អចលនទ្រព្យ​ក្រុង​សៀមរាប នឹង​ងើប​ឡើងវិញ​នៅ​ចុងឆ្នាំ

Content image - Phnom Penh Post
កំណើន​ភ្ញៀវទេសចរ និង​ការស្ថាបនា​ផ្លូវ​នឹង​រួមចំណែក​ក្នុង​ការធ្វើឱ្យ​ទីផ្សារ​អចលនទ្រព្យ​នៅ​ក្រុង​សៀមរាប​មាន​សម្ទុះ​ឡើងវិញ​។ ហុង មិនា

ភ្នំពេញៈ ការស្ថាបនា​ផ្លូវ និង​ផែនការ​បើកទទួល​ភ្ញៀវ​ទេសចរ​បរទេស​ចាក់​វ៉ាក់សាំង​រួច​ឱ្យមក​ទស្សនា​តំបន់​សៀមរាប-អង្គរ​ចាប់ពី​ត្រីមាស​ទី​ ៤ ឆ្នាំ​ ២០២១ កំពុង​ធ្វើឱ្យ​វិស័យ​អចលនទ្រព្យ​ក្នុង​ខេត្តសៀមរាប​កម្រើក​ឡើង​វិញ​ជា​បណ្តើរៗ​ ជាពិសេស​ចាប់ពី​ចុងឆ្នាំ​ ២០២១ តទៅ​។ នេះ​បើតាម​អ្នក​ក្នុង​វិស័យ​អចលនទ្រព្យ​នៅ​កម្ពុជា​។

រដ្ឋាភិបាល​កម្ពុជា​កាល​ពី​ចុងខែ​វិច្ឆិកា ឆ្នាំ​ ២០២០ បាន​ទម្លាក់​ថវិកា​ប្រមាណ ១៥០ ​លានដុល្លារ​ ដើម្បី​ស្ថាបនា​ផ្លូវ​ចំនួន ៣៨ ​ខ្សែ​ក្នុង​ក្រុង​សៀមរាប ដោយមាន​ប្រវែង​សរុប ១០៨,៧៤ ​គីឡូម៉ែត្រ​។ ក្នុង​គម្រោង​នោះ​ក៏​រួមមាន រៀបចំ​បណ្តាញ​លូទឹក​ភ្លៀង ទឹកកខ្វក់ ប្រព័ន្ធ​ការពារ​ទឹកជំនន់ ចិញ្ចើមផ្លូវ​សម្រាប់​ជនពិការ ផ្លូវ​ជិះ​កង់ ចំណតរថយន្ត​កាមេរ៉ា​សុវត្ថិភាព សួនច្បារ ការដាំ​ដើមឈើ​លម្អ និង​បង្គោល​ភ្លើង​បំភ្លឺ​ផ្លូវ​ជាដើម​។

ជាមួយគ្នានេះ រដ្ឋមន្ត្រី​ក្រសួង​ទេសចរណ៍ លោក ថោង ខុន កាលពីដើម​ខែមេសា​ក៏​បាន​លើកសំណើ​ទៅ​លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ឱ្យ​ពិចារណា​ពី​ការបើកទ្វារ​ទទួលភ្ញៀវ​ទេសចរ​អន្តរជាតិ ដែល​ចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូវីដ​ ១៩ រួចរាល់​ឱ្យ​ចូលមក​ទស្សនា​គោលដៅ​ទេសចរណ៍​សៀមរាប-អង្គរ​ចាប់ពី​ត្រីមាស​ទី​ ៤ ឆ្នាំ​ ២០២១​។

ស្ថាបនិក និង​ជា​នាយក​ក្រុមហ៊ុន ឃី រៀលអេស្ទេត លោក សន សៀប បាន​ប្រាប់​ភ្នំពេញ​-​ប៉ុស្តិ៍​នៅ​ថ្ងៃទី​ ១៦ ខែមិថុនា ថា ទីផ្សារ​អចលនទ្រព្យ​ក្នុង​ខេត្តសៀមរាប ពិសេស​ក្រុង​សៀមរាប​នឹងមាន​កំណើន​វិញ​ចាប់ពី​ចុងឆ្នាំ​ ២០២១ គ្រាន់តែ​កំណើន​បាន​ប៉ុន្មាន​នោះ​គឺ​គេ​ត្រូវ​រង់ចាំ​មើល​ស្ថានភាព​នៃ​ការឆ្លង​រាលដាល​ជំងឺ​កូវីដ​ ១៩ ជាមុនសិន​។ ជាទូទៅ​បើ​និយាយ​ពី​ទីផ្សារ​អចលនទ្រព្យ គឺមាន​ពាក់ព័ន្ធ​នឹង​តម្លៃ និង​សកម្មភាព​ទិញ​លក់​។

លោក​បន្តថា សម្រាប់​អចលនទ្រព្យ​នៅ​ក្រុង​សៀមរាប តម្លៃនឹង​កើនឡើង​វិញ​ចាប់ពី​ចុងឆ្នាំ​ ២០២១ តទៅ ចំណែក​ការទិញ លក់ គឺ​មិនទាន់​មាន​ភាពច្បាស់លាស់​ទេ ដោយ​ត្រូវ​នៅ​រង់​ចាំមើល​ស្ថានភាព​ឆ្លង​រាលដាល​ក្នុង​ប្រទេស​ជាមុនសិន​ បើ​ស្ថានភាព​ឆាប់​ល្អប្រសើរ សកម្មភាព​នៃ​ការទិញ​លក់ និង​តម្លៃ​នឹងមាន​សម្ទុះ​ឡើងវិញ​ព្រម​គ្នា​។

លោក​បាន​ថ្លែងថា​៖ «​ខ្ញុំ​គិតថា ទីផ្សារ​អចលនទ្រព្យ​នៅ​ខេត្តសៀមរាប​នឹង​ល្អ​ឡើងវិញ​ចាប់ពី​ចុង​ឆ្នាំនេះ​ទៅ ព្រោះ​សកម្មភាព​នៃ​ការធ្វើ​ផ្លូវ និង​ហេដ្ឋារចនាសម្ព័ន្ធ និង​ការបើកទទួល​ភ្ញៀវទេសច​របរទេស​នឹង​មាន​ឥទ្ធិពល​យ៉ាងខ្លាំង​ចំពោះ​ទីផ្សារ​មួយ​នេះ​»​។

របាយការណ៍​របស់​ក្រុមហ៊ុន ឃី រៀលអេស្ទេត កាលពី​ខែឧសភា​ឱ្យ​ដឹងថា តម្លៃ​ដី​នៅ​ក្រុង​សៀមរាប​ឆ្នាំ​ ២០២០ ធ្លាក់ចុះ ៥ ​ភាគរយ​ធៀប​ឆ្នាំ​ ២០១៩ ដោយមាន​តម្លៃ​មធ្យម ១ ៥២០ ​ដុល្លារ​ក្នុង​ ១ ​ម៉ែត្រការ៉េ ធ្លាក់ចុះ​ពី ១ ៦០០ ​ដុល្លារ​។

ប្រធាន​សមាគម​អចលនទ្រព្យ​សកល លោក សំ សុខនឿន បាន​និយាយថា បើទោះបី​ការស្ថាបនា​ផ្លូវ​ក្នុង​ក្រុង​សៀមរាប​មិនទាន់​រួចរាល់ ប៉ុន្តែ​តម្លៃ និង​សកម្មភាព​ទិញ លក់​ដី ទីនោះ​បាន​កើន​មួយកម្រិត​ហើយ​។ កំណើន​នេះ​នឹងមាន​បន្ថែមទៀត​ចាប់ពី​ចុងឆ្នាំ​ ២០២១ ជា​ពេលដែល​ការស្ថាបនា​ផ្លូវ​នឹងត្រូវ​រួចរាល់ ហើយ​ភ្ញៀវទេសចរ​បរទេស​ចូលមក​កម្ពុជា​ក៏​រំពឹង​ចាប់ផ្តើម​កើនឡើង​វិញ​។ លោក​បន្ថែមថា ក្រៅពី​កត្តា​ខាងលើ ការសង់​ព្រលាន​យន្តហោះ និង​ស្ថានភាព​តម្លៃ​ទីផ្សារ​នៅ​ទាប​ធៀប​នឹង​ដី​នៅ​ក្រុងព្រះសីហនុ ក៏​ជា​កត្តា​ជួយ​ធ្វើឱ្យ​ទីផ្សារ​អចលនទ្រព្យ​នៅ​ទីនោះ​ងើបឡើង​វិញ​ឆាប់រហ័ស​ផងដែរ​។

លោក​បន្តថា​៖ «​ខ្ញុំ​ជឿថា ទីផ្សារ​អចលនទ្រព្យ​នៅ​ក្រុង​សៀមរាប​នឹង​កើនឡើង​នៅ​ចុង​ឆ្នាំនេះ​»​។

អ្នកនាំពាក្យ​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន លោក ហ៊ាង សុទ្ធាយុត្តិ បាន​ប្រាប់ថា ទោះបី​កម្ពុជា​កំពុង​ប្រយុទ្ធ​នឹង​ជំងឺ​កូវីដ​ ១៩ ដើម្បី​បិទបញ្ចប់​ព្រឹត្តិការណ៍​សហគមន៍​ ២០ កុម្ភៈ ក៏​ដំណើរការ​ស្ថាបនា​ផ្លូវ​របស់​ក្រសួង​មិន​ថមថយ​ឡើយ គិត​ត្រឹម​ថ្ងៃទី​ ១៦ ខែមិថុនា ផ្លូវ​ទាំង​ ៣៨ ​ខ្សែ នៅក្នុង​ក្រុង​សៀមរាប​សម្រេច​បាន ៥៦,៥៩ ​ភាគរយ ខណៈ​ការស្ថាបនា​នឹងត្រូវ​រួចរាល់​នៅ​ដំណាច់ឆ្នាំ​ ២០២១​។

លោក​បាន​បញ្ជាក់ថា​៖ «​គ្រប់​គម្រោង​ស្ថាបនា​ផ្លូវ​របស់​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន​គឺ​កំពុងដំណើរការ​ទៅតាម​ផែនការ​ដែល​បានកំណត់​»​។

លោក​បន្ថែមថា ផ្លូវ​នៅ​សៀមរាប​នឹង​ដើរតួនាទី​សំខាន់​ក្នុង​ការទាក់ទាញ​ភ្ញៀវទេសចរ និង​អ្នកវិនិយោគ​។

ប្រធាន​សមាគម​ទីភ្នាក់ងារ​ទេសចរណ៍​កម្ពុជា អ្នកស្រី ឆាយ ស៊ីវលីន បាន​ប្រាប់ថា នៅពេល​វិស័យ​ទេសចរណ៍​មាន​កំណើន​វិស័យ​ផ្សេងៗ​ក៏​កើនឡើង​ដែរ​។ អ្នកស្រី​អះអាងថា​៖ «​យើង​ពិតជា​ចង់ឱ្យ​វិស័យនេះ​ចាប់ផ្តើម​ឡើងវិញ​ណាស់​»៕ LA

ព័ត៌មានថ្មីៗ