ភ្នំពេញៈ ការប្រមូល​ពន្ធ​លើ​អចលនទ្រព្យ និង​/​ឬ ពន្ធ​លើដី​ធ្លី​មិនបាន​ប្រើប្រាស់​សម្រាប់​ឆ្នាំ​ ២០២១ នឹងត្រូវ​បិទ​បញ្ចប់​នៅក្នុង​ដំណាច់​ខែកញ្ញា​។ នេះ​បើ​យោងតាម​សេចក្តី​ជូនដំណឹង​របស់​អគ្គនាយកដ្ឋាន​ពន្ធដារ​។

លិខិត​ចុះ​កាលបរិច្ឆេទ​ថ្ងៃទី​ ៨ ខែ មិថុនា ឆ្នាំ​​ ២០២១ របស់​អគ្គនាយកដ្ឋាន​ពន្ធដារ ស្តីពី​ការរំឭក​ការប្រកាស​បង់ពន្ធ​លើ​អចលនទ្រព្យ និង​/​ឬ ពន្ធ​លើដី​ធ្លី​មិនបាន​ប្រើប្រាស់ សម្រាប់​ឆ្នាំ​ ២០២១ ឱ្យដឹងថា អគ្គនាយកដ្ឋាន​ពន្ធដារ​សូម​ជូនដំណឹង​ដល់​ម្ចាស់​អចលនទ្រព្យ​ទាំងអស់ ដែល​ស្ថិត​នៅ​រាជធានី​ភ្នំពេញ និង​នៅតាម​បណ្តា​ខេត្ត​ទាំងអស់​ឱ្យ​បាន​ជ្រាបថា អនុលោម​តាម​ប្រកាស​លេខ ៤៩៣ សហវ.ប្រក ចុះ​ថ្ងៃទី​ ១៩ ខែកក្កដា ឆ្នាំ​ ២០១០ ស្តីពី​ការប្រមូល​ពន្ធ​លើ​អចលនទ្រព្យ និង​ប្រកាស​លេខ ២២៤ ប្រក.សហវ.ពដ ចុះ​ថ្ងៃទី​ ០៥ ខែ កក្កដា ឆ្នាំ​ ១៩៩៦ ស្តីពី​ការប្រមូល​ពន្ធ​លើ​ដីធ្លី​មិនបាន​ប្រើប្រាស់ ការបង់ពន្ធ​លើ​អចលនទ្រព្យ និង​ការបង់ពន្ធ​លើ​ដីធ្លី​មិន​បាន​ប្រើប្រាស់ សម្រាប់​ឆ្នាំ​ ២០២១ នឹងត្រូវ​បិទ​បញ្ចប់​នៅ​ចុងខែ​កញ្ញា ឆ្នាំ​ខាងមុខ​។


លិខិត​បាន​បន្តថា រហូត​មកទល់​ពេលនេះ អគ្គនាយកដ្ឋាន​ពន្ធដារ​សង្កេតឃើញ​ថា មាន​ម្ចាស់​អចលនទ្រព្យ​មួយចំនួន​នៅ​មិនទាន់​បាន​បំពេញ​កាតព្វកិច្ច​ប្រកាស​បង់ពន្ធ​ប្រភេទ​ទាំងនេះ​នៅឡើយ​។ ដូចនេះ ដើម្បី​ជំរុញ​ការប្រមូល​ពន្ធ​លើ​អចលនទ្រព្យ និង​/ ឬ ពន្ធ​លើដី​ធ្លី​មិនបាន​ប្រើប្រាស់​សម្រាប់​ឆ្នាំ​ ២០២១ ​នេះ​បាន​អស់​លទ្ធភាព​ប្រកប​ដោយ​ប្រសិទ្ធភាព​ខ្ពស់ និង​ចៀសវាង​បាន​នូវ​ការកកស្ទះ ការប្រជ្រៀត​គ្នា​មក​ប្រកាស​បង់ពន្ធ​នៅ​ថ្ងៃ​ជិត​ផុតកំណត់ ដែល​អាច​នាំឱ្យ​មាន​បាតុភាព​អសកម្ម​ដោយ​ប្រការ​ណាមួយ អគ្គនាយកដ្ឋាន​ពន្ធដារ​សូម​រំឭក​ដល់​ម្ចាស់​អចលនទ្រព្យ​ទាំងអស់ ដែល​មិនទាន់​បាន​បំពេញ កាតព្វកិច្ច​បង់ពន្ធ​សូម​រួសរាន់​អញ្ជើញ​មក​ប្រកាស​បង់ពន្ធ​ឱ្យបាន​ទាន់​ពេលវេលា​។


លិខិត​បាន​បញ្ជាក់ថា​៖ «​ការបង់ពន្ធ​លើ​អចលនទ្រព្យ និង​ការបង់ពន្ធ​លើ​ដីធ្លី​មិនបាន​ប្រើប្រាស់​សម្រាប់​ឆ្នាំ​ ២០២១ នឹងត្រូវ​បិទបញ្ចប់​នៅ​ថ្ងៃទី ៣០ ខែកញ្ញា ឆ្នាំ​ ២០២១ ខាងមុខនេះ​»​។


ជាមួយ​គ្នា​នេះ​លិខិត​ក៏បាន​បញ្ជាក់ថា ចំពោះ​ការខកខាន​មិនបាន​ដាក់​លិខិត​ប្រកាស​បង់ពន្ធ​ទាន់​ពេលវេលា​កំណត់​ខាងលើ​ម្ចាស់​អចលនទ្រព្យ​នឹងត្រូវ​រង​នូវ​ទោសទណ្ឌ តាមច្បាប់​ជា​ធរមាន​។


ទិន្នន័យ​ពី​អគ្គនាយកដ្ឋាន​ពន្ធដារ​ឱ្យដឹងថា ក្នុង​ឆ្នាំ​ ២០២០ ចំណូល​ពន្ធអាករ​ដែល​អគ្គនាយកដ្ឋាន​ពន្ធដារ​ប្រមូល​បាន​សរុប​មាន​ចំនួន ២ ៨៨៩,០២ ​លាន​ដុល្លារ កើនឡើង ១០៤,៤៩ ​លាន​ដុល្លារ​ស្មើនឹង ៣,៧៣ ​ភាគរយ​ធៀប​នឹង​ឆ្នាំ​ ២០១៩៕