ការពន្លឿន​គម្រោង​សាងសង់​ស្ពាន ​នឹង​ជួយ​ធ្វើឱ្យ​អចលនទ្រព្យ​នៅ​អរិយក្សត្រ​មាន​ទីផ្សារ​កាន់តែ​ល្អ

Content image - Phnom Penh Post
សកម្មភាព​សាឡង់​ដឹកជញ្ជូន​អ្នកដំណើរ​ពី​ភ្នំពេញ​ទៅ​អរិយក្សត្រ​។ ហុង មិនា

ភ្នំពេញៈ កម្ពុជា​រំពឹងថា ​រដ្ឋាភិបាល​កូរ៉េ​នឹង​ពន្លឿន​បញ្ចប់​ការសិក្សា​អំពី​គម្រោង​សាងសង់​ស្ពាន​តភ្ជាប់​ពី​តំបន់​អរិយក្សត្រ​ភ្នំពេញ​នាពេល​ដ៏ខ្លី​ខាងមុខនេះ ខណៈ​អ្នកជំនាញ​នៅក្នុង​វិស័យ​អចលនទ្រព្យ​បាន​ព្យាករ​ថា តម្លៃ​ដីធ្លី​នៅ​តំបន់​នោះ​នឹង​មាន​សម្ទុះ​ឡើង​ខ្ពស់​នៅពេល​មាន​ការសាងសង់​ស្ពាន​តភ្ជាប់​។

រដ្ឋាភិបាល​ប្រទេស​កូរ៉េ​ខាងត្បូង​កាលពី​ឆ្នាំ​ ២០២០ បានសម្រេច​ផ្តល់​ថវិកា​សាងសង់​ស្ពាន​ឆ្លងទន្លេ​មេគង្គ​ពី​តំបន់​ជ្រោយចង្វារ​នៃ​រាជធានី​ភ្នំពេញ​ទៅ​តំបន់​អរិយក្សត្រ តាម​ការស្នើសុំ​របស់លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន​។

ក្នុងពេល​ចុះ​ត្រួតពិនិត្យ​វឌ្ឍនភាព​សាងសង់​ផ្លូវ​ល្បឿន​លឿន ភ្នំពេញ-ព្រះសីហនុ​កាល​ថ្ងៃទី​ ២១ ខែមិថុនា រដ្ឋមន្ត្រី​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន លោក ស៊ុន ចាន់ថុល បាន​លើកឡើង​ថា បើទោះបី​ប្រទេស​កូរ៉េ​បាន​យល់ព្រម​ផ្តល់ជំនួយ​ដល់​គម្រោង​សាងសង់​ស្ពាន​នេះ​ក៏ដោយ ប៉ុន្តែ​មកដល់​ពេល​នេះ​នៅ​មិនទាន់​មាន​ការសាងសង់​អ្វី​ទេ ដោយ​កំពុង​ស្ថិតក្នុង​ដំណាក់កាល​សិក្សា​នៅឡើយ​។

លោក​ថ្លែងថា​៖ «​បច្ចុប្បន្ន​ក្រុមហ៊ុន​កូរ៉េ​កំពុង​សិក្សា​ថា តើ​ត្រូវ​សាងសង់​ស្ពាន​ប្រភេទ​ណា​? អស់​ថវិកា​ប៉ុន្មាន​? ហើយ​នៅពេល​សិក្សា​ចប់សព្វគ្រប់​នឹងដាក់​ដេញថ្លៃ​ ដើម្បី​ជ្រើសរើស​ក្រុមហ៊ុន​មក​សាងសង់​ស្ពាន​ស្វាយជ្រំ​របស់​យើង​»​។

ឯកអគ្គរាជទូត​កម្ពុជា​ប្រចាំ​នៅ​ប្រទេស​កូរ៉េខាងត្បូង លោក ឡុង ឌីម៉ង់ និយាយថា ភាពល្អប្រសើរ​នៃ​កិច្ចសហប្រតិបត្តិការ​ការទូត និង​ពាណិជ្ជកម្ម បាន​ជំរុញ​ឱ្យ​ប្រទេស​កូរ៉េ​ផ្តល់​ជំនួយ និង​កម្ចី​ជា​បន្តបន្ទាប់​យកមក​អភិវឌ្ឍ​ប្រទេស​កម្ពុជា ពិសេស​ការកសាង​ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវថ្នល់​។

លោក​បន្តថា ជាមួយ​នឹង​ភាពល្អប្រសើរ​នៃ​កំណើន​ពាណិជ្ជកម្ម​ទ្វេភាគី​ប្រទេស​ទាំង ២ ក៏​កំពុង​ត្រៀម​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ទ្វេភាគី​ជាមួយគ្នា​ក្នុងពេល​ឆាប់ៗ​នេះ​ផងដែរ​។

លោក​អះអាង​ថា​៖ «​ការជួយ​ស្ថាបនា​ហេដ្ឋារចនាសម្ព័ន្ធ គឺជា​ផ្នែក​មួយ​ដ៏សំខាន់​ក្នុង​ទំនាក់ទំនង​កិច្ចសហប្រតិបត្តិការ​រវាង​កម្ពុជា និង​កូរ៉េ​។ អរិយក្សត្រ​នឹង​ក្លាយ​ជា​តំបន់​មាន​សក្តានុពល​ខ្ពស់​លើ​គ្រប់​វិស័យ​»​។

ប្រធាន​សមាគម​អចលនទ្រព្យ​សកល លោក សំ សុខនឿន បាន​ប្រាប់ ​ភ្នំពេញ​ ប៉ុស្តិ៍​ នៅ​ថ្ងៃទី​ ២៣ ខែមិថុនា​ថា ចលនា​នៃ​ការទិញ លក់​អចលនទ្រព្យ​នៅ​តំបន់​អរិយក្សត្រ​បានចាប់ផ្តើម​កម្រើក​ឡើង​វិញ​ជា​បណ្តើរៗ​ហើយ ក្រោយពី​ថមថយ​ល្បឿន​បន្តិច​ក្នុង​ឆ្នាំ​ ២០២០​។ ការកម្រើក​ឡើងវិញ​នេះ អាច​បណ្តាលមកពី​កត្តា​ធំៗ ២ គឺ​ការប្រកាស​ផ្តល់​ថវិកា​សាងសង់​ស្ពាន​របស់​រដ្ឋាភិបាល​កូរ៉េ និង​ការសម្លឹង​ឃើញ​រយៈពេល​វែង​របស់​អ្នកវិនិយោគ​។

លោក​បន្ថែមថា​៖ «​អរិយក្សត្រ​ជា​តំបន់​ដ៏មាន​សក្តានុពល​ដែល​មិនអាច​មើលរំលង ព្រោះ​នៅពេល​មាន​ស្ពាន​ឆ្លងទន្លេ ទីនោះ​ប្រៀប​ដូច​តំបន់​ជ្រោយចង្វារ នាពេលនេះ​តែម្តង​»​។

យោងតាម​លោក សុខនឿន ដី​នៅ​អរិយក្សត្រ​តាមផ្លូវ​លេខ ៣៨០ (​ជាប់មាត់​ទន្លេ​) មាន​តម្លៃ​ជា​មធ្យម ​១ ០០០ ​ដុល្លារ​ ក្នុង​ ១ ​ម៉ែត្រការ៉េ ដី​មាន​ចម្ងាយ​ពី​ ១-២ ​គីឡូម៉ែត្រ​ពី​មាត់ទន្លេ តម្លៃ​ពី ១០០-២០០ ​ដុល្លារ និង​ចាប់ពី​ចម្ងាយ ៥ ​គីឡូម៉ែត្រ​អាច​មាន​តម្លៃ​ក្នុង​រង្វង់​ពី​ ២០-១០០ ​ដុល្លារ​។

លោក​លើកឡើង​ថា តម្លៃ​នេះ​នៅ​ធូរ​នៅឡើយ ដែល​អាច​ជា​ឱកាស​សម្រាប់​អ្នកមាន​បំណង​ចង់​វិនិយោគ​ផងដែរ​។

លោក ច្រឹក សុខនីម ប្រធាន​សមាគម​អ្នកវាយតម្លៃ និង​ភ្នាក់ងារ​អចលនវត្ថុ​កម្ពុជា​បាន​ប្រាប់ថា ទីផ្សារ​អចលនទ្រព្យ​តំបន់​អរិយក្សត្រ​នៅតែ​រក្សាបាន​ភាពល្អប្រសើរ បើ​ទោះ​ជំងឺ​កូវីដ​ ១៩ កំពុង​បន្ត​រីករាលដាល ហើយ​គម្រោង​សាងសង់​ស្ពាន​នៅ​មិនទាន់​ចាប់ផ្តើម​។ លោក​បន្ថែមថា ការរក្សា​បាន​នូវ​ភាពវិជ្ជមាន​នេះ គឺ​ដោយសារ​អរិយក្សត្រ​ជា​តំបន់​ដែល​នឹងមាន​សក្តានុពល​ខ្ពស់​លើ​គ្រប់​វិស័យ​នៅពេល​អនាគត​។

លោក​ប្រាប់ថា​៖ «​អរិយក្សត្រ​គឺជា​ទីតាំង​ដែលមាន​លក្ខណៈ​អំណោយផល​សម្រាប់​ការវិនិយោគ​លើ​គ្រប់​វិស័យ​»៕LA

ព័ត៌មានថ្មីៗ