កំពង់ស្ពឺៈ គម្រោង​វិនិយោគ​រោងចក្រ​ផលិត​ស៊ីម៉ងត៍​តម្លៃ​ជាង ២៥០ ​លាន​ដុល្លារ​នៅ​ខេត្តកំពង់ស្ពឺ​របស់​ក្រុមហ៊ុន​មកពី​ប្រទេស​ចិន Conch KT Cement បាន​សិក្សា​បញ្ចប់​អំពី​សក្តានុពល​ធនធាន​រួចរាល់​ហើយ ដោយ​នៅពេលនេះ​ក្រុមហ៊ុន​កំពុង​រៀបចំ​បំពេញ​បន្ថែម​នូវ​នីតិវិធី​ច្បាប់​នៅ​ក្រសួង-​ស្ថាប័ន និង​ផ្នែក​ពាក់ព័ន្ធ​ដើម្បី​ឈាន​ឆ្ពោះទៅ​ចាប់ផ្តើម​ដំណើរការ​សាងសង់​។ នេះ​បើ​យោងតាម លោក វ៉ី សំណាង អភិបាលខេត្ត​កំពង់ស្ពឺ​។

គម្រោង​វិនិយោគ​លើ​រោងចក្រ​ផលិត​ស៊ីម៉ងត៍​តម្លៃ​ប្រមាណ​ជាង ២៥០ ​លាន​ដុល្លារ​នេះ មាន​ទីតាំង​ស្ថិតនៅ​ភូមិ​មនោរម្យ ឃុំ​ហោងសំណំ ស្រុក​ឱរ៉ាល់ ខេត្តកំពង់ស្ពឺ​។


លោក វ៉ី សំណាង អភិបាលខេត្ត​កំពង់ស្ពឺ​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ក្នុង​ថ្ងៃទី​ ២៣ ខែមីនា​ថា បច្ចុប្បន្ន​ការសិក្សា​របស់​ក្រុមហ៊ុន​ទៅលើ​សក្តានុពល​ធនធាន​នៅក្នុង​តំបន់​បានបញ្ចប់​រួចរាល់​ហើយ​ដោយ​ក្នុងនោះ​ក្រុមហ៊ុន​ក៏បាន​សិក្សា​ពី​ការដោះស្រាយ​ផលប៉ះពាល់​ជាមួយ​ភាគី​ពាក់ព័ន្ធ និង​បានរៀបចំ​ប្លង់គោល​ពី​ការបែងចែក​តំបន់​អាជីវកម្ម និង​តំបន់​រដ្ឋបាល សម្រាប់​ដំណើរការ​អាជីវកម្ម​ផងដែរ​។ លោក​បន្តថា ទោះយ៉ាងណា​មកដល់​ពេលនេះ រដ្ឋបាលខេត្ត​កំពង់ស្ពឺ នៅ​មិនទាន់​ទទួលបាន​ព័ត៌មាន​លម្អិត​ពី​កាលបរិច្ឆេទ​នៃ​ការចាប់ផ្តើម​ដំណើរការ​សាងសង់​រោងចក្រ​នេះ​នៅឡើយ​ទេ​។


លោក​ថ្លែងថា​៖ «​ពេលនេះ​ក្រុមហ៊ុន​កំពុង​បំពេញបន្ថែម​នូវ​បែបបទ​នីតិវិធី​ច្បាប់​តាម​ក្រសួង-​ស្ថាប័ន និង​លិខិតបទដ្ឋាន​ពាក់ព័ន្ធ​មួយ ដោយ​ក្រុមហ៊ុន​នៅ​មិនទាន់បាន​សាងសង់​អ្វី​នៅឡើយ​ទេ ក្រៅពី​ការ​ឈូសឆាយ​ផ្លូវ​ ដើម្បី​ចូល​សិក្សា​ធនធាន​តែប៉ុណ្ណោះ​»​។


លោក​អភិបាលខេត្ត​បានលើកឡើង​ទៀតថា កត្តា​ស្ថិរភាព​នយោបាយ​មាន​សុខសន្តិភាព និង​សុវត្ថិ​ភាពល្អ កត្តា​ភូមិសាស្ត្រ​អំណោយផល​ដោយមាន​ផ្លូវជាតិ​សំខាន់ៗ​ឆ្លងកាត់ ពិសេស​ផ្លូវ​ល្បឿន​លឿន និង​ភាពសម្បូរបែប​នៃ​កម្លាំង​ពលកម្ម បានធ្វើឱ្យ​ខេត្តកំពង់ស្ពឺ ទាក់ទាញ​ការចូលមក​បណ្តាក់ទុន​ពី​សំណាក់​អ្នកវិនិយោគ​នៅ​គ្រប់ទិសទី​។ ការបណ្តាក់ទុន​វិនិយោគ​បាន​ជួយ​ផ្តល់ឱ្យ​ខេត្ត​នូវ​ភាពវិជ្ជមាន​ជាច្រើន​ទាំង​កម្រិតជីវភាព​ប្រជាជន និង​កំណើន​សេដ្ឋកិច្ច​ជាតិ​ផងដែរ​។


លោក​បញ្ជាក់ថា​៖ «​ក្រោម​ការដឹកនាំ​របស់​ប្រមុខ​រាជរដ្ឋាភិបាល បច្ចុប្បន្ន​កម្ពុជា​បាន​ទាក់ទាញ​អ្នកវិនិយោគ​ជាច្រើន​ឱ្យ​ចូលមក​ប្រកបរបរ​អាជីវកម្ម​នៅ​កម្ពុជា ដែល​សកម្មភាព​ទាំងនេះ​បាន​ជួយ​ធ្វើឱ្យ​ជីវភាព​ប្រជាជន​ក្នុង​ខេត្ត​មាន​លក្ខណៈ​ល្អប្រសើរ មាន​ការងារ មាន​មុខរបរ​ច្បាស់លាស់ ជួយ​លើកស្ទួយ​ជីវភាព​សហគមន៍ ជួយ​អភិវឌ្ឍ​សង្គមជាតិ​ពី​ ១​ ឆ្នាំទៅ ​១ ​ឆ្នាំ និង​ចូលរួម​កាត់បន្ថយ​ភាពក្រីក្រ​របស់​ប្រជាពលរដ្ឋ​ជា​បន្តបន្ទាប់​»​។


ប្រធាន​គ្រប់គ្រង​ទូទៅ​នៃ​សមាគម​អ្នក​សាងសង់​កម្ពុជា លោក ជីវ ស៊ីវផេង បាន​និយាយថា ការវិនិយោគ​លើ​រោងចក្រ​ផលិត​ស៊ីម៉ងត៍ នឹង​ផ្តល់​ផលប្រយោជន៍​យ៉ាងច្រើន​សម្រាប់​សេដ្ឋកិច្ច​កម្ពុជា ទាំង​ការបង្កើត​ការងារ​ថ្មី ការ​កាត់បន្ថយ​ការនាំ​ចូល​ពី​បរទេស និង​អាច​ឈានទៅ​នាំចេញ​នៅពេល​អនាគត​ផងដែរ ខណៈ​កម្ពុជា​មាន​ទីតាំង ​(​វត្ថុធាតុដើម​)​ ជាច្រើន​សម្រាប់​ផលិត​ស៊ីម៉ងត៍​។ លោក​បាន​បន្តថា តាមរយៈ​កំណើនសេដ្ឋកិច្ច និង​ការរីកចម្រើន​នៃ​វិស័យ​សំណង់ ប្រទេស​កម្ពុជា​នឹងត្រូវ​ការ​ស៊ីម៉ងត៍​ក្នុង​បរិមាណ​ច្រើន​នៅពេល​ខាងមុខ ជាពិសេស​នៅពេល​ស្ថានភាព​ការឆ្លង​រាលដាល​ជំងឺ​កូវីដ​ ១៩ ត្រូវ​គ្រប់គ្រង​បាន​ទាំងស្រុង​។

លោក​ថ្លែងថា​៖ «​ការបង្កើត​រោងចក្រ​ផលិត​នៅក្នុង​ស្រុក នឹងមិន​ត្រឹមតែ​ធ្វើឱ្យ​តម្លៃ​ស៊ីម៉ងត៍​ទាប​ជាង​មុន​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​វា​ថែមទាំង​ជួយ​ឱ្យ​ស៊ីម៉ងត៍​កាន់តែ​មាន​គុណភាព​ល្អ​ផងដែរ​»​។

លោក​បន្ថែមថា នៅពេល​មានការ​វិនិយោគ​លើ​រោងចក្រ​ផលិត​ក្នុងស្រុក​កាន់តែច្រើន វា​ក៏​ជួយផ្តល់​ទំនុកចិត្ត​ដល់​វិនិយោគិន​ថ្មីៗ ក្នុង​ការចូលមក​បណ្តាក់ទុន​នៅ​កម្ពុជា​កាន់តែ​ច្រើន​។

កាលពី​ឆ្នាំ ​២០២១ លោក វ៉ី សំណាង ធ្លាប់បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ថា តាម​ផែនការ​រោងចក្រ​ផលិត​ស៊ីម៉ងត៍​នេះ​នឹងមាន​សមត្ថភាព​ផលិត​ស៊ីម៉ងត៍​បាន​ជិត ២ ​លាន​តោន​ក្នុង​ ១ ​ឆ្នាំ​។

របាយការណ៍​ក្រសួង​ពាណិជ្ជកម្ម​បាន​បង្ហាញថា ក្នុង​រយៈពេល ១០ ​ខែ ឆ្នាំ​ ២០២១ កម្ពុជា​បាន​នាំចូល​ស៊ីម៉ងត៍ ក្នុងតម្លៃ​សរុប ៤០ ​លាន​ដុល្លារ​ធ្លាក់ចុះ ៣៣ ​ភាគរយ​ធៀប​រយៈពេល​ដូចគ្នា​ឆ្នាំ​ ២០២០ ដែលមាន ៥៩ ​លាន​ដុល្លារ​។

គិត​ត្រឹម​ដើមឆ្នាំ ​២០២២ នៅ​កម្ពុជា​មាន​រោងចក្រ​ផលិត​ស៊ីម៉ងត៍​ចំនួន ​៥ កំពុងដំណើរការ ដែល​រួមមាន​ក្រុមហ៊ុន​ជីបម៉ុង អ៊ិនស៊ី ស៊ីមេន ខបភើរេសិន​, ក្រុមហ៊ុន​កំពត​ស៊ីមេន​, ក្រុមហ៊ុន​បាត់ដំបង ខនស៍ ស៊ីមេន​, ក្រុមហ៊ុន​ស៊ីម៉ងត៍​ចក្រីទីង និង​ក្រុមហ៊ុន​ស៊ីម៉ងត៍ ថៃប៊ុនរ៉ុង ខមភេនី លីមីធីត​។ ទុនវិនិយោគ​សរុប​របស់​រោងចក្រ​ទាំង​ ៥ មាន​ជាង ២ ០០០ ​លាន​ដុល្លារ​៕ LA