ភ្នំពេញៈ នៅក្នុង​រយៈពេល ៥​ ឆ្នាំ​ចុង​ក្រោយនេះ​ ការវិនិយោគ​នៅក្នុង​វិស័យ​សំណង់ សម្រេចបាន ១៩ ៣២២ គម្រោង​ដែលមាន​ទុនវិនិយោគ​ជាង ៣១​ ពាន់​លាន​ដុល្លារ ខណៈ​ប្រទេស​ចិន ​ឈរ​ក្នុង​លំដាប់​ទី​១ នៃ​កា​រវិ​និ​យោគ​លើ​វិស័យនេះ​។​

​យោងតាម​របាយការណ៍​ស្ដី​​ពី​សមិទ្ធផល​សម្រេចបាន​រយៈ​ពេល ៥ ​ឆ្នាំកន្លងមក​របស់​ក្រ​សួង​រៀបចំ​ដែនដី នគ​រូប​នី​យ​កម្ម និង​សំណង់ ការវិនិយោគ​វិស័យ​សំណង់​ទាំង​ក្នុងស្រុក និង​ពី​ក្រៅប្រទេស​មាន​សម្ទុះ​ខ្លាំងក្លា និង​បានរួម​ចំណែក​ដ៏​សំខាន់​ក្នុងការ​ជំរុញ​កំណើន​សេដ្ឋកិច្ចជាតិ​។ ជាក់ស្តែង​រយៈ​​ពេល​ ៥ ឆ្នាំ​ចុង​ក្រោយនេះ ការ​​វិនិយោគ​ក្នុង​វិស័យ​សំណង់ សម្រេចបាន ១៩ ៣២២​ គម្រោង ដែល​ស្មើ​ទុនវិនិយោគ ៣១ ៤៨៤ ​លាន​ដុល្លារ​។ ជា​​មួយ​គ្នា​នេះ ក្នុង​រយៈពេល​ ៦ ​ខែ ឆ្នាំ ​២០២២ ការវិនិយោគ​ក្នុង​វិស័យ​សំណង់​មាន​ចំនួន​ ២ ០០០ គម្រោង និង​មាន​ទុនវិនិយោគ ១ ២០៦ ​លាន​ដុល្លារ​។​


​ក្នុង​សន្និសីទ​សារព័ត៌មាន ស្ដីពី​សមិទ្ធផល​សម្រេច​បាន​រយៈពេល​ ៥ ​ឆ្នាំកន្លងមក របស់​ក្រសួង​រៀបចំ​ដែនដី នគ​រូប​​នីយកម្ម និង​សំណង់ កាលពី​ថ្ងៃ​​ទី​ ២៤ ខែសីហា លោក លី រស្មី រដ្ឋលេខាធិការ​ក្រសួង​រៀបចំ​​ដែនដី នគរូបនីយកម្ម និង​សំ​​ណង់ បាន​និយាយថា ប្រទេស​ដែល​នាំមុខគេ​ក្នុងការ​វិនិយោគ​ក្នុង​វិស័យ​សំណង់ និង​អចលន​​ទ្រព្យ​នៅ​កម្ពុជា រួមមាន​ប្រទេស​ចិន កូរ៉េខាងត្បូង ជប៉ុន និង​ប្រទេស​ថៃ​។​


​លោក​បាន​ថ្លែងថា​៖ «​វិស័យ​សំណង់ គឺជា​ផ្នែក​មួយ​ដែលមាន​សារៈសំខាន់ ដែល​បានរួម​​ចំណែក​ក្នុងការ​អភិវឌ្ឍ​សេដ្ឋ​កិច្ច​ជាតិ ដោយ​បំពេញ​នូវ​គោល​​បំណង​ជា​មូលដ្ឋាន និង​បង្កើត​នូវ​ឱកាស​ការងារ​ជាច្រើន ព្រម​​ទាំង​បង្កើន​ប្រាក់ចំណូល​ខ្ពស់​ដល់​សង្គម និង​បាន​ចូលរួម​ដ៏​សកម្ម​ក្នុង​កំណើន​នៃ​សេដ្ឋកិច្ចជាតិ ពិសេស​ពាក់ព័ន្ធ​ទៅនឹង​ការវិនិយោគ​លើ​វិស័យនេះ​ដោយផ្ទាល់​»​។​


​លោក ច្រឹ​ក សុខ​នី​ម ប្រធាន​សមាគម​អ្នកវាយតម្លៃ និង​ភ្នា​ក់​ងារ​អចលនវត្ថុ​កម្ពុជាបាន​ប្រាប់ ​ភ្នំពេញ ​ប៉ុស្តិ៍​ថា ក្រៅពី​ចិន និង​ជប៉ុន ដែល​បាន​ចូលរួម​វិ​និ​យោគ​ច្រើន​ក្នុង​វិស័យ​សំណង់​នៅ​កម្ពុជា វិនិយោគិន​នៅ​តំបន់​អឺរ៉ុប ក៏មាន​ការវិនិយោគ​ច្រើន​គួរឱ្យកត់សម្គាល់​ដែរ​។​


​លោក​បន្ថែមថា ទុនវិនិយោគ​ដែល​ហូរ​ចូលមក​ប្រទេស​កម្ពុជា ​តាមរយៈ​វិស័យ​សំណង់​បាន​ចូលរួមចំណែក​យ៉ាងច្រើន​ក្នុង​ការពង្រីក​សក្តានុពល​សេដ្ឋកិច្ចជាតិ ព្រោះ​អ្នកវិនិយោគ​ទាំង​​នេះ​បាន​នាំយក​ទុន​ពី​បរទេស​មកចាក់​ចូល​នៅក្នុង​ចរន្ត​សេដ្ឋ​​កិច្ច​កម្ពុជា​។​


​លោក​និយាយថា​៖ «​ប្រទេស​ដែលជា​ប់​លំដាប់ថ្នាក់​មានការ​​វិនិយោគ​វិស័យ​សំណង់​ច្រើនជាងគេ​ទាំងនេះ ភាគច្រើន​វិ​និ​​យោគ​លើ​ខុន​ដូ អា​ផាត​មិន និង​តំបន់​ប្រមូលផ្តុំ​ការិយាល័យ​សម្រាប់​ជួល​។ ទោះយ៉ាងណា យើង​ឃើញថា វិបត្តិ​កូ​វីដ ​១៩ នៅតែ​បន្ត​ជះឥទ្ធិពល​មិនល្អ​លើ​វិស័យនេះ​»​។​

​បើ​យោងតាម​របាយការណ៍​ពី​ក្រសួង​រៀបចំ​ដែនដី នគ​រូប​នីយកម្ម និង​សំណង់ ក្នុង​រយៈ​​ពេល​ជិត ២២ ​ឆ្នាំ​មកនេះ​ ក្រសួង​បានចេញ​លិខិតអនុញ្ញាត​សាង​​សង់​នៅ​ទូទាំងប្រទេស​ចំនួន ៥៧ ៥៩០ ​គម្រោង និង​ទុន​វិ​និ​យោគ ៦៦ ២០៥​ លាន​ដុល្លារ​។ ក្នុងនោះ​គម្រោង​អគារ​ខ្ពស់ៗ​ចាប់ពី ​៥ ​ជាន់ឡើង​នៅ​ទូទាំង​​ប្រទេស​មាន ២ ៤៧២ ​អគារ គម្រោង​បុរី​លំនៅឋាន និង​លំ​​នៅ​ឋាន​មាន​លក្ខណៈ​ជា​បុរី​មាន​ចំនួន ៤៨២ ​គម្រោង​៕