ភ្នំពេញៈ ការបន្ត​អូសបន្លាយ​ពេល​នៃ​ជំងឺ​កូវីដ ១៩ ក្នុង​រយៈពេល​ជាង ១ ឆ្នាំ​មកនេះ​បានធ្វើឱ្យ​អត្រា​ស្នាក់នៅ និង​តម្លៃ​ជួល​របស់​អាផាតមិន​នៅក្នុង​រាជធានី​ភ្នំពេញ​ដែល​ភាគច្រើន​ពឹងផ្អែក​លើ​ជនបរទេស​នោះ បាន​ធ្លាក់ចុះ​ជា​បន្តបន្ទាប់។ នេះ​បើ​យោងតាម​ការស្រាវជ្រាវ​របស់​ក្រុមហ៊ុន​អចលនទ្រព្យ CBRE Cambodia។

របាយការណ៍ CBRE Cambodia បង្ហាញថា គិត​ត្រឹម​ដំណាច់​ឆមាសទី១ ឆ្នាំ ២០២១ នៅ​រាជធានី​ភ្នំពេញ​មាន​អគារ​អាផាតមិន​កម្រិត A និង B សរុប​ចំនួន ៥៤ គម្រោង​ស្មើនឹង​បន្ទប់​ស្នាក់នៅ​សរុប ៣ ២០០ យូនីត។ ក្នុងនោះ ខណ្ឌ​បឹងកេងកង​មាន​ប្រមាណ ៤៨ ភាគរយ ខណ្ឌចំការមន ២៧ ភាគរយ ខណ្ឌដូនពេញ ១៧ ភាគរយ ខណ្ឌ​ជ្រោយចង្វារ ៥ ភាគរយ និង​ខណ្ឌ​ទួលគោក ៣ ភាគរយ។ សម្រាប់​ឆមាសទី១ មិនមាន​គម្រោង​អាផាតមិន​ណាមួយ​បានបញ្ចប់​ការសាងសង់​ទេ។


របាយការណ៍​ឱ្យដឹងទៀតថា នៅក្នុង​អំឡុងពេល​ខាងលើ អាផាតមិន​កម្រិត A មានតម្លៃ​ជួល​ជា​មធ្យម ២១,៦ ដុល្លារ​ក្នុង ១ ម៉ែត្រ​ការេ​សម្រាប់​រយៈពេល ១ ខែ ថយចុះ ៥,២ ភាគរយ​ពី​ចំនួន ២២,៧ ដុល្លារ កាលពី​ឆមាសទី ២ ឆ្នាំ ២០២០ និង​កម្រិត B មាន​តម្លៃ ១៥ ដុល្លារ ថយចុះ ៦,៧ ភាគរយ​ពី​ចំនួន ១៦ ដុល្លារ។


ជាមួយ​គ្នានេះ​ដោយសារតែ​ទីផ្សារ​អាផាតមិន​ពឹង​ផ្អែកលើ​ជនបរទេស ហេតុនេះ​ការរឹតត្បឹត​ការធ្វើដំណើរ​ឆ្លង​ប្រទេស​បាន​ជះឥទ្ធិពល​យ៉ាងខ្លាំង​ដល់​ទីផ្សារ​មួយ​នេះ ដោយ​អត្រា​ស្នាក់នៅ​ជារួម​សម្រាប់​អាផាតមិន​កម្រិត A និង B ក្នុង​ឆមាស​ទី ១ មាន​ប្រមាណ ៥០ ភាគរយ​ធ្លាក់ចុះ​ពី​ប្រមាណ ៦០ ភាគរយ កាលពី​ចុងឆ្នាំ ២០២០។


ទោះយ៉ាងណា តាម​ការព្យាករ​របស់ ក្រុមហ៊ុន CBRE Cambodia នៅ​ឆមាស​ទី ២ ឆ្នាំ ២០២១ នឹងមាន​គម្រោង​អគារ​អាផាតមិន ៣ ទីតាំង​បញ្ចប់​ការសាងសង់​ដែលមាន​បន្ទប់​សរុប ៣៩៥ យូនីត។


អ្នកនាង គឹម គិនកេសា អ្នក​គ្រប់គ្រង​ជាន់ខ្ពស់ CBRE Cambodia បាន​ប្រាប់​ ភ្នំពេញ ​ប៉ុស្តិ៍​ កាលពី​ថ្ងៃទី ៤ ខែសីហា​ថា ទីផ្សារ​អាផាតមិន​នៅ​រាជធានី​ភ្នំពេញ ទទួលរង​ឥទ្ធិពល​ដោយផ្ទាល់​ពី​ការឆ្លង​រាលដាល​ជំងឺ​កូវីដ ១៩ តាំងពី​ដើមឆ្នាំ ២០២០ មក ដោយ​អតិថិជន​ជួល​ដែល​ភាគច្រើន​ជា​ជនបរទេស បានធ្វើ​ដំណើរ​ត្រឡប់​ទៅ​ប្រទេស​ខ្លួន​វិញ និង​ភាគច្រើន​មិនទាន់​វិលត្រឡប់​មក​ភ្នំពេញ​វិញ​នៅឡើយ​ទេ។ អ្នកនាង​អះអាង​ថា៖ «កត្តា​នេះ​បានធ្វើឱ្យ​អត្រា​ជួល និង​តម្លៃ​ជួល​ធ្លាក់ចុះ»។


ទាក់ទង​នឹង​ការសាងសង់​អ្នកនាង គិនកេសា បាន​បញ្ជាក់ថា ដោយសារ​ស្ថានភាព​ការឆ្លង​រាលដាល​កូវីដ ១៩ អាច​នឹង​បន្ត​អូសបន្លាយ​ពេល​យូរ​ទៅមុខទៀត​នោះ ដូច្នេះ​សម្ពាធ​ទីផ្សារ​នឹង​កើតមាន​មួយកម្រិត​ទៀត​ពិសេស​នៅ​ចុងឆ្នាំ ២០២១ និង​ឆ្នាំ ២០២២។

អ្នកនាង​លើកឡើងថា៖ «ដោយសារ​ទីផ្សារ​អាផាតមិន និង​ខុនដូ​មាន​ទំនាក់ទំនង​គ្នា​ខ្លាំង ហើយ​តាម​ការរំពឹងទុក​នៅ​ចុងឆ្នាំ ២០២១ និង​ឆ្នាំ ២០២២ នឹងមាន​គម្រោង​សាងសង់​ខុនដូ​មួយចំនួន​ទៀត​បញ្ចប់​ការសាងសង់ ហេតុនេះ​សម្ពាធ​ទីផ្សារ​អាផាតមិន​នឹង​កើនឡើង​មួយកម្រិត​ទៀត»៕ LA