ភ្នំពេញៈ ការឆ្លងរាលដាលជំងឺកូវីដ ១៩ នៃព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ បានធ្វើឱ្យដំណើរការសាងសង់គម្រោងអភិវឌ្ឍន៍លំនៅឋានតម្លៃសមរម្យ «ទីក្រុងរណបសិរីមង្គល» ដែលមានទុនវិនិយោគប្រមាណ ១០០ លានដុល្លាររបស់ក្រុមហ៊ុន Worldbridge Homes Co., Ltd នៅក្រុងតាខ្មៅ យឺតជាងការគ្រោងទុក ខណៈបច្ចុប្បន្នក្រុមហ៊ុនកំពុងសម្រុកសាងសង់ដើម្បីអាចបញ្ចប់តាមផែនការនាដំណាច់ឆ្នាំ ២០២១ នេះ។
«ទីក្រុងរណបសិរីមង្គល» ជាគម្រោងអភិវឌ្ឍន៍លំនៅឋានតម្លៃសមរម្យដំបូងគេនៅកម្ពុជា ដែលបានបើកការដ្ឋានសាងសង់ជាផ្លូវការដើមឆ្នាំ ២០១៨ លើផ្ទៃដី ៤៥ ហិកតា ដោយមានខ្នងផ្ទះសរុប ២ ៤៥៧។ គម្រោងនេះស្ថិតក្នុងសង្កាត់រកាខ្ពស់ ក្រុងតាខ្មៅ ចម្ងាយប្រមាណ ១៤ គីឡូម៉ែត្រពីរាជធានី-ភ្នំពេញ (ស្ពានព្រះមុនីវង្ស)។
Worldbridge Home Co., Ltd គឺជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន Worldbridge Group ដែលកំពុងអភិវឌ្ឍន៍គម្រោងធំៗនៅក្នុងរាជធានី-ភ្នំពេញមានដូចជា The Bridge និង The Peak។
ប្រធានគ្រប់គ្រងទូទៅនៃក្រុមហ៊ុន Worldbridge Home Co., Ltd លោក យក់ សុធីរិទ្ធ បានប្រាប់ភ្នំពេញ-ប៉ុស្តិ៍នៅថ្ងៃទី ២៤ ខែវិច្ឆិកាថា គម្រោង «ទីក្រុងរណបសិរីមង្គល» បាននិងកំពុងពន្លឿនការសាងសង់ដើម្បីធ្វើឱ្យការគម្រោងទាំងមូលអាចបញ្ចប់នៅត្រឹមដំណាច់ឆ្នាំ ២០២១ នេះ ខណៈវិបត្តិនៃការឆ្លងរាលដាលជំងឺកូវីដ ១៩ ដែលបានបង្ខំឱ្យមានការរឹតត្បិតការធ្វើដំណើរ និងការបិទសេដ្ឋកិច្ចមួយចំនួនបានធ្វើឱ្យប៉ះពាល់ដល់ដំណើរការសាងសង់មួយរយៈ។
លោកថ្លែងថា៖ «អំឡុងការផ្ទុះរាលដាលជំងឺកូវីដ ១៩ ខ្លាំងវាបានធ្វើឱ្យការសាងសង់នៅផ្នែកខ្លះមិនដំណើរការមួយរយៈ ហេតុនេះយើងកំពុងខិតខំបង្កើនល្បឿងសាងសង់ឡើងវិញនៅពេលនេះ»។
លោក ឌឹត ចណ្ណា នាយកប្រតិបត្តិក្រុមហ៊ុនអចលនទ្រព្យ ឡាក់គី រៀលធី បានលើកឡើងថា គម្រោងអភិវឌ្ឍន៍លំនៅឋានតម្លៃសមរម្យមិនត្រឹមតែទទួលបានការចាប់អារម្មណ៍ច្រើនពីអ្នកមានប្រាក់ចំណូលទាប និងមធ្យមប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានចូលរួមជាមួយរដ្ឋាភិបាលក្នុងការបង្កើនលទ្ធភាពឱ្យប្រជាជនមានលំនៅឋានផ្ទាល់ខ្លួនផងដែរ។ ការអភិវឌ្ឍគម្រោងបែបនេះនឹងកាន់តែងាយទទួលជោគជ័យប្រសិនបើស្ថិតនៅទីតាំងសមស្របមានតម្លៃសមរម្យ និងជាពិសេសមានវិធីសាស្ត្របង់ប្រាក់ងាយស្រួល។
លោកនិយាយថា៖ «សម្រាប់គម្រោងនេះខ្ញុំអាចនិយាយថា វាស្ថិតនៅទីតាំងសមរម្យ និងទទួលជោគជ័យមួយចំនួនរួចហើយ ដោយមានអតិថិជនខ្លះបានចូលទៅរស់នៅហើយ»។
ជាមួយគ្នានេះលោកក៏បន្ថែមទៀតថា ប្រសិនបើមានក្រុមហ៊ុនវិនិយោគលើគម្រោងបែបនេះកាន់តែច្រើន គឺជាការល្អ ព្រោះវាអាចផ្តល់នូវជម្រើសកាន់តែច្រើនសម្រាប់ប្រជាជនថ្នាក់កណ្តាលក្នុងការស្វែងរកទីតាំងដែលងាយស្រួលសម្រាប់ពួកគេក្នុងការធ្វើដំណើរទៅធ្វើការ ឬរៀនសូត្រ។
យោងតាមក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ គិតត្រឹមចុងឆ្នាំ ២០២០ នៅកម្ពុជាមានគម្រោងអភិវឌ្ឍន៍លំនៅឋានតម្លៃសមរម្យចំនួន ៥ ដែលស្មើនឹងបន្ទប់ស្នាក់នៅសរុប ៨ ៣៣១ (ខ្នងផ្ទះ) និងចំនួន ៧ ២៥៦ យូនីត (ខុនដូ)។
កាលពីឆ្នាំ ២០១៤ ប្រទេសកម្ពុជាបានអនុម័តគោលនយោបាយលំនៅឋានថ្នាក់ជាតិ ដើម្បីជំរុញការអភិវឌ្ឍលំនៅឋានឱ្យបានកាន់តែច្រើនជូនប្រជាពលរដ្ឋ។ បើយោងតាមគោលនយោបាយនេះ កម្ពុជានឹងត្រូវការផ្ទះបន្ថែមប្រមាណ ៥ ម៉ឺនខ្នងក្នុង ១ ឆ្នាំៗរហូតដល់ឆ្នាំ ២០៣០។
ទិន្នន័យនិន្នាការសេដ្ឋកិច្ច-សង្គមនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានឱ្យដឹងថា ចាប់ពីខែមករា-ខែសីហា ឆ្នាំ ២០២១ គម្រោងសាងសង់ដែលបានទទួលការអនុញ្ញាតឱ្យសាងសង់ពីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់មានចំនួន ២ ៩០១ គម្រោង ធ្លាក់ចុះ ៤៤៩ គម្រោង ចំណែកទុនវិនិយោគមានតម្លៃ ៣ ៨៤៣ លានដុល្លារ ធ្លាក់ចុះ ២៤,៤ ភាគរយ៕ LA
វីដេអូ៖