ភ្នំពេញៈ ការ​ប្រកាស​បើក​ប្រទេស​ទទួល​ជន​បរទេស​ឡើង​វិញ​ចាប់​ពី​ខែ​វិច្ឆិកា​ ឆ្នាំ​ ២០២១ ព្រម​ទាំង​ភាព​ល្អ​ប្រសើរ​នៃ​ស្ថាន​ភាព​ឆ្លង​រាល​ដាល​ជំងឺ​កូវីដ​ ១៩ នៅ​លើ​ពិភព​លោក បាន​ជំរុញ​ឱ្យ​ទីផ្សារ និង​តម្លៃ​អាផាតមិន​ជួល​នៅ​ក្នុង​រាជធានី​ភ្នំពេញ​ផ្តើម​កម្រើក​ឡើង​វិញ​បណ្តើរៗ​ហើយ​។ នេះ​បើ​តាម​ក្រុម​ហ៊ុន​អចលន​ទ្រព្យ CBRE Cambodia។

លទ្ធផល​នៃ​ការ​ស្រាវ​ជ្រាវ​របស់​ក្រុមហ៊ុន​អចលន​ទ្រព្យ CBRE Cambodia ដែល​ចេញ​ផ្សាយ​កាល​ពី​ថ្ងៃ​ទី​ ៧ ខែ​ កក្កដា ឆ្នាំ ​២០២២ ​បង្ហាញ​ថា ​បន្ទាប់​ពី​ជាប់​គាំង​ចាប់​តាំង​ពី​ការ​លេច​ឡើង​នៃ​វត្តមាន​ជំងឺ​កូវីដ​ ១៩ កាល​ពី​ដើម​ឆ្នាំ​២០២០ ទីផ្សារ​អាផាតមិន​ក្នុង​រាជធានី​ភ្នំពេញ នៅ​ពេល​នេះ​ទីផ្សារ​អាផាតមិន បាន​ចាប់​ផ្តើម​បង្ហាញ​សញ្ញា​វិជ្ជមាន​ឡើង​វិញ​ខ្លះៗ​ហើយ​ ដោយ​តម្រូវ​ការ និង​តម្លៃ​ជួល​បាន​កើន​ឡើង​ព្រម​គ្នា​។


យោង​តាម CBRE Cambodia គិត​ត្រឹម​ដំណាច់​ឆមាស​ទី​១ ឆ្នាំ​ ២០២២ ​ក្នុង​រាជធានី​ភ្នំពេញ មាន​អាផាតមិនប្រភេទ A និង​​ប្រភេទ B សរុប​ប្រមាណ ៤ ០០០​​ បន្ទប់។


សម្រាប់តម្លៃជួលក្នុង​ត្រីមាស​ទី​២ ឆ្នាំ​ ២០២២ គឺកម្រិត A មានតម្លៃ​ជាមធ្យមពី ១០ ទៅ ៣០ ដុល្លារ ក្នុង ១​ ម៉ែត្រការ៉េ​ សម្រាប់​រយៈ​ពេល​ ១ ​ខែ​ (ប្រែ​ប្រួល​តាម​ប្រភេទ​បន្ទប់) កើន​ឡើង ២,៤​ ភាគ​រយ​បើ​ធៀប​នឹង​ត្រីមាស​ទី២ ឆ្នាំ ២០២១។ ចំណែក​អាផាតមិន​កម្រិត B មាន​តម្លៃ​ជួល​ចន្លោះ​ពី ៧​ទៅ​ ២២​ ដុល្លារ​ ក្នុង ១ ម៉ែត្រ​ការ៉េ​ សម្រាប់​រយៈ​ពេល​ ១ ខែ (ប្រែ​ប្រួល​តាម​ប្រភេទ​បន្ទប់) កើន​ឡើង ១,៥ ​ភាគ​រយ​ បើ​ធៀប​នឹង​ត្រីមាស​ទី២ ឆ្នាំ​ ២០២១។


ក្នុង​ឆមាស​ទី​១ ​ឆ្នាំ​ ២០២២ នេះ​មាន​គម្រោង​អាផាតមិន​ចំនួន​ ៣ បាន​បញ្ចប់​ការ​សាង​សង់ និង​ដាក់​ចូល​ទីផ្សារ ដែល​មាន​បន្ទប់​ស្នាក់នៅ​សរុប ៤៧៩​ បន្ទប់​​។ គម្រោង​ទាំង​នោះ​រួម​មាន កម្រិត A ចំនួន ២ គឺ Citadines Flatiron Phnom Penh ដែល​ស្ថិត​ក្នុង​ខណ្ឌ​ទួល​គោក និង​ Jasmine Residents នៅ​ក្នុង​ខណ្ឌ​បឹងកេងកង ចំណែក​គម្រោង TK Central ស្ថិត​ក្នុង​ខណ្ឌ​ទួល​គោក​។


ឆ្លើយតប​នឹង​អ្នក​យក​ព័ត៌មាន​នៃ​កាសែត​ ភ្នំពេញ ​ប៉ុស្តិ៍ ​ក្នុង​កម្ម​វិធី​ស្តីពី​ទីផ្សារ​អចលន​ទ្រព្យ​ប្រចាំ​ត្រីមាស​ទី​២ ឆ្នាំ​ ២០២២ (Q2-Market Insights) នៅ​សណ្ឋាគារ Raffles Hotel Le Royal កាល​ពី​ថ្ងៃ​ទី​ ៧ ខែ​កក្កដា អ្នកនាង​ គឹម គិនកេសា អ្នក​គ្រប់គ្រង​ជាន់​ខ្ពស់​ក្រុមហ៊ុន CBRE Cambodia បាន​និយាយ​ថា ភាព​ធូរ​ស្រាល​នៃ​ការ​ឆ្លង​រាល​ដាល​ជំងឺ​កូវីដ​ ១៩, ការ​បើក​ប្រទេស​បាន​ឆាប់​រហ័ស ​(ខែ​វិច្ឆិកា ឆ្នាំមុន), និង​ការ​កែ​សម្រួល​លក្ខខណ្ឌ​មួយ​ចំនួន​ដើម្បី​ទាក់​ទាញ​អ្នក​វិនិយោគ និង​ភ្ញៀវ​ទេសចរ​បរទេស​ បាន​ធ្វើ​ឱ្យ​ចំនួន​ជន​បរទេស​ធ្វើ​ដំណើរ​មក​កម្ពុជា​មាន​ចំនួន​កាន់​តែ​ច្រើន។​


អ្នកនាង​បញ្ជាក់​ថា៖ ​«​ទីផ្សារ​អាផាតមិន គឺ​ពឹង​ផ្អែក​ខ្លាំង​លើ​ជន​បរទេស​ជួល​ស្នាក់​នៅ ដូច្នេះ​នៅ​ពេល​ចំនួន​ជន​បរទេស​ធ្វើ​ដំណើរ​មក​កម្ពុជា​កើន​ឡើង ​ទីផ្សារ​នេះ​ប្រាក​ដ​ជា​មាន​ដំណើរ​ការ​ល្អ​ឡើង​វិញ​ទៅ​តាម​នោះ​ដែរ​»។

ទោះយ៉ាង​ណា អ្នក​នាង​ គិនគេសា បាន​លើក​ឡើង​ទៀត​ថា កំណើន​តម្រូវ​ការ និង​តម្លៃ​អាផាត​មិន នេះ​ក៏​ដោយ​សារ​តែ​ក្នុង​រយៈ​ពេល​ចុង​ក្រោយ​នេះ​គម្រោង​វិនិយោគ​លើ​អាផាតមិន​ គឺ​មិន​សូវ​មាន​ច្រើន​ទេ​នៅ​កម្ពុជា​។​ ម៉្យាង​វិញ​ទៀត ដោយ​សារ​តែ​ស្ថាន​ភាព​សេដ្ឋកិច្ច​ពិភពលោក និង​ជម្លោះ​ប្រដាប់​អាវុធ​រវាង​រុស្ស៊ី-​អ៊ុយក្រែន នៅ​តែ​បន្ត​អូស​បន្លាយ​ ដូច្នេះ​ចរន្ត​នៃ​ការ​ធ្វើ​ដំណើរ​ឆ្លង​ប្រទេស​ក៏​មិន​ទាន់​មាន​ភាព​ល្អ​ប្រសើរ​ដែរ។​

សម្រាប់​រយៈ​ពេល​នៅ​សល់​ក្នុង​ឆ្នាំ​ ២០២២ នេះ អ្នកនាង គិនគេសា បាន​អះអាង​ថា៖​ «​តម្រូវ​ការ និង​តម្លៃ​ជួល​អាផាតមិន​ក្នុង​រាជធានី​ភ្នំពេញ​នឹង​បន្ត​កើន​ឡើង​ទៀត ប៉ុន្តែ​នឹង​មិន​ហាក់​ឡើង​ខ្ពស់​ភ្លាមៗ​ឡើយ»​។​

ក្រសួង​ទេសចរណ៍​បាន​ឱ្យ​ដឹង​ថា ចាប់​តាំង​ពី​រាជ​រដ្ឋាភិបាល​សម្រេច​បើក​ប្រទេស​ទទួល​ភ្ញៀវ​បរទេស​កាល​ពី​ពាក់​កណ្តាល​ខែវិច្ឆិកា ឆ្នាំ​ ២០២១ មក​ចំនួន​ជនបរទេស​ដែល​ចូល​មក​ប្រទេស​កម្ពុជា​បាន​កើន​ឡើង​ជា​លំដាប់​។ ទិន្នន័យ​ឱ្យ​ដឹង​ថា ​ក្នុង​រយៈពេល ៥ ​ខែ​ ដើម​ឆ្នាំ​ ២០២២ កម្ពុជា​ទទួល​បាន​ភ្ញៀវ​បរទេស​សរុប ៣៤៣ ៤៦៤​ នាក់ កើន​ឡើង ២៧៥ ​ភាគ​រយ​ បើ​ធៀប​នឹង​រយៈ​ពេល​ដូច​គ្នា​ឆ្នាំ​ ២០២១ ដែល​មាន​ចំនួន ៩១ ៥៩៦​ នាក់​៕