ភ្នំពេញៈ ដំណើរការ​សាងសង់​អគារ​មុខងារ​ចម្រុះ​ «Financial building» នៃ​គម្រោង​អភិវឌ្ឍន៍​ទីក្រុង Olympia City របស់​ក្រុមហ៊ុន OCIC បានបញ្ចប់​ការសាងសង់​គ្រឹះ​ក្រោម​ដី​រួចរាល់​ហើយ ខណៈ​ល្បឿន​សាងសង់​បាន​ធ្លាក់ចុះ​បន្តិច​ ដោយសារ​តែ​ការផ្ទុះ​ឡើង​នៃ​ព្រឹត្តិការណ៍​សហគមន៍ ២០ ​កុម្ភៈ​។ នេះ​បើតាម​ប្រធាន​គ្រប់គ្រង​គម្រោង Olympia City​។

គម្រោង​សាងសង់​អគារ​តម្លៃ​ប្រមាណ​ ៥០ ​លាន​ (​តម្លៃ​អគារ​) ​ដែល​ស្ថិតនៅ​ជាប់​របង​ពហុកីឡដ្ឋាន​ជាតិ​អូឡាំពិក​កម្ពុជា​ផ្នែក​ខាងជើង​នេះ​បាន​បើក​ការដ្ឋាន​សាងសង់​កាលពី​អំឡុង​ខែកុម្ភៈ ឆ្នាំ ២០២១ ដោយ​សង់​ឡើងជា​អគារ​វែង​មួយ​ដែលមាន​ផ្ទះ ២៧ ​ល្វែង​ជាប់ៗ​គ្នា​។ ផ្ទះ​នីមួយៗ​មាន​ទទឹង ៨,២ ​ម៉ែត្រ បណ្តោយ ២៤ ​ម៉ែត្រ និង​មួយចំនួន​កម្ពស់ ១០ ​ជាន់ និង​ខ្លះទៀត​កម្ពស់ ៨ ​ជាន់ ចំណែក​នៅក្រោម​ដី​មាន​ចំនួន ៣ ​ជាន់​ (​ចំណត​)​។ អគារ​នេះ​នឹងត្រូវ​ប្រើប្រាស់​ជា​លក្ខណៈ​ចម្រុះ​រួមមាន​ហាង​លក់ទំនិញ មន្ទីរ​សម្រាក​ព្យាបាល និង​ភោជនីយដ្ឋាន ជាដើម​។


តាម​ផែនការ​អគារ​នេះ​នឹង​ប្រើពេល​សាងសង់ ៣៦ ​ខែ និង​អាច​បូក​បន្ថែម ៦ ​ខែ​ទៀត​។


លោក ម៉េង ចំរើន ប្រធាន​គ្រប់គ្រង​គម្រោង Olympia City បាន​ប្រាប់​ ភ្នំពេញ ​ប៉ុស្តិ៍ នា​ថ្ងៃទី​ ២១ ខែកក្កដា​ថា ការសាងសង់​គ្រឹះ​អគារ​បានបញ្ចប់ ១០០ ​ភាគរយ​ហើយ ដោយ​នៅពេលនេះ​ក្រុមកម្មករ​កំពុង​ចាប់ផ្តើម​សង់​ចំណត​នៅក្រោម​ដី (៣ ​ជាន់​) ដែល​នឹងត្រូវ​បញ្ចប់​នៅមុន​ដំណាច់​ឆ្នាំ​ ២០២១ នេះ​។ ការសាងសង់​នៅពេលនេះ​អាច​យឺត​បន្តិច​ធៀប​នឹង​ពេល​ចាប់​ផ្តើមដំបូង ព្រោះ​ចំនួន​កម្មករ​ធ្លាក់ចុះ​។ លោក​បន្តថា ការធ្លាក់ចុះ​ចំនួន​ពលកម្ម គឺ​ដោយសារ​តែ​ក្រុមហ៊ុន​បាន​រឹតបន្តឹង​ចំពោះ​កម្មករ​ដែល​មិនទាន់​បាន​ចាក់​វ៉ាក់សាំង ដើម្បី​ចូលរួម​ទប់ស្កាត់​ការឆ្លង​រាលដាល​កូវីដ​ ១៩​។


លោក​អះអាង​ថា​៖ «​ការសាងសង់​របស់​យើង​ពេលនេះ​យឺតយ៉ាវ​បន្តិច ព្រោះ​ក្រុមហ៊ុន​កំពុង​ធ្វើការ​រឹតបន្តឹង និង​ត្រួតពិនិត្យ​ទៅលើ​ការចាក់​វ៉ាក់សាំង និង​សុខភាព​កម្មករ​ជាប្រចាំ​។ ទោះយ៉ាងណា​យើង​រំពឹងថា សម្ទុះ​ល្បឿន​សាងសង់​នឹង​ចាប់ផ្តើម​មាន​ឡើងវិញ​នៅពេល​ស្ថានភាព​នៃ​ការឆ្លង​រាលដាល​ជំងឺ​កូវីដ​ ១៩ ត្រូវបាន​គ្រប់គ្រង​»​។


បើតាម​លោក ចំរើន ការសាងសង់​អគារ​លើដី អាច​នឹង​ចាប់ផ្តើម​នៅ​ចុងឆ្នាំ​ ២០២១ ឬ​ដើមឆ្នាំ​ ២០២២ ខាងមុខ​។ ការកសាង​អគារ​នេះ​ត្រូវ​ចំណាយពេល​ច្រើន ព្រោះ​អគារ​នេះ​នឹងមាន​បំពាក់​ជណ្តើរយន្ត ឧបករណ៍​បង្ការ​គ្រោះ​អគ្គិភ័យ និង​ប្រព័ន្ធ​សុវត្ថិភាព​ជាច្រើន​។


Olympia City គឺជា​គម្រោង​វិនិយោគ​ដ៏ធំ​មួយ​របស់​ក្រុមហ៊ុន OCIC នៅ​ភាគ​ខាងជើង​ពហុកីឡដ្ឋាន​ជាតិ​អូឡាំពិក​លើ​ផ្ទៃដី​ជាង ៧ ​ហិកតា​។ ក្នុង​គម្រោង​នេះ​មាន​អគារ​សរុប ១២ ដែល​រួមមាន​អគារ​ខុនដូ ផ្សារ​ទំនើប អគារ​ពាណិជ្ជកម្ម អគារ​ការិយាល័យ និង​សណ្ឋាគារ​ជាដើម​។

ចាប់ផ្តើម​សាងសង់​ក្នុង​អំឡុង​ឆ្នាំ​ ២០១២ បច្ចុប្បន្ន​មាន​អគារ​ខុនដូ​ចំនួន ៤ អគារ​ការិយាល័យ​ចំនួន ២ សណ្ឋាគារ​ចំនួន ១ សាលារៀន CIS ចំនួន​ ១ និង​ផ្សារ​ទំនើប​ចំនួន ១ បានបញ្ចប់​ការសាងសង់ និង​បើក​ដំណើរការ​ជា​ផ្លូវការ​ហើយ​។

លោក ច្រឹក សុខនីម ប្រធាន​សមាគម​អ្នកវាយតម្លៃ និង​ភ្នាក់ងារ​អចលនវត្ថុ​កម្ពុជា បានឱ្យ​ដឹងថា Olympia City គឺជា​គម្រោង​ធំ និង​មាន​ភាពទាក់ទាញ​ខ្លាំង ព្រោះ​នៅ​ចំ​កណ្តាល​ក្រុងភ្នំពេញ​។ បច្ចុប្បន្ន​នៅក្នុង​គម្រោង​នេះ​មាន​អគារ​មួយ​ចំនួន​បានបញ្ចប់​ការសាងសង់ និង​បើក​ដំណើរការ​រួចហើយ ដែល​ធ្វើឱ្យ​ទីកន្លែង​នោះ​ទៅជា​កន្លែង​រស់នៅ ប្រកប​អាជីវកម្ម និង​ធ្វើ​ការងារ​ក៏​ពេញនិយម​។

លោក​និយាយថា​៖ «​គម្រោង​នេះ​ស្ថិតនៅ​ទីតាំង​ដ៏ល្អ ប៉ុន្តែ​ភាពជោគជ័យ​របស់​គម្រោង​មួយ​គឺ​មិនមែន​អាស្រ័យ​តែ​ទៅលើ​ការសាងសង់​រួចរាល់​នោះទេ ដោយ​វា​ក៏ត្រូវ​អាស្រ័យ​ទៅលើ​អត្រា​នៃ​ការប្រើប្រាស់ និង​ចូល​ស្នាក់នៅ​ផងដែរ​»៕LA