​ភ្នំពេញៈ ជាមួយ​ភាព​​រីក​ចម្រើនផ្នែក​​សេដ្ឋកិច្ច និង​ស្ថិរភាព​នយោបាយ ​គេ​សង្កេត​ឃើញថា វិស័យ​អចលន​ទ្រព្យ និង​សំណង់​នៅ​កម្ពុជា​ពិតជា​មានការ​រីកចម្រើន​យ៉ាង​លឿន​រហូត​មិនអាច​ស្មានដល់នៅ​ក្នុង​រយៈពេល ២ ទសវត្សរ៍​ចុងក្រោយ​នេះ​ ពិសេស​​ក្នុង​រាជធានី​ភ្នំពេញ និង​ខេត្ត​ព្រះសីហនុ​។​

​ទិន្នន័យ​របស់​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ បាន​ឱ្យ​ដឹង​ថា ក្នុង​រយៈពេល​ ២ ​ទសវត្ស​រ៍ចុងក្រោយ​នេះ ​​ក្រសួង​បានចេញ​លិខិត​អនុ​ញ្ញាតឱ្យ​សាងសង់​ជាង ៥៧ ០០០ ការដ្ឋាន​សំណង់​នៅ​ទូទាំងប្រទេស​​។ តាម​ការប៉ាន់ស្មាន​វិនិយោគ​សរុប​​ក្នុង​វិស័យ​សំណង់​នា​​​រយៈពេល ២ ទសវត្ស​រ៍​​ចុងក្រោយ​នេះ​ មាន​ប្រមាណ​ជាង ៦៦​ ពាន់​លាន​ដុល្លា​រអាមេរិក ហើយ​វិស័យ​នេះ​​បាន​ផ្តល់​ការងារ​ជា​មធ្យម ១៥​ ម៉ឺន​​នាក់​ក្នុង ១ ថ្ងៃ​។​


​រដ្ឋបាល​រាជធានី​ភ្នំពេញ នាពេល​​​ថ្មី​ៗ​​នេះ​​ឱ្យដឹងថា នៅ​ដើមឆ្នាំ​ ២០២២ ក្នុង​រាជធានី​ភ្នំពេញ​មាន​សំណង់​បុរី និង​​បណ្ដុំ​ផ្ទះល្វែង​ចំនួន ៣១០​ កន្លែង និង​អគារ​ខ្ពស់ៗ​ចំនួន ១ ៦០៣ ​អគារ ដោយ​ក្នុងនោះ​អគារ​កម្ពស់​ចាប់ពី ២០ ជាន់​ឡើងទៅ​មាន​ចំនួន ២២៥ អគារ។ ដោយឡែក​ក្នុង​ខេត្ត​ព្រះសីហនុ គិត​មកទល់ពេលនេះ អគារ​ដែល​​សាងសង់​​រួច និង​កំពុងដំណើរការ​មាន​ចំនួន ២៧៨ ​អគារ និង​អគារ​ដែល​បានបញ្ចប់​​ការសាងសង់ តែ​មិន​ដំណើរការ​មាន​ចំនួន ២៥១ ​អគារ​។​


​អ្នកជំនាញ​ក្នុង​វិស័យ​អចលនទ្រព្យ និង​សំណង់​នៅ​កម្ពុជា បានលើកឡើង​ស្របគ្នា​ថា ២​ ទសវត្ស​រ៍កន្លងមក​ គឺជា​ពេលវេលា​ដែល​វិស័យ​អចលនទ្រព្យ និង​សំណង់ មានការ​រីកចម្រើន​លឿន​បំផុត​ក្នុង​ប្រវត្តិសាស្ត្រ​សម័យ​ទំនើប​នៅ​​​កម្ពុជា​។ ធាតុ​ផ្សំ​ចម្បង​ដែល​ធ្វើឱ្យ​វិស័យនេះ​មាន​កំណើន​ខ្ពស់​បែបនេះ គឺ​ស្ថិរភាព​នយោបាយ និង​កំណើន​សេដ្ឋ​កិច្ច​ដែលមាន​ភាពរឹងមាំ និង​មាន​​ភាព​ធន់​។​


​លោក សំ សុខ​នឿន ប្រធាន​សមាគម​អចលនទ្រព្យ​សកល និង​ជា​អគ្គនាយក​ក្រុមហ៊ុន KW Sam Sn Realty Co., Ltd បាន​និយាយថា ល្បឿន​នៃ​ការរីកចម្រើន​ក្នុង​វិស័យ​អចលនទ្រព្យ និង​សំណង់ នា​រយៈពេល ២​ទសវត្សរ៍​ចុងក្រោយ​នេះ គឺជា​រឿង​ដែល​មិន​គួរ​ឱ្យ​​​ជឿ តាមរយៈ​ការកើនឡើងតម្លៃ​អចលនទ្រព្យ និង​កំណើន​នៃ​ចំនួន​អគារ​ធំៗ និង​ខ្ពស់កប់ពពក​រាប់រយ​នា​ពេល​នេះ​​។ លោក​បន្តថា ប្រសិន​បើ​ក្រឡេក​ទៅ​មើល​រយៈពេល ២០ ​ឆ្នាំមុន គឺ​នៅ​គ្រប់​ទីកន្លែង​ក្នុងប្រទេស​កម្ពុជា​មិន​មាន​អគារ​ខ្ពស់កប់ពពក និង​អគារ​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​ទំនើប​ដូច​ពេល​នេះ​ទេ​។​


​លោកបាន​ថ្លែងថា​៖ «​នៅពេលដែល​ប្រទេសមួយ​មាន​ស្ថិរភាព​នយោបាយ​ល្អ មាន​សុខសន្តិភាព​ពេញលេញ មាន​ច្បាប់​វិនិយោគ​ដ៏​ទាក់ទាញ, មាន​ការ​គោរព​ច្បាប់ និង​មាន​កំណើនសេដ្ឋកិច្ច​រឹង​មាំ វិស័យ​អចលនទ្រព្យ និងសំណង់ ប្រាកដ​ជាមាន​ដំណើរកា​រ​ល្អ​ជា​មិន​ខាន​ឡើយ​»​។​


​លោក​បន្ថែមទៀត​ថា​៖ «​ការចូល​រួម​ចំណែក​រ​បស់​វិនិយោគិន​ក្នុងស្រុក និង​បរទេស ពិតជា​បាន​ចូលរួមចំណែក​យ៉ាងច្រើន​ក្នុងការ​អភិវឌ្ឍ​វិស័យ​​អចលនទ្រព្យ និង​សំណង់​នៅ​កម្ពុជា​នា​ពេល​នេះ​»​។​

​ទោះជា​យ៉ាងណា លោក​បញ្ជាក់ថា សម្ទុះ​នៃ​វិស័យ​អចលនទ្រព្យ និង​សំណង់​នៅ​កម្ពុជា នា​រយៈពេល ២-៣ ​ឆ្នាំ​ចុង​ក្រោយនេះ ​មិនមាន​សម្ទុះ​​​ឡើង​ខ្លាំង​​ដូច​មុន​ឡើយ ដែល​បណ្តាល​មក​ពី​​ហេតុ​ផល​មួយចំនួន​ដូចជា បញ្ហា​ជំងឺ​កូ​វីដ​១៩ សង្គ្រាម​រវាង​ប្រទេស​រុស្ស៊ី​-​អ៊ុយ​ក្រែ​ន និង​ការចាកចេញ​របស់​ភ្ញៀវ​ជនជាតិ​ចិន​ជាច្រើន​បន្ទាប់ពី​​រដ្ឋាភិបាល​កម្ពុជា​ប្រកា​សបិទ​មិន​ឱ្យមានល្បែង​​ភ្នាល់​តាម​ប្រព័ន្ធ​អន​ឡាញជាដើម​។

​ដោយឡែក​អគ្គលេខាធិកា​រ​នៃ​សមាគម​អ្នក​អភិវឌ្ឍន៍​លំនៅឋាន​កម្ពុជា លោក ហ៊ុយ វណ្ណា បានប្រាប់​ថា វិស័យ​អចលនទ្រព្យ និង​សំណង់​នៅ​កម្ពុជា ក្នុង​រយៈពេល​ជិត ២​ ទសវត្ស​រ៍ចុងក្រោយ​​នេះ​បាន​រីកចម្រើន​យ៉ាង​ឆាប់រហ័ស​ស្ទើ​​រមិន​គួរឱ្យ​ជឿ ដោយ​កម្ពស់ និងចំនួន​អគារ​ធំៗ​នៅក្នុង​រាជធានី​ភ្នំពេញ និង​ខេត្ត​ព្រះសីហនុ​នៅពេលនេះ​គឺ​មិន​ចាញ់​ប្រទេសជិតខាង​ឡើយ ពិសេស​សំណង់​អគារ​ខុន​ដូ អគារ​ពាណិជ្ជកម្ម ផ្សារ​ទំនើប និង​បុរី​លំនៅឋាន ជាដើម។ លោក​បាន​បន្ថែមថា អ្វី​ដែលជា​ចំណុច​​គួ​រឱ្យ​កត់សម្គាល់​មួយទៀត​នោះ គឺ​ការបញ្ចេញ​ទុនវិនិយោគ​លើ​វិស័យ​សំណង់​មាន​កាន់តែច្រើន​ពី​សំណាក់​អ្នក​នៅក្នុង​ស្រុក​។​

​លោក​​អះអាងថា​៖ «​កត្តា​ដែល​ធ្វើឱ្យ​វិស័យ​អចលនទ្រព្យ និង​សំណង់ នៅ​កម្ពុ​ជាមាន​ការវិវឌ្ឍ​ខ្លាំង គឺ​មកពី​កត្តា​ស្ថិរភាព​នយោបាយ​, កំណើនសេដ្ឋកិច្ច​​មាន​ភា​ព​រឹងមាំ​, សម្បូរ​កម្លាំង​ពលកម្ម និង​មាន​ប្រព័ន្ធ​ហេដ្ឋារចនាសម្ព័ន្ធ​ល្អ​ប្រសើរ​»​។​

​បើ​យោងតាម​លោក វណ្ណា បច្ចុប្បន្ន​នេះ​ក្រៅពី​រាជធានី​ភ្នំពេញ និង​ខេត្ត​ព្រះ​សីហនុ វិស័យ​អចលនទ្រព្យ និង​សំណង់ ក៏បាន​និង​កំពុង​ឈានឆ្ពោះ​ទៅ​​​ខេត្ត​មាន​សក្តានុពល​មួយ​ចំនួន​​ដូច​ជា កំពត កែប កោះកុង បាត់ដំបង សៀមរាប និង​​កំពង់ចាម ជាដើម​។​

​អ្នកនាង គឹម គិ​ន​កេសា នាយិកា​រង​ផ្នែក​ស្រាវជ្រាវ និង​ប្រឹក្សា​យោបល់​នៃ​ក្រុមហ៊ុន​អចលនទ្រព្យ CBRE Cambodia បាន​និយាយថា ក្នុង​រយៈពេល​ជាង ១ ​ទសវត្ស​រ៍មុន​ការបង្ហាញ​វត្តមាន​របស់​ជំងឺ​កូ​វីដ​ ១៩ វិស័យ​អចលនទ្រព្យ និង​សំណង់​នៅ​កម្ពុជា បាន​រីកចម្រើន​យ៉ាង​ឆាប់រហ័ស​លើសពី​ការរំពឹងទុក ដោយ​គេ​ឃើញ​មាន​គម្រោង​វិនិយោគ​ធំៗ​រាប់សិប​​លេច​ឡើងជា​បន្តបន្ទាប់ ពិសេស​ក្នុង​រាជធានី​ភ្នំពេញ និង​ខេត្ត​ព្រះសីហនុ​។ គម្រោង​ធំៗ​ដែលមាន​ទុនវិនិយោគ​រាប់រយ​លាន​ដុល្លារ​ទាំង​អស់នោះ ភាគច្រើន​ត្រូវបាន​វិនិយោគ​ដោយ​វិនិយោគិន​បរទេស ឬ​ការចូល​ហ៊ុន​ជាមួយ​វិនិយោគិន​ក្នុងស្រុក​។​

​អ្នកនាង​បន្តថា ដោយសារ​ការរីក​រាល​ដាល​ជំងឺ​កូ​វីដ​ ១៩ បាន​បង្កើតជា​ឧបសគ្គ​ក្នុងការ​ធ្វើដំណើរ​ឆ្លង​ប្រទេស ដូច្នេះ​ចាប់តាំងពី​ដើមឆ្នាំ​ ២០២០ មក​វិស័យ​សំណង់ និង​អចលនទ្រព្យ​នៅ​កម្ពុជា​មិនសូវ​មានដំណើរ​ការល្អ​ទេ​។ វិស័យនេះ​អាច​ត្រូវការ​ពេល​យ៉ាងតិច​ពី ៣-៥ ​ឆ្នាំ​ ទើប​អាច​ស្តារ​ស្ថានភាព​​ឱ្យ​ល្អប្រសើរ​ដូច​មុន​ឆ្នាំ​ ២០២០ បាន​។​

​អ្នកនាង គិ​ន​កេសា បាន​បញ្ជាក់ថា៖​ «​ដោយសារ​វិស័យ​សំណង់ និង​អចលនទ្រព្យ​នៅ​កម្ពុជា​ភាគ​ច្រើន​មាន​ម្ចាស់​ជា​ជនបរទេស ដូច្នេះ​បើ​សួរថា​វា​នឹង​អាច​ងើបឡើង​វិញ​​​លឿន​កម្រិត​ណា​​​នោះ គឺ​អាស្រ័យទៅលើ​ស្ថានភាព​នៃ​ការឆ្លង​រាលដាល និង​ការគ្រប់គ្រងជំងឺ​​កូ​វីដ​ ១៩​ បាន​កម្រិតណា​ផងដែរ​។ បើ​កូ​វីដ​ ១៩ នៅតែ​បន្ត​ការគំរាមកំហែង វិស័យនេះ​ក៏​នឹងមិន​អាច​ងើប​ឡើងវិញ​បាន​ភ្លាមៗ​នោះដែរ​»​។​

​រដ្ឋមន្ត្រីក្រសួង​រៀបចំ​ដែនដី នគរូបនីយ​កម្ម និង​សំណង់ លោក ជា សុផារ៉ា នៅក្នុង​ជំនួប​ជាមួយ​ឯកអគ្គរាជទូត​អូស្ត្រាលី​ប្រចាំ​នៅ​កម្ពុជា លោក Pablo Kang កាលពី​ចុងខែ​ឧសភា បាន​លើកឡើងថា​៖«​វិស័យ​សំណង់​គឺជា​សសរស្ដម្ភ​សំខាន់​មួយ​ក្នុងចំណោម​សសរស្តម្ភ​ទាំង ​៤ ​ដែល​ទ្រទ្រង់​សេដ្ឋ​កិច្ចកម្ពុជា ក្នុងចំណោម​សសរ​ស្ដម​ផ្សេងទៀត​រួមមាន​ ទេសចរណ៍,​កសិកម្ម និង​វិស័យ​ឧស្សាហកម្ម​»៕