ភ្នំពេញ:សហគ្រិន​ស្ដ្រី​ដែល​ចាប់​មុខ​របរ​លក់​ដូរ​បោះ​ដុំ​អីវ៉ាន់​បើក​ក្រុមហ៊ុន​ទេស​ចរណ៍​ដំណើរ​កម្សាន្ដ​ខ្មែរ​-ថៃ​និង​មុខ​ជំនួញ​ផ្សេងៗ​រវាង​ប្រទេស​កម្ពុជា​និង​ថៃបាន​ចាប់​អារម្ម​ណ៍​នឹង​ផ្ទះ​លម្ហែ​ចល័ត​ដំឡើង​នៅ​តាម​រីសត ដី​ចម្ការ និង​បឹង​ហ្គា​ឡូ​ក្នុង​បរិបទ​ដែល​ប្រជា​ជនខ្មែរ​​មាន​ទំនោរ​ត្រូវការ​ទី​កន្លែង​សម្រាក​កាយ​ខ្នាត​យក្ស​ប្រកប​ដោយ​ផាសុក​ភាព​។

​អ្នកស្រី ដួង សុផាវី បាន​ឱ្យដឹងថា​៖« ​ខ្ញុំ​ធ្លាប់​រស់​នៅ​ស្រុក​ថៃ ដែល​ឃើញ​គេ​មាន​ផ្ទះ​បែប​នេះ​។ ខ្ញុំ​ចេះ​តែ​ស្រមៃ​ថា ប្រសិន​បើផ្ទះ​បែប​នេះ​យើង​យក​ទៅ​ធ្វើ​នៅ​ស្រុក​ខ្មែរ​ ប្រហែល​ជា​ល្អ ដោយ​សារ​នៅ​ស្រុក​យើង​អត់​ទាន់​មាន​នៅ​ឡើយ​ទេ​»។


អតីត​ម្ចាស់​ហាង ឌីអែន​ភង្ស ថៃ​ហ៊្វូត ​អ្នក​ស្រី សុផាវី​ ជាម្ចាស់​អាជីវ​កម្ម​ផ្ទះ​ចល័ត ដែល​ភាគ​ច្រើន​និយម​ប្រើ​ប្រាស់​សម្រាប់​តំបន់​ទេស​ចរណ៍ មាន​ទីតាំង​​នៅ​សង្កាត់​ភ្លើង​ឆេះ​រទេះ ខណ្ឌ​ពោធិ៍​សែន​ជ័យ  រាជ​ធានី​ភ្នំពេញ​។


​ចុង​ឆ្នាំ​២០១៨ ​អ្នក​ស្រី សុផាវី ​ចាប់​ផ្ដើម​បើក​ជំនួញ​ធ្វើ​ផ្ទះ​ចល័ត​នេះ​​ជាមួយ​ការ​សាងសង់​​ផ្ទះ​តូច​១​ឬ២​ខ្នង​ តាមរយៈ​ការ​សាក​ល្បង​ថា តើ​ជួប​បញ្ហា​អ្វី​ខ្លះ​តើ​ជាង​ក្នុង​ស្រុក​​អាច​ទៅ​រួច​អត់ ពីព្រោះ​អ្នកស្រី​​អត់​បាន​យក​ជាង​


ពី​ប្រទេស​ថៃ​មក​ទេ​។ ​


អ្នកស្រីបាន​និយាយ​ថា​៖ «ដំបូង​ឡើយ យើង​ជួប​ឧបសគ្គ​ខ្លះ​​ដែរ​។ ទី១ ផ្ទះ​ចល័ត​នេះ អត់​មាន​ទីផ្សារ​។ ជា​ទូទៅ បើ​មុខ​ជំនួញ​អត់​ទីផ្សារ វា​ក៏​អត់​អាច​ទៅ​រួច​ដែរ។ ទី២ គឺ​បញ្ហា​ជាង​ខ្លះ​មិន​សូវ​ស្ដាប់​ខ្ញុំ​ជា​ស្រី​។ ពេល​ខ្លះ ពួក​គាត់​ចចេស គាត់​ឌឺ ​និង​មិន​ព្រម​​ធ្វើ​តាម​ការ​កុម្ម៉ង់​របស់​ខ្ញុំ​»​។


មួយ​ឆ្នាំ​គត់ ដែល​សហ​គ្រាស​ VP Mobile Home ​អត់​មាន​ទីផ្សារ​ទេ តែ​​សហគ្រិន​ស្ដ្រី ដែល​សុខ​ចិត្ដ​បោះ​បង់​មុខ​របរ​ជា​ច្រើនមក​ចាប់យក​ការ​សាង​សង់​រីសត​ចល័ត​នេះ ​នៅតែ​ប្រឹង​ប្រែង​ទៅ​មុខ​ទៀត ដោយ​សារ​ស្រ​ឡាញ់ និង​ចង់​ជម្នះ​​ឱ្យ​វា​សម្រេច​​ជោគ​ជ័យ​។

អ្នកស្រីបាន​បន្ដថា​៖ «​បង​ប្អូន​ខ្ញុំ​ចេះតែ​ហាម​ឃាត់​ឱ្យ​បញ្ឈប់​ទៅ​។ ខាត​ប៉ុណ្ណឹង​បាន​ហើយ កុំ​លូក​ជ្រៅ​អី​តទៀត​​។ ខ្ញុំ​ប្រាប់​​ពួក​គាត់​ថា ខ្ញុំ​មិន​អាច​ឈប់​ទេ​ ខ្ញុំ​នៅ​តែ​តស៊ូ​ទៅ​មុខ​ទៀត​»។

ការ​ជម្នះ​ឧបសគ្គ​ បើទោះ​បីជា​ប្រឈម​ការ​មិនសូវ​ឱ្យ​តម្លៃ និង​គោរព​ពី​សំណាក់​ជាង​សំណង់​ក៏ដូច​ជា បញ្ហា​ទីផ្សារ​ផ្ទះ​ចល័ត​នៅ​មាន​កម្រិត អ្នកស្រី សុផាវី ស្វែង​យល់​ច្បាស់​អំពី​ចំណូល​ចិត្ដនិង​ចំណាប់​អារម្មណ៍​របស់​អតិថិ​ជន​ក្នុង​ស្រុក​។

ក្នុង​ឆ្នាំ​២០១៩ ​ម្ចាស់​សំណង់​ផ្ទះ​ចល័ត VP Mobile Home ​ចាប់​ផ្ដើម​មាន​ឈ្មោះ​ល្បី​ល្បាញ នៅ​ពេល​​ផលិត​ផ្ទះ​វីឡា​ចល័ត​ធំ​មួយ​ឱ្យ​ភ្ញៀវ​ដែល​វាមាន​លក្ខណពិសេស​ខុស​​ប្លែក​ពី​​ផ្ទះទម្រង់​ដើម​​នៅ​ស្រុក​ថៃ ​​មាន​ទំហំ​តូចៗ​ ដឹក​តែ១ឡាន​ៗ​នោះ​។

អ្នកស្រី សុផាវី បាន​ប្រាប់​ភ្នំពេញ​ប៉ុស្ដិ៍​ថា​៖ «​សម្រាប់​យើង យើង​ច្នៃ​ចេញ​ម៉ូដ ដោយ​មាន​ទាំង Sky Bar មាន​បន្ទប់​គេង​រហូត​ដល់​៤​បន្ទប់​ បន្ទប់ទឹក៥ មាន​សាឡុងទទួល​​ភ្ញៀវ​ ពោលគឺ​ផ្ទះ​ធំខ្នាត​យក្ស​តែម្ដង​។ វាមាន​ទំហំ​ទទឹង​រហូត​ដល់៩​ម៉ែត្រ​ឯនោះ​»។

អាជីវកម្ម​របស់​សហគ្រិន​ស្ដ្រី​រូប​នេះ​​​ចាប់​ផ្ដើម​មាន​កេរ្ដិ៍​ឈ្មោះ ហើយ​ប្រជាជន​ខ្មែរ​ចាប់​ផ្ដើម​ទទួល​ស្គាល់​តាំងពី​ពេល​នោះ​។ផ្ទះ​វីឡា​ចល័ត​នោះភ្ញៀវ​ទិញ​ទៅ​ដាក់​នៅ​ខេត្ដ​មណ្ឌលគិរី​ជា​ផ្ទះ​លម្ហែ​ ដោយ​ត្រូវ​ចំណាយ​សេវា​កម្ម​ដឹក​ជញ្ជូន​អស់​ ៦​ ០០០​ដុល្លារ ​ដែល​ត្រូវ​ប្រើ​រថយន្ដ​ដឹក​ពី​៥ទៅ​៦​គ្រឿង​។

​​វីឡាធំឬវីឡា​ចល័ត​ខ្នាត​យក្ស​​​នោះ​មា​នតម្លៃ៤៩៥០០​ដុល្លារដោយ​មិន​រួម​បញ្ចូល​បរិក្ខា​រផ្ទៃ​ក្នុងហើយ​ចំពោះ​ដេគ័រ​ផ្ទៃ​ក្នុង​នេះ មាន​តម្លៃ​ជាង៣​ម៉ឺន​ដុល្លារ​ថែម​ទៀត​។

ឆ្លើយសំណួរ​ថា តើ​ហេតុអ្វី​មិន​ទៅ​សាង​សង់​នៅ​លើ​ដីរបស់​អតិថិជន​ផ្ទាល់​ អ្នកស្រីបាន​ឱ្យ​ដឹង​ថា កត្ដា​ការ​គ្រប់​គ្រង​ជាង​សំណង់​​គឺជា​ឧបសគ្គ​ចម្បង​ ដែល​អ្នកស្រី​មិន​អាច​រត់​ឡើង​ចុះ​ផ្លូវ​ឆ្ងាយ​បាន​ឡើយ​។

អ្នកស្រីបន្ដថា​៖«​បើ​យើង​ធ្វើ​នៅ​ការដ្ឋាន​១កន្លែងយើង​អាច​គ្រប់គ្រង​ពួកគាត់​សាងសង់​ផ្ទះ​បាន១០​ខ្នង​ក្នុង​ពេល​តែមួយ​។ប៉ុន្ដែ​ប្រសិន​បើយើង​ធ្វើ​ជូន​ភ្ញៀវ​នៅ​លើ​ដី​តែម្ដងយើង​មិនអាច​គ្រប់​គ្រង​ទឹក​ដៃ​​របស់​ជាង​​បាន​នោះទេ​។

គាត់​ផ្សា​រដែក​អត់​គុណ​ភាព គាត់​ធ្វើ​ថ្នាំ​អត់​ស្អាត​ ហើយ​យើង​មិន​ងាយ​ឡើង​ចុះ​ឯណា​។ អ៊ីចឹងយើង​សុខ​ចិត្ដ​ប្រើ​បច្ចេកទេស​បំបែក​ផ្ទះ​ជា​ច្រើន​ផ្នែក​ ហើយ​ចាំ​ទៅ​ផ្គុំ​ជូន​គាត់​រយៈ​ពេល​ពី១​សប្ដាហ៍​ទៅ១០​ថ្ងៃ​ រួច​ជាស្រេច​។

អ្នកស្រី អះ​អាង​ថា បច្ចេក​ទេស​បំបែក និង​ផ្គុំ​ផ្ទះ​ខ្នាត​យក្ស​នេះ ចង់​ខ្លាំង​ជា​លោក​គ្រូ​របស់​អ្នកស្រី​​ទៅ​ទៀត​ ដោយ​សហគ្រិន​ស្ដ្រី​ខ្មែរ​រូប​នេះ​បាន​និយាយ​ថា​ ឥឡូវ លោក​គ្រូ​ចង់​ទិញ​ផ្ទះ​ពី​ខ្លួន​​ទៅ​ស្រុក​ថៃ​វិញ​ ពីព្រោះ​នៅស្រុក​ថៃ គេ​ធ្វើ​ផ្ទះ​តូចៗ សម្រាប់​ដាក់​ចម្ការ​ រួម​ទាំង​ការ​តុប​តែង​តែ​គេ​ធ្វើ​បែប​សា​មញ្ញ​ធម្មតា​​។

អ្នកស្រី សុផាវី បាន​បន្ថែមថា​៖ «ប៉ុន្ដែ​នៅ​ស្រុក​យើង យើង​ស្គាល់​ពី​អារម្មណ៍​អតិថិជន ដែល​ត្រូវការ​ផ្ទះ​ធំ និងមាន​ផាសុក​ភាព​។ យើង​យក​នូវ​អ្វី​ដែល​ជា​ចំណូល​ចិត្ដ​របស់​គាត់​ដាក់​នៅ​លើ​ផ្ទះ​នេះ​។ អ៊ីចឹង បាន​ជា​ពួកគាត់​ស្រឡាញ់​ផ្ទះ​នោះ​។ ផ្ទះ​ចល័ត​ធំៗ​នេះ​ ដូចជា ​វីឡា​១អ៊ីចឹង​។ ពេល​ឈាន​ជើង​ចូល​ យើង​មាន​បំពាក់​បរិក្ខា​រអ្វីៗ​ដូច​គ្នា​»។

បើ​ប្រៀប​ធៀប​នឹង​ផ្ទះ​សង់​នៅលើ​ដី​ផ្ទាល់ផ្ទះ​ចល័ត​គឺ​អាច​ធ្វើ​ការ​បំផ្លាស់​ទី​បាន​ទោះបីជា​ធំ​ប៉ុនណា​ក៏ដោយ​ ពីព្រោះ​ផ្ទះ​ចល័ត​ផ្ដោតលើ​គ្រឹះ​រឹងមាំ​។

​​ដែក​ត្រូវបាន​ប្រើ​ច្រើន​សម្រាប់​ទប់​ទល់​នឹង​កម្លាំង​ខ្យល់​ ពីព្រោះ​ផ្ទះ​របស់​​អ្នកស្រី​​ ភាគ​ច្រើន​ ត្រូវ​បាន​ដាក់​នៅលើ​តំបន់​ភ្នំ​ ដែល​ទាម​ទារ​គ្រឹះ​មាំ​។

ចំពោះ​សមត្ថភាព​សាង​សង់​ផ្ទះ​ ​​សហគ្រិន​ស្ដ្រី​រូប​នេះ បាន​អះអាង​ថា អ្នកស្រី​មាន​លទ្ធភាព​សង់​ផ្ទះ​ចល័ត​ធំ​បំផុត​ទៅតាម​​ការ​កុម្ម៉ង់​របស់​ភ្ញៀវដោយ​សារ​យើង​ដឹង​ពី​បច្ចេក​ទេស​នៃការ​ប្រើ​ឆ្អឹងគម្រោង​ត្រូវ​បំបែក​ដាក់​ប៉ុន្មាន​ឡាន និង​ត្រូវ​ផ្គុំ​វិញ​យ៉ាង​ដូច​ម្ដេច​។

សហគ្រិន​ស្ដ្រី​​ សុផាវី បាន​និយាយ​ថា​៖«ខ្ញុំ​ចេញ​ប្លង់​ជា​បំណែក​នៃ​ផ្ទះ ដោយ​ប្រាប់​ក្រុម​ជាង​ឱ្យ​បំបែក​ទៅ​តាម​ការ​ដឹក​ជញ្ជូន​នៃ​ចំនួន​ឡាននិង​ទី​កន្លែង​ត្រូវ​បំបែក​។យើង​ជា​អ្នក​គូស​វាស​ហើយ​គាត់​ចាំតែ​ដំឡើង​ឱ្យ​យើង​។ បច្ចេកទេស​នៃ​ការ​បំបែក​ផ្ទះ​នេះ​គឺជា​ចំណុច​សំខាន់​សម្រាប់​ការ​សាង​សង់​ផ្ទះ​ចល័ត​នេះ​។ វា​លំបាក​ ដោយ​សារ​ផ្ទះ​លម្ហែ​ទាំង​នេះ​មាន​ម៉ូដ​ម៉ាក​ច្រើន​»។

បច្ចេក​ទេស​ផ្ទះ​ចល័ត​ គឺ​ប្រើ​គ្រោង​ដែក និង​ប្រើ​ក្ដា​រសិប្ប​និម្មិត​ទាំង​អស់​ ជា​ប្រភេទ​ក្ដា​រហ្វៃប៊័រ​ស៊ីម៉ងដ៍ ​ដែល​អ្នកស្រី​អះអាង​ថា វាមាន​គុណ​ភាព​ល្អ​ជាង​ក្ដា​រធម្មជាតិ ដោយ​សារ​វា​អត់​ហើម អត់​ស្រក អត់​កណ្ដៀរ​ស៊ី ធន់​នឹង​ទឹក និង​ធន់​កម្ដៅ​។

ជា​អតិថិ​ជន​ VP Mobile Home ដែល​បាន​កុងត្រា​ទិញ​ផ្ទះ​ចល័ត​សម្រាប់​ដាក់​នៅ​រីសត​លើ​ភ្នំ​នៃ​ខេត្ដ​មណ្ឌល​គិរី ចំនួន១០០​ផ្ទះ​ លោក សរ សុគន្ធ បាន​និយាយ​អំពី​ទំនុក​ចិត្ដ​លើ​ផ្ទះ​ចល័ត​នេះ​។

លោក សុគន្ធ អាយុ ២៣​ឆ្នាំ បាន​ប្រាប់​ភ្នំពេញ​ប៉ុស្ដិ៍​ថា​៖«​ខ្ញុំ​កុម្ម៉ង់​ផ្ទះ​រីសត​ពី​មីង[សុផាវី​] ចំនួន ១០០​ខ្នង​ទៅ​តាម​ដំណាក់​កាល​។លើក​ដំបូង​នេះយើង​យក​ផ្ទះ​ចំនួន២១​ខ្នង រួមទាំង​ផ្ទះ​សម្រាប់​រស់​នៅ​ខ្លួន​ឯង​១​ខ្នង​។ ផ្ទះ​ទាំង​អស់​មាន​ម៉ូដ​ដូច​គ្នា មាន​បន្ទប់​គេង បន្ទប់​ទឹក បន្ទប់​ទទួល​ភ្ញៀវ និង​ផ្ទះ​បាយ​»។

ម្ចាស់ រីសត Raksa Hill Resort ស្ថិត​នៅ​ចម្ងាយ​១០​គីឡូ​ពីក្រុង​មណ្ឌលគិរី​ក្នុង​ស្រុក​អូររាំងបាន​បន្ដថា មាន​ភ្ញៀវ​ជា​ច្រើនដែល​បាន​មក​ស្នាក់​នៅ តែងតែ​សួរ​នាំ​ពី​ផ្ទះ​រីសត​ ដោយសារ​ពួកគេ​មើល​ឃើញ​ពី​ការ​ដេគ័រ​ស្រស់​ស្អាត​ និង​មាន​បំណង​ចង់​ទិញ​ដាក់​ចម្ការ​របស់​ពួកគេ​។

លោកបាន​អះ​អាង​ថា វា​មិន​ខុស​ពី​ផ្ទះ​ដែល​សង់​នៅ​លើ​ដី​ផ្ទាល់​នោះទេ​ដោយ​វាមាន​បញ្ហា​តិចតួច​ តែ​ម្ចាស់ VP Mobile Home ក៏​តែងតែ​បញ្ជូន​ជាង​មក​ជួស​ជុល​ភ្លាមៗ​ផង​ដែរ​។

ផ្ទះ​រីសត Raksa Hill Resort ដែល​គន់​សម្រស់​ជួរ​ភ្នំ​ស្មៅ​បៃតង​ស្រស់​នា​រដូវ​វង្សា មាន​តម្លៃ​ចន្លោះ​ពី៨០ ទៅ ១០០​ដុល្លារ​ទៅ​តាម​រដូវ​កាល​ភ្ញៀវ​ដែល​ក្នុង​មួយ​ផ្ទះ​អាច​ទទួល​បាន​ពី៤ ទៅ៥​នាក់​។

​សហគ្រិន​ស្ដ្រី ដែល​បំពេញ​ការងារ​ដល់​ការដ្ឋាន​សូម្បី​​តែ​បាក់​ដៃ​ ដោយសារ​គ្រោះថ្នាក់ចរាចរណ៍​បាន​ធ្វើ​ម៉ូដ​ផ្ទះ​ជា​ច្រើន​ ​ទាំង​ការ​ចេញ​ម៉ូដ​ខ្លួន​ឯង និង​ទទួល​​​ធ្វើ​តាម​ភ្ញៀវ​កុម្ម៉ង់​​របស់​អតិថិជន​។ប៉ុន្ដែអតិថិជន​ប្រមាណ​១០​ភាគរយ​ប៉ុណ្ណោះ ដែល​​កុម្ម៉ង់​ ហើយ​ ៩០​ភាគរយ​ទៀត​ជា​ម៉ូដ​ផ្ទះរបស់​​អ្នកស្រី​​​ ពីព្រោះ​វា​​មាន​ម៉ូដ​ស្អាត​ៗ​ស្រាប់​។

ចំពោះ​ផ្ទះវីឡា​ធំៗ​​ម៉ូដ​ថ្មីមាន Sky Bar វេរ៉ង់ដាធំ ហើយ​​អ្នកស្រី សុផាវី ​កំពុង​ច្នៃ​សង់​អាង​ទឹក​នៅ​កណ្ដាល​វេរ៉ង់​ដា​នេះ​គឺសម្រាប់​ក្មេង​លេង​ ​។

សហគ្រិន​ស្ដ្រី​ដែល​​​ជា​អ្នកគិត​គូរពីម៉ូដ​ ស្រប​ពេលដែល​កូន​បង្កើត និង​កូន​ប្រសា​​រៀន​ចប់​ផ្នែក Architect ជា​អ្នក​គូស​វាស​ប្លង់​បាន​ឱ្យ​ដឹងថា ការដ្ឋាន​ផ្ទះ​ចល័ត​ វីភី បាន​ជួល​​ជាង​ចន្លោះ​ពី៤០ទៅ៦០​នាក់​ ដោយ​មិន​ចាំបាច់​ឱ្យ​ពួកគេ​ធ្វើ​ចំណាក​ស្រុក​។

​បច្ចុប្បន្ន​នេះ VP Mobile Home កំពង់​សាង​សង់​ផ្ទះ​វីឡា​ធំ១​ទៀត ​ដែល​កំពុង​តែ​ធ្វើ​ការដំឡើង​ក្នុង​ទំហំ​ ៩x១៥​ម៉ែត្រ។ វាមាន​តម្លៃ​ជាង ៥​ម៉ឺន​ដុល្លារ​គ្រាន់តែ​តួ​ផ្ទះ​ ហើយ​នៅ​ដេគ័រ ចូល​៣​ម៉ឺន​ដុល្លារ​ទៀត​។

ខណៈ​សេវា​កម្ម​ដំឡើង​ជា​ការ​រ៉ាប់​រង​របស់​ក្រុម​ហ៊ុន ការ​ដឹក​ជញ្ជូន​គឺជា​កាតព្វ​កិច្ចរបស់​ម្ចាស់​ផ្ទះ​ ដោយ​ការដឹក​ជញ្ជូន​ត្រូវ​ប្រើ​ឡាន​ធំៗ​ច្រើន និង​សម្ភារ​ធំៗ​ ដែល​រត់​នៅ​ពេល​យប់​។

ចំពោះ​ប្រជា​ប្រិយ​ភាព​ផ្ទះ​ចល័ត​ អ្នកស្រី សុផាវី បាន​ឱ្យ​ដឹង​ថា ប្រភេទ​ផ្ទះ​ធំ​មាន​ទីផ្សារ​ល្អ​ជាង​ប្រភេទ​ផ្ទះ​តូច​ៗ​ ដោយ​សារ​អតិថិ​ជន​សុទ្ធ​តែ​អភិ​ជន​។

អ្នក​ស្រីបាន​បញ្ជាក់​ថា​៖«​ផ្ទះ​តូចៗខ្ញុំ​មាន​ទីផ្សារ​តែ​បឹងហ្គាឡូនិង​រីសត​តូច​ៗ​នោះ​ទេ។ ផ្ទះ​លម្ហែ​តម្លៃ ៩ ៥០០​ដុល្លារ​សម្រាប់​ដាក់​ក្នុង​ចម្ការ​មាន​ការ​កុម្ម៉ង់​ពី​ភ្ញៀវ​មួយៗ​ប្រហែល​ជា៥​ភាគរយ​។ភ្ញៀវ​ភាគ​ច្រើន​ពេញ​និយម​ផ្ទះ​ចល័ត​ធំៗ ជា​ប្រភេទ​វីឡា​ សម្រាប់​ការរស់​នៅ​លម្ហែ​បែប​ផាសុក​ភាព​»។

មាន​អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម​តែង​តែ​សួរនាំ​រឿង​បង់​រំលស់​ សហគ្រិន​ស្ដ្រីរូ​បនេះក៏​មាន​បំណង​ចង់​ព្យាយាម​សម្រប​សម្រួល​លើ​ការ​​បង់​រំលស់នេះ​ដែរ​​ តែអតិថិជន​នៅតែ​ទៅ​មិន​រួច​ពីព្រោះ​​តម្រូវ​បង់​មុន៥០​ភាគរយ​ក្នុង​តម្លៃ​ផ្ទះ​៩៥០០​ដុល្លារ បូក​រួម​នឹងការ​ប្រាក់​បន្ដិច​បន្ដួច​​។

យ៉ាង​ណា​មិញ អ្នកស្រី សុផាវី បាន​បន្ថែម​ថា ទីផ្សារ​ផ្ទះ​ចល័ត​នេះ​សំដៅ​លើ​អ្នក​មាន​តែ​ម្ដងក្រៅ​ពីផ្ទះ​តូចៗ​ខ្លះ​សម្រាប់​ដាក់​បឹងហ្គាឡូ ឬ​រីសត​តូចៗ។ អ្នក​មាន​ទ្រព្យ​ធន​ច្រើន​ ពួក​គាត់​ត្រូវការ​ផ្ទះ​ធំ និង​មាន​ផាសុក​ភាព​។

សហគ្រិន​ស្ដ្រី​ដែល​ស្រឡាញ់​ការងារ​សំណង់​ផ្ទះ​ចល័ត​ បាន​លើក​ឡើង​ថា​៖ «​អ្វីដែល​ខ្ញុំ​ចង់​ថែរក្សា​នោះ​គឺ​ការ​ទទួល​ខុស​ត្រូវ និង​ទឹក​ដៃ​នៃ​សេវា​កម្ម​ដែល​ធ្វើ​ឱ្យ​ភ្ញៀវ​ពេញ​ចិត្ដ​ និង​ជឿ​ទុក​ចិត្ដ​មក​លើ​យើង​»។

ក្រៅពី​រីសតផ្ទះ​ចល័ត​VPMobile Homeក៏​ទទួល​សាង​សង់​ការិយា​ល័យ​ចល័ត​និង​ហាង​កាហ្វេ​ចល័ត​ថែម​ទៀត​៕