ភ្នំពេញៈ ក្រុម​អ្នកជំនាញ​អចលនទ្រព្យ​បាន​លើកឡើងថា ទោះបី​កម្ពុជា​បាន​បើក​ប្រទេស​ទទួលភ្ញៀវ​ទេសចរ និង​អ្នកវិនិយោគ​បរទេស​ចាប់តាំងពី​ខែវិច្ឆិកា ឆ្នាំ​ ២០២១ មក ក៏​ទីផ្សារ​អចលនទ្រព្យ​នៅ​ខេត្ត​ព្រះសីហនុ​នៅ​មិនទាន់​មាន​ដំណើរ​ការល្អ​ឡើងវិញ​នោះទេ​។

បច្ចុប្បន្ន ខេត្ត​ព្រះសីហនុ​ត្រូវបាន​រាជរដ្ឋាភិបាល​កម្ពុជា​កំណត់​ជា​តំបន់​សេដ្ឋកិច្ច​ពិសេស​គំរូ​ពហុបំណង​។


ប្រធាន​សមាគម​អចលនទ្រព្យ​សកល លោក សំ សុខនឿន បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​កាលពីថ្ងៃ​ទី​ ៩ ខែមីនា ថា ទីផ្សារ​អចលនទ្រព្យ​នៅ​ខេត្ត​ព្រះសីហនុ ចាប់តាំងពី​ឆ្នាំ​ ២០១៩ មកដល់​ពេលនេះ គឺ​នៅ​ស្ងប់ស្ងាត់​ដដែល ដោយ​គេ​អាច​និយាយថា សកម្មភាព​ទីផ្សារ​ធ្លាក់ចុះ​ជាង ៩០ ​ភាគរយ​បើ​ធៀប​នឹង​អំឡុង​ឆ្នាំ​ ២០១៦-២០១៨​។ មាន​កត្តា​ចម្បង​ចំនួន ២ ដែល​ធ្វើឱ្យ​ទីផ្សារ​នេះ​ធ្លាក់ចុះ គឺ​ទី​ ១ ការបិទ​បញ្ចប់​រាល់​ប្រតិបត្តិការ​ល្បែងភ្នាល់​តាម​ប្រព័ន្ធ​អនឡាញ​នៅ​កម្ពុជា (​ចាប់ពី​ឆ្នាំ​ ២០១៩) និង​ទី ២ ការ​ទទួលរង​ផលប៉ះពាល់​ពី​ការឆ្លង​រាលដាល​ជំងឺ​កូវីដ​ ១៩​។


លោក​ថ្លែងថា​៖ «​ដោយសារ​អចលនទ្រព្យ​នៅ​ខេត្ត​ព្រះសីហនុ​មានតម្លៃ​ខ្ពស់​រួច​ទៅហើយ​កាលពី​អំឡុង​ឆ្នាំ​ ២០១៦-២០១៨ ហេតុនេះ​ការទិញ​ក្នុង​ពេលនេះ​ស្ទើរតែ​មិនមាន​ (​ប្រជាជន​ក្នុងស្រុក​)​។ វា​នឹង​អាចមាន​សកម្មភាព​ឡើងវិញ ប្រសិនបើ​អ្នកវិនិយោគ​បរទេស ពិសេស​ជនជាតិ​ចិន​បន្ត​ចូលមក​ទីនោះ​សាជាថ្មី​»​។


យោងតាម​លោក សុខនឿន តម្លៃ​អចលនទ្រព្យ​ក្នុង​ក្រុង​ព្រះសីហនុ​ពេលនេះ គឺ​ប្រហាក់ប្រហែល​ឆ្នាំ​ ២០១៨ ប៉ុន្តែ​មិន មាន​សកម្មភាព​ទិញ​លក់​ទេ ដោយ​កន្លែង​ខ្លះ​តម្លៃ​ដី​បាន​លោត​ដល់ ៧ ០០០ ​ដុល្លារ​ក្នុង​ ១​ ម៉ែត្រការ៉េ​។ តម្លៃ​នេះ គឺ​មិន​ផ្តល់​លទ្ធភាព​ឱ្យ​ប្រជាជន​ក្នុង ស្រុក​អាច​វិនិយោគ​បានទេ​។


លោក សុខនឿន បាន​ថ្លែង​បញ្ជាក់ទៀតថា​៖ «​ឆ្នាំ​ ២០១៦, ២០១៧ និង​ឆ្នាំ ​២០១៨ ត្រូវបាន​គេ​ចាត់ទុកជា​សករាជ​មាស​នៃ​ទីផ្សារ​អចលនទ្រព្យ និង​សំណង់​ក្នុង​ខេត្ត​ព្រះសីហនុ (​ក្រុងព្រះសីហនុ​) ដែល​ពេលនោះ មាន​ការរីកលូតលាស់​ឆាប់រហ័ស​នឹកស្មាន​មិន​ដល់​»​។


ចំណែក​អគ្គនាយក​ក្រុមហ៊ុន​អចលនទ្រព្យ ឡាក់គី រៀលធី លោក ឌឹត ចណ្ណា បាន​និយាយ ថា នៅក្នុង​ត្រីមាស​ទី​ ១ ឆ្នាំ​ ២០២២ នេះ​ទីផ្សារ​អចលនទ្រព្យ​ក្នុង​ខេត្ត​ព្រះសីហនុ​នៅ​មិនទាន់មាន​អ្វី​ប្រែប្រួល​ខ្លាំង​គួរឱ្យ​កត់សម្គាល់​ទេ​បើ​ធៀប​នឹង​ចុងឆ្នាំ​ ២០២១​។ លោក​បន្តថា ទោះយ៉ាងណា​តម្លៃ និង​សកម្មភាព​ទីផ្សារ​នេះ​អាច​នឹងមាន​ការប្រែប្រួល​ភ្លាមៗ ប្រសិនបើ​ចំនួន​អ្នកវិនិយោគ និង​ភ្ញៀវទេសចរ​បរទេស​ធ្វើ​ដំណើរ​មក​កម្សាន្ត​នៅ​ទីនោះ​ក្នុង​ចំនួន​ច្រើន​។

លោក​បាន​ថ្លែងថា​៖ «​បើ​និយាយ​ក្នុង​ពេលនេះ គឺ​មិនទាន់​មាន​ធ្វើ​ប្រែប្រួល​ទេ ប៉ុន្តែ​នៅពេល​ខាងមុខ​ឆាប់ៗ​នេះ​អ្វីៗ​អាច​នឹងមាន​ការប្រែប្រួល​ខ្លាំង ព្រោះ​ប្រទេស​យើង​បាននិង​កំពុង​បើក​ដំណើរការ​គ្រប់​វិស័យ រួមទាំង​ជើងហោះហើរ​អន្តរជាតិ​ផងដែរ​»​។

លោក ចណ្ណា ប្រាប់ថា លោក​ទើប​ទទួល​បាន​ព័ត៌មាន​ថ្មីៗ​ថា មាន​អ្នកវិនិយោគ​បរទេស​ជាច្រើន​កំពុង​ចាប់អារម្មណ៍​ក្នុង​ការបណ្តាក់ទុន សហការ ឬ​ទិញ​គម្រោង​អភិវឌ្ឍន៍​ដែល​ជាប់គាំង យក​ទៅ​អភិវឌ្ឍ​បន្ត​។ លោក​បញ្ជាក់ថា​៖ «​ខ្ញុំ​គិតថា​មិនយូរ​ទៀត​ទេ​វិស័យ​អចលនទ្រព្យ​ក្នុង​ខេត្ត​ព្រះសីហនុ​នឹងមាន​សម្ទុះ​ខ្លាំង​ដូចដើម​វិញ​ (​អំឡុង​មុន​ឆ្នាំ​ ២០១៨)»​។

បន្ទាប់ពី​អាក់ខាន​ជាច្រើន​ខែ​ដែល​បណ្តាលមកពី​ឥទ្ធិពល​នៃ​ការរីករាលដាល​ជំងឺ​កូវីដ​ ១៩ អាកាសយានដ្ឋាន​អន្តរជាតិ​ខេត្ត​ព្រះសីហនុ​ទើប​ទទួល​បាន​ការចុះចត​របស់​ជើង​យន្តហោះ​ប្រភេទ​ពាណិជ្ជកម្ម​ជា​លើកដំបូង​កាលពី​រាត្រី​ថ្ងៃទី ​៦ ខែមីនា​កន្លងមក​។ នេះ​បើតាម​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ថ្លែង​ក្នុងឱកាស​ដែល​លោក​បាន​អញ្ជើញ​ចូលរួម​បើកសម្ពោធ​ដាក់ឱ្យ​ដំណើរការ​ជា​ផ្លូវការ​នៃ​មន្ទីរពេទ្យ​មិត្តភាព​កម្ពុជា​-​ចិន​ត្បូងឃ្មុំ កាលពី​ថ្ងៃទី​ ៧ ខែមីនា​៕ LA

វីដេអូ៖