ទីក្រុង​បាងកកៈ ​ការស្ទង់មតិ​ថ្មីៗ​នេះបង្ហាញ​ថា សន្ទស្សន៍​ទំនុក​ចិត្ត​ក្នុងវិស័យ​អចលនទ្រព្យ​​​​ក្នុង​ទីក្រុង​បាងកក​​និង​​​តំបន់ជុំវិញ​ បាន​ធ្លាក់​ចុះ​ដល់​ក្រោម​មធ្យម​ភាគ​​ក្នុង​រយៈពេល​​១០​ត្រីមាសកន្លងមកនេះ។​ នេះ​បើ​តាម​របាយការណ៍​របស់​​មជ្ឈមណ្ឌល​​ព័ត៌មាន​អចលនទ្រព្យ​​ (REIC) ដែល​បានផ្សព្វផ្សាយ​កាល​ពីថ្ងៃសៅរ៍។​

មជ្ឈមណ្ឌល​​ព័ត៌មាន​អចលនទ្រព្យ​​ (REIC) របស់ធនាគារ​លំនៅឋាន​​របស់រដ្ឋាភិបាលថៃ​ បាន​​លើក​ឡើង​ថា ​សន្ទស្សន៍​ទំនុកចិត្ត​​នៃ​អ្នក​អភិវឌ្ឍន៍​​​លំនៅឋាន​​ក្នុង​ទីក្រុង​បាងកក​ក្នុង​ត្រីមាស​ទី៣​ឆ្នាំ​នេះ​​មាន​ត្រឹមតែ​៤៥,៨​​​ពិន្ទុ ដែល​ធ្លាក់​ចុះ​​​បន្ថែម​ទៀត​ពី​ត្រីមាស​មុន​។


ទោះបី​យ៉ាង​ណា​ មជ្ឈម​ណ្ឌល​នេះ​និយាយថា ​ខ្លួន​ជឿថាទំនុក​ចិត្ត​នឹង​ប្រសើរ​ឡើងវិញ​ក្នុង​ឆមាស​បន្ទាប់​​ ពេល​ដែល​ស្ថានភាព​​កូវីដ១៩ ​​ធូរស្រាល​វិញ។


សន្ទស្សន៍​តម្លៃ​សម្រាប់​វិស័យ​នេះ​​ក៏បានស្ថិត​នៅក្រោម​មធ្យម​ភាគ​​​​ (median) សម្រាប់​ ១០ ​ត្រីមាស​ជាប់​ៗ​គ្នា​ផងដែរ​ ចាប់​តាំងពី​​ត្រីមាស​ទី២​ នៃ​ឆ្នាំ​ ២០១៩មក។


លោក​​ Wichai Viratakaphan ​​អគ្គនាយក​ស្តីទី​នៃ​​ REIC បាន​និយាយ​ថា វិធានការ​ត្រួត​ពិនិត្យ​ប្រាក់​កម្ចី​ទៅ​នឹង​តម្លៃ (LTV) របស់​ធនាគារ​កណ្តាល​ថៃ​នៅ​ត្រីមាស​ទី២ឆ្នាំ​២០១៩ រួម​ជាមួយ​នឹង​ការរីករាល​ដាល​នៃ​ជំងឺ​កូវីដ១៩​គឺ​ត្រូវ​ស្តី​បន្ទោស​ចំពោះ​សន្ទស្សន៍​ទាប។


លោក​និយាយថា ​​កត្តា​​ទាំង​ពីរ​នេះ​​​បាន​ធ្លាក់​ចុះ​យឺត​​​​ទាំង​ការ​​​ផ្គត់ផ្គង់​និង​តម្រូវការ​​ក្នុង​វិស័យ​អចលនទ្រព្យ​​ ដោយ​បន្ថែមថា អ្នក​អភិវឌ្ឍន៍​​​នៅតែ​ព្រួយ​បារម្ភ​​អំពី​​ការ​រីករាល​​ចេះតែបន្ត។​


លោក Wichai ​និយាយថា៖«​​ទោះបី​យ៉ាងណា សន្ទស្សន៍​ទំនុក​ចិត្ត​​ក្នុង​ចំណោម​​អ្នក​អភិវឌ្ឍន៍​​​​នៅទីក្រុង​បាងកក​ទាំង​មូល​​សម្រាប់​៦​ខែ​ក្រោយ ​បាន​កើន​​ឡើង​ដល់ ​៥៧,២ ​​​ភាគរយ។ ​នេះ​ប្រហែល​ដោយសារ​​ការ​សន្យារបស់​រដ្ឋាភិបាល​​ដើម្បី​ឲ្យ​ប្រជាជន​​ ៧០ ​ភាគរយ​​ទទួលបាន​វ៉ាក់សាំង​​ត្រឹមចុង​ឆ្នាំ​ ២០២១ រួម​ទាំង​ការ​ប្រើប្រាស់​​​វ៉ាក់សាំង​​ Pfizer ​ដែល​ផ្តល់​ដោយ​​អាមេរិក​សម្រាប់​ជាដូស​ជំរុញ​»។​

លោកបាន​បន្ថែម​ថា ​មជ្ឈមណ្ឌល​រដ្ឋបាល​ស្ថានភាព​សេដ្ឋកិច្ច​​(CESA) ថ្មី​ៗនេះ​​ក៏បាន​​ស្នើ​វិធានការ​​​​ថ្មី​​ទៅ​កាន់​គណៈរដ្ឋមន្ត្រី​​ រួម​ទាំង​ការ​ពង្រីក​​​​ទំហំ​​​ទៅដល់​​អ្នក​ទិញ​ជាជន​បរទេសដែរ។​ CESA បាន​ស្នើ​​ថា​ ជន​បរទេស​ត្រូវ​បាន​​អនុញ្ញាត​​ឱ្យ​កាន់​កាប់​​ច្រើន​ជាង​៤៩​ភាគរយ​​នៃ​​​យូនីត​ខុនដូ ព្រម​ទាំង​ត្រូវអនុញ្ញាត​ឱ្យ​ទិញ​​អចលនទ្រព្យ​ជា​ដី​ថែមទៀត​។

លោក បន្ថែមថា៖«​​ទំនុក​ចិត្ត​​ក្នុង​​អចលនទ្រព្យ​​​សម្រាប់រយៈពេល​៦​ខែ​​បន្ទាប់​នេះ​បាន​កើន​ឡើង​គួរ​ជាទីកត់សម្គាល់​​ចាប់​តាំង​ពី​រដ្ឋាភិបាល​បាន​ចាប់ផ្តើម​បន្ធូរ​​វិធានការ​បិទ​ខ្ទប់​ និង អនុញ្ញាត​​ឱ្យ​អាជីវកម្ម​​​ខ្លះ​​ដូច​ជា ភោជនីយដ្ឋាន​ ​ហាង​កែសម្ផស្ស​ កន្លែងម៉ាស្សា និង​​ក្រុមហ៊ុន​អាកាសចរណ៍​​ចាប់ផ្តើម​អាជីវកម្ម​​ឡើង​វិញ»៕ The Nation(Thailand)-ANN/RR