ភ្នំពេញៈ ក្នុង​រយៈពេល ២ ​ខែ​ដើមឆ្នាំ​ ២០២២ ការផលិត​ស៊ីម៉ងត៍​នៅ​កម្ពុជា​សម្រេចបាន​ជាង ១,៥ ​លាន​តោន កើន ២ ​ភាគរយ​បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា​ឆ្នាំ​ ២០២១​។ នេះ​បើ​យោងតាម​ទិន្នន័យ​របស់​សមាគម​ឧស្សាហកម្ម​ស៊ីម៉ងត៍​កម្ពុជា ​(CCMA)​។

ទិន្នន័យ​ភ្នំពេញ​ប៉ុស្តិ៍​ទើប​ទទួលបាន​បង្ហាញថា ក្នុង​ខែមករា និង​កុម្ភៈ ឆ្នាំ​ ២០២២ រោងចក្រ​ផលិត​ស៊ីម៉ងត៍​ទាំង ៥ នៅ​កម្ពុជា​ផលិត​ស៊ីម៉ងត៍​បាន​ចំនួន​សរុប ១ ៥២៤ ២៤៨ ​តោន កើនឡើង ២,០៧ ​ភាគរយ​បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា​ឆ្នាំ​ ២០២១ ដែលមាន​ចំនួន ១ ៤៩៣ ២១២ ​តោន​។


យោងតាម CCMA បរិមាណ​ដែល​ផលិត​បាន​ក្នុង​រយៈពេល​ខាងលើ​រួមមាន ក្រុមហ៊ុន​កំពត​ស៊ីមេន ផលិត​បាន ៤២០ ៧៣៦​ តោន​, ក្រុមហ៊ុន​បាត់ដំបង ខនស៍ស៊ីមេន ៣៤៩ ៥០០ ​តោន​, ក្រុមហ៊ុន​ជីបម៉ុង អ៊ិនស៊ីស៊ីមេន ខបភើ រេសិន ៣៤១ ៣៨៨ ​តោន​, ក្រុមហ៊ុន​ស៊ីម៉ងត៍​ចក្រី​ទីង ២១៧ ៦៥៦ ​តោន​, និង​ក្រុមហ៊ុន​ស៊ីម៉ងត៍ ថៃប៊ុនរ៉ុង ខមភេនី លីមីធីត ចំនួន ១៩៤ ៩៦៨ ​តោន​។


អគ្គលេខាធិការ​នៃ CCMA លោក ពុត ចន្តារិទ្ធ បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ថា ការផលិត​ស៊ីម៉ងត៍​នៅ​កម្ពុជា​ក្នុង​រយៈពេល ២ ​ខែ​ដើមឆ្នាំ​ ២០២២ កើនឡើង​តិចតួច​បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា​ឆ្នាំ​ ២០២១​។ កំណើន​ផលិតផល​ក្នុងស្រុក​កំពុង​ដើរតួនាទី​យ៉ាងសំខាន់​ក្នុងការ​កាត់បន្ថយ​ការនាំ​ចូល​ពី​ប្រទេសជិតខាង​ដូចជា ថៃ និង​វៀតណាម​។ លោក​បន្តថា បរិមាណ​ដែល​រោងចក្រ​ទាំង ៥ ​ផលិត​បាន​គឺអាច​ឆ្លើយតប​នឹង​តម្រូវការ​ក្នុងស្រុក​ប្រហែល ៩០ ​ភាគរយ ខណៈ​ ១០​ ភាគរយ​ទៀត​គឺជា​ផលិតផល​នាំចូល ដោយ​មាន​ចំនួន​ប្រហែល ១ ​លាន​តោន​ក្នុង​ ១ ​ឆ្នាំ​។


លោក​បាន​ថ្លែងថា​៖ «​តាម​ការព្យាករ​តម្រូវការ​ស៊ីម៉ងត៍​នៅ​កម្ពុជា​នឹង​កើនឡើង​បន្ទាប់ពី​រាជរដ្ឋាភិបាល​ប្រកាស​បើក​ប្រទេស​ឡើងវិញ​ (​ចាប់ពី​ខែវិច្ឆិកា ឆ្នាំ​ ២០២១) ព្រោះ​ចំនួន​អ្នកវិនិយោគ​ចូលមក​កម្ពុជា​ចាប់ផ្តើម​មាន​ឡើងវិញ​ជា​បណ្តើ​រហើយ ហើយ​ការសាងសង់​ក៏​នឹង​កើនឡើង​ទៅតាម​នោះដែរ​»​។


បើតាម​លោក ចន្តារិទ្ធ ជាមួយ​នឹង​ការបង្កើន​ទុនវិនិយោគ​ជា​បន្តបន្ទាប់​រហូតដល់​ជាង ២ ​ពាន់​លាន​ដុល្លារ បច្ចុប្បន្ន​រោងចក្រ​ផលិត​ស៊ីម៉ងត៍​នៅ​កម្ពុជា​អាចមាន​សមត្ថភាព​អាច​ផលិត​បាន​រហូតដល់ ១០ ​លាន​តោន​ក្នុង ១​ ឆ្នាំ​ប្រសិនបើ​រោងចក្រ​ទាំង ៥ ដំណើរការ​ពេញ​សមត្ថភាព​។


បើតាម CCMA រយៈពេល ១១ ​ខែ ឆ្នាំ​ ២០២១ កម្ពុជា​ផលិត​ស៊ីម៉ងត៍​បាន​សរុប ៧ ៩៨៩ ៨៦៤ ​តោន​។

អគ្គលេខាធិការ​សមាគម​អ្នក​អភិវឌ្ឍន៍​លំនៅឋាន​កម្ពុជា​លោក ហ៊ុយ វណ្ណា បាន​និយាយថា ទោះ​ស្ថានភាព​វិស័យ​សំណង់​នៅ​កម្ពុជា​មិនទាន់​ងើបឡើង​វិញ ប៉ុន្តែ​សម្រាប់​និន្នាការ​នៃ​ការប្រើប្រាស់​ស៊ីម៉ងត៍​ក្នុងស្រុក​បាន​កើនឡើង​ជា​បន្តបន្ទាប់ ខណៈ​គុណភាព​មិន​ចាញ់​ស៊ីម៉ងត៍​នាំចូល​ឡើយ​។

លោក​និយាយថា​៖ «​ខ្ញុំ​គិតថា តម្រូវការ​ស៊ីម៉ងត៍​ផលិត​ក្នុងស្រុក​នឹងមាន​កំណើន​ខ្ពស់​ខ្លាំង​នៅពេល​វិស័យ​សំណង់​នៅ​កម្ពុជា​ស្ទុះ​ងើបឡើង​វិញ គឺ​បន្ទាប់ពី​ពិភពលោក​អាច​គ្រប់គ្រង​ជំងឺ​កូវីដ​ ១៩ បាន​ទាំងស្រុង​»​។

ក្រៅពី​រោងចក្រ​ផលិត​ស៊ីម៉ងត៍​ទាំង ៥ ដែល​កំពុង​មានដំណើរ បច្ចុប្បន្ន​ក៏មាន​ក្រុមហ៊ុន​មួយ​មាន​ផែនការ​វិនិយោគ​លើ​រោងចក្រ​ផលិត​ស៊ីម៉ងត៍ នៅក្នុង​ខេត្តកំពង់ស្ពឺ​ផងដែរ​។

លោក វ៉ី សំណាង អភិបាលខេត្ត​កំពង់ស្ពឺ​កាលពី​សប្តាហ៍​មុន​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ថា បច្ចុប្បន្ន​គម្រោង​សិក្សា​សាងសង់​រោងចក្រ​ផលិត​ស៊ីម៉ងត៍​តម្លៃ​ជាង ២៥០ ​លាន​ដុល្លារ នៅក្នុង​ខេត្ត​កំពង់ស្ពឺ​របស់​ក្រុមហ៊ុន Conch KT Cement បាន​សិក្សា​បញ្ចប់​អំពី​សក្តានុពល​ធនធាន​រួចហើយ ដោយ​ពេលនេះ​ក្រុមហ៊ុន​កំពុង​រៀបចំ​បំពេញបន្ថែម​នីតិវិធី​ច្បាប់​នៅ​ក្រសួង-​ស្ថាប័ន និង​ផ្នែក​ពាក់ព័ន្ធ​ដើម្បី​ឈាន​ឆ្ពោះទៅ​ចាប់ផ្តើម​ដំណើរការ​សាងសង់​។

កាលពី​ថ្ងៃទី ​២២ ខែមីនា ក្នុងជំនួប​ជាមួយ CCMA លោក ស៊ុយ សែម រដ្ឋមន្ត្រីក្រសួង​រ៉ែ និង​ថាមពល បាន​លើក​សំណូមពរ​មួយចំនួន​ដល់ CCMA ដែលមាន​ដូចជា សូម​រោងចក្រ​ផលិត​ស៊ីម៉ងត៍​ទាំងអស់​ត្រូវ​រក្សា​គុណភាព​ឱ្យបាន​ល្អ​, ត្រូវ​រក្សា​ភាពត្រឹមត្រូវ​នូវ​រង្វាស់រង្វាល់​, ត្រូវមាន​តម្លៃ​សមរម្យ​, សូម​អនុវត្ត​កាតព្វកិច្ច​បង់ពន្ធ និង​សួយសារ​អាករ​ឱ្យបាន​ត្រឹមត្រូវ និង​ទាន់ពេល​, និង​ត្រូវ​ចូលរួម​ថែរក្សា​បរិស្ថាន និង​កាត់បន្ថយ​ឧស្ម័ន​កាបូនិច​។

ទិន្នន័យ​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់​បង្ហាញថា ក្នុង​ឆ្នាំ​ ២០២១ គម្រោង​សាងសង់​នៅ​ទូទាំង​ប្រទេស​មាន​ចំនួន ៤ ៣០៣ គម្រោង ដែលមាន​ផ្ទៃក្រឡា​កម្រាល​សំណង់ ១២ ៩៩៨ ០៧២ ម៉ែត្រការ៉េ និង​មាន​ទុនវិនិយោគ​ជាង ៥,៣៣ ​ពាន់​លាន​ដុល្លារ​។ ចំនួន​ទុនវិនិយោគ​នេះ​បើ​ធៀប​នឹង​ឆ្នាំ ២០២០ គឺ​ថយចុះ ៣១,២១ ភាគរយ​៕ LA