ភ្នំពេញៈ តំបន់​ភាគខាងត្បូង​នៃ​រាជធានី​ភ្នំពេញ​កំពុង​បង្កើនល្បឿន​នៃ​ការអភិវឌ្ឍ​គួរឱ្យ​កត់សម្គាល់​ក្នុងអំឡុងពេល ៥ ​ឆ្នាំ​ចុងក្រោយ​នេះ ពិសេស​បន្ទាប់ពី​ការដាក់ឱ្យ​ដំណើរការ​មហាវិថី​សម្តេច​ ហ៊ុន សែន​។ នេះ​បើ​យោងតាម​ក្រុមហ៊ុន​អចលនទ្រព្យ​ CBRE Cambodia​។

របាយការណ៍​ស្រាវជ្រាវ​របស់​ CBRE Cambodia ចេញផ្សាយ​កាលពី​សប្តាហ៍​មុន​ឱ្យដឹងថា តំបន់​នៅ​ភាគខាងត្បូង​ភ្នំពេញ ដែល​រួមមាន​ផ្នែក​ខ្លះ​នៃ​ខណ្ឌដង្កោ ខណ្ឌ​មានជ័យ និង​ទឹកដី​ខេត្តកណ្ដាល​រួមមាន​ក្រុង​តាខ្មៅ ស្រុក​កណ្ដាលស្ទឹង និង​ស្រុក​ស្អាង កំពុង​បង្ហាញ​ពី​ការរីកចម្រើន​ដ៏ឆាប់រហ័ស​។


មាន​គម្រោង​អភិវឌ្ឍន៍​ហេដ្ឋារចនាសម្ព័ន្ធ​គួរឱ្យ​កត់សម្គាល់​ជាច្រើន​បាន​លេចឡើង ហើយ​ព្រម​ជាមួយ​គ្នា​នេះ​ក៏មាន​គម្រោង​សង់​ព្រលានយន្តហោះ​អន្តរជាតិ​ថ្មី នៅ​ទីនោះ​ផងដែរ​។ តំបន់​ទាំងនេះ​កំពុង​ចាប់យក​ភាគរយ​ដ៏ធំ​នៃ​ការអភិវឌ្ឍ​ពេលអនាគត​។


តាមរយៈ​ការរួមបញ្ចូល​គ្នា​នៃ​កំណើន​ការអភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ និង​កត្តា​ដីធ្លី​នៅមាន​តម្លៃ​សមរម្យ តំបន់​នេះ​ត្រូវគេ​រំពឹងថា នឹង​ក្លាយជា​ទីតាំង​ប្រណីត​នាពេល​អនាគត​សម្រាប់​វិស័យ​អចលនទ្រព្យ​។ នេះ​បើ​យោងតាម CBRE Cambodia​។


លោក Lawrence Lennon នាយក​ក្រុមហ៊ុន CBRE Cambodia និយាយថា និន្នាការ​នៃ​ការអភិវឌ្ឍ​កំពុង​កើតមាន​ជា​បន្តបន្ទាប់​លើ​គ្រប់ផ្នែក​នៅក្នុង​តំបន់​នេះ ដោយ​រាប់​ចាប់តាំងពី​ហេដ្ឋារចនាសម្ព័ន សំណង់​លំនៅឋាន និង​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម ជាដើម​។ លោក​ថ្លែងថា​៖ «​យើង​មាន​ក្ដីរំភើប ដែល​មើលឃើញ​របៀប​ដែល​តំបន់​នេះ​កំពុងមាន​ការអភិវឌ្ឍ​ខ្លាំង​លើ​គ្រប់​វិស័យ​»​។


របាយការណ៍ CBRE Cambodia ឱ្យដឹងទៀតថា បច្ចុប្បន្ន​មាន​គម្រោង​លំនៅឋាន ៥៤ បានបញ្ចប់​ការសាងសង់​ស្ថិតក្នុង​ខណ្ឌដង្កោ មានជ័យ ស្រុក​កណ្ដាលស្ទឹង និង​ក្រុង​តាខ្មៅ ហើយ​គម្រោង ៣០ ​ផ្សេង​ទៀត​កំពុង​ដំណើរការ​សាងសង់​។


ការអភិវឌ្ឍ​លំនៅឋាន​ខ្ពស់ៗ​ក៏បាន​ចូលទៅក្នុង​ភាគខាងត្បូង​ភ្នំពេញ​នេះដែរ ដោយមាន​គម្រោង​អភិវឌ្ឍន៍​អគារ​ខុនដូ​ចំនួន ៣ ដែលមាន​បន្ទប់​ស្នាក់នៅ​សរុប ១ ០៤៨ ​យូនីត​បានបញ្ចប់​ការសាងសង់​។ នៅ​ឆ្នាំ​ ២០២៣ តំបន់​នេះ​ត្រូវបាន​រំពឹងថា នឹងមាន​ខុនដូ​ប្រមាណ ៣ ៦០០ ​យូនីត​បន្ថែមទៀត​បញ្ចប់​ការសាងសង់​។

តំបន់​ភាគខាងត្បូង​ភ្នំពេញ​ក៏​បាន​ទាក់ទាញ​គម្រោង​តម្លៃ​ខ្ពស់ មធ្យម និង​តម្លៃ​សមរម្យ​កាន់តែច្រើន​ផងដែរ ដែល​ធ្វើឱ្យ​ទីនោះ​កំពុង​ក្លាយជា​សង្កាត់​ពាណិជ្ជកម្ម​ (CBD) ព្រម​ជាមួយ​នឹង​ការអភិវឌ្ឍ​អគារ​ខ្ពស់ៗ នៅ​មហាវិថី​សម្តេច​ ហ៊ុន សែន​។

កញ្ញា គឹម គិនកេសា អ្នកគ្រប់គ្រង​ជាន់ខ្ពស់​ទទួលបន្ទុក​ផ្នែក​ស្រាវជ្រាវ​ក្រុមហ៊ុន CBRE Cambodia លើកឡើងថា​៖ «​ប្រាកដ​ណាស់ ត្រូវ​ពិចារណា​ឱ្យ​ច្បាស់​ថា តើ​កន្លែង​ណា​មាន​តម្រូវការ​ពិតប្រាកដ​នៅពេល​រៀបចំ​ផែនការ​ដំណាក់កាល​ដំបូង​នៃ​គម្រោង​របស់​អ្នក​? តំបន់​នៅ​ភាគខាងត្បូង បង្ហាញពី​កន្លែង​ទំនេរ​ជាច្រើន សម្រាប់​ក្រុមហ៊ុន​អភិវឌ្ឍន៍​ទាំង​ក្នុងស្រុក និង​អន្តរជាតិ​។ យើង​សង្ឃឹមថា នឹង​ណែនាំ​ក្រុមហ៊ុន​ទាំងនេះ​ចំពោះ​ជម្រើស​ទទួលបាន​ព័ត៌មាន​ល្អ​បំផុត​»៕LA