ការលើកឡើង​នេះ​ត្រូវបាន​ធ្វើឡើង​ក្នុង​ពិធី​ «​ប្រកាស​កែសម្រួល​ភារកិច្ច និង​តែងតាំង​ថ្នាក់ដឹកនាំ​សាខា​ពន្ធដារ​ខណ្ឌ​ចំនួន ​៦ នៃ​អគ្គនាយកដ្ឋាន​ពន្ធដារ​នៃ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​» ​កាលពី​ថ្ងៃទី​ ២៦ ខែមេសា ឆ្នាំ​ ២០២២ ដែលមាន​ការចូលរួម​ពី​លោក គង់ វិបុល អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​ពន្ធដារ និង​លោក ឃួង ស្រេង អភិបាល​នៃ​គណៈអភិបាល​រាជធានី​ភ្នំពេញ​។

លោក គង់ វិបុល បាន​លើកឡើងថា ចាប់តាំងពី​ការធ្វើ​ទំនើបកម្ម​ប្រព័ន្ធ​ពន្ធដារ​កាលពី​ឆ្នាំ​ ២០១២ ​មក ការប្រមូល​ពន្ធ​របស់​អគ្គនាយកដ្ឋាន​ពន្ធដារ​បាន​កើន​ឡើង​ជា​បន្តបន្ទាប់ និង​សម្រេចបាន​លើស​ផែនការ​ទៀតផង ពិសេស​ក្នុង​ឆ្នាំ​ ២០២១ ដែលជា​អំឡុងពេល​នៃ​ការរាតត្បាត​យ៉ាងខ្លាំង​នៃ​ជំងឺ​កូវីដ​ ១៩​។ ភាព​វិជ្ជមាន​នៃ​ចំណូល​ពន្ធ​នេះ គឺ​មិនមែន​កើតឡើង​ដោយ​ចៃដន្យ​ទេ ប៉ុន្តែ​វា​ជា​លទ្ធផល​នៃ​ការដាក់ចេញ​នូវ​វិធានការ​ពន្ធដារ​ដែល​សកម្ម និង​បុរេសកម្ម ហើយ​ក្នុងចំណោម​នោះ​វិធានការ​ពន្ធដារ​សំខាន់ៗ គឺ​ការដាក់ឱ្យ​អនុវត្ត​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា​ព័ត៌មាន ដែល​បាន​ដើរតួនាទី​គាំទ្រ​ដ៏សំខាន់​ដើម្បី​ធានាបាន​នូវ​ប្រសិទ្ធភាព​នៃ​ការ​គ្រប់គ្រង​ប្រមូល​ចំណូល​ពន្ធ ពិសេស​បង្ក​ភាពងាយស្រួល​ជូន​ដល់​អ្នក​ជាប់ពន្ធ និង​ធ្វើឱ្យ​លំបាក​ក្នុងការ​គេចវេះ​ពន្ធ​។


ទោះយ៉ាងណា​ទាក់ទង​ទៅនឹង​ការប្រមូល​ពន្ធ​អចលនទ្រព្យ លោក វិបុល បានស្នើ​សុំ​កិច្ចសហការ​បន្ថែមទៀត​ពី​អាជ្ញាធរ​មូលដ្ឋាន ជាពិសេស​រដ្ឋបាល​រាជធានី​ភ្នំពេញ​ក្នុងការ​ចូលរួម​ចុះ​ចែក​វិក្កយបត្រ​អចលនទ្រព្យ​ (Property Tax Invoice) ឱ្យ​ដល់ដៃ​ម្ចាស់​អចលនទ្រព្យ ខណៈ​បច្ចុប្បន្ន​ការប្រមូល​ពន្ធ​អចលនទ្រព្យ​បាននិង​កំពុង​ជួប​បញ្ហា​ស្មុគស្មាញ​ជាច្រើន​ដូចជា ទីតាំង​អចលន​ទ្រព្យ​ (​ផ្ទះ​, ផ្លូវ​គ្មាន​លេខ​)​ ដែល​ពុំ​អាច​ស្វែងរក​បាន​ក្នុង​ផែនទី ឬ Google Map, ផ្ទះ និង​ផ្លូវ​មួយចំនួន​មាន​លេខ​ស្ទួន​គ្នា​, ការផ្ទេរ​ភូមិសាស្ត្រ​ពី​ក្នុង​ខេត្ត​កណ្តាល​មក​ក្នុង​រាជធានី​ភ្នំពេញ​, និង​ការបង់ពន្ធ​លើ​សេវាកម្ម​អភិវឌ្ឍន៍ និង​ទិញ​-​លក់​ផ្ទះ និង​បុរី ជាដើម​។


លោក​ថ្លែងថា​៖ «​យើង​កំពុង​ណែនាំ​ឱ្យ​អង្គភាព​ក្រោម​ឱវាទ​អគ្គនាយកដ្ឋាន​ពន្ធដារ ត្រៀម​បោះពុម្ព​វិក្កយបត្រ​អចលនទ្រព្យ ហើយ​យកទៅ​ចែកជូន​ដល់​ប្រជាពលរដ្ឋ​ជា​ម្ចាស់​អចលនទ្រព្យ​ទាំងអស់​ឱ្យ​ដូច​ទៅនឹង​វិក្កយបត្រ​ទឹក និង​ភ្លើង​ដែរ​»​។


បើតាម​លោក គង់ វិបុល ការធ្វើ​បែបនេះ គឺ​ដើម្បី​ក្រើនរំឭក​ប្រជាពលរដ្ឋ​ជា​ម្ចាស់​អចលនទ្រព្យ​កុំឱ្យ​ភ្លេច​កាតព្វកិច្ច​បង់ពន្ធ​ផងដែរ​។


អភិបាល​នៃ​គណៈ​អភិបាល​រាជធានី​-​ភ្នំពេញ លោក ឃួង ស្រេង បានបង្ហាញ​ការគាំទ្រ​ចំពោះ​ការចូលរួម​អនុវត្ត​ការងារ​កំណែ​ទម្រង់រដ្ឋបាល​សាធារណៈ ដំណើរការ​នៃ​វិមជ្ឈការ និង​វិសហមជ្ឈការ​នៃ​រដ្ឋបាល​គ្រប់គ្រង និង​ការអនុវត្ត​ការកែទម្រង់​ហិរញ្ញវត្ថុ​សាធារណៈ​។


លោក​ថ្លែងថា​៖ «​ខ្ញុំ​សូម​ណែនាំ​ដល់​រដ្ឋបាលក្រោម​ចំណុះឱ្យ​សាលា​រាជធានី​-​ភ្នំពេញ​រួមមាន រដ្ឋបាល​ខណ្ឌ មន្ត្រីជំនាញ ក៏ដូចជា​កងកម្លាំង​ទាំងអស់​ត្រូវ​បន្ត​ចូលរួម និង​ផ្តល់​ការគាំទ្រ និង​សហការ​គ្រប់​ជ្រុងជ្រោយ​ជាមួយ​អគ្គនាយកដ្ឋាន​ពន្ធដារ​ក្នុងការ​បំពេញបេសកកម្ម​ប្រមូល​ចំណូល​ពន្ធ​ជូន​រាជរដ្ឋាភិបាល​»​។

ប្រធាន​សមាគម​អចលនទ្រព្យ​សកល លោក សំ សុខនឿន បាន​ប្រាប់​ភ្នំពេញ​-​ប៉ុស្តិ៍​ក្នុង​ថ្ងៃទី​ ២៧ ខែមេសា​ថា យុទ្ធសាស្ត្រ​របស់​អគ្គនាយកដ្ឋាន​ពន្ធដារ​ក្នុង​ការបោះពុម្ព និង​ចែក​វិក្កយបត្រ​អចលនទ្រព្យ​ប្រចាំឆ្នាំ​ទៅដល់​ម្ចាស់​អចលនទ្រព្យ គឺ​មិន​ត្រឹមតែ​ជាការ​ផ្តល់ព័ត៌មាន​ឱ្យ​ម្ចាស់​អចលនទ្រព្យ​យល់ដឹង​ពី​កាតព្វកិច្ច​បង់ពន្ធ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ក៏​អាចជួយ​ពួកគេ​ឱ្យ​រួច​ផុតពី​ការផាកពិន័យ​ដែល​បណ្តាលមកពី​ការ​ភ្លេចភ្លាំង ឬ​មិន​យល់ដឹង​ពី​កាតព្វកិច្ច​នេះ​ផងដែរ​។ លោក​បន្តថា ម្យ៉ាងទៀត​វា​ក៏​ជួយ​ឱ្យ​រដ្ឋ​អាច​គ្រប់គ្រង​ចរន្ត​ទិញ​-​លក់ និង​ការផ្ទេរកម្មសិទ្ធិ ព្រមទាំង​ទទួលបាន​ចំណូល​ពន្ធ​សម្រាប់​យកទៅ​អភិវឌ្ឍ​ប្រទេស​ទៀតផង​។

លោក​បញ្ជាក់ថា​៖ «​ការចែក​វិក្កយបត្រ​អចលនទ្រព្យ​ដល់​ម្ចាស់​អចលនទ្រព្យ គឺជា​ការល្អ​ណាស់ ពីព្រោះ​កន្លងមក​កាតព្វកិច្ច​បង់​ពន្ធ​នេះ​មាន​ម្ចាស់​អចលនទ្រព្យ​មួយចំនួន​បាន​យល់​, មួយចំនួន​និយាយថា​មិន​ខ្វល់​, និង​មួយចំនួនទៀត​គឺ​ពួកគាត់​មិនដឹង​សោះតែ​ម្តង​»​។ លោក​បន្តថា​៖ «​បច្ចុប្បន្ន​មាន​ម្ចាស់​អចលនទ្រព្យ​ខ្លះ​យល់ថា ការបង់ពន្ធ​អចលនទ្រព្យ គឺ​កើត​មានតែ​នៅពេល​មាន​ប្រតិបត្តិ​ការទិញ លក់ ឬ​ការផ្ទេរកម្មសិទ្ធិ​តែប៉ុណ្ណោះ​»​។

ទោះយ៉ាងណា​អ្នកជំនាញ​ខាងលើ​បាន​សំណូមពរ​ឱ្យ​អគ្គនាយកដ្ឋាន​ពន្ធដារ ត្រូវ​ធ្វើការ​ពន្យល់ និង​ផ្សព្វផ្សាយ​ឱ្យ​កាន់តែ​ទូលំទូលាយ​អំពី​នីតិវិធី​នៃ​ការគណនា​តម្លៃ​ពន្ធ​លើ​អចលនទ្រព្យ​ប្រចាំឆ្នាំ​ឱ្យបាន​ច្បាស់ ព្រោះ​កន្លងមក​បញ្ហា​នេះ​ធ្វើឱ្យ​អ្នក​បង់ពន្ធ​មួយចំនួន​បញ្ចេញ​ប្រតិកម្ម​យ៉ាងខ្លាំង ដោយ​ត្រូវ​អាជ្ញាធរ​ផាកពិន័យ​ក្រោម​ហេតុផល អត្រា​នៃ​ការកំណត់​ពន្ធ​អចលនទ្រព្យ​នៅ​ទីតាំង​របស់ខ្លួន​កើនឡើង ឬ​ការខកខាន​ពេលវេលា ជាដើម​។

លោក​បញ្ជាក់ថា​៖ «​ម្ចាស់​អចលនទ្រព្យ​មួយចំនួន​គាត់​មាន​ឆន្ទៈ​ក្នុង​ការបង់ពន្ធ ប៉ុន្តែ​ឥរិយាបថ​របស់​មន្ត្រី និង​នីតិវិធី​ក្នុងការ​កំណត់​ពន្ធ​ដែល​មិន​មានការ​ផ្សព្វផ្សាយ​ទូលំទូលាយ​បានធ្វើឱ្យ​ម្ចាស់​អចលនទ្រព្យ​មាន​ការធុញទ្រាន់ និង​មិន​បង់ពន្ធ​តែម្តង​»​។

ម្ចាស់ផ្ទះ​មួយកន្លែង​ក្នុង​ខណ្ឌ​សែនសុខ រាជធានី​ភ្នំពេញ លោក មាស វិចិត្រ បាន​ប្រាប់ថា ទោះបី​តម្លៃ​អចលន​ទ្រព្យ​លោក​មិន​ជាប់​កាតព្វកិច្ច​បង់ពន្ធ ប៉ុន្តែ​លោក​តែង​យក​ឯកសារ​ទៅ​កន្លែង​ពន្ធដារ​ខណ្ឌ​ជា​រៀងរាល់ឆ្នាំ ដើម្បីឱ្យ​មន្ត្រី​ពិនិត្យ ព្រោះ​ខ្លាច​តម្លៃ​ដី​ត្រូវ​ដំឡើង​ខ្ពស់ជាង​មុន​។ លោក​បន្តថា ការផ្សព្វផ្សាយ​ពី​ការបង់ពន្ធ​អចលនទ្រព្យ​ហាក់​មិនសូវមាន​ប្រជាជន​ដឹង​ច្រើន​ទេ ពិសេស​នៅ​ទីជនបទ​។

លោក​និយាយថា​៖ «​ការបង់ពន្ធ​ជា​កាតព្វកិច្ច ហេតុនេះ​ខ្ញុំ​តែង​យក​ឯកសារ​ទៅ​ពន្ធដារ​នា​អំឡុង​ខែសីហា និង​កញ្ញា ដើម្បី​កុំឱ្យ​គេ​ពិន័យ​»​។

កាលពី​ឆ្នាំ ​២០២១ អគ្គនាយកដ្ឋាន​ពន្ធដារ​ប្រមូល​ចំណូល​បាន ២ ៧៨១,៩២ ​លាន​ដុល្លារ​ធៀប​នឹង​ផែនការ​ច្បាប់​ហិរញ្ញវត្ថុ​ សម្រាប់​ការគ្រប់គ្រង​ឆ្នាំ​ ២០២១ ដែល​តម្រូវឱ្យ​ប្រមូល​ចំណូល​ឱ្យបាន ២ ២៤៣,០៧ ​លាន​ដុល្លារ ឬ​ស្មើនឹង ១២៤,០២​​ ភាគរយ​នៃ​ផែនការ​ប្រចាំឆ្នាំ​៕ LA