវិស័យ​ឌីជីថល Virtual Reality (VR) របស់​ក្រុមហ៊ុន​លោក​ ដើម្បី​ផ្លាស់ប្តូរ​ប្រព័ន្ធ​អេកូ​អាជីវកម្ម​របស់​ព្រះរាជាណាចក្រ​កម្ពុជា។


ដោយមាន​ការជួយ​គាំទ្រ​ពី​ក្រុមការងារ​របស់លោក​ទាំង​ជនជាតិខ្មែរ​ និង​ជប៉ុន​ដ៏​មាន​ទេពកោសល្យ លោក ភារិន វ័យ ២៩ ឆ្នាំ គឺ​កំពុង​បង្កើត​កម្លាំង​ការងារ​នៅក្នុង​បច្ចេកវិទ្យា​ឌីជីថល Virtual Reality (VR) ខណៈពេល​ដែល​តម្រូវការ​អ្នកជំនាញ​បច្ចេកវិទ្យា​មួយ​នេះ​កំពុង​កើនឡើង​នៅលើ​ទីផ្សារ​ក្នុងស្រុក និង​ក្រៅប្រទេស។


«គោលដៅ​សំខាន់​របស់​យើង​គឺ​លើកទឹកចិត្ត​យុវជន​ជំនាន់​ក្រោយ ដែល​ស្រលាញ់​បច្ចេកវិទ្យា​ឱ្យ​ស្វែងយល់​បន្ថែម​អំពី​វិស័យនេះ និង​មើល​ការផ្លាស់ប្តូរ​ដែល​កំពុង​កើតឡើង​នៅក្នុង​ប្រទេស​កម្ពុជា»។


លោក ភារិន បាន​បន្ថែមថា៖ «ជាមួយ​អ្នកប្រើប្រាស់​ទូរស័ព្ទដៃ​ប្រមាណ ២៣ លាន​នាក់​ដោយ​មិន​រាប់បញ្ចូល​អ្នកប្រើប្រាស់​កុំព្យូទ័រ នោះ​ប្រទេស​កម្ពុជា​នឹង​ក្លាយជា​មណ្ឌល​បច្ចេកវិទ្យា​ដ៏សំខាន់ និង​មាន​សក្តានុពល​មួយ​សម្រាប់​ពេលអនាគត ហើយ​គោលដៅ​មួយ​របស់​ក្រុមហ៊ុន LASTMILE WORKS គឺ​បណ្តុះបណ្តាល​ធនធាន​មនុស្ស​ប្រកប ដោយ​គុណភាព​ខ្ពស់​សម្រាប់​ឧស្សាហកម្ម​បច្ចេកវិទ្យា​នេះ»។


បច្ចេកវិទ្យា​កំពុង​ដើរតួនាទី​ឈានមុខ​យ៉ាងសកម្ម​ក្នុង​ការផ្លាស់ប្តូរ​របៀប​រស់នៅ នឹង​របៀប​ធ្វើការ​របស់​យើង​គ្រប់គ្នា ជាពិសេស​នៅក្នុង​អំឡុងពេល​នៃ​ការរីក​រាលដាល​យ៉ាងគំហុក​នៃ​មេរោគ​កូវីដ១៩។ ក្នុងឋានៈ​ជា​ប្រធាន​ផ្នែក​បច្ចេកវិទ្យា លោក កែវ ភារិន និង​ក្រុមការងារ​បាន​ខិតខំ​យ៉ាងខ្លាំង​ក្នុង​ការបង្កើត​នូវ​បច្ចេកវិទ្យា​ថ្មីៗ​ដើម្បី​សម្រួល​ដល់​ការប្រាស្រ័យ​ទាក់ទង​គ្នា​ឱ្យបាន​រហ័ស និង​ងាយស្រួល​ជាង​មុន ធ្វើយ៉ាងណា​កាត់បន្ថយ​ការជួប​ផ្ទាល់។ ជា​លទ្ធផល​ក្រុមហ៊ុន​បាន​បង្កើត​កម្មវិធី​មួយ ឈ្មោះថា Comony ដែល​កម្មវិធី​អាចឱ្យ​យើង​ជួបជុំគ្នា​ដូច​ធម្មតា​នៅតាម​ទីតាំងផ្សេងៗ ដែល​យើង​ចង់បាន​តាមរយៈ Virtual Reality ទូរស័ព្ទ ឬ កុំព្យូទ័។


ក្រោយពី​បាន​ចូល​បម្រើ​ការងារ​នៅ​ចុងឆ្នាំ ២០១៦ លោក កែវ ភារិន ក៏បាន​ចាប់ផ្តើម​ស្គាល់​បច្ចេកវិទ្យា Virtual Reality ជា​លើកដំបូង។ ក្នុង​រយៈពេល​នេះ លោក​បាន​ខិតខំ​ប្រឹងប្រែង​យ៉ាងខ្លាំង គួបផ្សំ​ជាមួយ​ការជួយ​ជ្រោមជ្រែង​ពី​ស្ថាបនិក និង​ជា​អគ្គនាយ​ក្រុមហ៊ុន LASTMILE WORKS លោក Yu Kobayashi លោក​ក៏បាន​សម្រេច​នូវ​សមិទ្ធផល​ជាច្រើន​សម្រាប់​ភ្ញៀវ​ក្នុងស្រុក និង​ក្រៅប្រទេស ហើយ​លោក​ក៏ត្រូវ​បាន​តែងតាំង​ជា​នាយក​ផ្នែក​បច្ចេកវិទ្យា ប្រចាំ​ក្រុមហ៊ុន LASTMILE WORKS Cambodia។

នៅក្នុង​ប្រតិបត្តិការ​អស់​រយៈពេល​ជាង ៦ ឆ្នាំ​មកនេះ ក្រុមហ៊ុន LASTMILE WORKS គឺជា​ក្រុមហ៊ុន​បច្ចេកវិទ្យា​របស់​ជប៉ុន ឯកទេស​ខាង​បច្ចេកវិទ្យា​ការពិត​និម្មិត (Virtual Reality) សម្រាប់​ការអភិវឌ្ឍ​ឧស្សាហកម្ម​អចលនទ្រព្យ ដែល​អ្នកជំនាញ IT ជប៉ុន និង​កម្ពុជា បាន​រួមគ្នា​ផ្តល់នូវ​សេវាកម្ម​ឌីជីថល​ល្អ​បំផុត សម្រាប់​អតិថិជន។

បុគ្គលិក​ប្រចាំ​ប្រទេស​កម្ពុជា​ប្រមាណ ៦៥ នាក់​កំពុង​បម្រើ​ការងារ​នៅ​ទីស្នាក់ការ​កណ្តាល​របស់​ក្រុមហ៊ុន LASTMILE WORKS ក្នុង​រាជធានី​ភ្នំពេញ ហើយ​ក្រុមហ៊ុន​ក៏មាន​ការិយាល័យ​នៅ​ប្រទេស​ជប៉ុន និង​ប្រទេស​វៀតណាម​ផងដែរ។

បន្ទាប់ពី​បញ្ចប់​ការសិក្សា​ផ្នែក​គ្រប់គ្រង​ធនធានមនុស្ស​ពី​សាកល​វិទ្យាល័យ​អាស៊ី​អឺរ៉ុប​ក្នុង​រាជធានី​ភ្នំពេញ លោក ភារិន បាន​បន្ថែម​ការសិក្សា​មុខវិជ្ជា​មួយទៀត​គឺ​ការគ្រប់គ្រង​ប្រព័ន្ធ​ព័ត៌មានវិទ្យា​ពី​វិទ្យាស្ថាន ស៊ីតិក រយៈពេល ២ ឆ្នាំ ដើម្បី​ពង្រឹងសមត្ថភាព​របស់​លោក​បន្ថែម​នៅក្នុង​វិស័យ​បច្ចេកវិទ្យា​ឌីជីថល ដែល​វិស័យនេះ​ជួយ​ជំរុញ​ការផ្លាស់ប្តូរ​យ៉ាងខ្លាំង ក្នុង​វិស័យ E-Commerce ទាំង​នៅក្នុង​ស្រុក និង​ក្រៅប្រទេស ។

ជំនាញ​របស់​លោក​ ភារិន ​គឺ​អភិវឌ្ឍ​បច្ចេកវិទ្យា VR ដែល​លោក​ចូលរួម​នៅក្នុង​ការបង្កើត​កម្មវិធី (VR Applications) ដោយ​ភាគច្រើន​គឺ​សម្រាប់​អតិថិជន​ក្នុង​វិស័យ​អចលនទ្រព្យ ដែល​អាចបង្កើត​ផ្ទះ​ឬ អគារ​ជា​លក្ខណៈ 3D។ អ្នកប្រើប្រាស់​អាច​ប្រើ​ឧបករណ៍ VR ដើម្បី​ចូលទៅ​កាន់​ផ្ទះ ឬ អគារ​ពិភព​និម្មិត 3D នោះ​បាន​ពី​គ្រប់​ទីកន្លែង ជាពិសេស​ក្នុងអំឡុងពេល​នៃ​ការផ្ទុះ​ឡើង​ជំងឺ​កូវីដ ១៩។

«ក្រៅពី​តួនាទី​សំខាន់​របស់ខ្ញុំ​ក្នុង​នាម​ជា​អ្នក​អភិវឌ្ឍន៍​កម្មវិធី VR ខ្ញុំ​ក៏​ចូលរួម​នៅក្នុង​ផ្នែក​ស្រាវជ្រាវ​ និង​អភិវឌ្ឍន៍ ជាមួយ​ក្រុមការងារ​របស់​ខ្ញុំ​ដែលជា​ជនជាតិខ្មែរ​ និង​ជប៉ុន។ ភារកិច្ច​ចម្បង​ផ្សេងទៀត​របស់ខ្ញុំ រួមមាន​ក្នុង​ការដឹកនាំ​ក្រុម ដើម្បី​សម្រេច​គម្រោង​ប្រកប​ដោយ​ប្រសិទ្ធភាព សម្រាប់​អតិថិជន​របស់​យើង​ឱ្យបាន​ជោគជ័យ»។

លោក​ ភារិន បាន​បន្ថែមថា៖ «ខ្ញុំ​ក៏​ជួយ​បណ្តុះបណ្តាល​មិត្ត​រួម​ការងារ​នូវ​បច្ចេកវិទ្យា VR នេះ ហើយ​ខ្ញុំ​ក៏ត្រូវ​តាមដាន​និង​ពិនិត្យមើល​ការវិវឌ្ឍថ្មីៗ ដើម្បី​តាម​ឱ្យទាន់​នូវ​បច្ចេកវិទ្យា​ដែល​កំពុងមាន​ការផ្លាស់ប្តូរ​យ៉ាង​ឆាប់រហ័ស​នៅពេល​ខាងមុខនេះ»។

ការផ្លាស់ប្តូរ​បច្ចេកវិទ្យា​ឌីជីថល​នៅ​កម្ពុជា កំពុង​ប្រព្រឹត្តទៅ​យ៉ាង​រលូន​ក្នុង​នោះគេ​ឃើញ​ធនាគារ ស្ថាប័ន ហិរញ្ញវត្ថុ និង​សហគ្រាស​ធុន​តូច និង​មធ្យម កំពុង​ប្រើប្រាស់​ឧបករណ៍​បច្ចេកវិទ្យា ដោយ​ចាប់យក​ការធ្វើ​ទំនើបកម្ម​ឌីជីថល ដើម្បី​បង្កើន​ផលិតភាព ផ្តល់​ភាពងាយស្រួល​ដល់​អតិថិជន​ក៏ដូចជា​ជួយ​កាត់បន្ថយ​ចំណាយ​ប្រតិបត្តិការ​ជាដើម។

លោក ភារិន បាន​លើកឡើងថា ជាមួយ​នឹង​ការផ្លាស់ប្តូរ​នេះ វា​ត្រូវបាន​ពន្លឿន​យ៉ាង​ឆាប់រហ័ស ខណៈពេល​ដែល​ជំងឺ​កូវីដ ១៩ ផ្ទុះឡើង ដែល​មាន​តម្រូវការ​អ្នកជំនាញ​ក្នុង​វិស័យ​ព័ត៌មានវិទ្យា​កាន់តែច្រើន ប៉ុន្តែ​ទោះបី​មាន​អ្នកមាន​ទេពកោសល្យ​នៅក្នុង​ស្រុក​ក្តី ក៏​កង្វះ​ការបណ្តុះបណ្តាល នៅតែ​ជា​បញ្ហា​ចោទ​ដដែល។

«ពិតណាស់ ទីផ្សារ​កម្ពុជា​គឺមាន​សក្តានុពល​យ៉ាងខ្លាំង​ក្លា ដោយសារ​តម្រូវការ​សម្រាប់​គម្រោង​ក្នុងស្រុក និង​ការងារ​កំពុង​កើនឡើង នេះហើយ​ជា​មូលហេតុ​ដែល​យើង​ត្រូវការ​អ្នក​ដែលមាន​ជំនាញ​ផ្នែក Game Engine ផ្នែក CAD ជំនាញ​រចនា 3D និង Adobe Photoshop។ ប៉ុន្តែ​ដោយសារតែ​កង្វះ​ធនធានមនុស្ស​បច្ចុប្បន្ន ការងារ​មួយចំនួន​ត្រូវបាន ហូរ​ទៅ​ក្រៅប្រទេស»។

«ដូច្នេះ​គោលដៅ​ចម្បង​របស់​យើង គឺ​មិនមែន​ត្រឹមតែ​ឱ្យ​យុវជន​យើង​បានដឹង និង​មើល​ឃើញតែ​ប៉ុណ្នឹង​ទេ គឺ​ចង់ឱ្យ​ពួកគាត់​មាន​ចំណង់​ចំណូលចិត្ត ចំពោះ​បច្ចេកវិទ្យា ហើយ​ចូលរួម និង​សិក្សា​រៀនសូត្រ ដើម្បី​បង្កើត​អ្វីៗ​ដែល​ថ្មី ដែល​កំពុងមាន​តម្រូវការ​ក្នុង​ទីផ្សា ខណៈ​ក្រុមហ៊ុន LASTMILE WORKS បាន​ខិតខំ​ប្រឹងប្រែង​យ៉ាងខ្លាំង ដើម្បី​ផ្តល់ឱ្យ​យុវជន​នូវ​ជំនាញ​ពិត​ក្នុងសម័យ​ទំនើប​នេះ»។

លោក ភារិន បាន​មានប្រសាសន៍​ថា៖ «បំណងប្រាថ្នា​របស់ខ្ញុំ និង​ចក្ខុវិស័យ​របស់លោក Yu Kobayashi គឺ​ចង់​ធ្វើឱ្យ​ប្រទេស​កម្ពុជា​ក្លាយជា​មជ្ឈមណ្ឌល​ឌីជីថល ដែល​បង្កើត​បច្ចេកវិទ្យា VR សម្រាប់​ពិភពលោក​ទាំងមូល»៕

វីដេអូ៖