​ភ្នំពេញៈ ពន្ធដារ​បានដាក់​ឱសានវាទ​ដល់​ម្ចាស់​អចលនទ្រព្យ​ទាំង ដែល​ស្ថិតនៅ​រាជធានី​ភ្នំពេញ និង​នៅតាម​បណ្តា​ខេត្ត​ទាំងអស់​បំពេញ​កាតព្វកិច្ច​ប្រកាស​បង់ពន្ធ​លើ​អចលនទ្រព្យ និង​ឬ ពន្ធ​លើដី​ធ្លី​មិនបាន​ប្រើប្រាស់ សម្រាប់​ឆ្នាំ​ ២០២២ ឱ្យបាន​មុន​ថ្ងៃ​ទី ៣០​ខែកញ្ញា ឆ្នាំ ​២០២២ ចៀសវាង​ការរង​នូវ​ទោសទណ្ឌ​តាមផ្លូវ​ច្បាប់​។​

​អគ្គនាយកដ្ឋាន​ពន្ធដា​រ កាល​ពីថ្ងៃទី ១២ ខែកក្កដា ឆ្នាំ​ ២០២២ បានចេញ​សេចក្តីជូនដំណឹង​ស្តីពី ការ​រំឭក​ការប្រកាស​បង់ពន្ធ​លើ​អចលនទ្រព្យ និង​ឬ ពន្ធ​លើដី​ធ្លី​មិនបាន​ប្រើប្រាស់ សម្រាប់​ឆ្នាំ​ ២០២២ ដោយសារតែ​ខាង​ពន្ធដារ​សង្កេតឃើញថា រហូតមកទល់​ពេលនេះ មាន​ម្ចាស់​អចលនទ្រព្យ​មួយចំនួន​នៅ​មិនទាន់បាន​បំពេញ​កាតព្វកិច្ច​ប្រកាស​បង់ពន្ធ​ប្រភេទ​ទាំងនេះ​នៅឡើយ​។


ដូចនេះ ដើម្បី​ជំរុញ​ការប្រមូល​ពន្ធ​លើ​អចលនទ្រព្យ និង ឬពន្ធ​លើដី​ធ្លី​មិនបាន​ប្រើប្រាស់ សម្រាប់​ឆ្នាំ​ ២០២២​នេះ បាន​អស់​លទ្ធភាព​ប្រកបដោយ​ប្រសិទ្ធភាព​ខ្ពស់ និង​ចៀសវាង​បាន​នូវ​ការ កកស្ទះ ការ​ប្រជ្រៀត​គ្នា​មក​ប្រកាស​បង់ពន្ធ​នៅ​ថ្ងៃ​ជិត​ផុតកំណត់ ដែល​អាច​នាំឱ្យមាន​បាតុភាព​អសកម្ម​ដោយ​ប្រការ​ណាមួយ អគ្គនាយកដ្ឋាន​ពន្ធដា​រ​សូម​ក្រើនរំឭក​ដល់​ម្ចាស់​អចលនទ្រព្យ​ទាំងអស់ ដែល​មិនទាន់បាន​បំពេញ​កាតព្វកិច្ច​បង់ពន្ធ ត្រូវ​រួសរាន់​មក​ប្រកាស​បង់ពន្ធ​ឱ្យបាន​ទាន់ពេលវេលា​ត្រឹម​ថ្ងៃទី ​៣០ ខែកញ្ញា ឆ្នាំ​ ២០២២ នៅ​អគ្គនាយកដ្ឋាន​ពន្ធដារ ឬ សាខា​ពន្ធដារ​ខេត្ត​-​ខណ្ឌ​ដែល​អចលនទ្រព្យ​ស្ថិតនៅ ឬ​នៅ​គ្រប់​សាខា​ធនាគារ។ ​ចំពោះ​ការខកខាន​មិនបាន​ដាក់​លិខិត​ប្រកាស​បង់ពន្ធ​ទាន់ពេលវេលា​កំណត់​ខាងលើ​ម្ចាស់​អចលនទ្រព្យ​នឹងត្រូវ​រង​នូវ​ទោសទណ្ឌ តាមច្បាប់​ជា​ធរមាន​។​


​លោក ច្រឹ​ក សុខ​នី​ម ប្រធាន​សមាគម​អ្នកវាយតម្លៃ និង​ភ្នាក់ងារ​អចលនវត្ថុ​កម្ពុជា បាន​មានប្រសាសន៍ថា ការបង់ពន្ធ​លើ​អចលនទ្រព្យ និង​ឬ ពន្ធ​លើដី​ធ្លី​មិនបាន​ប្រើប្រាស់​ប្រចាំឆ្នាំ គឺជា​កាតព្វកិច្ច​របស់​ម្ចាស់​អចលនទ្រព្យ ដោយ​មិនអាច​គេចវេះ​បានឡើយ។​


​លោក​បាន​បន្ថែមថា ទោះបី​ស្ថិតនៅក្នុង​ស្ថានភាព​បែប​ណា ការបំពេញ​កាតព្វកិច្ច គឺជា​រឿង​ចាំបាច់​ដែល​ម្ចាស់​អចល​ទ្រព្យ​គ្រប់រូប​ត្រូវអនុវត្ត ដើម្បី​រួមចំណែក​ជាមួយ​រដ្ឋាភិបាល​ក្នុង​ស្តារ​សេដ្ឋកិច្ចជាតិ​ឡើងវិញ​។


​លោក​បាន​បន្តថា បច្ចុប្បន្ន​ការទិញ​លក់​អចលនទ្រព្យ​ក្នុងស្រុក​ហាក់​មាន​សភាព​យឺត​បន្តិច ដោយ​ភាគច្រើន​ជា​វិនិយោគិន​ក្នុងស្រុក មិនសូវមាន​វិនិយោគិន​មក​ក្រៅ​ស្រុក​ឡើយ ហើយ​សកម្មភាព​ទិញ​លក់​ដីធ្លី ត្រូវបាន​គេ​មើលឃើញថា មាន​សកម្មភាព​ច្រើនជាងគេ​។​


​លោក​បាន​បញ្ជាក់ថា​៖ «វិស័យ​អ​ចលនទ្រ​ព្យ​មិនទាន់មាន​ការជាប់គាំង​នៅឡើយ​ទេ គ្រាន់តែ​ថា​ការដោះដូរ​អចល​ទ្រព្យ​ភាគច្រើន​ត្រូវបាន​ថយចុះ​។ វិនិយោគិន​បរទេស​ស្ទើរ​គ្មានទេ ភាគច្រើន​ជា​វិ​នោ​យោគិន​ក្នុងស្រុក ដែល​កត្តា​នេះ បានធ្វើឱ្យ​សកម្មភាព​អចលនទ្រព្យ​មាន​សភាព​យឺត​»​។​

​លោក នួន ឬ​ទ្ធី អគ្គនាយក​ក្រុមហ៊ុន Khmer Foundation Appraisals បានឱ្យដឹង​ដែរ​ថា ម្ចាស់​អចលនទ្រព្យ​ទាំងអស់​គួរ​បំពេញ​កាតព្វកិច្ច​ពន្ធ​ឱ្យបាន​ត្រឹមត្រូវ​និង​ទាន់ពេលវេលា ចៀសវាង​ការផាកពិន័យ​នៅពេល​មានការ​ទិញ​លក់​ឬ​ដោះដូរ​។​

​លោក​បាន​បញ្ជាក់ថា​៖ «​ការបង់ពន្ធ​ប្រចាំ​ឆ្នាំនេះ មិនមែនជា​សម្ពាធ​ឬ​បន្ទុក​ធ្ងន់ធ្ងរ​អ្វី​នោះទេ ព្រោះថា​រដ្ឋ​មិនទាន់​ដំឡើង​ពន្ធ​ណាមួយ​នៅឡើយ​ទេ ឱ្យ​ប៉ះពាល់​នោះទេ មានតែ​ការពន្យា​រពេល និង​បន្ធូរបន្ថយ ដើម្បី​សម្រួល​ដល់​ការលំបាក​របស់​ប្រជាពលរដ្ឋនៅក្នុង​ដំណាក់កាល​ដ៏​លំបាក​នេះ​»​។​

​យោងតាម​របាយការណ៍​ពី​អគ្គនាយកដ្ឋាន​ពន្ធដារ បាន​ឱ្យ​ដឹងថា នៅក្នុង​រយៈពេល ៥ ​ខែ ឆ្នាំ​ ២០២២ ចំណូល​ពន្ធ​-​អាករ ដែល ពន្ធដារ​ប្រមូលបាន មាន​ចំនួន ប្រមាណ​ជា ១ ៧២៦,៩៣ លាន​ដុល្លារ កើនឡើង​ ២៧,៩៥​ ភាគរយ បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា​ក្នុង​ឆ្នាំ ​២០២១៕