ភ្នំពេញៈ ឥទ្ធិពល​នៃ​ការរីក​រាល​ជំងឺ​កូវីដ​ ១៩ បានធ្វើឱ្យ​គម្រោង​វិនិយោគ​ខុនដូ​ (​ថ្មី​) ​ដែល​បានប្រកាស​បើក​លក់​ក្នុង​ឆ្នាំ​ ២០២១ នៅ​រាជធានី​ភ្នំពេញ​មាន​ចំនួន​ត្រឹមតែ ៤ ​ប៉ុណ្ណោះ​ដោយ​ធ្លាក់ចុះ​ពី​ចំនួន ១៧ ​កាលពី​ឆ្នាំ​ ២០២០​។ នេះ​បើតាម​ការស្រាវជ្រាវ​របស់​ក្រុមហ៊ុន​អចលនទ្រព្យ CBRE Cambodia​។

របាយការណ៍​ស្រាវជ្រាវ​បង្ហាញថា​ចាប់ពី​ខែមករា ដល់​ខែធ្នូ ឆ្នាំ​ ២០២១ គម្រោង​វិនិយោគ​អគារ​ខុនដូ​ដែល​ប្រ​កាស​បើក​លក់​មាន​ចំនួន ៤ គម្រោង​ស្មើនឹង​បន្ទប់​ស្នាក់នៅ​ជាង ១ ០០០ ​យូនីត ខណៈ​ក្នុង​ឆ្នាំ​ ២០២០ គម្រោង​ខុនដូ​ដែល​បានប្រកាស​បើក​លក់​មាន​ចំនួន ១៧ គម្រោង ស្មើនឹង​បន្ទប់​ស្នាក់នៅ​សរុប ១០ ៨៦៦ ​យូនីត​។


សម្រាប់​តម្លៃ​លក់​របស់​ខុនដូ ក្នុង​ឆ្នាំ ​២០២១ គឺ​បង្ហាញ​ពី​និន្នាការ​ធ្លាក់ចុះ បើ​ធៀប​នឹង​ឆ្នាំ​ ២០២០​។ យោងតាម CBRE Cambodia ខុនដូ​ប្រណីត (High-End) មានតម្លៃ​ជា​មធ្យម ២ ៧០០ ​ដុល្លារ​ក្នុង​ ១​ ម៉ែត្រការ៉េ​ធ្លាក់ចុះ​ពី​តម្លៃ ៣ ០០០ ​ដុល្លារ​ក្នុង​ ១ ​ម៉ែត្រការ៉េ​កាលពី​ដំណាច់ឆ្នាំ​ ២០២០, ខុន​ដូ ប្រភេទ​តម្លៃ​មធ្យម​ (Mid-Range) មានតម្លៃ​មធ្យម ២ ០០០ ​ដុល្លារ ធ្លាក់​ពី​ចំនួន ២ ២៥០ ​ដុល្លារ និង​ប្រភេទ​តម្លៃ​សមរម្យ​ (Affordable) មានតម្លៃ ១ ៤០០ ​ដុល្លារ ធ្លាក់ចុះ​ពី​ចំនួន ១ ៥០០​ ដុល្លារ​។


ដោយឡែក​តម្លៃ​ជួល​នា​ដំណាច់ឆ្នាំ ​២០២១ គឺមាន​ប្រមាណ​ពី​ ៧-១២​ ដុល្លារ​ក្នុង​ ១​ ម៉ែត្រការ៉េ សម្រាប់​រយៈពេល​ ១​ ខែ​ធ្លាក់ចុះ​ប្រហែល​ ១០ ​ភាគរយ​បើ​ធៀប​នឹង​ចុងឆ្នាំ​ ២០២០​។


តាម​ការព្យាករ​របស់ CBRE Cambodia ក្នុង​ឆ្នាំ​ ២០២២ នេះ​នឹងមាន​គម្រោង​ចំនួន ២២ ​បញ្ចប់​ការសាងសង់ និង​ដាក់​ចូលក្នុង​ទីផ្សារ ដែល​រួមមាន​បន្ទប់​ស្នាក់នៅ​សរុប​ជាង ១៣ ០០០ ​យូនីត​។


អ្នកនាង គឹម គិនកេសា នាយិការង​ផ្នែក​ស្រាវជ្រាវ និង​ប្រឹក្សា​យោបល់​នៃ​ក្រុមហ៊ុន CBRE Cambodia បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​កាលពី​ថ្ងៃទី ​២៦ ខែមករា ថា ឥទ្ធិពល​នៃ​ការឆ្លង​រាលដាល​ជំងឺ​កូវីដ​ ១៩ លើ​ពិភពលោក​បានធ្វើឱ្យ​សកម្មភាព​នៃ​ការទិញ-លក់ និង​តម្លៃ​ខុនដូ​នា​រយៈពេល​ ២ ​ឆ្នាំ​ចុងក្រោយ​នេះ​មិនមាន​ភាពល្អប្រសើរ​ឡើយ​។ ក្តីបារម្ភ​ពី​ការឆ្លង​ជំងឺ​កូវីដ​ ១៩ និង​ការ​រឹតបន្តឹង​ការធ្វើដំណើរ​ឆ្លង​ប្រទេស​បានធ្វើឱ្យ​ចំនួន​អតិថិជន ពិសេស​ជនបរទេស​ដែលមាន​ចំណាប់អារម្មណ៍​ការទិញ-លក់ និង​ស្នាក់​នៅតាម​ខុនដូ​ធ្លាក់ចុះ​យ៉ាងគំហុក​។ អ្នកនាង គិនកេសា បន្តថា ទោះបី​ពេលនេះ​ប្រទេស​នីមួយៗ​ហាក់​បាន​បន្ធូរបន្ថយ​វិធានការ​រឹតបន្តឹង​ការធ្វើដំណើរ​ក៏ដោយ ក៏​ទីផ្សារ​ខុនដូ​នៅ​កម្ពុជា​នៅតែ​ត្រូវការ​ពេលវេលា​យូរ​ទៀត ដើម្បី​មាន​កំណើន​ឡើងវិញ​។


អ្នកនាង គិនកេសា ថ្លែងថា​៖ «​ដោយសារ​តែ​ទីផ្សារ​ខុនដូ​នៅ​កម្ពុជា​បច្ចុប្បន្ន ពិសេស​ខុនដូ​ប្រភេទ​ប្រណីត​មាន​អតិថិជន​ជា​ជនបរទេស ហេតុនេះ​គេ​ត្រូវការ​ពេល​យូរ​ទៅមុខទៀត​ដើម្បី​ធ្វើឱ្យ​ទីផ្សារ​នេះ​ល្អប្រសើរ​ឡើងវិញ​»​។

សម្រាប់​ឆ្នាំ​ ២០២២ នេះ ក្រុមហ៊ុន CBRE Cambodia បាន​ព្យាករ​ថា​នឹងមិន​មានការ​បើក​លក់​គម្រោង​ខុនដូ​ថ្មីៗ​ច្រើន​ដូច​ឆ្នាំ​កន្លងទៅ​ទេ ហើយ​តម្លៃ​លក់​អាច​ស្ថិតនៅ​ទ្រឹង ខណៈ​ទីផ្សារ​ត្រូវការ​ពេលវេលា​បន្ថែម​ដើម្បី​ស្រូបយក​ចំនួន​យូនីត​ខុនដូ ដែលមាន​ស្រាប់​នាពេល​បច្ចុប្បន្ន​។ លើសពី​នេះទៅទៀត ទីផ្សារ​ខុនដូ ដែល​កន្លងមក​ធ្លាប់តែ​ពឹង​ផ្អែកលើ​អ្នកទិញ​ជា​ជនបរទេស​អាច​នឹងត្រូវ​ពិនិត្យ​ឡើងវិញ​ទៅលើ​ការរចនា សេវាកម្ម និង​តម្លៃ​លក់​ដើម្បី​ទាក់ទាញ​យក​អ្នកទិញ​ក្នុងស្រុក និង​រក្សាបាន​នូវ​ភាព​ប្រកួតប្រជែង​។

ទិន្នន័យ​របស់​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់​បង្ហាញថា ចាប់ពី​ខែមករា ដល់​ដំណាច់​ខែធ្នូ ឆ្នាំ ២០២១ គម្រោង​សាងសង់​នៅ​ទូទាំង​ប្រទេស​កម្ពុជា​ចំនួន ៤ ៣០៣ ​គម្រោង ដែលមាន​ផ្ទៃក្រឡា​កម្រាល​សំណង់ ១២ ៩៩៨ ០៧២ ម៉ែត្រការ៉េ និង​មាន​ទុនវិនិយោគ​ប្រមាណ ៥ ៣៣៣ ៧៩៨ ៥២៥ ដុល្លារ​ត្រូវបាន​អនុម័ត​។ ចំនួន​ទុនវិនិយោគ​នេះ​បើ​ធៀប​ជាមួយនឹង​ឆ្នាំ​ ២០២០ គឺ​បាន​ថយចុះ​ប្រមាណ ៣១,២១ ភាគរយ​៕ LA