ភ្នំពេញៈ ការផ្តល់​ឥណទាន​របស់​វិស័យ​ធនាគារ​ទៅ​វិស័យ​អចលនទ្រព្យ និង​សំណង់ គិត​ត្រឹម​ឆមាស​ទី ១ ឆ្នាំ ២០២១ មានតម្លៃ​ប្រមាណ ១០,៥ ពាន់​លាន​ដុល្លារ ស្មើនឹង ៣១ ភាគរយ​នៃ​ទំហំ​ឥណទាន​សរុប​នៅ​កម្ពុជា។ នេះ​បើតាម​របាយការណ៍​របស់​ធនាគារជាតិ​នៃ​កម្ពុជា (NBC)។

របាយការណ៍​ប្រចាំឆមាស​ទី ១ និង​លើក​ទិសដៅ​ការងារ​ឆមាស​ទី ២ ឆ្នាំ ២០២១ របស់ NBC បានឱ្យ​ដឹងថា គិត​ត្រឹម​ឆមាស​ទី ១ ឆ្នាំ ២០២១ វិស័យ​ធនាគារ​នៅ​កម្ពុជា​បានផ្តល់​ឥណទាន​សរុប​ចំនួន ៣៣,៩ ពាន់​លាន​ដុល្លារ​ទៅដល់​អតិថិជន​ដោយ​ក្នុងនោះ​ការផ្តល់​ឥណទាន​ទិញ​ផ្ទះ​ជា​កម្មសិទិ្ធ​ផ្ទាល់ខ្លួន​មាន​ចំនួន ១៣,១ ភាគរយ​នៃ​ចំណែក​ឥណទាន​សរុប ស្មើនឹង​ទឹកប្រាក់ ៤,៤៤ ពាន់​លាន​ដុល្លារ, ឥណទាន​សំណង់ ៩,៥ ភាគរយ ស្មើ ៣,២២ ពាន់​លាន​ដុល្លារ និង​ឥណទាន​ការជួញដូរ​អចលនទ្រព្យ​មាន​ចំនួន ៨,៤ ភាគរយ ស្មើនឹង ២,៨៤ ពាន់​លាន​ដុល្លារ។


NBC បាន​លើកឡើងថា បើទោះបី​ការអូសបន្លាយ​ពេល​នៃ​ការឆ្លង​រាលដាល​ជំងឺ​កូវីដ ១៩ បាន​បន្ត​គំរាមកំហែង​លើ​សេដ្ឋកិច្ច​ជាតិ ប៉ុន្តែ​តាមរយៈ​ការដាក់ចេញ​គោលនយោបាយ​ជា​បន្តបន្ទាប់​របស់​រដ្ឋាភិបាល​បាន​ធ្វើឱ្យ​សេដ្ឋកិច្ចកម្ពុជា​អាច​រក្សាបាន​ភាព​វិជ្ជមាន​ជា​បន្តបន្ទាប់។


លោក សំ សុខនឿន ប្រធាន​សមាគម​អចលនទ្រព្យ​សកល​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍ កាលពី​ថ្ងៃទី ២៨ ខែកក្កដា​ថា ការផ្តល់​ឥណទាន​ឱ្យ​ផ្នែក​ធំៗ​ក្នុង​វិស័យ​អចលនទ្រព្យ និង​សំណង់ ដែល​មាន​ទឹកប្រាក់​ដល់​ជាង ១០ ពាន់​លាន​ដុល្លារ​នេះ បង្ហាញថា​ទីផ្សារ​មួយ​នេះ​នៅតែ​បន្ត​ឈរ-ជើង​យ៉ាងរឹងមាំ ទោះ​ស្ថិតក្នុង​អំឡុងពេល​វិបត្តិ​ជំងឺ​កូវីដ ១៩ ក៏ដោយ ព្រោះ​មុនពេល​សម្រេច​ផ្តល់​ឥណទាន​ឱ្យ​សំណើ​ណាមួយ គ្រឹះស្ថាន​ហិរញ្ញវត្តុ​តែង​ធ្វើការ​សិក្សា​យ៉ាង​លម្អិត​ទៅលើ​លំហូរ​ហិរញ្ញវត្ថុ​របស់​អ្នកស្នើ។


លោក​បញ្ជាក់ថា៖ «បើ​ទោះ​វិបត្តិ​ការឆ្លង​រាលដាល​កូវីដ ១៩ នៅ​កម្ពុជា​នៅ​បន្ត​អូសបន្លាយ​ពេល ប៉ុន្តែ​ខ្ញុំ​បាន​មើលឃើញថា សកម្មភាព​សាងសង់ ការទិញ​ផ្ទះ​ជា​កម្មសិទ្ធិ​ផ្ទាល់ខ្លួន​ និង​ការវិនិយោគ​នៅតែ​មាន​ដំណើរការ​ទៅមុខ​ជាធម្មតា។ ភាពល្អប្រសើរ​នៃ​វិស័យ​នេះ​នឹង​ចូលរួម​ចំណែក​គាំទ្រ​ដល់​កំណើន​សេដ្ឋកិច្ចកម្ពុជា ពិសេស​បន្ទាប់ពី​ស្ថានភាព​ការឆ្លង​រាលដាល​កូវីដ ១៩ មាន​ភាពធូរស្រាល​ឡើងវិញ»។


ទន្ទឹមនឹងនេះ​លោក​ក៏បាន​លើកឡើង​ថា បញ្ហា​ចម្បង​ដែល​លោក​ក៏ដូចជា​អតិថិជន​ទូទៅ​នៅ​កម្ពុជា​ប្រាថ្នា​ចង់​ទទួលបាន​ពី​វិស័យ​ធនាគារ​នាពេលនេះ គឺ​ការទម្លាក់​អត្រា​ការប្រាក់​ឱ្យទាប​ជាង​ពេលនេះ ខណៈ​អត្រា​ការប្រាក់​នៅ​កម្ពុជា​ត្រូវគេ​ដឹងថា​ខ្ពស់ បើ​ធៀប​នឹង​ប្រទេស​ជាច្រើន​លើ​ពិភពលោក។


លោក​លើកឡើង​ថា៖ «ខ្ញុំ​សូម​ស្នើឱ្យ​ធនាគារជាតិ ពិនិត្យ​លទ្ធភាព ក៏ដូចជា​រក​វិធីសាស្ត្រ​ថ្មីៗ​ដើម្បី​ជួយ​ទម្លាក់​អត្រា​ការប្រាក់​ក្នុង​វិស័យ​សំណង់ និង​អចលនទ្រព្យ​ឱ្យទាប​ជាង​ពេលនេះ។ នៅពេល​អត្រា​ការប្រាក់​ចុះ​ទាប វា​នឹង​បង្កើត​លទ្ធភាព​កាន់តែ​ច្រើន​សម្រាប់​ប្រជាជន​ក្នុង​​ការវិនិយោគ និង​អភិវឌ្ឍ​សមត្ថភាព ក៏ដូចជា​ជួយ​លើកកម្ពស់​កម្រិត​ជីវភាព​គ្រួសារ​ពួកគេ​ផងដែរ»។

យោងតាម លោក សុខនឿន បច្ចុប្បន្ន​អត្រា​ការប្រាក់​សម្រាប់​ឥណទាន​ក្នុង​វិស័យ​អចលនទ្រព្យ​នៅ​កម្ពុជា ស្ថិតនៅ​ចន្លោះ​ពី​ជាង ៦ ភាគរយ ដល់ ១២ ភាគរយ​ក្នុង ១ ឆ្នាំ។

ទាក់ទង​ទៅនឹង​ទីផ្សារ​វិស័យ​អចលនទ្រព្យ និង​សំណង់​ក្នុង​ឆមាស​ទី ២ ឆ្នាំ​នេះ ប្រធាន​សមាគម​អចលនទ្រព្យ​សកល​បាន​អះអាង​ថា សម្ទុះ​កំណើន​វិស័យ​សំណង់ និង​អចលនទ្រព្យ​នឹង​កាន់តែ​មាន​ភាពល្អប្រសើរ ព្រោះ​យុទ្ធនាការ​នៃ​ការចាក់​វ៉ាក់សាំង​របស់​រដ្ឋាភិបាល​នឹង​ក្លាយជា​កម្លាំងចលករ​ដ៏ចម្បង​ក្នុង​ការជំរុញ​សកម្មភាព​សេដ្ឋកិច្ចកម្ពុជា​ឱ្យ​បាន​សម្ទុះ​ឡើងវិញ​ឆាប់រហ័ស។

លោក ប៉ូ អ៊ាវគង់ អគ្គនាយក​ក្រុមហ៊ុន Advance Real Estate បាន​និយាយថា វិស័យ​ធនាគារ​បានរួម​ចំណែក​យ៉ាងសំខាន់​ក្នុង​ការជំរុញ​វិស័យ​អចលនទ្រព្យ និង​សំណង់ ដោយ​បច្ចុប្បន្ននេះ​និន្នាការ​នៃ​ការប្រើប្រាស់​ឥណទាន​ពី​គ្រឹះស្ថាន​ហិរញ្ញវត្ថុ​សម្រាប់​ទិញ​លំនៅឋាន​របស់​ប្រជាជន​ខ្មែរ​កំពុង​កើនឡើង​ជា​លំដាប់។ លោក​ប្រាប់ទៀតថា អ្នកប្រើប្រាស់​ឥណទាន​ធនាគារ​ភាគច្រើន​ជា​ប្រជាជន​វ័យក្មេង ដែល​ទើប​រៀបការ​រួច ហើយ​ចង់​មាន​ជីវិត​ឯកជន​ពី​ក្រុម​គ្រួសារ។

លោក​លើកឡើង​ថា៖​ «ការទិញ​លំនៅឋាន​បច្ចុប្បន្ន អ្នកខ្លះ​បាន​ជ្រើស​យក​ការបង់​រំលស់​តាមរយៈ​ក្រុមហ៊ុន​អភិវឌ្ឍន៍​ផ្ទាល់ ប៉ុន្តែ​ខ្លះទៀត​ប្រើប្រាស់​ឥណទាន​របស់​ធនាគារ»។

យោងតាម NBC ក្នុង​ឆមាស​ទី ១ ឆ្នាំ ២០២១ គម្រោង​សំណង់​ដែល​មិនទាន់​បញ្ចប់​ការសាងសង់​នៅ​បន្ត​មាន​សកម្មភាព​ជា​ប្រក្រតី ទាំង​គម្រោង​សំណង់​សាធារណៈ និង​ឯកជន ដែល​ឆ្លុះបញ្ចាំង​តាមរយៈ​កំណើន​នៃ​ការនាំចូល​សម្ភារ និង​បរិក្ខារ​សំណង់ ១៦ ភាគរយ​ធៀប​នឹង​រយៈពេល​ដូចគ្នា​ឆ្នាំ ២០២២។ ទោះយ៉ាងណា គម្រោង​សំណង់​ថ្មីៗ​ថយចុះ​គួរឱ្យ​កត់សម្គាល់​ដោយ​ចំនួន​គម្រោង តម្លៃ និង​ផ្ទៃក្រឡា​សំណង់​បាន​ធ្លាក់ចុះ ១១,៤ ភាគរយ, ៣៤,៣ ភាគរយ និង ២៩,៩ ភាគរយ​រៀង​គ្នា។

របាយការណ៍​និន្នាការ​សេដ្ឋកិច្ច​សង្គម​នៃ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ចេញផ្សាយ​កាលពី​ដើមខែ​កក្កដា​ឱ្យ​ដឹងថា ក្នុង​រយៈពេល ៥ ខែ ដើម​ឆ្នាំ ២០២១ រដ្ឋាភិបាល​កម្ពុជា​បាន​អនុម័ត​លើ​គម្រោង​សាងសង់​សរុប ១ ៨២៣ គម្រោង បើ​ធៀប​រយៈពេល​ដូចគ្នា​ឆ្នាំ ២០២០ គឺ​ធ្លាក់ចុះ​ប្រមាណ ២៧៨ គម្រោង។ ក្នុងនោះ​គម្រោង​សំណង់​លំនៅឋាន​មាន ១ ៦០៧ គម្រោង​ស្មើនឹង​ប្រមាណ ៨៧,៩ ភាគរយ​នៃ​សំណើសុំ​សាងសង់​សរុប​ធ្លាក់ចុះ ១៣៩ គម្រោង​ធៀប​នឹង​រយៈពេល​ដូចគ្នា​ឆ្នាំមុន។ គម្រោង​លំនៅឋាន ដែល​បាន​អនុញ្ញាត​សាងសង់ គិត​ជា​ទឹកប្រាក់​មាន​ប្រមាណ ២ ៣៤៩ លាន​ដុល្លារ​ធ្លាក់ចុះ ៣២,៦ ភាគរយ៕ LA