ភ្នំពេញៈ អត្រា​ការប្រើប្រាស់​កន្លែង​ជួល​លក់រាយ ​(Retail) ក្នុង​រាជធានី​ភ្នំពេញ​នា​ត្រីមាស​ទី​ ១ ឆ្នាំ​ ២០២២ នៅតែ​បន្ត​ធ្លាក់ចុះ​ប្រមាណ ០,៤​ ភាគរយ​ធៀប​នឹង​ត្រីមាស​ទី​ ៤ ឆ្នាំ ​២០២១ បើទោះបី​ការគំរាមកំហែង​បណ្តាលមកពី​វិបត្តិ​ការឆ្លង​រាលដាល​ជំងឺ​កូវីដ​ ១៩ នៅ​កម្ពុជា​បាន​ថយចុះ​ជា​បន្តបន្ទាប់​ ក្រោយពី​រដ្ឋាភិបាល​ប្រកាស​បើក​ប្រទេស​ឡើងវិញ​កាលពី​ខែវិច្ឆិកា ឆ្នាំ​ ២០២១ ក៏ដោយ​។ នេះ​បើតាម​ការស្រាវជ្រាវ​របស់​ក្រុមហ៊ុន​ CBRE Cambodia​។

របាយការណ៍​ស្រាវជ្រាវ​របស់​ក្រុមហ៊ុន​អចលនទ្រព្យ CBRE Cambodia កាលពីពេល​ថ្មីៗ​នេះ​បង្ហាញថា ក្នុង​ត្រីមាស​ទី​ ១ ឆ្នាំ ​២០២២ នេះ​អត្រា​ប្រើប្រាស់​កន្លែង​លក់រាយ​នៅក្នុង​រាជធានី​ភ្នំពេញ​បាន​ធ្លាក់​មក​នៅត្រឹម តែ ៦៦,៦ ​ភាគរយ​បើ​ធៀប​នឹង​ត្រីមាស​ទី​ ៤ ឆ្នាំ​ ២០២១ ដែលមាន ៦៧ ​ភាគរយ​។ អត្រា​ប្រើប្រាស់​នេះ​មាន​ចំនួន ៧៤,៩ ​ភាគរយ​កាលពី​អំឡុង​ត្រីមាស​ទី ​១ ឆ្នាំ​ ២០២១ និង ៨៩,៩ ​ភាគរយ ក្នុង​ត្រីមាស​ទី​ ១ ឆ្នាំ​ ២០២០​។


ការស្រាវជ្រាវ​របស់ CBRE Cambodia ក៏បាន​រកឃើញ​ទៀតថា ក្នុង​ត្រីមាស​ទី​ ១ ឆ្នាំ ​២០២២ កន្លែង​ជួល​លក់រាយ​ប្រភេទ Prime Shopping Mall មានតម្លៃ​ដាក់​ជួល​មធ្យម ២៧ ​ដុល្លារ​ក្នុង ១ ​ម៉ែត្រការ៉េ​សម្រាប់​រយៈពេល ១ ​ខែ ដែល​តម្លៃ​នេះ​នៅ​ថេរ​បើ​ធៀប​ទៅនឹង​ត្រីមាស​ទី​ ៤ ឆ្នាំ​ ២០២១, ប្រភេទ Prime Retail Podium មានតម្លៃ ២១ ​ដុល្លារ​កើនឡើង ៥,៦ ​ភាគរយ​, ប្រភេទ Community Mall មានតម្លៃ ២១ ​ដុល្លារ​ធ្លាក់ចុះ ១,៦​ ភាគរយ​, និង​ប្រភេទ Prime High Street (​ហាង​លក់ទំនិញ​តាមផ្លូវ​ធំៗ​) មានតម្លៃ​ជួល​មធ្យម ២២ ​ដុល្លារ​ធ្លាក់ចុះ ៦,៨ ​ភាគរយ​។


ដោយឡែក​ក្នុងអំឡុងពេល​ខាងលើ គឺមាន​គម្រោង​ប្រភេទ Community Mall ចំនួន ៣ បានបញ្ចប់​ការសាងសង់ និង​ដាក់ចូល​ទីផ្សារ រួមមាន Chip Mong Sen Sok Mall (​ខណ្ឌ​សែនសុខ​), Prince Times Square (​ចំការមន​), និង 60 Avenue (​ខណ្ឌមានជ័យ​)​។


បើ​យោងតាម CBRE Cambodia កាលពី​ត្រីមាស​ទី​ ១ ឆ្នាំ​ ២០២២ មាន​ហាង​ល្បីៗ​ចំនួន ៤៤ បាន​បើក​ដំណើរការ​ដោយ​ក្នុងនោះ ៦ ​ជា​ម៉ាក​យីហោ​អន្តរជាតិ ដូចជា H&M, Wilsonart និង OVS ជាដើម​។


អ្នកនាង គឹម គិនកេសា នាយិកា​ផ្នែក​ស្រាវជ្រាវ និង​ប្រឹក្សាយោបល់ CBRE Cambodia បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​កាលពី​ថ្ងៃទី​ ២០ ខែមេសា​ថា នៅក្នុង​ត្រីមាស​ទី​ ១​ នេះ ការជួល​ក្នុង​ទីផ្សារ Retail មាន​ភាពសកម្ម​គួរឱ្យ​កត់សម្គាល់​ដោយ​ក្នុងនោះ​មាន​ម៉ាក​យីហោ​ថ្មីៗ​ច្រើន​ចូលមក​កាន់​គម្រោង Community Mall ថ្មីៗ និង​ម៉ាក​យីហោ​ចាស់​ជាច្រើន​បាន​បើក​សាខា​បន្ថែម​ជា​បន្តបន្ទាប់​។


អ្នកនាង គិនកេសា បាន​ថ្លែងថា​៖ «​ក្នុង​ឆ្នាំ​ ២០២២ នេះ​យើង​អាច​នឹង​ឃើញ​សកម្មភាព​ជួល​បន្ត​លូតលាស់​បន្ថែមទៀត ក៏ប៉ុន្តែ​ដោយសារ​មាន​គម្រោង​ថ្មីៗ​ជាច្រើន​ដែល​គ្រោង​នឹង​បើក​ក្នុងឆ្នាំនេះ​ផងដែរ ដូច្នេះ​ទីផ្សារ​កន្លែង​ជួល​លក់រាយ​អាច​នឹងមាន​ការប្រកួត​ប្រជែង​កាន់តែខ្លាំង​លើ​តម្លៃ​ជួល និង​លក្ខខណ្ឌ​អនុគ្រោះ​នានា​»​។

អ្នកនាង​បន្តថា យោងតាម​ទិន្នន័យ​ពី Google Mobility Tracker ចរាចរណ៍​ទៅកាន់​ទីផ្សារ និង​កន្លែង​កម្សាន្ត​នានា​របស់​អតិថិជន​ចាប់​តាំងពីដើម​ត្រីមាស​ទី​ ១ ឆ្នាំ​ ២០២២ មក​គឺមាន​ភាពល្អប្រសើរ​បើ​ធៀប​នឹង​ត្រីមាស​ទី ​៤ ឆ្នាំ​ ២០២១​។ ចំនួន​នេះ​បាន​ធ្លាក់ចុះ​យ៉ាងគំហុក​កាលពី​អំឡុង​ខែឧសភា​ឆ្នាំមុន ដែល​បណ្តាល​មកពី​ការបិទ​ខ្ទប់​របស់​រដ្ឋាភិបាល​ ដើម្បី​ទប់ស្កាត់​ការឆ្លង​រាលដាល​កូវីដ​ ១៩​។

ប្រធាន​សមាគម​អចលនទ្រព្យ​សកល លោក សំ សុខនឿន បាន​និយាយថា បច្ចុប្បន្ន​កន្លែង​លក់រាយ​បានបង្ហាញ​វត្ត​មាននៅ​ស្ទើរ​គ្រប់កន្លែង​ក្នុង​រាជធានី​ភ្នំពេញ ដែល​ធ្វើឱ្យ​ចំនួន​នៃ​ការ​ផ្គត់ផ្គង់​លើស​តម្រូវការ​សម្រាប់​ប្រជាជន​ដែលមាន​ប្រមាណ​ជាង ២ ​លាន​នាក់​។ លោក​បន្តថា នៅពេលនេះ​សូម្បីតែ​គម្រោង​អភិវឌ្ឍន៍​បុរី​មួយចំនួន​ក៏មាន​សង់​កន្លែង​លក់រាយ​សម្រាប់​ជួល​ផងដែរ​។

លោក​បន្ថែមថា ម្យ៉ាងទៀត​ដោយសារ​ពេលនេះ​វិបត្តិ​សេដ្ឋកិច្ច​ពិភពលោក​ដែល​បណ្តាលមកពី​ឥទ្ធិពល​ជំងឺ​កូវីដ​ ១៩ និង​ការកើនឡើង​តម្លៃ​ប្រេងឥន្ធនៈ​ (​សង្គ្រាម​នៅ​ប្រទេស​អ៊ុយក្រែន​) ​នៅ​បន្ត​កើតមាន វា​ក៏បាន​ធ្វើឱ្យ​ការចំណាយ​របស់​គ្រួសារ​មួយចំនួន​ធ្លាក់ចុះ​ផងដែរ​។

លោក​អះអាងថា​៖ «​ខ្ញុំ​គិតថា​ស្ថានភាព​ទីផ្សារ​កន្លែង​លក់រាយ​ក្នុង​ឆ្នាំ​ ២០២២ នេះ​នឹង​បន្ត​ជួប​បញ្ហា​ដដែល ហើយ​ការផ្គត់ផ្គង់​ថ្មីៗ​ក៏​នឹង​កើនឡើង​ផងដែរ​»​។

តាម​ការព្យាករ​របស់​ក្រុមហ៊ុន CBRE Cambodia នៅក្នុង​ឆ្នាំ ​២០២២ នេះ​ផ្ទៃក្រឡា​កន្លែង​ជួល​លក់រាយ​ក្នុង​រាជធានី​ភ្នំពេញ​ដែល​ត្រូវ​ដាក់ចូល​ទីផ្សារ​នឹងមាន​ចំនួន​ប្រហែល ៣០០ ០០០ ​ម៉ែត្រការ៉េ ដែល​ធ្វើឱ្យ​ផ្ទៃក្រឡា​កន្លែង​សម្រាប់​ជួល​លក់រាយ​កើនឡើង​ដល់​ជាង ៧០០ ០០០ ​ម៉ែត្រការ៉េ​៕ LA